រដ្ឋាភិបាលបញ្ចាក់ថាសំណងសម្រាប់ពលរដ្ឋនៅអាគារប៊ូឌីញ១​ម៉ែត្រការ៉េ​​១.៤០០ដុល្លារ

អាគារប៊ុលឌីង (ដោយ សាយ ទ្បាលីស)

រដ្ឋមន្ត្រី​ក្រសួង​ដែនដី នគរូបនីយកម្ម និង​សំណង់បញ្ជាក់ជំហរចុង​ក្រោយប្រាប់ពលរដ្ឋ​ថា រដ្ឋាភិបាល​អាច​ផ្ដល់ជាសំណងឲ្យអ្នករស់នៅអាគារប៊ូឌីញ​ក្នុង១​ម៉ែត្រការ៉េតត្រឹម​​១.៤០០​​ដុល្លារ​អាមេរិកប៉ុណ្ណោះ​ ខណៈព​​លរដ្ឋមួ​យចំនួ​ននៅមិនទាន់ទទួលយកនៅឡើយ។

នៅក្នុងកិច្ចប្រជុំមួយនៅក្រសួងដែនដី នាថ្ងៃទី១២ខែឧសភានេះ រដ្ឋមន្ត្រីក្រសួងដែនដី លោក ជា សុផារ៉ា មានប្រសាសន៍ថា ពលរដ្ឋដែលព្រមទទួលយកសំណងនេះ អាចបំពេញបែបបទ ដើម្បីទទួល​ប្រា​ក់​នៅ​​​ពេល​ខាង​មុខ ដោយលោក​ទុក​រយៈពេលឲ្យ​១​ខែ​សម្រាប់​រើ​ផ្ទះចេញពីអគារនេះ។

លោក ជា សុផារ៉ា ឲ្យដឹងទៀតថា ពលរដ្ឋដែលព្រមរើសផ្ទះចេញ លោក​នឹង​ជួយប្រាក់ ​១​គ្រួសារ ១០០​ដុល្លារ បន្ថែមទៀត​សម្រាប់រើ​អីវ៉ាន់។

លោ​កបន្តថា «សម្រេចចិត្តចុងក្រោយខ្ញុំគិតថា បើ១៤០០ អស់ត្រូវ គិតទៀត ចាំមើលទៅរ​កអ្នកណា​លើ​ស​ហ្នឹង​ទៀត ចំពោះខ្ញុំមានតែរំសាយអង្គប្រជុំ ព្រោះអីមិនអា​ចទៅមុខទៀតទេ​អស់ត្រឹមហ្នឹ​ង»។

លោក ជា សុផារ៉ា បន្តទៀតថា ចំពោះពលរដ្ឋដែលមិន​ទាន់ទទួលយកសំណង លោកអះអាង​ថា ទុក​រឿង​នេះ​មួយឡែកសិន ដោយចាំ​ដោះស្រាយ​នៅពេល​ក្រោយ​។

ពលរដ្ឋម្នាក់អ្នកស្រី ទូច រស្មី  ដែលមិនព្រមទទួលយកសំណង ប្រាប់អ្នក​សារព័ត៌​មាន បន្ទា​ប់​ពីបញ្ច​ប់កិច្ច​ប្រ​​ជុំ​ពិ​​​ភាក្សានោះថា តម្លៃដែលអ្នកស្រីអាចទទួលយកគឺ ១ ម៉ែត្រការ៉េត ត្រឹម​​២០០០​​ដុល្លារ​អាមេរិក ប្រសិនបើមិនបានទេគាត់មិនចាកចេញពីអគារនោះឡើយ។

អ្នកស្រីបន្តថា នៅមា​នពល​រដ្ឋជាង៥០ភាគរយទៀត ដែលមិនព្រមទទួលយកសំណងនោះ ដោយ​អ្នក​ស្រី​​​យ​ល់ថា តម្លៃដែលក្រសួងឲ្យមិនអាចយកទៅទិញផ្ទះបានវិញឡើយ។

អ្នកស្រីថា «អ្វីដែលបងចង់បានអត់ឲ្យលើសពីទីផ្សារទេ អ្វីដែលបងបានគឺ​លក់កន្លែងហ្នឹ​ងបងអាច​ទៅទិ​ញ​បាន​​នៅកន្លែងផ្សេង ប៉ុន្តែក៏មិនសង្ឃឹមថាទិ​ញបាននៅក្នុងក្រុ​ងដែលលុយប៉ុណ្នឹ​ងប្រាកដជាទិញ​បាននៅ​ជាយ​​ក្រុងហើយ  ប៉ុន្តែធ្វើម៉េចឲ្យយើងទិញបាននៅតម្លៃនៅទីផ្សារ។ ដូចលូវ ដូចមិញចឹងគាត់​ឲ្យយើង​ពិភា​ក្សា​​គ្នានៅខាងក្រៅ ដើម្បីមិនយល់ព្រមតម្លៃហ្នឹង ដល់ពេលចូលមកវិញគាត់មិនឲ្យយើងឡើងតវ៉ា។ ប៉ុន្តែដឹងតែពួកខ្ញុំមិនព្រមហើយ នៅប៉ុន្មានគ្រួសារដែលនៅជិតគ្នាហ្នឹង គឺអត់ព្រមហ្នឹងតម្លៃហ្នឹងទេ ព្រោះគិ​តថាបើ​យើងចេញក៏អត់ទៅទិញផ្ទះអីបានដែរ»។

ពលរដ្ឋម្នាក់ទៀត កញ្ញាលើកឡើងប្រហាក់ប្រហែលគ្នាថា សម្រាប់អ្នកដែលមានផ្ទៃបន្ទប់ធំ គឺព្រមទ​ទួល​ដោយ លុយដែលឲ្យនោះពួកគាត់អាចទៅទិញផ្ទះរស់នៅបានសមរម្យ ប៉ុន្តែសម្រាប់​អ្នកដែលមា​នបន្ទប់​តូច​ពួ​ក​​គាត់ព្រមចេញនោះ ដោយសារ គាត់ទទួលបានលុយតិ​ចមិនអាច​យកលុយ​ទៅទិ​ញផ្ទះវិញបានឡើយ។

កញ្ញាថា «ឯកឧត្ដមមានដំណោះស្រាយបែបណាឲ្យអ្នកនៅខាងក្រោមគាត់ទទួលយកបានដែរ ចុះបើលូវខា​ងគេព្រមអស់​អ្នកខាងក្រោមគេមិនព្រមចេញអត់រួចដដែល  ដល់ចេញមិនរួចចឹងមកវាយប៊ូឌីញ ឬ មួយ​មាន​​​​​​កា​​រអ្នកខាងក្រោមបានលុយហើយ​តែអស់ព្រមចេញអាហ្នឹងអត់មានរឿងហ្នឹងកើតឡើងទេ។ ចង់​ឲ្យ​ឯក​​ឧត្ដ​​មគាត់គិតឡើងវិញថា អាលូវហ្នឹងបើអ្នកខាងក្រោមមានត្រឹមតែ ១០ ការ៉េ ២០ ការ៉េ គុណលុ​យ​ទៅ​អ្នក​ខ្លះ​បានលុយត្រឹម ១ ម៉ឺនជាង អ្នកខ្លះ ២ ម៉ឺនជាង ដុល្លារមេរិក។ សួរថាយកលុ​យនេះ​ទៅទិញ​អី​បាន មាន​​​តែទៅទិញដីស្រែដូចគាត់និយាយធ្វើចង្កាន់បាយមុន ខ្ញុំនៅខាងក្រោម ខ្ញុំមិនមែនត​វ៉ាតែម្នា​ក់ឯង​​​ទេ គឺ​ខ្ញុំ​​តំ​ណាងឲ្យប្រជាពលរដ្ឋនៅខាងក្រោមគឺគាត់មិនយល់ព្រមទាំងអស់»។

​​ប្រធានក្រុមការងារពិសេសសិទ្ធិលំនៅឋាន លោក សៀ ភារម្យ សារទ ចំពោះដំណោះស្រា​យរបស់​រដ្ឋមន្ត្រី​ក្រ​សួ​ងដែនដីដែលបានបង្ហាញឆន្ទះ ដើម្បីដោះស្រាយឲ្យប្រជាពលរដ្ឋនោះ។

លោកថា ​«នីតិវិធីល្អខ្ញុំគាំទ្រ ព្រោះយន្តកាលរបស់ឯកឧត្ដមរដ្ឋមន្ត្រីវាជាចំណុចល្អ ជាដំណើរការល្អពីព្រោះ​ដើម្បីពន្លឿ​ការដោះ​ស្រាយហ្នឹ​​ងឲ្យបានឆាប់ចប់គឺត្រូវតែដឹងដែរ។ថាតើពេលដែលគេឲ្យតម្លៃ​ប៉ុណ្ណឹងគា​ត់ពេ​ញចិត្តប៉ុន្មាននាក់ ប៉ុន្មានភា​​គរយគេនឹងអាចដឹងវាស់​ស្ទង់មើលថាតើចំនួនប៉ុ​ន្មានដែលបាន​មកចុះឈ្មោះ​មកទទួលយកចំនួន១៤០០ ដុល្លារហ្នឹង។ គេហ្នឹងមាននីតិ​វិធីច​ចារបន្ត​ទៀតឬមួយអីគេមា​នយន្តកាលបែបណា​ទៀតអាហ្នឹងជារឿ​ងធម្មតាទេវាជា​លំនាំ​នៃដំណើរការចចារ នៃការដោះស្រាយខ្ញុំគិតថា​ល្អហើយយើងគាំទ្រ​ចំណាត់ការបែបនេះ»។

អាគារប៊ូឌីញ(ស) ត្រូវបានរដ្ឋាភិបាលប្រគល់សិទ្ធិឲ្យក្រុមហ៊ុនជប៉ុនឈ្មោះ Arakawa អភិវឌ្ឍក្នុងទឹក​ប្រាក់​​​​​៨០​លានដុ​ល្លារ ។

គម្រោ​ង​នេះ រួមមានការសាងសង់ទីតាំងស្នាក់នៅបណ្តោះអាសន្ន និងអគារថ្មី​កម្ពស់២១ជាន់ ដែ​ល​​​ក្នុង​នោះ​​​​​ទុកធ្វើទីតាំងចំណតរថយន្ដ៣ជាន់ កន្លែងលក់ដូរ១ជាន់ និងកន្លែងស្នាក់នៅ៥ជាន់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ