ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបង្ហោះសារនៅថ្ងៃនេះថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានប្រមាថរូបលោក ដោយហៅលោកថា «តាចាស់» ហើយលោកថា លោកនឹងមិនហៅលោក គីម ថា «អាកន្តឿ»នោះឡើយ។ នេះដោយយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។
Reuters បានចុះផ្សាយថា មេដឹកនាំអាមេរិកបានលើកឡើងបែបនេះ ក្រោយពីលោក ត្រាំ បានចូលរួមកិច្ចប្រជុំវេទិកាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក ហៅកាត់ថា APEC នៅប្រទេសវៀតណាម។
នៅក្នុងសារបង្ហោះជាបន្តបន្ទាប់នៅលើ Twitter នោះ លោក ត្រាំ ក៏បាននិយាយផងដែរថា ប្រធានាធិបតីចិន លោក ស៊ី ជិនពីង កំពុងតែបង្កើនទណ្ឌកម្មទៅលើកូរ៉េខាងជើង ជាការឆ្លើយតបទៅនឹងកម្មវិធីផលិតគ្រាប់មីស៊ីល និងគ្រាប់បែកនុយក្លេអ៊ែររបស់រដ្ឋឯកោមួយនេះ ដែលលោក ស៊ី ចង់ឲ្យក្រុងព្យុងយ៉ាង «រំសាយកម្មវិធីអាវុធនុយក្លេអ៊ែរ»។
អំឡុងដំណើរទស្សនកិច្ចរបស់លោក ត្រាំ ទៅកាន់ក្រុងប៉េកាំងកាលពីសប្ដាហ៍មុន លោក ស៊ី បានអះអាងថា ចិននឹងព្យាយាមរំសាយអាវុធនុយក្លេអ៊ែរនៅលើឧបទ្វីបកូរ៉េ ប៉ុន្តែ ពុំបង្ហាញនូវតម្រុយណាមួយថា ចិននឹងផ្លាស់ប្ដូរវិធានការទៅលើកូរ៉េខាងជើងនោះឡើយ ខណៈដែលចិនមានប្រវត្តិសាស្ត្រជាមិត្តរួមអាវុធប្រឆាំងនឹងកងទ័ពអាមេរិកនៅក្នុងសង្គ្រាមកូរ៉េចន្លោះឆ្នាំ១៩៥០ ដល់១៩៥៣។
លោក ត្រាំ បានសរសេរសារបង្ហោះថា៖ «ហេតុអ្វីបានជា គីម ជុងអ៊ុន ប្រមាថខ្ញុំ ដោយហៅខ្ញុំថា តាចាស់ ខណៈដែលខ្ញុំមិនដែលហៅគេថា អាកន្ត្រឿ ផង។ អូ…ល្អ…ខ្ញុំព្យាយាមយ៉ាងខ្លាំងដើម្បីធ្វើជាមិត្តរបស់គេ ហើយប្រហែលជានៅថ្ងៃណាមួយ វានឹងកើតឡើង»។
ទាំងលោក ត្រាំ និង លោក គីម សុទ្ធតែបានផ្លោងសម្ដីដាក់គ្នាប៉ុន្មានខែមកនេះ ចំពេលមានភាពតានតឹងខ្លាំងជុំវិញកម្មវិធីគ្រាប់មីស៊ីល និងគ្រាប់បែកនុយក្លេអ៊ែររបស់ក្រុងព្យុងយ៉ាង ខណៈដែលកូរ៉េខាងជើងប្រឹងងប្រែងសម្រេចគោលដៅផលិតមីស៊ីលបំពាក់ដោយគ្រាប់បែកនុយក្លេអ៊ែរ ដែលអាចបាញ់ទៅដល់ដែនដីអាមេរិក៕