ចិនបើកផ្លូវឲ្យប្រធានាធិបតីកាន់តំណែងមិនកំណត់

ប្រតិភូសភាប្រជាជនចិន​កាលពីថ្ងៃអាទិត្យម្សិលមិញ បានបោះឆ្នោតសម្រេចកែប្រែរដ្ឋធម្មនុញ្ញដើម្បីបើកផ្លូវឲ្យប្រធានាធិបតីបច្ចុប្បន្នគឺលោក ស៊ី ជីនពីង(Xi Jinping)អាចកាន់តំណែងដោយមិនកំណត់ពេល។

បានសម្រេចបោះឆ្នោតធ្វើវិសោធនកម្មនេះ ធ្វើឡើង​ក្នុងសំឡេងគាំទ្រ២ ៩៦៤ ជំទាស់២សំឡេង និងអវត្តមាន៣។​ នេះបើតាមការចុះផ្សាយរបស់ BBC។​

ទិដ្ឋភាពដែលប្រព័ន្ធផ្សព្វផ្សាយធំៗលើពិភពលោកចុះផ្សាយនោះ គឺលោក ស៊ី ជាអ្នកដាក់សន្លឹកឆ្នោតក្នុងធុងមុនគេទើបមានការបោះជាបន្តបន្ទាប់។ ក្រោយពេលប្រកាសលទ្ធផលមានសំឡេងទះដៃឡើង ហើយមិនមានការថ្លែងសារអ្វីនោះទេ។​

សកម្មភាពបោះឆ្នោតហាក់គ្រាន់តែជាការធ្វើបង្គ្រប់កិច្ចតែប៉ុណ្ណោះ ព្រោះលទ្ធផលគេដឹងមុនទៅហើយថា ការធ្វើវិសោធនកម្មអាចទៅរួចដោយពុំមានឧបសគ្គទេព្រោះលោកស៊ី ជាអគ្គលេខាធិការបក្សកុម្មុយនីស្តផងនោះកំពុងតែមានឥទ្ធិពលនៅក្នុងបក្សហើយសមាជិកបក្សសុទ្ធតែជាអ្នកមានភក្តីភាពជាមួយលោក។​

លោកស៊ី ជីនពីង​ អាយុ៦៤ឆ្នាំចូលកាន់តំណែងជាប្រធានាធិបតីកាលពីឆ្នាំ២០១២ ហើយបើយោងតាមច្បាប់ដែលកំណត់មេដឹកនាំអាចកាន់តំណែងត្រឹម២អាណត្តិឬស្មើ១០ឆ្នាំនោះ លោកស៊ីត្រូវបញ្ចប់ការកាន់អំណាចត្រឹមឆ្នាំ២០២៣។​

ព្រឹត្តិការណ៍នេះ ជាការបើកសម័យកាលថ្មីមួយទៀតនៅក្នុងប្រទេសចិនគឺការបិទបញ្ជាប់ការកំណត់អាណត្តិប្រធានាធិបតីតែពីរអាណត្តិ។ ការកំណត់អាណត្តិមេដឹកនាំយ៉ាងយូរត្រឹម២អាណត្តិនេះ គឺរៀបរៀងឡើងដោយមេដឹកនាំចិនល្បីឈ្មោះមួយរូបគឺលោក ដេង សាវពីង(Deng Xiaoping) កាលពីឆ្នាំ១៩៨២។

លោក ដេង សាវពីង រៀបចំរដ្ឋធម្មនុញ្ញនេះគឺដោយសារមើលឃើញការគ្រប់គ្រងអំណាចដោយបុគ្គលម្នាក់មិនកំណត់គឺជាគ្រោះថ្នាក់ដល់ប្រទេសជាតិ កើតមានអំណាចផ្តាច់ការពលរដ្ឋរងទុក្ខវេទនា។​

លោក ដេង សាវពីង រៀបចំច្បាប់នេះក៏ធ្វើឡើងបន្ទាប់ពីលោក ម៉ៅ សេទុង(Mao Zedong) បានគ្រប់គ្រងអំណាចរយៈពេល២៧ឆ្នាំរហូតដល់ថ្ងៃស្លាប់គឺក្នុងរយៈពេលដែលលោកគ្រប់គ្រងបានបង្កើតបដិវត្តន៍វប្បធម៌សម្លាប់យ៉ាងសាហាវលើក្រុមអ្នកប្រឆាំងទាំងក្នុង និងខាងក្រៅគណបក្ស។​

ទោះជានៅក្នុងប្រទេសចិនមានការរិតត្បិតខ្លាំងលើសេរីភាពបញ្ចេញមតិក៏ដោយ ក៏នៅតែមានការលើកឡើងតាមបណ្តាញទំនាក់ទំនងសង្គមដែរដោយថា ប្រទេសនេះកំពុងតែវិវត្តទៅរកការកាន់អំណាចដោយមនុស្សមួយក្រុម ផ្តាច់ការ និង តពូជ ដូចនៅកូរ៉េខាងជើង។​

ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញនេះ ក៏មានការកំណត់ដាក់បញ្ជូលកំនិតនយោបាយរបស់លោក ស៊ី ជីនពីង ចូលក្នុងរដ្ឋធម្មនុញ្ញ។ គោលនយោបាយរបស់លោក ស៊ី ដែលកំពុងមានភាពល្បីល្បាញនោះគឺ«ការប្រយុទ្ធប្រឆាំងអំពើពុករលួយ និង​ផ្លូវមួយខ្សែក្រវ៉ាត់មួយ»។ គេមានការព្រួយបារម្ភថា មេដឹកនាំរូបនេះ និងប្រើប្រាស់ហេតុផលបង្ក្រាបអំពើពុករលួយដើម្បីបង្ក្រាបទៅក្រុមអ្នកដែលហ៊ានចេញមុខប្រឆាំង។​​

បើទោះជាមានការរិះគន់ក៏ដោយមន្ត្រីនិងប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋាភិបាលនៅតែព្យាយាមបកស្រាយថា ការបើកផ្លូវឲ្យលោក ស៊ី ជីនពីងបន្តកាន់តំណែងដោយមិនកំណត់នេះគឺជាសំណាស់របស់ប្រជាជនដែលមានមេដឹកនាំអស្ចារ្យ អាចរក្សាស្ថិរភាពនយោបាយ សន្តិសភាព និងអភិវឌ្ឍន៍ឲ្យប្រទេសជាតិរីកចម្រើន​លើពិភពលោក៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ