អតីតបក្សប្រឆាំងថា មិនគាំទ្រការបោះឆ្នោតជ្រើសតាំងព្រឹទ្ធសភា

ព្រឹទ្ធសភា

អតីតបក្សប្រឆាំង បាន​ប្រកាស​ថា បក្ស​នេះ​មិនគាំទ្រ​ការបោះឆ្នោត​ជ្រើស​តាំង​សមាជិក​ព្រឹទ្ធ​សភា​ចុងខែកុម្ភៈនេះ​​ទេ ដោយថា សមាសភាព គ.ជ.ប. ផ្ទុយពីស្មារតីរដ្ឋធម្មនុញ្ញ។

ការ​បោះ​ឆ្នោត​ជ្រើស​តាំង​សមាជិក​ព្រឹទ្ធ​សភា ត្រូវ​បាន​គ្រោង​រៀបចំ​ឡើង​នៅ​ថ្ងៃ​ទី​២៥ ខែ​កុម្ភៈ​ខាង​មុខ​នេះ ដោយ​មិន​មាន​គណបក្ស​សង្គ្រោះ​ជាតិ​ចូល​រួម​នោះ​ឡើយ បន្ទាប់​ពី​បក្ស​ប្រឆាំង​ដ៏​ធំ​មួយ​នេះ ត្រូវ​បាន​តុលាការ​កំពូល​សម្រេច​រំលាយ​ចោល​កាល​ពី​ពាក់​ខែ​វិច្ឆិកា​ឆ្នាំ​មុន។

ខណៈ​ដែល​ការ​បោះ​ឆ្នោត​អសកល​នេះ​កាន់​តែ​ខិត​ចូល​មក​ដល់​នោះ គណបក្ស​សង្គ្រោះ​ជាតិ បាន​និយាយ​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​កាល​ពី​ថ្ងៃ​ម្សិល​មិញ​ថា ការ​បោះ​ឆ្នោត​នោះ មិន​កើត​ចេញ​ពី​ឆន្ទៈ​របស់​ប្រជា​ពលរដ្ឋ​ម្ចាស់​ឆ្នោត​ឡើយ ហើយ​ថែម​ទាំង​ផ្ទុយ​ទៅ​នឹង​រដ្ឋ​ធម្មនុញ្ញ​ទៀត។

អតីត​បក្ស​ប្រឆាំង​មួយ​នេះ បាន​ហៅ​បែប​នេះ ដោយ​សម្អាង​ថា តំណាង​រាស្ត្រ ៥៥​រូប​ និង​សមាជិក​ជាប់​ឆ្នោត​របស់​ខ្លួន ៥០០៧​នាក់ ​នៅ​តាម​ឃុំ​សង្កាត់​នានា​នៅ​ទូទាំង​ប្រទេស មិន​ត្រូ​វ​បាន​អនុញ្ញាត​ឲ្យ​ចូល​រួម​បោះ​ឆ្នោត​នោះ​ឡើយ។

ក្នុង​សេចក្ដី​ថ្លែងការណ៍​ដដែល​នោះ អតីត​បក្ស​ប្រឆាំង​មួយ​នេះ​ក៏​បាន​អំពាវ​នាវ​ទៅ​បក្ស​កាន់​អំណាច ឲ្យ​បញ្ចប់​វិបត្តិ​នយោបាយ​បច្ចុប្បន្ន និង​ងាក​ទៅ​​បើក​បរិយាកាស​នយោបាយ​ឲ្យ​ល្អ​ប្រសើរ​ឡើង​វិញ។

ទោះជា​យ៉ាងណា អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន នៅ​តែ​អះ​អាង​ថា ការបោះឆ្នោតជ្រើស​តាំងសមាជិក​ព្រឹទ្ធសភានៅតែដំណើរការតាមការគ្រោងទុកដដែល ទោះបី​ជា​ពុំមាន​វត្តមាន​បក្ស​ប្រឆាំ​ងក៏ដោយ​។

លោកមានប្រសាសន៍ថា៖«យើងមានការសោកស្តាយណាស់ ដែលគាត់ហានប្រព្រឹត្តបទល្មើស រហូតដល់សម្លាប់វប្បធម៌សន្ទនា ខ្ញុំយល់ថា វប្បធម៌សន្ទនានេះ គឺថាមិនអាចរស់ឡើងវិញបានទេជាមួយអតីតបក្សប្រឆាំងតែជាមួយបក្សដទៃ ដែលគេគោរពគោលការណ៍ច្បាប់ត្រឹមត្រូវទៅតាមគោលការណ៍ នៃលទ្ធិប្រជាធិបតេយ្យគណបក្សប្រជាជនខ្ញុំយល់ថា នៅតែបើកចំហសំរាប់គណបក្សដទៃ លើកលែងតែអតីតបក្សប្រឆាំងតែប៉ុណ្ណោះ​»

​អ្នក​ស្រា​វជ្រាវ​ពីការ​អភិវឌ្ឍន៍សង្គម​ លោក មាស នី​ យល់ថា ប្រទេស​ជាតិ និង​ប្រជាជន​ក្រីក្រ នឹង​ខាត​បង់​ប្រយោជន៍ ប្រសិន​បើ​អ្នក​នយោបាយ​នៅ​តែ​មិន​អាច​ឈាន​ដល់​ដំណោះ​ស្រាយ​ផ្សះ​ផ្សារ​ជាតិ​ទេនោះ។

លោកយល់​ថា៖«អ្នកដែលខាតប្រយោជន៍ គឺជាតិខ្មែរទាំងមូល។ សម្រាប់​រដ្ឋាភិបាលគាត់អត់មានខាតទេ ព្រោះមន្ត្រីរដ្ឋាភិបាលមួយចំនួនធំគាត់មានស្តុកស្តំ ទោះបីជាប្រទេសខ្មែរក្រលើសនេះ ១០ដងទៀត ក៏គាត់នៅតែមិនមានពិបាកអីដែរ។ សម្រាប់សង្គមជាតិទាំងមូលដែលត្រូវជួបប្រទះ​នូវការដាក់គំនាបពីអន្តរជាតិស្ទើរតែ ១០ឆ្នាំ ២០ឆ្នាំម្តង វាក្លាយទៅជា​ប្រទេសចំណែកមួយនៅក្នុងតំបន់​​»

គណបក្ស​សង្គ្រោះ​ជាតិ ដែល​ទទួល​បាន​សំឡេង​គាំ​ទ្រ​ប្រហែល ៣​លាន​សំឡេង​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ជាតិ​​កាល​ពី​ឆ្នាំ​២០១៣​នោះ ត្រូវ​បាន​តុលាការ​កំពូល​សម្រេច​រំលាយ​ចោល​កាល​ពី​ថ្ងៃទី​១៦ ខែ​វិច្ឆិកា ហើយ​​ថ្នាក់​ដឹកនាំ ១១៨​រូប​​របស់​បក្ស​នេះ ក៏​ត្រូវ​បាន​ហាម​ឃាត់​មិន​ឲ្យ​ធ្វើ​នយោបាយ​រយៈ​ពេល ៥​ឆ្នាំ។

អាសនៈ​ជាប់​ឆ្នោត​របស់​បក្ស​នេះ ទាំង​នៅ​ថ្នាក់​ជាតិ និង​ថ្នាក់​ក្រោម​ជាតិ ត្រូវ​បាន​ដក​ហូត និង​បែង​ចែក​ទៅ​ឲ្យ​គណបក្ស​ផ្សេងៗ ដែល​ពលរដ្ឋ​​ភាគច្រើន​ ពុំ​បាន​បោះ​ឆ្នោត​ឲ្យ​នោះ​ទេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ