ក្រុម​ប្រឹក្សា​សន្តិសុខ​ UN គ្រោង​ជួប​គ្នា​ថ្ងៃ​ស្អែក​នេះ​ជជែក​បញ្ហា​អំពើ​ហិង្សា​នៅ​ភូមា

ប្រធាន​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហ​ប្រជាជាតិ បាន​និយាយ​ថា ក្រុម​ប្រឹក្សា​នេះ​នឹងជួប​ប្រជុំ​គ្នា​នៅ​ថ្ងៃ​ស្អែក​នេះ ដើម្បី​ជជែក​អំពី​អំពើ​ហិង្សា​នៅ​ក្នុង​ប្រទេស​ភូមា ដែល​បាន​បង្ខំ​ជន​ជាតិ​មូស្លីម​រ៉ូហ៊ីងយ៉ា​ជាង ៣​សែន​នាក់ រត់​ភៀស​ខ្លួន​ចូល​ទៅ​ប្រទេស​បង់ក្លាដែស។ នេះ​ដោយ​យោង​តាម​ការ​ផ្សាយរបស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។

អង់គ្លេស និង​ស៊ុយអ៊ែត បាន​ស្នើ​ឲ្យ​មាន​កិច្ច​ប្រជុំ​បន្ទាន់​មួយ ចំ​ពេល​មាន​ក្ដី​កង្វល់​កាន់​តែ​ខ្លាំង​ពី​អន្តរជាតិ ជុំ​វិញ​អំពើ​ហិង្សា​បន្ត​កើត​ឡើង​នៅ​ក្នុង​រដ្ឋ​រ៉ាក់ឃីន។

អគ្គ​រាជ​ទូត​អង់គ្លេស លោក Matthew Rycroft បាន​ប្រាប់​ក្រុម​អ្នក​យក​ព័ត៌មាន​ថា វា​ជា​សញ្ញា​នៃ​ក្ដី​បារម្ភ​របស់​សមាជិក​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហ​ប្រជាជាតិ អំពី​ស្ថានការណ៍​នោះ ដែល​កំពុង​បន្ត​ផ្ដល់​ស្ថានភាព​អាក្រក់​ដល់​ជន​ជាតិ​រ៉ូហ៊ីងយ៉ា​ជាច្រើន​នាក់ ដែល​កំពុង​រត់​គេចខ្លួន​ចេញ​ពី​រដ្ឋ​រ៉ាក់ឃីន។

កាល​ពី​ថ្ងៃ​ចន្ទ​កន្លង​មក​នេះ ប្រធានផ្នែក​សិទ្ធិ​មនុស្ស​អង្គការ​សហ​ប្រជាជាតិ លោក Zeid Ra’ad Al Hussein បាន​ចោទ​ភូមា​ថា បាន​បង្ក​«ការ​វាយ​ប្រហារ​ជា​ប្រព័ន្ធ» ទៅ​លើ​ជន​ជាតិ​រ៉ូហ៊ីងយ៉ា និង​បាន​ព្រមាន​ថា ការ​បោស​សម្អាត​ជាតិ​សាសន៍ ហាក់​កំពុង​កើត​ឡើង​ហើយ។

ជយលាភី​ពាន​រង្វាន់​ណូប៊ែល​សន្តិភាព​ពិភព​លោក អ្នកស្រី អ៊ុងសាន ស៊ូជី បាន​ប្រឈម​មុខ​នឹង​ការ​រិះគន់​ខ្លាំង​ក្លា​ពី​អន្តរជាតិ ជុំ​វិញ​ការ​បង្ក្រាប​របស់​ពួក​យោធា ទៅ​លើ​សហគមន៍​មូស្លីម ដែល​បាន​ចាប់​ផ្ដើម នៅ​ពេល​ពួក​បះបោរ​មូស្លីម​វាយ​ប្រហារ​លើ​កង​កម្លាំង​សន្តិសុខ​នៅ​រដ្ឋ​រ៉ាក់ឃីន កាល​ពី​ថ្ងៃ​ទី​២៥ ខែ​សីហា​កន្លង​មកនេះ។

ក្រុម​ប្រឹក្សា​សន្តសុខ​អង្គការ​សហ​ប្រជាជាតិ បាន​ជួប​ប្រជុំ​បិទ​ទ្វារ​ម្ដង​រួច​មក​ហើយ​កាល​ពី​ចុង​ខែ​សីហា ដើម្បី​ជជែក​អំពី​អំពើ​ហិង្សា​នោះ ប៉ុន្តែ ពុំ​បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​ផ្លូវការ​អ្វី​នោះ​ឡើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ