នាយករដ្ឋមន្ត្រីកម្ពុជា អះអាងថា ជាគ្រោះថ្នាក់បំផុត សម្រាប់ការគ្រប់គ្រង បើប្រព័ន្ធដឹកនាំរដ្ឋមួយ មានមន្ត្រីចាំតែតែអនុវត្តន៍នូវបទបញ្ជានោះ។
លោក ហ៊ុន សែន កាលពីថ្ងៃសុក្រ សប្តាហ៍មុន បានបញ្ជាផ្ទាល់មាត់ ដល់មន្ត្រីពាក់ព័ន្ធ ឲ្យទប់ស្កាត់ ឲ្យខាងតែបាន ឈប់ឲ្យមានរថយន្តដឹកលើសចំណុះ និងរថយន្តកែច្នៃខុសបច្ចេកទេស បើកបរលើដងផ្លូវ ដែលលោកថា ជាវិធានការកណ្តាប់ដៃដែករបស់លោក ទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ និងការបំផ្លាញផ្លូវ។
ក្នុងពិធីចែកសញ្ញាបត្រដល់និស្សិត ក្នុងរាជធានី នាថ្ងៃនេះ លោក ហ៊ុន សែន ថ្លែងបែបភ្ញាក់ផ្អើលថា រថយន្តតទ្រុង និងកាត់ត ខុសបច្ចេកទេស លោកថា មិនមែនរាប់សិបនោះទេ ឡើងដល់ពាន់។
លោក ហ៊ុន សែន ថ្លែងទៀតថា លោក កំពុងតែសួរខ្លួនឯងថា មានមូលហេតុអ្វី បានកន្លងទៅមន្ត្រីពាក់ព័ន្ធទាំងនោះ មិនយកច្បាប់ទៅអនុវត្តដើម្បីទប់ស្កាត់។
លោកថាៈ«ខ្ញុំកំពុងតែដាក់ជាសំនួរខ្លួនឯងថា មន្ត្រីរបស់យើងនេះ អនុវត្តច្បាប់ ឬអនុវត្តបទបញ្ជា? ។ច្បាប់មានហើយគេមិនឲ្យតទេអាទ្រុងហ្នឹង! ម៉េចមិនអនុវត្តន៍ចាំដល់នាយករដ្ឋមន្ត្រីបញ្ជាបាននាំគ្នាអនុវត្តន៍។អាចំណុចនេះជាចំណុចគ្រោះថ្នាក់ខ្លាំងណាស់សម្រាប់ប្រព័ន្ធគ្រប់គ្រងមួយ មិនឲ្យអស់លោកអនុវត្តបទបញ្ជាទេ គឺឲ្យអស់លោកអនុវត្តច្បាប់»។
នាយករដ្ឋមន្ត្រី រំឭកទៀតថា គ្រប់ស្ថាប័ន និងអាជ្ញាធរថ្នាក់ក្រោមជាតិ និងអង្គភាពអនុវត្តច្បាប់ មានច្បាប់ មានអនុក្រិត្យ សម្រាប់បំពេញតួនាទី។ ប៉ុន្តែថា ហេតុអ្វីបានពួកគេ មិនអនុវត្តន៍ច្បាប់ បែជាចំាតែអនុវត្តន៍បទបញ្ជាទៅវិញ ។
លោកនាយករដ្ឋមន្ត្រី ចាត់ទុកបញ្ជានេះថា ជារឿងអាក្រក់មួយ សម្រាប់ប្រព័ន្ធដឹកនាំ ដែលថាមិនគួរទុកឲ្យមានបន្តទៀតនោះទេ។
នាយកប្រតិបត្តិសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា លោក សន ជ័យ និយាយថា ភាពអសកម្ម នៃការអនុវត្តច្បាប់ បច្ចុប្បន្ន អាចមកពីអ្នកបង្កើតបទល្មើស មានអំណាច ខ្លាំងជាងមន្ត្រីជំនាញដែលអនុវត្តច្បាប់ ទើបចំណាត់ការ ធ្វើឡើង តែពេលមានបទបញ្ជាពីនាយករដ្ឋមន្ត្រី។
លោកថា៖«រឿងនេះដើមចម ដំបូងធំនឹងគឺទំនាស់ផលប្រយោជន៍។ឧកញ៉ាខ្លះត្រូវបានផ្តល់តួនាទីជាទីប្រឹក្សារដ្ឋាភិបាលឋានៈស្មើនេះស្មើនោះអីជាដើមវាធ្វើឲ្យមុខបររបស់ខ្លួន មធ្យោបាយមុខជំនួញ របស់ខ្លួនហ្នឹងមានឥទ្ធិពលទៅលើរដ្ឋបាលសាធារណៈ។
លោក សន ជ័យ ផ្តល់អនុសាសន៍ថា ដើម្បីជំរុញការអនុវត្តច្បាប់ឲ្យមានប្រសិទ្ធិភាព រដ្ឋាភិបាល ត្រូវចាត់វិធានការលប់បំបាត់ឈប់ឲ្យមានវប្បធម៌អន្តរាគមន៍ពីអ្នកធំ ពេលមន្ត្រីជំនាញ ចាត់វិធានាការលើបុគ្គលល្មើសច្បាប់ណាមួយ ឬជំរុញឲ្យមន្ត្រីដែលស្និទនិងនាយករដ្ឋមន្ត្រី គោរពច្បាប់ ធ្វើជាគំរូមុនគេ ។
បើតាមនាយករដ្ឋមន្ត្រី ៣ថ្ងៃ ក្រោយពីប្រកាសប្រើកណ្តាប់ដៃដែករួចមក សមត្ថកិច្ចជំនាញ រកឃើញថា រថយន្តកែច្នៃខុសបច្ចេកទេសមាន៤០ភាគរយ ក្នុងចំណោមរថយន្តដែលចាប់បាន ពោលគឺក្នុងចំណោម រថយន្ត៥០០គ្រឿង មាន២០០គ្រឿងត្រូវបានគេកែច្នៃខុសបច្ចេកទេស។