កូរ៉េខាងត្បូងព្រមានថានឹងវាយកំទិចកូរ៉េខាងជើងឲ្យក្លាយជាផេះ បើសិនជានៅតែបន្តធ្វើសកម្មភាពសាកល្បងអាវុធនុយក្លេអ៊ែដែលបង្ហាញពីសញ្ញាគ្រោះថ្នាក់ដល់ប្រទេសជិតខាងទៀតនោះ។
មន្ត្រីយោធាកូរ៉េខាងត្បូងថ្លែងប្រាប់ទីភ្នាក់សារព័ត៌មានយ៉ុងហាប់ថា គ្រប់ផ្នែករបស់ទីក្រុងព្យុងយ៉ាងនឹងត្រូវបំផ្លាញដោយមីស៊ីលឆ្លងទ្វីបនិងអាវុធកម្រិតធ្ងន់ផ្សេងទៀត។ យ៉ុងហាប់ជាភ្នាក់ងារសារព័ត៌មានដែលធ្វើការយ៉ាងស្និទ្ធជាមួយរដ្ឋាភិបាលកូរ៉េខាងត្បូង។ នេះជាសារកម្ររបស់កូរ៉េខាងត្បូង។
កាលពីថ្ងៃសុក្រ កូរ៉េខាងជើងបានបាញ់សាកល្បងអាវុធនុយក្លេអ៊ែលើកទី៥របស់ខ្លួន ហើយប្រកាសថាការសាកល្បងនេះ ទទួលបានលទ្ធផលជោគជ័យ។ សហគមន៍អន្តរជាតិប្រកាសថ្កោលទោសចំពោះការសាកល្បងរបស់កូរ៉េខាងជើងនេះ។
អាមេរិកបញ្ជាក់ថាខ្លួនកំពុងពិចារណាដាក់ទណ្ឌកម្មបន្ថែមទៀតលើទណ្ឌកម្មដែលក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ជប៉ុន និងកូរ៉េខាងត្បូងបានដាក់។
ជាការឆ្លើយកាលពីថ្ងៃអាទិត្យទីក្រុងព្យុងយ៉ាងបញ្ជាក់ថា ការប្រកាសដាក់ទណ្ឌកម្មសេដ្ឋកិច្ចនោះជារឿងគ្មានន័យនិងគួរឲ្យអស់សំណើច៕