មន្ត្រីរដ្ឋាភិបាលពន្យល់ពីបញ្ហាព្រំដែនខុសពីការអះអាងរបស់លោក ហ៊ុន សែន

លោក ហ៊ុន សែន​ (បូ សាវី)

មន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាលបានព្យាយាមពន្យល់ថា ពលរដ្ឋខ្មែររស់នៅតាមព្រំដែនបានចូ​លទៅ​កា​ន់​​​​​​​​កា​ប់​ដីរបស់វៀតណាមច្រើ​នជាងវៀតណាមចូលមកកម្ពុជា ដែលការអះអាងនេះខុស​​ពី​កា​​​រ​ប​ញ្ជា​ក់​រ​បស់​លោ​កនាយករដ្ឋមន្ត្រី ហ៊ុន សែន។

កាលពីថ្ងៃទី៩ ខែសីហា ឆ្នាំ២០១២ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រើពេលជាង៥ម៉ោង ប្រាប់​តំ​ណា​ងរាស្ត្របក្សប្រឆាំងក្នុងកិច្ចប្រជុំសភាពេញអង្គថា ការបោះបង្គោលព្រំដែនជាមួយវៀតណាម កម្ពុជា​មិនបានបាត់បង់ដីទៅ​វៀ​ត​ណា​​មសូម្បីតែមួយមីលីម៉ែត្រ មិនដូ​ច​​​​កា​រ​ចោទប្រកាន់នោះទេ។

ប៉ុន្តែលោក ហ៊ុន សែន បញ្ជាក់ថា ការរស់នៅជាក់ស្តែង ពលរដ្ឋនៃប្រទេសទាំងពីរបានចូលទៅកាន់កាប់ដី ​​រំ​លោ​ភចូលគ្នាទៅវិញទៅមកដោយថា វៀតណាមបានចូលមកកាន់កាប់ដីរបស់​កម្ពុជា​ច្រើ​ន​ជាង​។​

បើ​តាមលោក ហ៊ុន សែន កម្ពុជាចូលទៅវៀត​ណាមតែជាង៩១៦ហិកតាប៉ុណ្ណោះ(៩១៦.​៧)។ ប៉ុន្តែ​លោ​ក​ថា វៀតណា​មវិញ បា​ន​ចូលមកកម្ពុជាជាង២១៦០ហិកតា(២១៦០.៦)។

លោ​ក ហ៊ុន សែន បញ្ជាក់ថា ​​បើ​​​គ្មានអ្វីប្រែប្រួលទេ វៀតណាមត្រូវរកដីទំហំជាង១២៤​៣​ហិ​​​​ក​តា​(១២៤​៣​.៩​)​ សង​មកកម្ពុជាវិញ។

ប៉ុន្តែ​នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០១៧ អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន បាន​ដក​ស្រង់​សម្តី អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលោក សុខ ឥសាន មកសរសេរនៅលើ​ហ្វេសប៊ុករប​ស់​លោ​កថា ពលរដ្ឋក​ម្ពុជាបានចូលកាន់​កាប់ដីជាក់ស្តែ​ងក្នុងទឹក​ដីវៀតណា​មជាប់ព្រំដែន ច្រើ​​​ន​ជា​​​​​​​​​ង​​​វៀត​ណាមចូលមក​ខាងកម្ពុជា។

អត្ថបទនោះមានខ្លឹមសារទាំងស្រុងដូចនេះថា៖ «ខ្សែបន្ទាត់ព្រំដែនផ្អែកលើផែនទី ដែលបារាំងគូស​លើផែ​នទី ​ខ្នាត១​លើ១០០០០០ ដែលផែនទីនេះ គូសមិនបានគិត ពីកាន់កាប់របស់ប្រជាជនទេ។ ដូច្នេះហើយបានជាពេលដែលខ្សែព្រំដែនរត់លើដីជាក់ស្តែង វាបានរត់តាមខ្សែព្រំដែនលើផែនទី។ ដូច្នេះនៅ​​​លើដីជាក់ស្តែង វាមានប៉ះពាល់ ឬដីដែលប្រជាជនកាន់កាប់ ត្រូវចេញចូលពីខ្សែព្រំដែន។ហេតុនេះហើយបានជា ពេលបោះបង្គោលព្រំដែនរួច មានដីប្រជាជនកម្ពុជា ចូលទៅក្នុងដែនដីវៀតណា​​ម​​​​​​​​ប្រ​​​​​​មាណជាង ២០០០ហិកតា ដីប្រជាជនវៀតណាមកាន់កាប់ ចូលមកក្នុងដែនដីកម្ពុជាជាង ១០០០ ហិកតា។ ដើម្បីការពារផលប្រយោជន៍របស់ប្រជាជនប្រទេសទាំងពីរ រដ្ឋាភិបាលប្រទេសទាំងពីរ​បាន​ឯក​ភាព​គ្នា​ធ្វើ​ការដោះ​ដូរដីដែលចូលទៅវិញទៅមកនោះ តាមទំហំជាក់ស្តែង»។

លោក សុខ ​ឥសាន ឲ្យVODដឹងនៅថ្ងៃទី១២ខែមករានេះថា អ្វីដែលបានបង្ហោះនៅលើហ្វេសប៊ុក របស់​លោ​ក ផៃ ស៊ីផាន លោកថាជាសម្តីរបស់លោកមែន។

ប៉ុន្តែនៅ​​ពេលសួរថា ហេតុអ្វីបកស្រាយនោះខុសពីការបកស្រាយរបស់លោក ហ៊ុន​ សែន កន្លងទៅ លោក សុខ​ ឥសាន បានស្នើ​ឲ្យ​ជួយ​កែតម្រូវ បើការអះអាងរបស់លោក​ខុសទៅនឹងទិន្ន័យរបស់​រដ្ឋាភិបាល។

លោកថា៖ «ខ្ញុំច្រឡំឬមួយក៏យ៉ាងម៉េច ក៏ប៉ុន្តែវាមានចេញចូលគ្នា។ យើងចេញទៅគេប្រហែលជា២០០០​ហិកតា​ជាង គេចូលមកយើង​១០០០​​ហិកតា​។ ឥឡូ​វមើលឯកសារហ្នឹងឡើងវិញផង បើសិនជាខុស ជួយកែ​ត​ម្រូវ​ផង ព្រោះខ្ញុំវាភ្លាមៗ មិន​បាន​គិ​ត​ច្រើន អត់បា​នមើ​លឯកសារ»។

ការបោះបង្គោលព្រំដែនជាមួយប្រទេសវៀតណាម រដ្ឋាភិបាលអះអាងថាសម្រេចបាន៨៣ភាគរយហើយ បើទោះមានការរិះគន់ពីមន្ត្រីបក្សប្រឆាំងថា ការកំណត់ខ្សែបន្ទាត់ព្រំដែននោះធ្វើឲ្យកម្ពុជាបន្តបាត់បង់ទឹក​ដី​មួយចំនួន​ទៀតទៅប្រទេស​វៀតណាមក៏ដោយ។

ប៉ុន្តែ​តំណាងរាស្ត្របក្សប្រឆាំងយ៉ាងតិចពីរ​នាក់មាន លោក ហុង សុខហួរ និងលោក អ៊ុំ សំអាន ដែ​ល​​​សកម្មរឿងព្រំដែននិងជាអ្នករិះគន់រដ្ឋាភិបាលឥតសម្ចៃមាត់នោះ ត្រូវបាន​រដ្ឋាភិបាលប្តឹង ហើយពេលនេះពួកគេកំពុងជាប់ឃុំខ្លួននៅព​ន្ធ​នា​​​​​​​​​គា​រព្រៃសជាង១ឆ្នាំមកហើយ។

ការដែលមន្ត្រីរដ្ឋាភិបាលព្យាយាមពន្យល់ពីបញ្ហាព្រំដែនឡើងវិញនេះ បានធ្វើតែប៉ុន្មានថ្ងៃ​ប៉ុណ្ណោះ ក្រោយ​ពី​អ្នកស្រាវ​ជ្រាវនិងនិស្សិតមួយក្រុម បានចុះទៅពិនិត្យដីមួយកន្លែងជាប់ព្រំដែន ត្រង់បង្គោលលេខ១៤៦ ១៤៧ និង១៤៨ ស្ថិតក្នុងស្រុ​ក​រំដួល​​ ខេត្តស្វាយរៀង ដែលពល​រដ្ឋនៅ​ទីនោះ​ចោទ​ថា វៀត​ណា​ម​​​​បា​ន​លួចបោះតម្រុយព្រំដែន រំលោភយកដីពួកគេជិត១០០ហិកតា ​​គ្មានកា​រជួយទប់ស្កាត់​ពីអា​ជ្ញា​​ធរខ្មែរ។

អ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គមនិងនយោបាយ លោក គឹម​ សុខ ដែលបានចុះទៅតំបន់ព្រំដែននោះ អះអាងថា ការបោះបង្គោលព្រំដែននេះ រដ្ឋាភិបាលធ្វើឲ្យពលរដ្ឋភាគច្រើនបាត់បង់ជំនឿ ដោយថាតាមការ​ចុះពិនិត្យរប​ស់លោក ឃើញមាន​តែពលរដ្ឋខ្មែរទេ ដែ​លយំ​ស្រែកថាបាត់ដី ចំណែកពលរដ្ឋវៀត​ណា​មនៅ​​ជា​​​ប់ព្រំដែនលោកថា មិនដែលមាននរណាអះអាងថាបាត់ដីទេ។

លោក គឹម សុខ ជំរុញឲ្យមន្ត្រីរដ្ឋាភិបាលគួរតែចុះជួបពលរដ្ឋនៅតាមព្រំដែន ដើម្បីសិក្សាស្វែងយល់​ពីទុក្ខ​​លំ​​​បា​​​​​​ក​​រប​​​​​ស់ពលរដ្ឋខ្លួន ជាជាងអង្គុយតែក្នុងម៉ាស៊ីនត្រជាក់ ហើយបន្ទរតាមគ្នាថាការកំណត់ខ្សែរ​បន្ទាត់​ព្រំ​ដែ​​​នមានភាពត្រឹមត្រូវ។

បើតាមលោក គឹម សុខ អ្វីដែលពលរដ្ឋអស់ជំនឿទៅលើរដ្ឋាភិបាលកាន់តែខ្លាំងនោះ គឺថារដ្ឋាភិបាលបាន​ធ្វើ​ឲ្យ​សន្ធិស​ញ្ញា​ព្រំ​​​​ដែ​ន អំ​ឡុងវៀតណាមគ្រប់គ្រងកម្ពុជានោះ ឲ្យរស់ឡើងវិញ បើទោះបីកិច្ចព្រមព្រៀង​សន្តិ​​ភា​ព​​ទីក្រុងប៉ា​រីស បានប្រកាសឲ្យលុបចោលក៏ដោយ។

លោកថា៖ «សន្ធិសញ្ញា៧៩-៨២-៨៣-៨៥ សន្ធិសញ្ញាអស់ហ្នឹង សុទ្ធសឹងធ្វើឲ្យបាត់បង់ទឹកដីខ្មែរ បា​ត់ប​ង់​ស​មុទ្រខ្មែរ បាត់បង់ទាំងកោះត្រល់ទៅទៀត បាត់បង់ទាំងកោះក្រចកសេះទៅទៀត។ ប៉ុ​ន្តែស​ន្ធិស​ញ្ញា​​អស់ហ្នឹង វាស្លាប់នៅក្រោមកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស រួចអស់ទៅហើយ។ ​ប៉ុន្តែ​រដ្ឋា​ភិបា​លយើ​ង​ប​ច្ចុប្បន្ន ជាអ្នកធ្វើឲ្យរស់ទៅវិញ តាមសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥»។

បើតា​មលោក គឹម សុខ ដើម្បីឲ្យការកំណត់ខ្សែបន្ទាត់ព្រំដែននេះ ទទួលបានការគាំទ្រឡើងវិញ លុះ​​ណា​តែរដ្ឋាភិបាលគោរពរដ្ឋធម្មនុញ្ញ បង្កើតឲ្យមាន​ឧត្តមក្រុមប្រឹក្សាជា​តិ សម្រាប់ដោះស្រាយព្រំដែន ដែលគ​ណៈ​កម្មា​ធិ​​កា​រ​នោះ មានស​មាស​ភាព​ម​ក​ពីតំណាងរដ្ឋាភិបាល តំណាងរា​ស្ត្រដែ​លមាន​អាស​នៈក្នុងសភា ​ព្រឹទ្ធ​ស​​ភា​ តំណា​ង​គ​ណ​​បក្ស​ន​​​​​​យោបាយ មានព្រះម​ហាក្សត្រជាប្រធាន ចុះសិ​ក្សាបញ្ហាព្រំដែននេះ​ឡើង​វិញ​​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ