ឡុង សុភី ប៉ះKamlay Phit ចាញ់ស្អាត

Kamlay Phit និង ឡុង សុភី (សុខ ឆាយ)

ការប្រកួតអន្តរជាតិដែលបានធ្វើឡើងនៅលើសង្វៀនទូរទស្សន៍អាស៊ីអាគ្នេយ៍កាលពីថ្ងៃអាទិត្យទី១០ មិថុនាកីឡាករ ឡុង សុភី ដែលជាជើងខ្លាំងម្នាក់នៅក្នុងពិភពប្រដាល់ខ្មែរ ត្រូវបានគណៈកម្មការសហព័ន្ធប្រដាល់ដាក់អោយជួបប្រកួតជាមួយជាមួយកីឡាករជើងខ្លាំងវ័យក្មេងរបស់ថៃឈ្មោះ Kamlay Phit គួរអោយភ្ញាក់ផ្អើលដោយគណៈកម្មការរៀបចំបានទាំងប្រកាសថាគឺជាដាក់ដើម្បីអោយសងសឹកជំនួសមុខអោយកីឡាករកម្ពុជាខ្លាំងៗមួយចំនួនៗដែលត្រូវកីឡាករថៃរូបនេះវាយ​អោយបាក់មុខនោះផង។

យ៉ាងណាមិញ ក្ដីរំពឹងរបស់សហព័ន្ធមិនត្រឹមតែទៅមិនរួចនោះទេ គឺមិនខុសពីយកជើងខ្លាំងម្នាក់នេះអោយមកបាក់មុខថែមម្នាក់ទៀតនៅលើសង្វៀននោះផង។

លោក ញាណ សុធី អ្នករៀបចំការប្រកួតបានអះអាងថាកីឡាករ Kamlay Phit ឡើងមកវាយកីឡាករកម្ពុជានៅលើសង្វៀនទូរទស្សន៍អាស៊ីអាគ្នេយ៍ច្រើនលើកច្រើនសារមកហើយដោយការប្រកួតរបស់គេ គឺដាក់កីឡាករជើងខ្លាំងណាម្នាក់ក៏សឹងតែនឹងរកឈ្នះមិនឃើញនោះផង។

លោកថាជើងខ្លាំងរូបនេះវាយឈ្នះកីឡាករល្អច្រើននាក់ហើយ ដោយមុននេះបន្តិចបានវាយបំបាក់កីឡាករជើងខ្លាំង ព្រំ សំណាង និងកីឡាករល្អៗមួយចំនួនទៀតធ្វើអោយលោកពិបាកនឹងរកកីឡាករកម្ពុជា ដែលមានប្រភេទទម្ងន់៦៩គីឡូក្រាមដូចគ្នានឹងមកប្រកួតលែងចង់បាននោះផង។

លោកថាប្រភេទទម្ងន់៦៩គីឡូក្រាម គឺពិបាករកជើងខ្លាំងអោយឡើងប្រកួតជាមួយ ហើយលោកក៏មិនសប្បាយចិត្តដែរដែលដាក់កីឡាករកម្ពុជាច្រើនរូបមកហើយគឺចាញ់ Kamlay Phit ស្ទើរតែគ្រប់ការប្រកួត រហូតដល់កីឡាករ ព្រំ សំណាង សម្រេចមិនធ្វើការប្រកួតជាមួយ។

លោកថាគណៈកម្មការទូរទស្សន៍អាស៊ីអាគ្នេយ៍បានសម្រេចឯកភាពជាមួយសហព័ន្ធប្រដាល់ដាក់ ឡុង សុភី ព្រោះរំពឹងថាភាពខ្លាំងរបស់កីឡាករថៃរូបនេះ​នឹងត្រូវបំបាក់និងដើម្បីអោយគេបានជួយសងសឹកដល់កីឡាករល្អៗមួយចំនួនដែល Kamlay Phit ធ្លាប់វាយអោយសន្លប់ និងអោយចាញ់ដោយពិន្ទុ។

អីចឹងហើយ ទើបលោកបញ្ជាក់ថាគឺជារឿងផ្ទុយស្រឡះទៅវិញដោយសារតែ ឡុង សុភី ក្រៅពីដណ្ដើមយកជ័យជម្នះមិនបាន គឺថែមទាំងដេកស្អាត​ក្រោយបញ្ចប់ទឹកទី៥នោះទៅទៀត។ លោកថាការប្រកួតក្នុងទឹកទី១ និងទី២ កីឡាករថៃមិនមានប្រៀបច្រើនទេ ដោយខាងគណៈកម្មការរៀបចំនិងអ្នកគាំទ្រសុទ្ធតែជឿជាក់ថាបើទោះមិនអាចវាយអោយ Kamlay Phit សន្លប់ដើម្បីទទួលបានទឹកប្រាក់លើកទឹកចិត្ត១លានរៀលពីលើតម្លៃខ្លួន ក៏ពិតជាឈ្នះដោយពិន្ទុមិនអាម៉ាសដូចអ្នកមុន។

ប៉ុន្តែឈានដល់ទឹកទី៣ ជ័យជម្នះដែលគេមើលឃើត្រូវបានរអិលធ្លាក់ ដោយក្នុងទឹកទី៤ និងទី៥ គឺ​កីឡាករថៃវាយសន្ធាប់បានល្អយ៉ាងខ្ចប់ៗតែម្ដង ដោយសូម្បីតែជំហរទាំងស្រុងក៏ត្រូវកីឡាករទាត់បំបាក់អោយដួលប្រផះប្រភីងផងដែរ។

លោក ញាណ សុធី និយាយថាក្រោយការបញ្ចប់ទឹកទី៥លោកមានអារម្មណ៍ហួសចិត្ត ប៉ុន្តែក៏បានបន្តកោតសរសើរចំពោះកីឡាករថៃ Kamlay Phit ផងដែរ ដែលប៉ះជាមួយជើងខ្លាំងក្នុងពិភពប្រដាល់ ឡុង សុភី ទៅហើយនៅតែរក្សាតួលេខវាយឈ្នះទៀត។

លោកថាអត់ដឹងថាត្រូវដាក់កីឡាករណាម្នាក់ដើម្បីអោយវាយបំបាក់ជើងខ្លាំងវ័យក្មេងរូបនេះទេ ក្នុងពេលដែលលោកសាកល្បងដាក់អោយប្រកួតជាមួយកីឡាករក្នុងប្រភេទទម្ងន់៦៩គីឡូក្រាមរបស់កម្ពុជាច្រើនហើយ តែលទ្ធផលនៅតែចាញ់។

លោក ថៃ អ៊ូ អ្នកដឹកនាំកីឡាករថៃអោយមកប្រកួតនៅកម្ពុជាបានអះអាងថា កីឡាករ Kamlay Phit ទើបតែមានអាយុ២២ឆ្នាំប៉ុណ្ណោះ តែគេជាកីឡាករឡើងកូដនៅក្នុងប្រទេសថៃទើបការប្រកួតរបស់លោកគេកាន់តែល្អនៅលើសង្វៀន។

យ៉ាងណាមិញ លោកថាកីឡាកររូបនេះមិនទាន់មានលទ្ធភាពដណ្ដើមបានតំណែងជើងឯកឬធ្វើជាម្ចាស់ខ្សែក្រវាត់នៅឡើយទេ ទើបលោកយល់ថាការយកឈ្នះលើម្ចាស់ខ្សែក្រវាត់របស់កម្ពុជាដល់ទៅ៦ខ្សែក្រវាត់ផ្សេងគ្នា គឺ ឡុង សុភី លោកថាជារឿងកម្រមួយដែលលោកមិនចង់ជឿដែរ។

លោកថាកីឡាករ Kamlay Phit មានសមត្ថភាពប្រកួតខ្លាំង តែលោកមិនមានជំនឿចិត្តច្រើនទេសម្រាប់ការប្រកួតជាមួយ ឡុង សុភី ដែលជាជើងខ្លាំងម្នាក់។ ជាពិសេសក្នុងទឹកទី២ដែលត្រូវ ឡុង សុភី វាយបំបុកចូលច្រើន។

លោកថាខ្លួនចាប់ផ្ដើមមិនជឿភ្នែកក្រោយពេលការប្រកួតនៅទឹកទី៤ត្រូវបានរំលេចឡើងដោយលទ្ធផលកីឡាករថៃមានប្រៀបជាងគេកីឡាករកម្ពុជា ដោយលទ្ធផលនោះកាន់តែស្ដែងច្បាស់ថែមទៀតក្នុងទឹកទី៥។

លោកថាសប្បាយចិត្តដែលកីឡាករ Kamlay Phit ​បានឈ្នះពិន្ទុនៅវគ្គចុងក្រោយ តែលោកមិនទាន់ច្បាស់ថាប្រសិនបើកីឡាករទាំង២ប៉ះគ្នាម្ដងទៀតតើកីឡាកររបស់លោកនឹងឈ្នះជាថ្មីទៀតឬអាចមានលទ្ធផលដដែលទេ។

កីឡាករ ឡុង សុភី បានទទួលស្គាល់ថាថ្វីដៃរបស់កីឡាករវ័យក្មេង Kamlay Phit គឺពិតជាពិបាកចូលចុះ ជាពិសេសគឺកែង និងកម្លាំងរបស់លោករឹងមាំមិនធម្មតា។ លោកទទួលស្គាល់ចំពោះការបរាជ័យ តែលោកខ្លួនបានប្រឹងប្រែងអស់ពីសមត្ថភាពហើយ គឺមិនមែនប្រកួតលែងៗហើយក៏ចាញ់នោះទេ។ លោកនៅតែមានជំនឿចិត្តថានឹងអាចសងសឹក ប៉ុន្តែចំពោះពេលវេលាមិនទាន់ច្បាស់ថារហូតដល់ពេលទើបសម្រេចចិត្តឡើងប្រកួតសងសឹកនោះទេ ដោយលោកថានោះគឺជាការសម្រេចចិត្តរបស់គណៈកម្មការនិងអ្នកផ្គូរផ្គង។

លោកថាលទ្ធផលចាញ់ឈ្នះគឺជារឿងសំខាន់របស់កីឡាករ តែក្នុងនាមលោកមើលឃើញពីចំណុចខ្លាំងរបស់គូប្រកួតលោកថាត្រូវតែទទួលស្គាល់ចំពោះការកាត់ក្ដី ដោយមិនមែនឡាំប៉ាមិនទទួលស្គាល់ចំពោះកង្វះខាតរបស់ខ្លួននោះទេ។ លោកមានគម្រោងប្រឹងប្រែងហ្វឹកហាត់បន្ថែមទៀត ដើម្បីបង្កើនកម្លាំងស៊ុហ្វ និងសមត្ថភាព មុនការប៉ះប្រកួតជាមួយកីឡាករ Kamlay Phit ក្នុងពេលខាងមុខ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ