មន្ត្រីនគរបាលជាតិ បានអះអាងថា គណបក្សប្រឆាំងគ្រោងប្រមូលផ្ដុំអ្នកគាំទ្ររបស់ខ្លួននៅសប្ដាហ៍ក្រោយនេះ ចំពេលដែលតុលាការកំពូលនឹងសម្រេចអំពីជោគវាសនារបស់គណបក្សមួយនេះ ប៉ុន្តែ មន្ត្រីបក្សប្រឆាំងបានបដិសេធទៅនឹងព័ត៌មានបែបនេះ។
គណបក្សសង្គ្រោះជាតិ ត្រូវបានក្រសួងមហាផ្ទៃប្ដឹងទៅកាន់តុលាការកំពូលឲ្យរំលាយចោល ដោយចោទថា គណបក្សនេះបានពាក់ព័ន្ធនឹងលោក កឹម សុខា ដែលត្រូវចាប់ខ្លួនដាក់ឃុំក្រោមការចោទប្រកាន់ពីរដ្ឋាភិបាលថា «ក្បត់ជាតិ»។
ការសម្រេចថា រំលាយ ឬមិនរំលាយគណបក្សប្រឆាំងដ៏ធំមួយនេះ នឹងត្រូវតុលាការកំពូលប្រកាសឲ្យដឹងនៅថ្ងៃទី១៦ ខែវិច្ឆិកានេះ ប៉ុន្តែ របាយការណ៍នគរបាលជាតិ បង្ហាញថា គណបក្សនេះគ្រោងប្រមូលផ្ដុំអ្នកគាំទ្ររបស់ខ្លួននៅក្នុងថ្ងៃប្រកាសសេចក្ដីសម្រេចនេះ។
ក្នុងរបាយកាករណ៍ផ្ញើទៅអគ្គស្នងការនគរបាលជាតិ លោក ជួន សុវណ្ណ ដែលជាស្នងការនគរបាលរាជធានីភ្នំពេញផងនោះ ស្នងការរងនគរបាលរាជធានីភ្នំពេញ លោក ស៊ឹម វុទ្ធី បានអះអាងថា គណបក្សសង្គ្រោះជាតិ បានដាក់ផែនការឲ្យប្រមូលផ្ដុំសកម្មជនឲ្យចំនួន ២០០នាក់ឡើងទៅ ដើម្បីជួបជុំនៅរាជធានីភ្នំពេញនៅថ្ងៃទី១៦ ខែវិច្ឆិកា។
ក្នុងរបាយការណ៍ដដែលនោះ លោក ស៊ឹម វុទ្ធី បានលើកឡើងថា លោកទទួលបានព័ត៌មានបែបនេះ កាលពីថ្ងៃទី០៩ ខែវិច្ឆិកានេះ តាមរយៈភ្នាក់ងារនគរបាល ដែលត្រូវបានហៅកាត់ថា A២៣។
របាយការណ៍ភ្នាក់ងារផ្ដល់ព័ត៌មានដដែលនោះ បានរៀបរាប់ថា គណៈកម្មាធិការប្រតិបត្តិរាជធានីខេត្តរបស់បក្សសង្គ្រោះជាតិ ជាអ្នកចំណាយលើការធ្វើដំណើររបស់អ្នកគាំទ្រម្នាក់ៗ ដែលភ្នាក់ងារនគរបាលអះអាងថា មានចំនួន ២០ដុល្លារសម្រាប់អ្នកគាំទ្រម្នាក់។
របាយការណ៍ដដែលនោះ បានអះអាងថា គណបក្សប្រឆាំងបានប្រាប់ទៅថ្នាក់ដឹកនាំរបស់ខ្លួនឲ្យបញ្ជូនសកម្មជនរបស់ខ្លួនមករាជធានីភ្នំពេញនៅថ្ងៃទី១៣ ខែវិច្ឆិកាសម្រាប់អ្នកនៅខេត្តឆ្ងាយពីរាជធានីភ្នំពេញ និងនៅថ្ងៃទី១៥ ខែវិច្ឆិកា សម្រាប់អ្នកនៅជិតរាជធានីភ្នំពេញ។
ប្រធានក្រុមតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក សុន ឆ័យ បានបដិសេធទៅនឹងរបាយការណ៍របស់នគរបាលជាតិ ដោយថា គណបក្សលោកមិនមានគម្រោងបែបនេះនោះទេ។
លោក សុន ឆ័យ បានប្រាប់វីអូឌីតាមទូរស័ព្ទនៅរសៀលថ្ងៃនេះថា៖ «គណបក្ស [សង្គ្រោះជាតិ] អត់ទាន់បានសម្រេចថា ធ្វើអ្វីផង។ ខ្ញុំអត់ដឹងសោះហ្មងបាទ! ខ្ញុំអ្នកនាំពាក្យអត់ដឹងហើយ តើអ្នកណាធ្វើអីម៉េចមិនប្រាប់យើងឲ្យដឹង?»។
មន្ត្រីនគរបាលក្រសួងមហាផ្ទៃ បានចេញរបាយការណ៍បែបនេះ បន្ទាប់ពីក្រសួងមហាផ្ទៃបានណែនាំទៅកម្លាំងសន្តិសុខ ឲ្យបន្ថែមកម្លាំងការពារសន្តិសុខបន្ថែម និងយាមល្បាតរយៈពេល ៣ថ្ងៃ ចន្លោះពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែវិច្ឆិកាខាងមុខនេះ។
បើតាមការគ្រោងទុកនោះ នៅថ្ងៃទី១៦ ខែវិច្ឆិកាខាងមុខនេះ តុលាការកំពូលនឹងបើកសវនការ តាមបណ្តឹងរបស់ក្រសួងមហាផ្ទៃ ដែលប្តឹងសុំឲ្យរំលាយគណបក្សសង្គ្រោះជាតិ បន្ទាប់ពីគណបក្សនេះត្រូវបានចោទថា ចូលរួមជាប្រព័ន្ធជាមួយប្រធានបក្ស លោក កឹម សុខា ដែលត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី០៣ ខែកញ្ញា ក្រោមការចោទថា «ក្បត់ជាតិ»។
សហគមន៍អន្តរជាតិ ជាពិសេសប្រទេសមហាអំណាចខាងលោកសេរី បានថ្កោលទោសជាបន្តបន្ទាប់ ជុំវិញការឃុំខ្លួនមេបក្សប្រឆាំង និងការប៉ុនប៉ងរំលាយគណបក្សនេះ ហើយពួកគេព្រមានពីហានិភ័យនានានៃការដើរថយក្រោយនៃលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ ប៉ុន្តែ ភាគីរដ្ឋាភិបាល ជាញឹកញ៉ាប់ ហៅសកម្មភាពទាំងនោះ គឺគ្រាន់ជាការអនុវត្តច្បាប់តែប៉ុណ្ណោះ៕