ព្រះមហាក្សត្ររំឭកថ្នាក់ដឹកនាំឲ្យបន្តដោះស្រាយបញ្ហា

ព្រះមហាក្សត្រ​ ព្រះបរមនាថ នរោត្តមសីហមុនី កាលពីកន្លងទៅ

សម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានចេញព្រះរាជសារមួយ រំឭកស្ថានប័នរដ្ឋសភា និង​រដ្ឋាភិ​បា​ល ឲ្យបន្ត​ដោះ​ស្រា​យ​ប​ញ្ហា តម្កល់ឧត្តមគតិជាតិ ធានាដល់សុខដុមរមនា ខណៈអ្នកតាម​ដា​​នអះអា​ង​ថា ស្ថាន​កា​រន​យោបា​យ កំពុ​ងប្រឈមនឹងការបែកបាក់ជាតិ។

តាមព្រះរាជសារ ព្រះមហាក្សត្រ ក្នុងឱកាសបើកបវេសនកាលនៃរដ្ឋសភា នាថ្ងៃ១២ខែតុលានេះ បានសរសើ​​រតំណាងរាស្ត្រ ដែលបានចុះសួរសុខទុក្ខ ប្រជាពលរដ្ឋ អំឡុងវិស្សមកាល និងលើកយ​កបញ្ហានា​នារបស់ប្រជារាស្ត្រ មកប្រា​ប់រដ្ឋា​ភិបាល ពេ​ល​សភាចូលធ្វើការវិញ។

ព្រះរាជសារ ដដែល ក៏បានសរសើររដ្ឋាភិបាលថា ការខិតខំប្រឹងប្រែង កន្លងទៅ ធ្វើឲ្យកម្ពុជាធានាបាន ស្ថេរ​ភា​ពនយោបាយ សេដ្ឋកិច្ចប្រកប ដោយភាពត្រឹមត្រូវ និងការអភិវឌ្ឍ។

ព្រះមហាក្សត្របញ្ជាក់ដូចនេះថា៖ «ខ្ញុំមានសង្ឃឹមថា រដ្ឋសភា ដ៏ឧត្តុងឧត្តម ជាតំណាងប្រជាពលរដ្ឋខ្មែរទាំងមូល និងបន្តខិតខំប្រឹងប្រែងដោះស្រាយបញ្ហាប្រឈមចំពោះមុនបន្តទៀត ដើម្បីសម្រេចឲ្យបាននូវទិសដៅរួមជាជំហានៗ ធានាបាននូវសង្គមកម្ពុជាមួយ ប្រកបដោយភាពសុខដុមរមនា»។

ព្រះរាជសារ រំឭកស្ថានប័នរដ្ឋសភានេះ ហាក់ចំពេល ដែលតំណាងរាស្ត្របក្សកាន់អំណាច កំពុងពិភាក្សាធ្វើ​វិ​សោ​​ធនកម្មច្បា​ប់មួយចំនួន ដែលបក្សប្រឆាំងថា ច្បាប់នោះ នឹងតម្រូវឲ្យដកហូតអាសនៈចំនួន៥៥ រប​ស់ខ្លួន ​ដែលពលរដ្ឋបោះឆ្នោត គាំទ្រអំឡុងឆ្នាំ២០១៣ តាមការស្នើឡើងរបស់បក្សកាន់អំណាច។

ភាពចម្រូងចម្រាស ផ្នែកនយោបាយចុងក្រោយនេះ អ្នកតាមដាន បង្ហាញការព្រួយបារម្ភថា បើប​ក្សកាន់​អំណាច យកច្បា​ប់​នេះ ដើម្បីរឹបអូសយកអាសនៈ របស់​បក្សប្រឆាំង ក្នុងសភាមែន ពួកគេព្រមានថា ស្ថាន​ការ​​ណ៍​​ន​យោបាយ ឈានដល់ការផុយស្រួយនៃការបែកបាក់ជាតិ ដោយថា អាសនៈចំ​នួន​​៥៥នេះ មាន​អ្នក​គាំ​ទ្រជិតពាក់កណ្តាលប្រទេស។

អ្នកវិភាគនយោបាយ លោកបណ្ឌិត ឡៅ ម៉ុងហៃ ធ្លាប់លើកឡើងថា ច្រក​ចេ​ញ​នៃជម្លោះនយោបាយ យន្តការក្នុងស្រុក គឺលោកព្រះមហាក្សត្រ ដោយលោកថា តាមរដ្ឋ ព្រះ​មហា​ក្សត្រមានតួ​នា​ទីយ៉ា​ងសំខាន់ ក្នុងការធានាឯកភាពជាតិ និងការគោរពសន្ធិសញ្ញាអន្តរជាតិនានា។​

លោកថា៖ «នៅក្នុងប្រទេស គឺព្រះមហាក្សត្រ លោកមានតួនាទីធានានូវការអនុវត្តសន្ធិសញ្ញាអន្តរជាតិ នៅ​ប្រទេ​សកម្ពុជា គឺសន្ធិសញ្ញាមួយ ដែលពាក់ព័ន្ធគឺកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស»។

រដ្ឋធម្មនុញ្ញជំពូក២ ចែងថា «ព្រះមហាក្សត្រព្រះអង្គទ្រង់ជានិមិត្តរូបនៃឯកភាពជាតិ និងនិរន្តភាពជាតិ។ ព្រះមហាក្រត្រ ទ្រង់ជាអ្នកធានាឯករាជ្យជាតិ អធិបតេយ្យ និងបូរណភាពទឹកដី នៃព្រះរាជាណាចក្រកម្ពុជា ទ្រង់ជាអ្នកធានាការគោរពសិទ្ធិ និងសេរីភាពភាពរបស់ប្រជាពលរដ្ឋ និងការគោរពសន្ធិសញ្ញាអន្តរជាតិ។ ព្រះមហាក្សត្រ ទ្រង់មានតួនាទីខ្ពង់ខ្ពស់ ជាអាជ្ញាកណ្តាល ដើម្បីធានាការប្រព្រឹត្តទៅនៃអំណាចសាធារណៈ ឲ្យមានភាពទៀងទាត់»។

ទោះជាយ៉ាងណា ព្រះរាជសារ លើកឡើងទៀតថា ៖ «កិច្ចខិតខំប្រឹងប្រែង រួមគ្នានេះ គឺជាសកម្មភាពបម្រើជាតិមាតុភូមិដ៏ឧត្តុងឧត្តម ដែលញ៉ាំងឲ្យប្រទេសជាតិយើង រក្សាបាននូវសន្តិភាព ស្ថេរិភាព និងការអភិវឌ្ឍ ដែលប្រជាពលរដ្ឋកម្ពុជាគ្រប់រូប ប្រាថ្នាចង់បាន និងត្រូវការជាចាំបាច់ ដើម្បីរស់នៅដោយភាពសុខសាន្ត»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ