រថយន្ត​តេជគុណ ប៊ុត ប៊ុន​តិញ​ ត្រូវ​គេ​បំផ្លាញបន្ទាប់​ពីព្រះ​អង្គ​​ថ្លែង​ឲ្យ​ពល​រដ្ឋ​ការពារ​វត្ថុបុរាណ​

រថយន្ត​របស់ព្រះ​តេជ​គុណ ​ប៊ុត ប៊ុន​តិញ ត្រូវបាន​ជនមិន​ស្គាល់​មុន​គប់​បំផ្លាញ​កញ្ចក់ (FB: But Buntenh)

រថយន្ត​របស់​ស្ថាបនិក​បណ្តាញ​ព្រះ​សង្ឃឯក​រាជ្យ​ដែល​សកម្ម​នឹង​កិច្ច​ការ​សង្គម​និងបរិស្ថាន​ ព្រះ​តេជ​គុណ ​ប៊ុត ប៊ុន​តិញ​ ត្រូវបាន​ជនមិន​ស្គាល់​មុន​គប់​បំផ្លាញ​កញ្ចក់​ បន្ទាប់ពី​ព្រះ​អង្គ​បាន​ថ្លែង​ពន្យល់​ពុទ្ធ​បរិស័ទ​នៅខេត្ត​កំពង់​ឆ្នាំ​ងឲ្យការ​ពារ​ពុទ្ធ​បដិមា​បុរាណ។

ក្នុង​ហ្វេស​បុក​របស់​ព្រះ​អង្គបាន​ឲ្យ​ដឹង​ថា កាលពី​យប់​ថ្ងៃ​ទី​១១ កក្កដា វេលា​ម៉ោង​ប្រមាណ១០និង​២៣នាទី​យប់ រថយន្ត​របស់​ព្រះ​អង្គ​ត្រូវ​បាន​ជន​មិ​ន​ស្គាល់​មុខ​គប់​បំបែក​កញ្ចក់​ខាង​ស្តាំ​ផ្នែក​កណ្តាល​នៃ​ឡាន កើត​ឡើង​នៅ​​ជិតវត្តសិរីពោធិព្រឹក្ស ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្ដាល។ ព្រះអង្គ​បាន​បន្ថែម​ថា ហេតុការណ៍​នេះបានកើតឡើង បន្ទាប់ពី​ក្រុមការងារបណ្ដាញព្រះឯករាជ្យដើម្បីយុត្តិធម៌​​សង្គម​​បាន​និមន្ត​ចុះពន្យល់ពុទ្ធ​បរិស័ទ​ឱ្យរួមគ្នាការពាររូបបដិមាបូរាណ មួយរូបនៅឃុំដា ស្រុក​កំពង់​លែង​ ខេត្តកំពង់ឆ្នាំង។

ព្រះ​អង្គ​បាន​ចាត់​ទុក​សកម្មភាព​នេះ​ជា​ការ​គំរាម​កំហែង បង្ក​អសន្តិសុខ​ដល់​ព្រះ​អង្គ និង​ក្រុម​ការ​ងារ​របស់ព្រះ​អង្គ និង​បាន​ចាត់​ទុក​ថា​សកម្មភាព​នេះមាន​ជាប់​ទាក់​ទង​ជា​មួយ​នយោបាយ ហើយ​រដ្ឋាភិបាល​ត្រូវ​​ទទួល​ខុសត្រូវ​ប្រសិន​ជា​មាន​បញ្ហាទាក់​ទង​នឹង​សុវត្ថិភាព​របស់​ព្រះអង្គ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ