អ្នកឃ្លាំមើលស្នើឲ្យមានការត្រួតពិនិត្យសំណើលើកលែងទោសទណ្ឌិតឲ្យមានតម្លាភាព

អ្នកច្បាប់និងមន្ត្រីឃ្លាំមើលសិទ្ធិមនុស្សជំរុញទៅរដ្ឋាភិបាល​ពិនិត្យតាមដានរបាយការណ៍មន្ត្រីថ្នាក់ក្រោមឲ្យ​បានហ្មត់ចត់ មុន​ធ្វើ​ការបន្ធូរបន្ថយនិងការលើកលែងទោសដល់ទណ្ឌិត ដោយថាដើម្បីបង្ហាញពីតម្លាភាព​រវាងអ្នកមាននិងអ្នកក្រីក្រ ខណៈអតីតប្រធានសាលាដំបូងរាជធានីភ្នំពេញលោក អំាង មាលតី​ អាចនឹងត្រូវដោះលែងឆាប់ៗនេះ​។

លោក អំាង មាលតី ត្រូវ​បានតុលាការខេត្តកណ្តាលផ្តន្ទាទោស៣ឆ្នាំ ដែលជាប់ចោទពីបទការកេងយកប្រយោជន៍ដោយខុសច្បាប់ ចំពោះការប្រើប្រាស់ផ្ទាល់ខ្លួននូវរថយន្តទំនើបម៉ាក Audi SUV ដែល​រឹបអូសពី​ឈ្មួញ​ជួញ​ដូរគ្រឿងញៀន នឹងត្រូវបានដោះលែងនៅក្នុងខែកុម្ភៈខាងមុខ​នេះ។

ក្នុង​ព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ នរោត្តម សីហមុនី ដែលVODទទួលបាននៅថ្ងៃព្រហស្បតិ៍នេះមាន​ខ្លឹម​សារថា ព្រះអង្គបានត្រាស់​បង្គាប់​បន្ថយទោសចំនួន៦ខែ ឲ្យទណ្ឌិតចំនួន៤៥នាក់ ក្នុង​ឱកាសព្រះរាជ​ពិធីបុណ្យអ៊ុំទូក កាលពីឆ្នាំ២០១៦ ក្នុងនោះមានឈ្មោះលោក អំាង មាលតី ផង​ដែរ​។

អ្នកគ្រប់គ្រងបច្ចេកទេសឃ្លាំមើលការរំលោភសិទ្ធិមនុស្ស អង្គការលីកាដូលោក អំ សំអាត សង្កេតឃើញថា ការបន្ធូបន្ថយនិងលើកលែងទោសកន្លងទៅ មានភាពមិនប្រក្រតីច្រើន ដោយថាអ្នកទោសដែលមានលុយ និងធ្លាប់បំរើការងារ និងផ្តល់ប្រយោជន៍ឲ្យបក្សកាន់អំណាចភាគច្រើន ត្រូវបានបន្ធូបន្ថយទោស​និង​ដោះលែងឲ្យមានសេរីភាពវិញ​។ ដោយឡែកលោកថា អ្នកក្រីក្រ ជាពិសេសអ្នកដែល​រិះគន់​រដ្ឋា​ភិ​បាល​មិន​មាន​នៅក្នុងបញ្ជីលើកលែងទោសនៅពេលនេះទេ បើទោះជាពួកគេបានបំពេញលក្ខខណ្ឌដូចគ្នាក៏ដោយ។

ករណីនេះ លោក អំ សំអាត ជំរុញទៅរដ្ឋាភិបាលឲ្យអនុវត្តច្បាប់ឲ្យមានតម្លាភាពរវាងអ្នកមាននិងអ្នកក្រីក្រ​ ចំពោះការបន្ធូរបន្ថយ និងការលើកលែងទោសដល់ទណ្ឌិត ដោយថាដើម្បីកុំឲ្យមានអំពើពុករលួយ​៖ «ធ្វើ​ម៉េច​អនុវត្ត​សិទ្ធិឲ្យ​ស្មើភាព​គ្នាចំពោះមុខ​ច្បាប់ មានន័យថា ទោះបីជាអ្នកទោសប្រភេទណាក៏ដោយ បើសិនជាគាត់ត្រូវ​នឹងលក្ខខ័ណ្ឌ(ធ្វើបានតាមលក្ខខ័ណ្ឌ) ដែល​បានកំណត់ដោយច្បាប់ គួរតែពិចា​រណា​ឲ្យមានការបន្ធូបន្ថយនៃការលើកលែងទោសស្មើភាពគ្នា ចំពោះ​មុខ​ច្បាប់ ហើយ​ត្រូវបំបាត់នូវភាពមិ​នប្រក្រតី និងអំពើពុករលួយនៅក្នុងការបន្ធូរបន្ថយ និង​ការលើកលែង​ទោស​នោះ»។

លោកមេធាវី ហុង គឹមសួន បានពន្យល់តាមនីតិវិធីច្បាប់ជាទូទៅថា អ្នកដែលប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌ ហើយអាចសុំបន្ធូបន្ថយទោស ឬសុំលើកលែងទោសបាន លុះត្រាតែសាលក្រមចូលជាស្ថាពរ នឹងត្រូវអនុវត្តទោសឲ្យបាន២/៣។ លោកបន្តថា ការលើកលែងទោសទូទៅ ព្រះមហាក្សត្រមានព្រះរាជសិទ្ធិលើកលែងឲ្យបាន ដោយថាមិនបាច់មានសាលក្រមចូលជាស្ថាពរនោះទេ។ លោកបញ្ជាក់ថា អ្នកដែលត្រូវបានបន្ធូរបន្ថយ និងលើកលែងទោសនោះ គឺជាអ្នក​បាន​ក៏សាង​ទង្វើល្អច្រើននៅក្នុងពន្ធនាគារ។

យ៉ាងណាក៏ដោយ លោក ហុង គឹមសួន មានប្រសាសន៍ថា លោកមិនដឹងថារដ្ឋាភិបាលមានគណៈ​កម្មការ​​ត្រួតពិនិត្យ និងតាមដានប្រធានពន្ធនាគារក្នុងការអនុវត្តច្បាប់នោះដែរទេ នៅពេលមន្ត្រី​នោះ​ធ្វើ​របាយ​ការណ៍ពីសកម្មភាពរបស់អ្នកទោស​បញ្ជូនទៅរដ្ឋាភិបាល មុន​ស្នើសុំលើកលែងឬបន្ធូបន្ថយទោស​នោះ។ តែលោកថា  ដើម្បីឲ្យការអនុវត្តច្បាប់មានតម្លាភាព ចំពោះការ​បន្ថូបន្ថយ និងលើកលែងទោសដល់ទណ្ឌិត រដ្ឋាភិបាលត្រូវ​ធ្វើយ៉ាងណា ឲ្យសង្គមស៊ីវិល​មាន​ឱកាស​ចូល​រួម​ផ្តល់​យោបល់​​និងតាមឃ្លាំមើល​លើការអនុវត្តការ​ងាររបស់​មន្ត្រី​​ថ្នាក់​ក្រោម ទើបធ្វើឲ្យកម្ពុជា​មានការអភិវឌ្ឍ៖ «ត្រួតពិនិត្យរឿង​នេះ​គួរតែមាន​សង្គមស៊ីវិល​ចូលរួម​តា​ម​ឃ្លាំ​មើលដែរ គ្រាន់តែចូលរួមជាគណៈ​កម្មការ​ឲ្យយោបល់​ មិនមែនជាអ្នកសម្រេច​ ទៅបង្គាប់បញ្ជានោះ​ទេ ព្រោះការយកចិត្តទុកដាក់ពីសង្គមស៊ីវិល នៅក្នុង​ការកសាងប្រទេសជាតិមួយ អភិវឌ្ឍន៍ប្រទេស​ជាតិ​មួយ គឺត្រូវ​តែមាន​(អង្គការ​សង្គមស៊ីវិល​)មិន​អាច​ខានបាននោះទេ​»។

VOD មិនអាចទាក់ទងអ្នកនាំពាក្យក្រសួងយុត្តិធម៌បាននៅឡើយ។

ក្នុងព្រះរាជក្រិត្យរបស់ព្រះមហាក្សត្រ ដែលបានត្រាស់​បង្គាប់​បន្ថយទោសចំនួន៦ខែ ឲ្យទណ្ឌិត​ចំនួន​៤៥នាក់ ក្នុងនោះមានអ្នកប្រព្រឹត្តបទល្មើសលួច រំលោភសេពសន្ថវៈ រំលោភលើទំនុកចិត្ត ការជួញដូរ និងការប្រើប្រាស់សារធាតុញៀនជាដើម។ ចំណែកអតីតប្រធានសាលាដំបូងរាជធានីភ្នំពេញលោក អំាង មាលតី ចាប់ចោទទាក់ទងនឹងពុករលួយ ត្រូវ​បានតុលាការ​ខេត្តកណ្តាល​ផ្តន្ទាទោស៣ឆ្នាំ តែអនុវត្តទោស២ឆ្នាំ និងសល់ពីនេះត្រូវព្យួរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ