សមាជិកព្រឹទ្ធសភាអាមេរិកជំរុញឲ្យផ្អាកជំនួយទាំងអស់មកកម្ពុជាដើម្បីបន្ថយឥទ្ធិពលចិន

កិច្ចប្រជុំរបស់ព្រឹទ្ធសភាអាមេរិក (រូបថតពីwww.liveactionnews.org)

សមាជិកព្រឹទ្ធសភាអាមេរិក ជំរុញឲ្យផ្អាកជំនួយទាំងអស់មកកម្ពុជា ដោយថា រដ្ឋាភិបាលដឹកនាំ​ដោយ​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន កំពុងធ្វើតាមបញ្ជារបស់ប្រទេសកុម្មុយនីស្ដចិន និងដឹកនាំប្រទេសទៅរករបបផ្ដាច់ការ។

កាលពីថ្ងៃសុក្រសប្ដាហ៍មុន សមាជិកព្រឹទ្ធសភាអាមេរិក ៥រូប បានដាក់សេចក្ដីព្រាងច្បាប់មួយ​ស្ដីអំពី «ទំនួលខុសត្រូវរបស់កម្ពុជា និងផល​ចំណេញ​នៃ​ការ​វិនិយោគ​ឆ្នាំ​២០១៨» ដោយថា សេចក្ដីព្រាងច្បាប់នេះ នឹងគាំទ្រដល់ទណ្ឌកម្មទិដ្ឋាការលើមន្ដ្រីការទូតកម្ពុជា​កាលពីខែធ្នូឆ្នាំមុន និងរាំងខ្ទប់ជំនួយទាំងអស់ ប្រសិន​បើ​រដ្ឋាភិបាល​កម្ពុជា មិនបើកលំហរប្រជាធិបតេយ្យឡើងវិញ និងអនុញ្ញាតឲ្យអតីតគណបក្សសង្គ្រោះជាតិចូលរួមការបោះឆ្នោតថ្នាក់ជាតិឆ្នាំ២០១៨។

សេចក្ដីព្រាងច្បាប់ថ្មីនេះ ត្រូវបានព្រាងឡើងដោយសមាជិកព្រឹទ្ធសភាអាមេរិក ៥រូប មកពីគណបក្សប្រជាធិបតេយ្យ និងគណបក្សសាធារណរដ្ឋ រួមមាន លោក Ted Cruz លោក Lindsey Graham លោក Dick Durbin លោក Ben Cardin និងលោក Patrick Leahy។

បើតាមសេចក្ដីប្រកាសព័ត៌មាន សមាជិកព្រឹទ្ធសភាអាមេរិកយល់ថា កម្ពុជា​កំពុងបង្កហានិភ័យដល់សន្ដិសុខក្នុងតំបន់ ដោយមិនបានចូលរួមដាក់ទណ្ឌកម្មប្រឆាំងកូរ៉េខាងជើង និងការរំលោភរដ្ឋធម្មនុញ្ញ ក្រោយតុលាការកំពូលរំលាយគណបក្សសង្គ្រោះជាតិ កាលពីខែវិច្ឆិកា ឆ្នាំ២០១៧ ការបន្ដឃុំខ្លួនលោក កឹម សុខា និងការយាយីអង្គការសង្គមស៊ីវិល។

សមាជិក​ព្រឹទ្ធសភាមួយរូបមកពីគណបក្សសាធារណរដ្ឋ លោក Lindsey Graham ឲ្យដឹងក្នុងសេចក្ដីប្រកាសព័ត៌មានថា សហរដ្ឋអាមេរិក នឹងមិនឈរឱបដៃមើលកម្ពុជាក្លាយជាប្រទេសស្ថិតក្រោមអាណានិគមរបស់ចិនឡើយ។

លោក Lindsey Graham ថ្លែងក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​នោះ​ថា៖ «លទ្ធិប្រជាធិបតេយ្យ បានស្លាប់ហើយនៅកម្ពុជា ពីព្រោះរដ្ឋាភិបាលកម្ពុជា ស្ថិតក្រោមឥទ្ធិពល និងការគ្រប់គ្រងរបស់ចិន។ សេចក្ដីព្រាងច្បាប់ស្ដីពីទំនួលខុសត្រូវរបស់កម្ពុជា និងផល​ចំណេញ​នៃ​ការ​វិនិយោគ ដែលខ្ញុំដាក់នៅថ្ងៃនេះ ជាមួយសហសេវិក​ដទៃ​ទៀត នឹងបន្ថែមកម្លាំងលើវិធានការឆ្លើយតបរបស់ក្រសួងការបរទេស ទៅនឹងការប៉ុនប៉ងរបស់ចិន ដើម្បីធ្វើអាណានិគមលើប្រទេសមួយនេះ។ ចំពោះប្រជាជនកម្ពុជា សហរដ្ឋអាមេរិក នឹងបន្ដឈរនៅជាមួយអ្នក និងឧត្តមគតិរបស់អ្នក ដែលចង់បានប្រទេសមួយ ចាក់ឫសជ្រៅដោយលទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ ដូចមានចែងក្នុងកិច្ចព្រមព្រៀងសន្ដិភាពទីក្រុងប៉ារីសឆ្នាំ១៩៩១»

សមាជិកព្រឹទ្ធសភាមួយរូបទៀត មកពីគណបក្សប្រជាធិបតេយ្យ គឺលោក Dick Durbin រិះគន់ដែរថា រដ្ឋាភិបាលលោក ហ៊ុន សែន កំពុងបំផ្លាញលទ្ធិប្រជាធិបតេយ្យ ដែលអាមេរិកខំជួយកសាង និងថា រដ្ឋាភិបាលមួយនេះ បែរជាធ្វើគ្រប់យ៉ាង ដើម្បីរក្សាអំណាចរបស់ពួកគេទៅវិញ។

លោក Dick Durbin ថ្លែងថា៖ «សហរដ្ឋអាមេរិក បានវិនិយោគយ៉ាងច្រើន ដើម្បីជួយកម្ពុជា កសាងរដ្ឋមួយ ដែលមានស្ថិរភាព តាមបែបប្រជាធិបតេយ្យ និងសន្ដិភាព។ ប៉ុន្ដែ រដ្ឋាភិបាលសព្វថ្ងៃ បានបំផ្លាញឳកាសអស់ទាំងនោះ ដើម្បីធ្វើឲ្យប្រសើរឡើងនូវជីវភាពរបស់ប្រជាជន ហើយបែរជាផ្ដោតលើការរក្សាអំណាចរបស់ពួកគេទៅវិញ»

អ្នកនាំពាក្យបក្សកាន់អំណាច លោក សុខ ឥសាន ច្រានចោលការចោទប្រកាន់នេះ ដោយថា ចិនមិនដែលលូកលាន់កិច្ចការផ្ទៃក្នុង​កម្ពុជា​ដូចអាមេរិក ដែលតែងឈឺឆ្អាលបញ្ហាសិទ្ធិមនុស្សរបស់កម្ពុជានោះ​ឡើយ។ លោកថា នេះជាសញ្ញាបង្ហាញថា អាមេរិក​ កំពុងការពារអាយ៉ងរបស់ខ្លួន ដែលបានប្រព្រឹត្តខុសច្បាប់នៅកម្ពុជា។

លោកថា៖ «ចិនគ្មានចង់ធ្វើអាណានិគមនលើប្រទេសតូចតាចមកលើប្រទេសតូចតាច ជាពិសេសមកលើប្រទេសកម្ពុជាទេ ផ្ទុយទៅវិញគឺចិនគោរព ស្មើសិទ្ធិស្មើភាពគ្នាជាមួយប្រទេសតូចតាច ទោះបីប្រទេសកម្ពុជាតូចក្ដី ក៏ប៉ុន្ដែ ចិននៅតែគោរពឯករាជ្យភាពរបស់កម្ពុជា​មិនចូលជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងកម្ពុជា ហើយមិនយកបញ្ហាសិទ្ធិមនុស្ស មកគាបសង្កត់កម្ពុជា ដោយប្រការណាមួយទេ។ ដោយសារថា រាជរដ្ឋាភិបាលមានវិធានការផ្លូវច្បាប់ ចំពោះអាយ៉ាងរបស់គាត់ ដែលជាអតីតគណបក្សប្រឆាំង ល្មើសច្បាប់ ល្មើសលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា»

អ្នកវិភាគនយោបាយលោកបណ្ឌិត មាស នី យល់ថា ការជំរុញទណ្ឌកម្មរបស់សមាជិកព្រឹទ្ធសភាអាមេរិក នឹងធ្វើឲ្យប្រទេសលោកសេរីផ្សេងទៀត ងាកមកចាប់អារម្មណ៍បញ្ហានយោបាយនៅកម្ពុជា។ លោកវិភាគថា កម្ពុជា​នឹងទទួលរងគំនាបកាន់តែខ្លាំង បើរដ្ឋាភិបាលកើតក្រោយការបោះឆ្នោត មិនត្រូវបានទទួលស្គាល់ពីអន្ដរជាតិ។

លោកថា៖ «បើសិនជាយើងគិតតែពីសហរដ្ឋអាមេរិកមួយ មិនទាន់ខ្លាំងគ្រប់គ្រាន់ទេ ប៉ុន្ដែ វានឹងអាចឈានដល់សហគមន៍អឺរ៉ុប ថ្មីៗនេះ យើងឮប្រទេសអូស្ដ្រាលី គោះទ្វាររដ្ឋាភិបាលរបស់គេ ដើម្បីឲ្យពិនិត្យមើលបញ្ហាវិបត្តិនយោបាយនៅខ្មែរផងដែរ។ ខ្ញុំគិតថា ឥទ្ធិពលនៃការដាក់ទណ្ឌកម្មទាំងឡាយណានោះ ពីឥឡូវនេះ ដល់២០១៨ ខ្ញុំគិតថា វានៅសើរៗ​ទេ ប៉ុន្ដែ បើរដ្ឋាភិបាលឆ្នាំ២០១៨ មិនត្រូវបានអន្ដរជាតិទទួលស្គាល់ទេនោះ ការប្រើឥទ្ធិពល និងគំនាបផ្សេងៗ នឹងចាប់ផ្ដើមមានប្រសិទ្ធិភាពនៅពេលនោះហើយ»

ប​ន្ទាប់ពីសហភាពអឺរ៉ុប និងអាមេរិកប្រកាសផ្ដាច់ជំនួយបោះឆ្នោតមកកម្ពុជានោះ លោក ហ៊ុន សែន បានប្រកាសថា រដ្ឋាភិបាលរបស់លោក នឹងឈប់រស់ពឹងផ្អែកខ្យល់អុកស៊ីសែនពីអ្នកដទៃ ហើយថា នឹងរៀនរស់ជាមួយមហាអំណាចផ្សេងទៀត ដូចជា ជប៉ុន ចិន និងរុស្ស៊ីជាដើម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ