សាលាឧទ្ធរណ៍ទម្លាក់ចោលការចោទប្រកាន់ថ្នាក់ដឹកនាំ​អង្គការ​សមធម៌​កម្ពុជា​

សាលាឧទ្ធរណ៍នៅថ្ងៃសុក្រនេះ បានសម្រេចទម្លាក់​ចោលការចោទប្រកាន់លើ​ថ្នាក់ដឹកនាំរបស់​អង្គការ​សមធម៌ចំនួន៣នាក់ ពី​បទ​បរិហារកេរ្តិ៍​ ដែលប្ដឹងដោយ​អតីត​បុគ្គលិក​ម្នាក់​នៃ​អង្គកានោះ។

​កាលពី​ថ្ងៃ​ទី​២២ ខែ​សីហា ឆ្នាំ​២០១៦ សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ផ្ដន្ទាទោស​ជា​នាយក​ប្រតិបត្តិ​នៃ​អង្គការ​សមធម៌ លោក អៀង វុទ្ធី ប្រធាន​កម្មវិធី​ឃ្លាំមើល​ការ​អភិវឌ្ឍ លោក ផែន គឹមសុង និង​ប្រធាន​ការិយាល័យ​រដ្ឋបាល និង​ធនធាន​មនុស្ស លោក ឈាង ភា និងបង្គាប់ឲ្យអ្នកទាំង៣ម្នាក់ៗបង់ប្រាក់ចូលរដ្ឋ៨លានរៀលនិងបង់ទៅដើមបណ្តឹង១០លានរៀល​​ ពាក់ព័ន្ធនឹងបទ​បរិហារកេរ្តិ៍​ជា​សាធារណៈប្ដឹងដោយ​អតីត​បុគ្គលិក​ម្នាក់​នៃអង្គការនោះ ឈ្មោះ ចាន់ វិចិត្រ។

លោក ចាន់ វិចិត្រ បានប្តឹងអ្នកទាំងបីពាក់ព័ន្ធ ការគៀបសង្កត់លើបុគ្គលិក បញ្ឈប់បុគ្គលិករបស់ខ្លួនទាំងតក់ក្រហល់ចេញលិខិតព្រមានភ្លាមក៏បញ្ឈប់ភ្លាម និងមិនបានផ្តល់ប្រាក់អតីតភាព តាមគោលការណ៍របស់អង្គការ។

ដោយមិនសុខចិត្ត ចំពោះការសម្រេចរបស់ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ ពួកគេបានប្ដឹងជំទាស់មកសាលាឧទ្ធរណ៍។

នៅថ្ងៃសុក្រនេះ ប្រធានក្រុមប្រឹក្សានៃសាលាឧទ្ធរណ៍បានសម្រេចទម្លាប់ចោលការចោទប្រកាន់លើ​ថ្នាក់ដឹកនាំរបស់​អង្គការ​សមធម៌បុគ្គលិកពីរនាក់ទៀត  ដោយយល់ឃើញថា ពួកគេមិនបានប្រព្រឹត្តបទល្មើសដូចការចោទប្រកាន់របស់ចៅក្រមសាលដំបូង រាជធានីភ្នំពេញនោះទេ។

ប្រធានក្រុមប្រឹក្សាជំនុំជម្រះនៃសាលាឧទ្ធរណ៍៖ «ក្រុមប្រឹក្សាជំំនុំជម្រះបដិសេធចំពោះសាលក្រមសាលាដំបូរាជធានី ភ្នំពេញកាលពី​ថ្ងៃ​ទី​២២ ខែ​សីហា ឆ្នាំ​២០១៦  ហើយសម្រេចទម្លាប់ចោលការចោទប្រកាន់លើលោក  អៀង វុទ្ធី នាយក​ប្រតិបត្តិ​នៃ​អង្គការ​សមធម៌  លោក ផែន គឹមសុង ប្រធាន​កម្មវិធី​ឃ្លាំមើល​ការ​អភិវឌ្ឍ និង ​លោក ឈាង ភា ប្រធាន​ការិយាល័យ​រដ្ឋបាល និង​ធនធាន​មនុស្ស ដោយក្រុមប្រឹក្សាយល់ថា ពុំមាន​ភ័ស្ដុតាងអ្វី​បញ្ជាក់​ពីបទ​បរិហារកេរ្តិ៍​ទេ​»។

នាយក​ប្រតិបត្តិ​នៃ​អង្គការ​សមធម៌ លោក អៀង វុទ្ធី ប្រាប់អ្នកសារព័ត៌មាន បន្ទាប់ពីស្ដាប់ចៅក្រមសាលាឧទ្ធរណ៍ប្រកាសសាល ដីកា ថា លោកនិងបុគ្គលិកពីរនាក់ទៀត មិនបានបរិហារកេរ្តិ៍​លោក ចាន់ វិចិត្រ នោះទេ។  លោកចាត់ទុកការសម្រេចសាលា ឧទ្ធរណ៍ ថា​បានផ្ដល់យុតិ្តធម៌ឲ្យរូបលោក និង បុគ្គលិកពីរនាក់ទៀតផងដែរ។

អង្គការ​សមធម៌​កម្ពុជា​បាន​បង្កើត​ឡើងនៅ​ក្នុង​ឆ្នាំ​២០១២​ ​ដើម្បី​លើក​កម្ពស់​ ​និង​ការពារ​សិទ្ធិ​របស់​ប្រជាពលរដ្ឋ​កម្ពុជា​ពីការ​រំលោភ​បំពាន​ដីធ្លី។ អង្គការនេះ មានសកម្មភាព​ក្នុង​ការ​ផ្តល់​ជំនួយ​ផ្នែក​ច្បាប់​ដល់​ប្រជាពលរដ្ឋដែលរងគ្រោះ ដោយសារ បញ្ហាដីធ្លី ​ ជាពិសេស​ពលរដ្ឋ​រាប់រយ​គ្រួសារដែល​មាន​ទំនាស់​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​ស្ករអំពៅ​របស់​ឧកញ៉ា​ លី យ៉ុងផាត់​ ដែល​ទទួល​បាន​ដី​សម្បទាន​ជាង​២ម៉ឺន​ហិកតា​ ​ដើម្បី​ដាំ​អំពៅ​​ក្នុង​ខេត្ត​កំពង់ស្ពឺ៕

កាលពីថ្ងៃទី២៨ខែកញ្ញា ឆ្នាំ២០១៧ ក្រសួងមហាផ្ទៃបានសម្រេចព្យួរឬ ឲ្យអង្គការនេះផ្អាកបណ្តោះអាសន្ន ដោយចោទថា បានធ្វើសកម្មភាពបំពានច្បាប់ស្តីពីអង្គការសមាគម និង អង្គការមិនមែនរដ្ឋាភិបាល និងលក្ខន្តិកៈរបស់អង្គការ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ