ក្រសួង​មួយចំនួន​​បង្កើតក្រុម​​អ្នក​នាំ​ពាក្យដល់ជិត​៥០នាក់

ក្រសួងកសិកម្ម​បាន​បន្ថែម​ក្រុម​អ្នកនាំ​ពាក្យ​និង​ឆ្លើយ​ឆ្លង​ព័ត៌មានដោយដាក់មនុស្ស​ជិត​៥០នាក់ ខណៈក្រសួងបរិស្ថានបានបន្ថែមដល់៩នាក់ក្នុងការ​ឆ្លើយ​តបជា​មួយ​អ្នកសារព័ត៌មាន​​។

ក្នុង​សេច​ក្តី​សម្រេច​ចុះ​ថ្ងៃទី២ មករា ឆ្នាំ​២០១៧ ក្រសួង​កសិកម្ម​បាន​ឲ្យ​ដឹង​ថាខ្លួនបាន​សម្រេច​កែ​សម្រួល​និង​បំពេញ​បន្ថែម​ក្រុម​អ្នក​នាំពាក្យ​និង​ឆ្លើយ​ឆ្លង​ព័ត៌មាន​របស់​ក្រសួង​ចំនួន៤៦នាក់​ ក្នុង​ការ​ងារ​​ឆ្លើយ​ឆ្លង​ជា​មួយ​អ្ន​ក​សារព័ត៌មាន ស្រាវ​ជ្រាវ ចងក្រង និង​រក្សា​ទុក​​ព័ត៌មាន​​​ការ​ងារ​របស់​ក្រសួង​កសិកម្ម។

ក្រុម​អ្នក​នាំពាក្យ​និង​ឆ្លើយ​ឆ្លងទាំង​នោះ ​រាប់​ចាប់ពីអគ្គលេខា​ធិ​ការរហូតដល់នាយក​សាកល​វិទ្យា​ល័យ​កសិកម្ម ប្រធាន​នាយក​ដ្ឋានជំនាញនីមួយៗ រហូត​ដល់​ប្រធាន​មន្ទីរ​កសិកម្ម​តាម​ខេត្តទាំង​អស់។

អនុ​ប្រធាន​ក្រុម​អ្នក​នាំ​ពាក្យ​ក្រសួងកសិកម្ម លោក ចាន់ ហេង​ បាន​ឲ្យ​ដឹង​ថា ​មូល​ហេតុ​ដែល​ក្រសួង​សម្រេច​ឲ្យ​មាន​អ្នក​នាំ​ពាក្យ​និង​អ្នក​ឆ្លើយ​ឆ្លង​ព័ត៌មាន​រហូត​ដល់​ទៅ​ជិត​៥០​នាក់​នេះ ក៏ព្រោះ​តែក្រសួង​ចង់​​សម្រួល​ដល់​អ្នក​សារព័ត៌មាន​ក្នុង​ការ​ផ្តល់​ព័ត៌មាន​ដែល​ចំជំនាញនិង​ចំខេត្ត​ដែល​អ្នក​សារព័ត៌មាន​ចង់​ដឹង​ពី​បញ្ហា​។ លោក​បន្ថែម​ថា កន្លង​ទៅ​ការ​ដែល​មាន​តែ​អ្នក​នាំ​ពាក្យនៅ​ត្រឹម​ថ្នាក់​ក្រសួង​ បាន​ធ្វើ​ឲ្យ​ការ​ឆ្លើ​យ​ឆ្លង​ព័ត៌មាន​ជា​មួយ​អ្នក​កា​សែត​មាន​ការ​លំបាក ដោយហេតុ​ថា​​មិន​សូវ​ច្បាស់​ដូច​ជា​អ្នកធ្វើ​ការ​​នៅ​ថ្នាក់​ខេត្ត​ដោយ​ផ្ទាល់។

លោក​ថា៖ «ដោយ​សារ​តែ​ក្រសួង​កសិកម្ម​ធំ ហើយ​ព័ត៌មាន​វា​មាន​ពាក់​ព័ន្ធ​ផ្សេងៗ​គ្នា​ច្រើន ឧទាហរណ៍​ព័ត៌មាន​វា​មាន​ពាក់​ព័ន្ធ​ក្នុង​ខេត្ត​ណា​អញ្ចឹង​ទៅយើង​អាច​មាន​មន្ទីរ​កសិកម្មណា​មួយ​យើង​អាច​បំភ្លឺ​ជូន ហើយវា​ពាក់​ព័ន្ធ​ជំនាញណា! ពាក់​ព័ន្ធ​នឹង​រឿង​ព្រៃ​ឈើ ខាង​ជល​ផល​អី​គឺ​ឲ្យ​ព្រៃ​ឈើ​ និង​ជល​ផល​បំភ្លឺ​ជូន​ មាន​ជំនាញ​ច្រើន។ … ពី​មុន​ដោយ​សារ​មាន​តែ​នៅ​ខាង​ថ្នាក់​កណ្តាល វា​មិន​ដល់​តាម​ខេត្ត​ក្រោម អញ្ចឹង​ទេនៅ​ពេល​មាន​ព័ត៌មាន​នៅ​តាម​ខេត្ត​តាម​អី​យើង​ក៏​មិនច្បាស់​ដូច​គេ​នៅ​តាម​មូល​ដ្នានចឹង​បាន​ចាត់​បញ្ចូល​ប្រធាន​មន្ទីរ​តាម​រាជធានី​ខេត្ត​ទាំង​២៥​ជា​សមា​ជិកអ្នក​នាំពាក្យ​របស់​ក្រសួង​ផង​ដែរ»។

នាយកវិទ្យាស្ថានកម្ពុជាសម្រាប់ការសិក្សាផ្នែកសារព័ត៌មានលោក មឿន ឈានណារិទ្ធិ បាន​គាំ​ទ្រ​ទៅ​នឹង​ការ​បង្កើត​ឲ្យមានអ្នកនាំពាក្យនេះ តែ​លោក​បារម្ភ​ថាចំនួន​អ្នក​នាំពាក្យ​និង​ឆ្លើយ​ឆ្លង​ព័ត៌មាន​ច្រើនមិនប្រាកដថាមានប្រសិទ្ធភាពនោះទេ។

លោក​ថា៖ «យើង​ក៏​ចង់​ឲ្យ​មាន​ការ​ពន្លើន​ច្បាប់​ទទួល​បាន​ព័ត៌មាន​ផង​ដែរ! ពីព្រោះ​អីបើ​សិន​ជា​យើង​រៀប​ចំឲ្យ​មាន​តែ​អ្នក​នាំពាក្យ តែ​បើ​សិន​ជា​អ្នក​នាំពាក្យ​ខ្វះ​ជំនាញ​វិជ្ជា​ជីវៈនៅ​ក្នុង​ការ​ផ្តល់​ព័ត៌មាន​គាត់​មិន​យល់​ច្បាស់ពីព្រំដែន​នៃ​សិទ្ធិ​របស់គាត់ថា​តើ​គាត់​អាច​រាយការណ៍ព័ត៌មាន​ប្រភេទ​ណា​ខ្លះ​នោះពេល​នោះ​ការ​បង្កើត​អ្នក​នាំពាក្យ​នោះ​ក៏​មិន​សូវ​មាន​ប្រសិទ្ធភាព​ដែរ»។

លោក ​មឿន​ ឈានណារិទ្ធិ​ បន្ត​ថា​កន្លង​មក​មាន​អ្នក​សារព័ត៌មាន​មួយ​ចំនួន​ថា​ខ្លួន​មាន​ការ​លំបាកក្នុងការ​ទំនាក់​ទំនង​ទៅ​កាន់​ក្រសួង​មួយ​ចំនួន​ដោយ​សារ​ក្រសួង​មួយ​ចំនួន​មិន​មាន​អ្នក​នាំពាក្យ ហើយ​អ្នកនាំ​ពាក្យ​ខ្លះ​​ឆ្លើយ​តប​ទៅ​កាន់​អ្នក​សារព័ត៌មាន​មាន​ការ​បិទបាំង​ច្រើន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ