​លោក កឹម សុខា អំពាវនាវ​ទៅ​រដ្ឋាភិបាល​ឲ្យ​ដោះ​ស្រាយ​បញ្ហា​នយោបាយ​កុំយក​ខ្មែរ​ធ្វើ​ជាស​ត្រូវ​

លោក កឹម សុខា កាលពីពេលកន្លងទៅ (រូបចែករំលែកតគ្នាពីហ្វេសប៊ុក)

​អតីត​ប្រធាន​គណ​បក្ស​ប្រឆាំង​ដែល​ត្រូវ​បាន​ចាប់​ឃុំ​ខ្លួន អំពាវនាវ​ទៅ​ដៃ​គូ​ប្រកួត​ដ៏​ធំ​របស់​ខ្លួន ឲ្យ​រក​ដំណោះ​ដោះ​ស្រាយ​បញ្ហា​នយោបាយ ដោយ​អ​ហិង្សា កុំយក​ខ្មែរ​គ្នា​ឯង​ជាស​ត្រូវ។

​អតីត​មេ​ដឹក​នាំ​បក្ស​ប្រឆាំង​លោក កឹម សុខា ត្រូវ​សមត្ថកិច្ចឆ្មក់​ចូល​ចាប់​ខ្លួន​នៅ​គេហេដ្ឋាន​របស់​លោក កាលពី​ដើមខែ​កញ្ញា​ឆ្នាំ​មុន ការ​ចាប់​ឃុំ​ខ្លួន​នោះ​ត្រូវ​មេ​ដឹក​នាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន អះអាង​ថា​លោក​ជា​អ្នក​បញ្ជា​ដោយ​ចោទ​ថា អតីត​មេ​បក្ស​រូប​នេះ​បាន​ធ្វើ​ទង្វើក្បត់​ជាតិ។

​លោក កឹម សុខា ឲ្យ​ដឹង​តាម​សារ​ជូន​ពរឆ្នាំ​ថ្មី​ដែល​បង្ហោះលើគេហ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​នា​ថ្ងៃ​នេះ ឲ្យ​ដឹងថា ឆ្នាំ​ចាស់​នេះ មាន​ការ​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​នូវ គុណធម៌ជា​ហេតុ​បង្ក​ឲ្យ​ខ្មែរ​មាន​ការឈឺ​ចាប់​ទាំង​ប្រជា​ពលរដ្ឋ និង​អ្នក​នយោបាយ។ លោក​ថា ការឈឺ​ចាប់​នេះ ធ្វើ​ឲ្យ​អ្នក​នយោបាយ ខ្វះការជឿទុក​ចិត្ត​គ្នា ដែល​នាំ​មាន​ការបែកបាក់​ជាតិ ដោយ​សារតែ​គ្មាន​ការអត់ឱន និង​ការអធ្យាស្រ័យ​គ្នា​ទៅ​វិញ​ទៅ​មក។

​លោក កឹម សុខា អំពាវនាវ​ទៅ​ដៃ​គូ​ប្រកួត​របស់​ខ្លួន​ថា ឆ្នាំ​ថ្មី​នេះ លោក​ចង់​ឲ្យ​ខ្មែរ​គ្រប់​ភាគី​នឹង​លុបជម្រះ​ឲ្យ​អស់​នូវ​អពមង្គល ការគុំកួន និង​អំពើ​បាប​ក្នុង​ឆ្នាំ​ចាស់ ហើយ​វិល​ទៅ​រកការដោះ​ស្រាយ​ដោយ​សន្តិ​វិធី ដោយ​មិន​យក​ខ្មែរ​ណា​ធ្វើ​ជាស​ត្រូវ។

សារ​លិខិត​នោះ​សរសេរ​ថា៖ «មុន​នឹង​បញ្ចប់​នេះ ក្នុង​នាមគណ​បក្ស​សង្គ្រោះ​ជាតិ និង​ក្នុង​នាម​ខ្ញុំ​ព្រះ​ករុណា ខ្ញុំ​បាទ​ផ្ទាល់ ខ្ញុំ​ព្រះ​ករុណា ខ្ញុំ​ចង់​ឃើញ​ឆ្នាំ​ថ្មី​មួយ​ដែល​នាំ​មក​នូវ​សេចក្ដីសុខ សេរីភាព និង​សុភមង្គម​ដល់​ខ្មែរ​គ្រប់​ភាគី​និង​លុបជម្រះ​ឲ្យ​អស់​នូវ​អពមង្គល ការគុំកួន​និង​អំពើ​បាប ក្នុង​ឆ្នាំ​ចាស់។ សម្រាប់​ខ្ញុំ​ព្រះ​ករុណា ខ្ញុំ​មិន​មាន​នោះ​ទេ​ពាក្យ​ថាសងសឹក ហើយ​ក៏​សូម​អហោសិកម្ម​ចំពោះ​ទង្វើបាប​ទាំង​ឡាយ​ដែល ត្រូវ​បាន​គេ​ធ្វើ​មកលើ​ខ្ញុំ​ព្រះ​ករុណា​ខ្ញុំ។ សូម​ឲ្យ​ប្រ​ខ្មែរ​អាច​ចាប់​ផ្ដើមសារជា​ថ្មី ក្នុង​ការកសាង​ជាតិ​រួម​គ្នា​ចាប់​ពីឆ្នាំ​ថ្មី​នេះ​ត​ទៅ»។

​អ្នក​នាំ​ពាក្យ​គណ​បក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ចាត់ទុកការអំពាវនាវ​នេះ​ថា ជា​រឿង​ល្អ ប៉ុន្តែ​លោក​ថា គណ​បក្ស​ប្រជាជន​មិន​អាច​ធ្វើ​ការចចារជា​មួយ​មាន​អ្នក​ទោស​នោះ​ទេ។

​លោក​ថា៖ «ចង់​បាន​ការដោះ​ស្រាយ​រវាង​ខ្មែរ និង​ខ្មែរ​ដោយ​អ​ហិង្សា​ហ្នឹង វា​ល្អ​ហើយ បញ្ហា​សំខាន់​ដូច​ចិត្ត​ខ្ញុំ​យល់​ឃើញ​ធ្វើ ម៉េចកុំ​ឲ្យ​មាន​បញ្ហា កុំ​ឲ្យ​មាន​បញ្ហា​គឺកុំល្មើសច្បាប់តែល្មើសច្បាប់ ហើយ​ដោះ​ស្រាយ​អត់​ចេញ​ដែរ អ្នក​ល្មើសច្បាប់វា​ត្រូវ​ជាប់​បញ្ហា ជាប់​ពិរុទ្ធភាព​ចំពោះ​មុខ​ច្បាប់ ហើយ​ទៅ​ដោះ​ស្រាយ​ទៅ​នឹង​ការ​ចរចា​គ្នា​ម៉េច​កើត អត់​ទៅ​រួច កាលណា​ខុស​ច្បាប់ វា​ត្រូវ​តែដោះ​ស្រាយ​ជា​មួយ​ច្បាប់អញ្ចឹង រកការចចារ​គ្នា​មិន​កើត​អញ្ចឹង វាខ្វះត្រង់ហ្នឹង»។

​ទោះ​ជា​យ៉ាង​ណា អ្នក​ស្រាវជ្រាវពី​អភិវឌ្ឍន៍​សង្គម​លោក មាស នី ជំរុញ​រដ្ឋាភិបាល​គួរ​តែ​ធ្វើ​ការពិចារណា​ឡើង​វិញ ក្នុង​ការ​ចរចា​ជា​មួយ​ភាគី​ម្ខាង​ទៀត ដើម្បី​ដោះ​ស្រាយ​បញ្ហា​ប្រទេស​ជាតិ។ លោក​រំឭកថា អ្នក​នយោបាយ​ទាំង​អស់​ត្រូវ​ដឹក​ថា ពួក​គាត់​ទាំង​អស់​គ្នា​បាន​នាំ​ប្រទេស​ខ្មែរ​ចូល​ក្នុង​ស្ថានភាព បង្ក​ឲ្យ​មាន​ការលាបពណ៌​គ្នា​តាំង​ពីលើ​ដល់​ក្រោម ។ លោក​ថា នេះ​ជាវិបត្តិ ដែល​ធ្វើ​ឲ្យ​សង្គម​មួយ​នេះ​ខ្វះការទុក​ចិត្ត​គ្នា​ទំនាស់​ផ្ទៃ​ក្នុង​កាន់​តែ​រីក​ធំ​ៗ​ឡើង​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ