កម្មករនៅរោងចក្រ៤បន្តដេកយាមរង់ចាំដំណោះស្រាយ ក្រោយថៅកែរត់ចោល

កម្មករ-កម្មការនីបម្រើការនៅរោងចក្រ ៤ ដែលកាន់កាប់ដោយថៅកែចិនតែមួយ បន្តនាំគ្នាដេកយាមមុខរោងចក្ររង់ចាំដំណោះស្រាយ បន្ទាប់ពីថៅកែរោងចក្រនទាំងនោះ បានរត់ចោលទាំងពុំបានបើកប្រាក់ឈ្នួល និងប្រាក់អត្ថប្រយោជន៍ផ្សេងៗជូនពួកគេ។

ក្រុមកម្មការិនីប្រហែល ២ពាន់នាក់ ស្ថិតក្នុងខណ្ឌពោធិ៍សែនជ័យ បានផ្ទុះការតវ៉ាតាំងពីថ្ងៃទី៨ ខែកុម្ភៈ បន្ទាប់ពីពួកគេបានឃើញការដឹកជញ្ជូនសម្ភារៈចេញពីរោងចក្រ និងបាត់វត្តមានអ្នកគ្រប់គ្រងក្រុមហ៊ុន។
ក្រោយផ្ទុះការតវ៉ានោះ ក្រុមមន្ត្រីក្រសួងការងារ បានចុះទៅពិនិត្យ និងសន្យាដោះស្រាយបញ្ហានៅថ្ងៃនេះ ប៉ុន្តែ ដំណោះស្រាយមួយសម្របសម្រួលដោយក្រសួងការងារនៅព្រឹកថ្ងៃនេះ មិនត្រូវបានក្រុមកម្មករ-កម្មការិនីទទួលយកនោះឡើយ។

អគ្គលេខាធិការរងនៃគណៈកម្មាធិការទទួលបន្ទុកដោះស្រាយកូដកម្ម និងបាតុកម្ម លោក វង្ស សុវណ្ណ ដែលចុះដោះស្រាយផ្ទាល់នៅរោងចក្រ អ៊ីហ្វា ហ្គាមេន អ៊ិនដាស់ស្រ្ទី ជារោងចក្រមួយក្នុងចំណោមរោងចក្រទាំង៤នោះ បានស្នើឡើងនូវដំណោះស្រាយក្រៅប្រព័ន្ធតុលាការ និងតាមផ្លូវច្បាប់ ហើយបានស្នើទៅក្រុមកម្មករ-កម្មការិនីឲ្យពិចារណាសម្រេចយកសំណើដំណោះស្រាយទាំងពីរនេះ។

លោកបន្ថែមថា៖ «យើងទុកឲ្យបងប្អូនកម្មករយើងពិគ្រោះគ្នាសម្រេចបន្ថែម ព្រោះឥឡូវយើងដោះស្រាយទើបតែដំណើរការបានពាក់កណ្តាលផ្លូវទេ យើងមិនទាន់ចេញជាលទ្ធផលនៅឡើយ។ អញ្ចឹង ថ្ងៃពុធ យើងជួបគ្នាម្តងទៀត យើងពិភាក្សាសម្រេចចុងក្រោយ»

កម្មការិនីអ្នកស្រី ហ៊ន សុខឃាង បានឲ្យដឹងថា ក្រុមកម្មករ នៅតែរក្សជំហរទាមទារការដោះស្រាយតាមច្បាប់ ដោយថា សម្ភារៈក្នុងក្រុមហ៊ុនមិនអាចលក់ទូទាត់សំណងជូនកម្មករគ្រប់ឡើយ។
អ្នកស្រីបន្ថែមថា៖ «ពួកខ្ញុំសុំសំពះទៅសម្តេចឲ្យជួយផង។ នេះជាសំលេងកម្មករផ្ទាល់ បើសម្តេចមិនជឿ ឲ្យអង្គរក្សចុះមកស៊ើបទៅ។ កម្មករវេទនាណាស់ ព្រោះកម្មករម្នាក់ៗធ្វើការជូនម៉ែឪ និងជំពាក់ធនាគារទៀត។ នៅស្រុកគេ ខ្ញុំមិនថាទេ តែនៅយើងទេ ចុះហេតុអ្វីបានឲ្យគេមកបោកប្រាស់កម្មករអញ្ចឹង? កម្មកររាប់ពាន់នាក់ គិតមើល ៤រោងចក្រ អញ្ចឹង សុំឲ្យសម្តេចជួយមកដោះស្រាយផង»

ក្រុមកម្មករឲ្យដឹងថា ពួកគេបាននាំគ្នាដេកយាមរោងចក្ររយៈពេល ៤យប់ហើយ ចាប់តាំងពីថ្ងៃផ្ទុះការតវ៉ា រហូតមកដក់ថ្ងៃនេះ ដោយបារម្ភខ្លាចថៅកែលួចដឹកសម្ភារៈនៅសេសសល់។ កម្មករម្នាក់ទៀតអ្នកស្រី ប៊ុន ណយ ឲ្យដឹងថា ថៅកែជំពាក់លុយកម្មករមានប្រាក់ខែចុងក្រោយសម្រាប់មករាក្នុងម្នាក់ៗចន្លោះពី១៨០ដុល្លារ ទៅ២០០ដុល្លារ និងប្រាក់អត្ថប្រយោជន៍ផ្សេងៗទៀត ហើយថា កម្មករម្នាក់ៗ បម្រើការងារនៅរោងចក្រនោះចន្លោះពី៧ ទៅ ១០ឆ្នាំ។
អ្នកស្រីបន្ថែមថា៖ «ពួកខ្ញុំចង់បានលុយអតីតភាព និងអត្ថប្រយោជន៍ផ្សេងៗទៀតទាំងអស់។ សុំឲ្យរដ្ឋាភិបាលហ្នឹងជួយផង ព្រោះអីកម្មករគាត់ដាច់បាយរៀងៗខ្លួនហើយ អ្នកខ្លះអត់មានផ្ទះជួល អ្នកខ្លះត្រូវគេដេញចេញពីផ្ទះជួល»

ប្រធានសហភាពចលនាកម្មករកម្ពុជា លោក ប៉ាវ ស៊ីណា កាលពីមុនអះអាងថា តាមច្បាប់រាល់ក្រុមហ៊ុនដែលមកវិនិយោគនៅកម្ពុជាត្រូវតម្កល់ប្រាក់នៅធនាគារជាតិ ដើម្បីបញ្ជាក់ភាពច្បាស់លាស់ក្នុងការវិនិយោគ និងសម្រាប់បើកទូទាត់សំណងជូនកម្មករពេលក្រុមហ៊ុនរត់ចោល ឬបិទទ្វារ។

លោកបន្ថែមថា៖ «ក្រសួងការងារដឹងច្បាស់ណាស់រឿងនេះ ជាពិសេសក្រសួងពាណិជ្ជកម្ម។ កាលណាគេមកវិនិយោគ គេត្រូវមានលុយតម្កល់។ អញ្ចឹង ចង់មិនចង់ ក្រសួងពាក់ព័ន្ធហ្នឹង ត្រូវទទួលខុសត្រូវឆែកទៅលើកុងធនាគាររបស់ក្រុមហ៊ុនដែលតម្កល់លុយហ្នឹង ដើម្បីយកប្រាក់ទាំងអស់ហ្នឹងមកទទាត់ឲ្យកម្មករ ហើយករណីទុនហ្នឹងវាផ្តល់សំណងទៅឲ្យកម្មករមិនគ្រប់ យើងអាចពិនិត្យទៅលើសំភារៈផ្សេងបន្ថែមទៀត ប៉ុន្តែ កន្លងមក ចំណុចនេះអត់ឃើញស្ថាប័នណាគេធ្វើទេ ទុកឲ្យកម្មករហាលភ្លៀងហាលថ្ងៃ ហាលខ្យល់រហូតទៅដល់ចុងក្រោយមិនបានអ្វីទាំងអស់»

កាលពីថ្ងៃទី៨ខែកុម្ភៈ ស្ត្រីម្នាក់បម្រើការងារផ្នែករដ្ឋបាលនៅរោងចក្រ យូដា ហ្គាមេន ថ្លែងប្រាប់ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា រោងចក្រនេះ ក៏ពុំបានផ្ដល់ប្រាក់ខែដល់គាត់ផងដែរ។ បើតាមមន្ត្រីរដ្ឋបាលរូបនេះ កម្មករសរុបជិត ២ពាន់នាក់ កំពុងធ្វើការនៅរោងចក្រទាំង ៤ ដែលកាន់កាប់ដោយថៅកែជនជាតិតែម្នាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ