ចាន់ ស៊ីណាត សង​សឹកថៃ​បានសម្រេច

នៅទី​បំផុត​ជំនួប​​​លើកទី​៣​ រវាង​កីឡាករ​ជើង​ខ្លាំង​​២​រូប​​គឺ​កីឡាករ​កម្ពុជា​ ចាន់ ស៊ីណាត និង​កីឡាករថៃ KamlaiYuok​​​​​​​ កីឡាករ​កម្ពុជា ​បាន​ក្លាយ​ជា​អ្នក​យកឈ្នះ​​គួរឲ្យ​ភ្ញាក់​ផ្អើល ​​ក្នុង​ពេលដែល​​​​​​​២​ទឹក​ដំបូង​​​​មិន​មានអ្នកទស្សនា​ច្រើន​ឡើ​យ​ថា​លោក​នឹង​​​ឈ្នះ​​ការ​ប្រកួត។ ​​​​​អ្នកទាំង​ពីរ​ជួប​គ្នា​​​៣​លើក​មកហើយ ដោយ​​២​លើ​កន្លង​ទៅ​កីឡាករថៃ​សុទ្ធ​តែ​ឈ្នះ​​​​​​​ជាប់​គ្នាតែ​ម្ដង។

​ជំនួប​ដែល​បានធ្វើឡើង​នៅ​​ថ្ងៃ​រសៀលនៅ​ទូរទស្សន៍​អាស៊ីអាគ្នេយ៍​នោះ ​​​កីឡាករ​​ចាន់ ស៊ីណាត ​ប៊ិះ​នឹង​អស់​​ឱកាស​សង​សឹក​ដោយសារតែ​​ការ​ប្រកួត​​​២​លើក​កន្លង​​​​​​​​នៅ​លើសង្វៀន​របស់​ស្ថាប័នមួយ​នេះ​​​​​​​ទទួល​លទ្ធផល​​​ចាញ់រហូត ហើយការ​ប៉ះ​គ្នា​​លើកទី​​៣​កាលពីថ្ងៃ​ទី​​១២មីនា ​​ក៏​​មើលទៅ​ទំនង​មិន​​​​សម​នឹង​ឈ្នះ។ ​​​២​ទឹកដំបូង​​​កីឡាករ​ចាន់​ ស៊ីណាត​ប្រឹង​ប្រឹង​​ប្រកួត​សម្បើម​ណាស់ ប៉ុន្តែ​​​លទ្ធផល​ដែល​គេ​ធ្វើ​បានមិនសូវ​លេចធ្លោ​ប៉ុន្មាន​ទេ ដោយសារតែ​​​កីឡាករ​ថៃ​​ក៏ធ្វើ​បានល្អ​ក្នុងការ​វាយ​បក។ ​​

ទាំង​ជើង​ និង​កណ្ដាប់​ដៃ​​​​​កីឡាករ​ថៃ​​នៅតែ​ធ្វើ​បានល្អ ​ដែល​ផ្ទុយ​ពីកីឡាករ​កម្ពុជា​​​​​​​​​​​​​​​​​​​ស្ទុះវាយ​​​ចេញ​ច្រើន​តែ​​​​​​​​​តួ​លេខ​វាយត្រូវ​​​នៅ​មានកម្រិត​​។ បើទោះជា​កីឡាករ​​ចាន់ ស៊ីណាត ​​​​​​​​​វាយ​កែង​ និង​កណ្ដាប់​ដៃ​​បានរហ័ស​​ត្រូវ​ចំគោលដៅ ក៏​​​​​​​​​​កីឡាករ​ថៃ​​នៅតែ​បាន​វាយ​បកធ្វើអោយ​​កីឡាករកម្ពុជា​​​​​​​​ចង់​ដាច់​ផ្ងារ​​​​ដោយ​អន្លើ​រ។ ​​ការ​ប្រកួតមួយ​គូរ​នេះ​​អ្នកណា​ក៏ចាប់អារម្មណ៍ថា​ទាក់​ទាញ ដោយសារតែ​​អ្នកទាំងពីរ​សុទ្ធ​តែ​​បញ្ចេញអស់​រៀង​ខ្លួន ​​​​​​​ព្រោះតែ​ហេតុ​ម្នាក់​ម្នាក់​ចង់សង​សឹក​អោយ​បានដាច់ខាត ហើយម្នាក់ទៀត​​​​ចង​ការពារ​ជ័យជម្នះ​​កុំអោយ​ប្រែ​ប្រួល​។ ​​​​​​

២ទឹក​ដំបូង​​កីឡាករថៃមាន​ប្រៀប​ល្អ​ដាច់ ​​ដោយ​អ្នកណា​ក៏​មើលដឹង​ថា​​ចាន់ ស៊ីណាត ​នឹង​មិនអាច​សង​សឹក​​បាន​នោះ​ឡើយ ប៉ុន្តែ​ចុង​ក្រោយ​នៅទឹក​​​ទី៣ ​កីឡាករ​​​​កម្ពុជា​បែរជាមាន​ឱកាស​វាយត្រូវ​​​​គុមថ្គាម​​​​​ហើយ​​បណ្ដាលអោយកីឡាករថៃ​​​​​​ដួល​សន្លប់​ងើប​មិនរួច។ ​​​​​​​កីឡាករថៃ​​​​វាយ​ល្អ តែ​​​​​​ភ្លាត់​ត្រូវ​ប៉ុន្មាន​ដៃ​​​​​ក្នុងទឹកទី​​៣ ​​​ក៏​​​​​​​​ដេកដួល​លើរេញ ហើយ​​​បណ្ដាលអោយរាប់​​ដល់​​១០​​​​​​​មិនគួរអោយជឿ ទើបធ្វើអោយ​​កីឡាករ​កម្ពុជា​​​​​​​អាច​បញ្ចប់ការ​ប្រកួត​ដោយ​ឈ្នះកីឡាករ​ថៃ​​ក្នុងទឹកទី​​៣។ ​

​លោក រាជ សូផែន ​​​អ្នក​គ្រប់គ្រង​​​វិន័យ​​ និង​​គណកម្មការ​ប្រដាល់ប្រចាំ​នៅ​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍​បានអះអាង​ថា​​ការ​ប្រកួត​​​​​​​ជា​លើកទី​៣​រវាង​កីឡាករ​​ចាន់ ស៊ីណាត និង​កីឡាករ​ថៃ KailaiYuok ​ប្រសិន​បើ​​​កីឡាករ​​ថៃ​​ឈ្នះ​ទៀត នោះ​គណកម្មការ​នឹង​មិនរៀប​​អោយ​​​​​​​ប៉ះ​គ្នាជា​ថ្មី​ទៀត​ទេ ដោយសារតែ​ច្បាប់​ការ​ប្រកួត​បើ​កីឡាករម្នាក់​ចាញ់​ការ​ប្រកួត​​​៣​លើកជាប់​គ្នា​គឺ​មិនអនុញ្ញាតិ​​អោយ​ប្រកួត​គ្នា​ទៀត​ទេ។

យ៉ាងណាមិញ លោកថា​ដោយសារតែ​កីឡាករ​ចាន់ ស៊ីណាត ទទួល​ជ័យ​ជម្នះ​​​​​​សម្រាប់​​ការ​ប្រកួត​​​​​​​​​​​​​​​​នៅ​ថ្ងៃទី​​១២ មីនា នោះ​ ទើប​​គម្រោង​​អោយ​កីឡាករ​ទាំង​ពីរ​ប៉ះ​គ្នា​នឹង​​​​​​ត្រូវធ្វើ​ឡើង​ជាថ្មី​ក្នុង​ពេលខាង​មុខ។ លោកថា​​ការ​ប្រកួត​​របស់​ពួកគេ​នឹង​ប៉ះ​គ្នា​​​​​​ជា​លើកទី​៤ ដោយ​សារ​​​កីឡាករ​ថៃ​ប្រកាស​សុំ​សង​សឹក។ លោកមិនទាន់ច្បាស់​ថា​ ​កីឡាករថៃ និង​​ចាន់ ស៊ីណាត អាច​​ប៉ះ​គ្នា​​​ជា​ថ្មី​នៅ​ពេល​ណា​​នោះ​ទេ ​​​​​​​​ដោយសារតែ​ភាពជាក់ស្ដែង​​គឺ​ទាល់តែ​កីឡាករ​ទាំង​ពីរ​មាន​ពេល​ត្រូវ​គ្នា និង​ស្ថិត​​​ក្នុង​បរិយាកាស​ស្រប​គ្នា​​សិន។

​​​លោកសម្ដែងការ​អបអរ​សាទរ​ដែល​​កីឡាករ​ចាន់ ស៊ីណាត ​​អាចឈ្នះ​​​​សម្រាប់ការ​ប្រកួត​​លើកទី៣ ​តែ​លោកថា​ជ័យ​ជម្នះ​ដែល​គេធ្វើ​បាន ​​នៅមិនទាន់​​​​​​​​ជាមោទនភាព​នោះ​ទេ ​ដោយសារតែ​​ការ​ប្រកួត​ដែល​បាន​​​​​​​​​ធ្វើឡើង​​គឺ​​​កីឡាករថៃ​​​បរាជ័យ​ព្រោះតែ​ភាព​​ភ្លាត់​ស្នៀត​ប៉ុណ្ណោះ​។ ​​លោកទទូច​ឲ្យ ​ចាន់ ស៊ីណាត ​ប្រឹង​ប្រែង​បន្ថែម​ទៀត​ប្រសិន​បើ​ចង់​​​​​ទទួល​ជ័យជម្នះ​លើកីឡាករ​ថៃ KamlaiYuok ​​ក្នុង​ការ​ជួប​ប្រកួត​ជា​លើកទី​​៤​។

​​កីឡាករ​ ចាន់ ស៊ីណាត និយាយថា​​លោក​នឹង​ត្រៀម​ខ្លួន​​​​ប៉ះ​​គ្នា​ជា​ថ្មី​ម្ដងទៀត ​ប្រសិន​​បើ​​​កីឡាករថៃ​ទាម​ទារ​សង​សឹក ក្រោយពី​លោក​ប្រកួតឈ្នះ​​​​​​​​ក្នុងជំនួប​លើកទី​​៣​។ លោក​សារភាព​​កីឡាករថៃ​​​​ខ្លាំង និង​ពូកែគេច តែ​​​លោកក៏​ប្រើ​​បច្ចេកទេស​អស់ពីសមត្ថភាព​ណាស់​ដែរ​ទម្រាំ​បានឈ្នះ​ក្នុងទឹកទី​​​៣​​​នា​ថ្ងៃ​នោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ