វិភាគ៖ តើអ្វីនៅពីក្រោយសារគំរាមសម្លាប់លោក កឹម សុខា ក្រោយលោក ហ៊ុន សែន លើកលែងទោស?

លោក កឹម សុខា និងលោក ហ៊ុន សែន (FreshNews)

ការផ្ញើសារគំរាមសម្លាប់តាមបណ្តាញសង្គមទៅលើអ្នកវិភាគ មេដឹកនាំកំពូលៗ បានកើតឡើងជាបន្តបន្ទាប់ ក្រោយការបោះឆ្នោតឆ្នាំ២០១៣ មិនថាមេដឹកនាំបក្សកាន់អំណាចឬមេដឹកនាំបក្សប្រឆាំងទេ បើទោះបីសមត្ថកិច្ចបានចាត់វិធានការទៅលើមនុស្សមួយចំនួនក៏ដោយ។

ប៉ុន្តែអ្វីដែលជាការកត់សម្គាល់នោះ គឺវិធានការណ៍ច្បាប់បានធ្វើឡើងមិនស្មើភាពគ្នា រវាងអ្នកគំរាមសម្លាប់មន្ត្រីបក្សកាន់អំណាច និងអ្នកគំរាមសម្លាប់មន្ត្រីបក្សប្រឆាំង។

អ្នកផ្ញើសារគំរាមសម្លាប់មន្ត្រីបក្សកាន់អំណាច គេសង្កេតឃើញថា យ៉ាងយូរមួយសប្តាហ៍ ពួកគេត្រូវបាន សមត្ថកិច្ចចាប់ខ្លួនបាន រួចនាំខ្លួនមកបង្ហាញមុខនៅតុលាការ ដើម្បីកាត់ទោស ដូចជាចាប់ខ្លួនយុវជន ផង់ សីហា ដែលបានគំរាម អ្នកស្រាវជ្រាវព្រំដែនរបស់រដ្ឋាភិបាល លោកបណ្ឌិត សុខ ទូច ចាប់និស្សិត តៅ សាវឿន គំរាមរដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក ស ខេង និងចាប់យុវជន ម៉ាន់ សំអ៊ាន់ គំរាមលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាដើម។

ប៉ុន្តែមន្ត្រីនៅក្រសួងក្រសួងមហាផ្ទៃមួយរូប លោក ផែង វណ្ណៈ ដែលក្រសួងនេះធ្លាប់កោះហៅទៅសាកសួរពីការផ្ញើសារគំរាមសម្លាប់លោក កឹម សុខា ក្រោយការបោះឆ្នោតឆ្នាំ២០១៣នោះ មកដល់ពេលនេះ មន្ត្រីរដ្ឋាភិបាលនៅក្រសួងមហាផ្ទៃរូបនោះមិនត្រូវនាំខ្លួនមកផ្តន្ទាទោសទេ។

មួយវិញទៀត ក្រោយមានព្រឹត្តិការណ៍បាញ់សម្លាប់អ្នកវិភាគនយោបាយដ៏ល្បីឈ្មោះលោក កែម ឡី កាលពីពាក់កណ្តាលឆ្នាំ២០១៦នេះ គេសង្កេតឃើញអ្នកប្រើប្រាស់បណ្តាញសង្គមម្នាក់ទៀត បានផ្ញើសារគំរាមសម្លាប់អ្នកវិភាគនយោបាយ លោក អ៊ូ វីរៈ លោកបណ្ឌិត ឡៅ ម៉ុងហៃ ព្រះតេជគុណ ប៊ុត ប៊ុនតិញ រួមទាំងប្រធានស្តីទីលោក កឹម  សុខា ផង តែមកដល់ពេលនេះ សមត្ថកិច្ចមិនទាន់បានចាប់អ្នកផ្ញើសារគំរាមសម្លាប់នោះមកផ្តន្ទាទោសនៅឡើយ។

ជាងនេះទៅទៀត អ្វីដែលកើតឡើងដដែលៗនោះ គឺក្រោយពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសលើកលែងទោស លោក កឹម សុខា កាលពីថ្ងៃទី២ធ្នូ ពីរថ្ងៃបន្ទាប់ ហ្វេសប៊ុកមួយដាក់ឈ្មោះថា ធី សុវណ្ណថា បានបង្ហោះសារគំរាមសម្លាប់លោក កឹម សុខា ដោយបានបង្ហាញអាវុធស្វ័យប្រវត្តចំនួនពីរដើម មានទាំងគ្រាប់ច្រើនបង់ផងដែរ ។

បើទោះបីមកដល់ពេលនេះ គេនៅមិនទាន់ដឹងថា សារគំរាមតាមលើបណ្តាញសង្គមនោះជារបស់ម្ចាស់ដើមពិត ឬមិនពិតក៏ដោយ (ធី សុវណ្ណថា) ក៏ដោយ ប៉ុន្តែអ្វីដែលគេសង្ស័យពីឯករាជ្យរបស់សមត្ថកិច្ចនោះ គឺក្រសួងពាក់ព័ន្ធរបស់រដ្ឋាភិបាលនូវមិនទាន់បង្ហាញជាសាធារណៈ នូវសញ្ញាណណាមួយឈានទៅបើកការស៊ើបអង្កេតដើម្បីស្វែងរកការពិត ចាប់អ្នកប្រព្រឹត្តិមកផ្តន្ទាទោស ដូចអ្នកដែលបានផ្ញើសារគំរាមមន្ត្រីបក្សកាន់អំណាចនៅឡើយទេ។

តើមានអ្វីនៅពីក្រោយការបន្តភាពស្ងាត់ស្ងៀម មិនចាត់វិធានការលើអ្នកគំរាមសម្លាប់លោក កឹម សុខា នេះ?

អ្នកវិភាគនិងអ្នកស្រាវជ្រាយពីការអភិវឌ្ឍសង្គមលើកឡើងថា ការគំរាមសម្លាប់មេបក្សប្រឆាំងជាថ្មីទៀតនេះ មានកត្តាសំខាន់៣ គឺប្រព័ន្ធយុត្តិធម៌មិនឯករាជ្យ ខ្វះឆន្ទៈនយោបាយ និងរូបភាពគំរាមមិនឲ្យមេបក្សប្រឆាំងចុះជួបពលរដ្ឋនៅថ្នាក់មូលដ្ឋាន។

អ្នកស្រាវជ្រាវពីការអនុវត្តសង្គម លោកបណ្ឌិត មាស នី លើកឡើងថា ការបែកធ្លាយពីទំនាក់ទំនងលើបណ្តាញសង្គមរបស់មេដឹកនាំកំពូលនិងសារគំរាមសម្លាប់លើមេដឹកនាំបក្សប្រឆាំង ហើយគ្មានសញ្ញាណាមួយបង្ហាញពីយន្តការស៊ើបអង្កេតរកការពិតនោះ លោកថាអាចពាក់ព័ន្ធភាពមិនឯករាជ្យរបស់អ្នកអនុវត្តច្បាប់។

លោកថា៖ «អានេះបើយើងនិយាយថា តុលាការឯករាជ្យគ្រប់គ្រាន់ ហើយក្រុមប្រឆាំងអំពើពុករលួយ នឹងចាត់វិធានការដូចនូវអ្វីដែលបានធ្វើមកលើលោក កឹម សុខា និងមន្ត្រីសិទ្ធិមនុស្ស ខ្ញុំថាអ្នកម្ចាស់អាខោនហ្នឹង បើសិនជារឿងហ្នឹងវាជារឿងពិត វាហាក់ដូចជាម្ចាស់អាខោនហ្នឹងកំពុងតែលេងល្បែងគ្រោះថ្នាក់បន្តទៀត»។

លោកបណ្ឌិត មាស នី វិភាគទៀតថា បើទោះបីជានៅពេលថ្មីៗនេះ អ្នកនយោបាយបក្សកាន់អំណាចនិងបក្សប្រឆាំង ងាកមកចាប់ដៃគ្នាឡើងវិញក៏ដោយ ប៉ុន្តែលោកថាសញ្ញាបង្រួបបង្រួមជាតិនូវតែមិនអាចឲ្យសាធារណជនជឿបាន បើសារគំរាមសម្លាប់មេដឹកនាំបក្សប្រឆាំងជាថ្មីនេះ មិនត្រូវបានអាជ្ញាធរស្វែងរកការពិត ដើម្បីយកអ្នកពាក់ព័ន្ធមកផ្តន្ទាទោសនោះ។

លោកថា៖ «មិនថាគំរាមគណបក្សប្រឆាំង មិនថាគំរាមបក្សកាន់អំណាចទេ ឲ្យតែអ្នកហ្នឹងឯងគំរាមកំហែងដល់អាយុជីវិតរបស់គេ គឺអ្នកហ្នឹងឯងត្រូវមានទោស ខ្ញុំគិតថាបើធ្វើករណីហ្នឹងមួយពីរទៅ វានឹងលែងមានរឿងហ្នឹងតទៅទៀតហើយ វានឹងលែងមានអ្នកណាចេះតែធ្វើតទៅទៀតហើយ។ រឿងសំខាន់នៅត្រង់ថា រដ្ឋាភិបាលចេះតែបណ្តោយឲ្យអាអំពើខុសច្បាប់នេះ ចេះតែនាំគ្នាធ្វើតទៅទៀត ដល់អញ្ចឹងទៅសង្គមហ្នឹងវាលែងរកស្អីមកទុកចិត្តបានហើយ វាអាស្រ័យទៅលើអ្នកមានអំណាចឬក៏អ្នកណាដែលចេះតែសម្លុតគេបានចេះតែសម្លុតបានទៅ រីឯអ្នកដែលមិនអាចនិយាយបាន គ្រាន់តែហាមាត់ត្រូវគេសម្លុតវិញអីអញ្ចឹង វាអត់មានអីស្មើភាពគ្នាទេ»។

លទ្ធផលបោះឆ្នោតអាណត្តិទី៥ ឆ្នាំ២០១៣ គណបក្សសង្គ្រោះជាតិទទួលបានសំឡេងគាំទ្រប្រហាក់ប្រហែលនឹងគណបក្សប្រជាជនកម្ពុជាដែរ ពោលគឺ៥៥ទល់នឹង៦៨ ក្នុងចំណោមអាសនៈសរុប១២៣ក្នុងសភា។

ក្រោយពីការធ្លាក់ចុះប្រជាប្រិយភាពរបស់គណបក្សកាន់អំណាចនេះ គេសង្កេតឃើញមានចរន្តពីរបានកើតឡើងស្របគ្នា។

ចរន្តទីមួយគឺការប្រកាសធ្វើកំណែទម្រង់របស់រដ្ឋាភិបាល និងចរន្តទី២គឺគេសង្កេតឃើញ តុលាការហាក់បង្កើតចំណាត់ការជាបន្តបន្ទាប់ទៅលើមន្ត្រីបក្សប្រឆាំង ដូចជាការចាប់ឃុំខ្លួនសកម្មជនបក្សប្រឆាំងជាង១០នាក់ ការព្យាយាមតាមចាប់លោក កឹម សុខា មិនបានសម្រេច និងការនិរទេសខ្លួនម្តងទៀតរបស់លោក សម រង្ស៊ី ដើម្បីគេចចេញពីការចាប់ខ្លួនជាដើម។

អ្នកឯកទេសវិទ្យាសាស្ត្រនយោបាយនិងអភិបាលកិច្ច លោកបណ្ឌិត ចាន់ វិបុល លើកឡើងថា ការដែលអាជ្ញាធរ ប្រើវិធានការច្បាប់អនុវត្តតែទៅលើអ្នកដែលមិនគាំទ្របក្សកាន់អំណាច ហើយទុកពេលឲ្យមនុស្សមួយចំនួនដែលប្រើសារគំរាមដូចគ្នា បន្តរស់នៅក្រៅសំណាច់ច្បាប់ លោកវិភាគថាអាចជាយុទ្ធសាស្ត្របង្កើតឱកាសឲ្យអ្នកទាំងនោះ បានវាយលុកទៅដៃគូប្រកួត ដើម្បីបានស្តាប្រជាប្រិយឡើងវិញ។

លោកថា៖ «យើងមើលគណបក្សមួយដែលគាត់កាន់អំណាចយូរឆ្នាំហើយ ហើយគាត់ទទួលប្រយោជន៍ពីការកាន់អំណាចហ្នឹងជាយូរមកហើយដែរ សម្រាប់ក្រុមបក្ខពួកគាត់ដែលមានលទ្ធភាពទទួលប្រយោជន៍ពីការប្រើប្រាស់។ អញ្ចឹងជាទូទៅនៅពេលដែលសង្គមមួយអ្នកកាន់អំណាច គាត់ខ្លាចបាត់បង់អំណាច អញ្ចឹងគាត់តែងតែព្យាយាមរកវិធីគ្រប់បែបយ៉ាង ដើម្បិកំចាត់ដៃគូណាដែលមានសក្តានុពល ដែលអាចមកដណ្តើមអំណាចពីគាត់វិញ។ អញ្ចឹងគឺគាត់រកវិធីសាស្ត្រគ្រប់បែបយ៉ាង ដើម្បីការពារ។ អញ្ចឹងដោយសារបញ្ហាហ្នឹងឯង បានជានាំឲ្យមានការគំរាមកំហែងបំបែកបំបាក់អ្នកនយោបាយផ្សេងទៀត ជាពិសេសគឺគណបក្សសង្គ្រោះជាតិហ្នឹងហើយ»។

លោកបណ្ឌិត ចាន់ វិបុល វិភាគទៀតថា សារគំរាមសម្លាប់លោក កឹម សុខា នេះអាចថាជាយុទ្ធសាស្ត្រនយោបាយដែរ ដើម្បីគំរាមលោក កឹម សុខា មេដឹកនាំគណបក្សសង្គ្រោះជាតិឲ្យកាត់បន្ថយការចុះជួបពលរដ្ឋនៅថ្នាក់មូលដ្ឋាន ដោយបារម្ភពីសុវត្ថិភាពផ្ទាល់ខ្លួន។

លោកថា៖ «ខ្ញុំគិតថាយុទ្ធសាស្ត្រនេះធ្វើម៉េចឲ្យមេដឹកនាំគណបក្សសង្គ្រោះជាតិនេះរវល់តែគិតពីសន្តិសុខផ្ទាល់ខ្លួននេះ ហើយក៏ភ្លេចគិតការចុះជួបជុំជាមួយសមាជិកគាត់ ដើម្បីបង្ហាញអំពីថា តើធ្វើម៉េចដើម្បីទទួលបានជ័យជម្នះនៅឆ្នាំ២០១៧និង២០១៨។ អញ្ចឹងយុទ្ធសាស្ត្រនេះ អាចជាការបង្វែងពីការឈ្នះ របស់គណបក្សសង្គ្រោះជាតិនេះ មកជាការគិតពីសុវត្ថិភាពផ្ទាល់ខ្លួនវិញ»។

ទោះជាយ៉ាងណា កាលពីថ្ងៃទី៨ខែធ្នូ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអំពាវនាវឲ្យឲ្យគ្រប់ភាគី ត្រូវបញ្ឈប់ការបង្កើតបញ្ហានានា ដោយលោកថាដើម្បីរួមគ្នាដោះស្រាយបញ្ហាជាតិ។

លោកថា៖ «យើងរងគ្រោះច្រើនណាស់ហើយ សោកនាដកម្មច្រើនណាស់ហើយ វាលើសពីការគ្រប់គ្រាន់របស់ប្រជាពលរដ្ឋរបស់យើង។ ដូច្នេះដើម្បីរួមគ្នារក្សាសន្តិភាព គ្មានសន្តិភាព មិនអាចអភិវឌ្ឍបានទេ កុំបង្កជម្លោះ កុំបង្កើតបញ្ហា ហើយខំបង្កើតការទាក់ទាញអ្នកវិនិយោគទន តាមរយៈនៃការសម្រួលទាំងឡាយ»។

បើតាមអ្នកវិភាគ ដោយសារបទពិសោធន៍កន្លងទៅ គណបក្សមួយចំនួនបានរំលាយខ្លួនឯងតាមយុទ្ធសាស្ត្របំបែកបំបាក់នេះ ពួកគេថាការលើកឡើងរបស់លោកនាយករដ្ឋមន្ត្រីនេះ ស្ថិតក្នុងមន្ទិលរបស់សាធារណជននៅឡើយថា តើជាឆន្ទៈពិតឬជាកលល្បិចនយោបាយ ដើម្បីបំបែកបំបាក់ដៃគូប្រកួត បើមនុស្សដែលស្និទនឹងបក្សកាន់អំណាចមួយចំនួនដែលផ្ញើសារគំរាមសម្លាប់អ្នកដទៃ ហើយពួកគេនៅតែបន្តរស់នៅក្រៅសំណាច់ច្បាប់នោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ