មន្ត្រីអភិរក្សធនធានធម្មជាតិ បានឲ្យដឹងថា សត្វផ្សោតទន្លេមេគង្គ បានបង្កើតបានកូន ៩ក្បាលបន្ថែមទៀតនៅក្នុងឆ្នាំនេះ ប៉ុន្តែ បានស្លាប់ទៅវិញចំនួន ២ក្បាល ខណៈដែលមន្ត្រីកម្ពុជាព្រួយបារម្ភពីផលប៉ះពាល់ទៅលើសត្វដ៏កម្រមួយប្រភេទនេះ កើតចេញពីសំណង់ទំនប់វារីអគ្គិសនី។
មូលនិធិសត្វព្រៃពិភពលោក ហៅកាត់ថា WWF បានរៀបចំវេទិកា «សត្វផ្សោតទន្លេមេគង្គឆ្នាំ២០១៧» កាលពីថ្ងៃទី១០ ខែវិច្ឆិកាកន្លងមកនេះ នៅឯខេត្តក្រចេះ ជាទីដែលមានមនុស្សចូលរួមប្រមាណ ៣០០នាក់។
នាយកអង្គការ WWF លោក សេង ទៀក បានឲ្យដឹងថា ចំនួនសត្វផ្សោតទន្លេមេគង្គ បានកើនឡើង ៩ក្បាលបន្ថែមទៀតនៅឆ្នាំ២០១៧នេះ ប៉ុន្តែ ស្លាប់ទៅវិញ ២ក្បាលបានស្លាប់ទៅ ខណៈដែលសត្វផ្សោតបង្កើតកូនបាន ១១ក្បាល កាលពីឆ្នាំ២០១៦ ប៉ុន្តែ បានស្លាប់ទៅវិញអស់ ៦ក្បាល។
លោកបានបញ្ជាក់ថា៖«WWF កម្ពុជា រួមសហការជាមួយនឹងរដ្ឋបាលជលផល និងអាជ្ញាធរពាក់ពន្ធ័ នឹងបន្តខិតខំនូវកិច្ចប្រឹងប្រែងបន្ថែមទៀត ដើម្បីឲ្យលទ្ធផលនៃការអភិរក្សសត្វផ្សោតរបស់យើង សម្រេចបានជោគជ័យកាន់តែប្រសើ»។
លោក សេង ទៀក បានបន្ថែមទៀតថា សត្វផ្សោត គឺជារតនៈសម្បត្តិមានជីវិត ដែលផ្តល់អត្ថប្រយោជន៍យូអង្វែងសម្រាប់ប្រជាពលរដ្ឋ តាមរយៈភ្ញៀវទេសចរជាតិ និងអន្តរជាតិចូលទៅទស្សនា។
អគ្គនាយកនៃរដ្ឋបាលជលផលរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក អេង ជាសាន បានថ្លែងថា បញ្ហាប្រឈមរបស់សត្វផ្សោតនាពេលបច្ចុប្បន្ននេះ គឺការនេសាទខុសច្បាប់ ពិសេសការសាងសង់ទំនប់វារីអគ្គីសនីលើដៃទន្លេមេគង្គ ដែលជាកត្តាចម្បងធ្វើឲ្យប៉ះពាល់ដល់ការរស់នៅរបស់សត្វផ្សោត។
លោកបានបញ្ជាក់ថា៖ «យើងមានការប្ញេជ្ញាខ្ពស់ក្នុងការអភិរក្សសត្វផ្សោតទន្លេមេគង្គ ហើយទន្ទឹមនឹងនោះដែរ យើងក៏យល់ដឹងដែរថា ការអភិវឌ្ឍន៍សេដ្ឋកិច្ចក៏ជាការចាំបាច់ក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋដែរ»។
អង្គការអភិរក្សធនធានធម្មជាតិ WWF កម្ពុជា បានអះអាងថា ចំនួនសត្វផ្សោតនាពេលបច្ចុប្បន្ននេះ មានត្រឹមតែប្រមាណជិត ១០០ក្បាលប៉ុណ្ណោះ ខណៈកាលពី ១០០ឆ្នាំ មានរហូតទៅដល់ប្រមាណ ៣០០០ក្បាល ដែលរស់នៅតាមទន្លេមេគង្គ និងទន្លេសាប ក្នុងប្រទេសកម្ពុជា៕
ម៉ាប់ ស៊ុយ [email protected]