ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ នៅថ្ងៃនេះ បានសម្រេចជាឯកឆន្ទ ដាក់ទណ្ឌកម្មថ្មីទៅលើកូរ៉េខាងជើង ដោយបានហាមឃាត់ការនាំចូលសម្លៀកបំពាក់ និងរឹតបន្តឹងលើការនាំចូលប្រេងចូលទៅកូរ៉េខាងជើង ដើម្បីដាក់ទណ្ឌកម្មក្រុងព្យុងយ៉ាង ដែលបានធ្វើតេស្តសាកល្បងគ្រាប់បែកនុយក្លេអ៊ែរលើកទី ៦ និងធំបំផុតកាលពីសប្ដាហ៍មុន។ នេះដោយយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP។
ដោយមានការគាំទ្រពីចិន និងរុស្ស៊ី ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានបោះឆ្នោតជាមួយសំឡេង ១៥ ទល់នឹង ០ គាំទ្រទណ្ឌកម្មថ្មីដែលស្នើឡើងដោយអាមេរិក ដែលទណ្ឌកម្មនេះ បានកើតឡើងត្រឹមតែ ១ខែប៉ុណ្ណោះ ក្រោយពីមានការហាមឃាត់ការនាំចេញធ្យូងថ្ម និងគ្រឿងសមុទ្រពីកូរ៉េខាងជើង បន្ទាប់ពីរដ្ឋឯកោមួយនេះ បាញ់គ្រាប់មីស៊ីលឆ្លងទ្វីប។
អគ្គរដ្ឋទូតអាមេរិកប្រចាំអង្គការសហប្រជាជាតិ អ្នកស្រី Nikki Haley បាននិយាយថា វិធានការដ៏តឹងរឹងថ្មីនេះ គឺជាសារផ្ញើទៅក្រុងព្យុងយ៉ាងថា ពិភពលោកនឹងមិនទទួលយកកូរ៉េខាងជើងនោះឡើយ ប៉ុន្តែ អ្នកស្រីក៏បានបង្ហាញពីដំណោះស្រាយសន្តិវិធីសម្រាប់វិបត្តិនេះផងដែរ៕