អង្គការ​អន្តរជាតិ​មួយ​ជំរុញ​ឲ្យ​សហ​ភាព​អឺរ៉ុប​ព្យូរ​ជំនួយ​​ទាំងអស់​មក​កម្ពុជា

អង្គការ​សិទ្ធិ​មនុស្ស​អន្តរជាតិមួយ​បាន​ជំរុញ​ទៅ​កាន់​សហ​ភាព​អឺ​រ៉ុប​ឲ្យ​ដាក់​សម្ពោធបន្ថែម​ទៀត​មក​កាន់​កម្ពុជា រួម​មាន​ទាំង​ការ​ព្យូររាល់​ជំនួយ​ទាំង​ថវិកា និង​បច្ចេក​ទេស​ដោយថា ​ដើម្បី​ជំរុញឲ្យ​ស្តារលិទ្ធិ​ប្រជា​ធិបតេយ្យ​របស់​ខ្លួន​ឡើង​វិញ។

ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​ចុះ​ថ្ងៃទី១២ មីនា សហព័ន្ធ​អន្តរជាតិ​ដើម្បី​សិទ្ធិ​មនុស្សហៅ​កាត់​ថា Fidh ដែល​មាន​ទី​តាំងនៅទី​ក្រុង​​ប៉ារីសប្រទេស​បារាំង​បាន ស្នើ​ដល់​សហ​ភាព​អឺរ៉ុប​ដែល​នឹង​ធ្វើការ​ពិភាក្សា​គ្នា​ពីសិទ្ធិ​មនុស្ស​រវាង​សហ​ភាព​អឺរ៉ុប​ និង​កម្ពុជា​នៅ​​ថ្ងៃទី​១៣​ មីនា​នេះ ឲ្យ​ដាក់​សម្ពោធបន្ថែម​ទៀត​មកកាន់​កម្ពុជា។ ការស្នើ​នោះ​រួម​ទាំង​ការ​កាត់​ផ្តាច់​រាល់​ជំនួយ​ផ្សេង​ៗ​ទាំង​ហិរ​ញ្ញវត្ថុ និង​បច្ចេក​ទេស​មក​កាន់​កម្ពុជា ទាំង​ផ្នែក​រដ្ឋបាល និង​អភិបាល​កិច្ច​ និង​ទំនាក់​ទំនង​ពាណិជ្ជកម្ម​ជា​មួយ​កម្ពុជា​ផង​​ដែរ ធ្វើ​យ៉ាង​ណា​ឲ្យ​កម្ពុជា​ងាក​មក​កាន់​លិទ្ធិប្រជា​ធិបតេយ្យ ដោះ​លែង​លោក​ កឹម សុខា និង​អ្នក​ទោស​នយោបាយ​ផ្សេង​ទៀត រួម​ទាំង​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ដែល​ត្រូវ​បាន​ជាប់​ឃុំ​ផង​ដែរ។

អគ្គលេខាធិការរបស់ Fidh លោកស្រី​ Debbie Stothard បាន​លើក​ឡើង​ថា «សហភាព​អឺរ៉ុបមិន​ត្រូវឈរ​ដោយអ​វិជ្ជមាន​ទេខណៈ​ពេល​ដែលប្រទេស​កម្ពុជាពន្លឿនការបន្តចូលទៅក្នុងរដ្ឋមួយដែលផ្តាច់ការផ្តាច់ការ។ យ៉ាងហោច​ណាស់សហភាព​អឺរ៉ុបគួរតែ​ប្រើការចរចារ​ដើម្បីទទូចឱ្យមានការដោះលែងអ្នកការពារសិទិ្ធមនុស្សដែលជាប់ឃុំអ្នកកាសែត​សកម្មជន និងសមាជិក​គណបក្សប្រឆាំង​រួមទាំងលោកកឹមសុខាផងដែរ»។

អ្នក​នាំពាក្យ​គណបក្ស​ប្រជា​ជន​កម្ពុជា​លោក សុខ ឥសាន យល់​ថា​ការ​ស្នើ​របស់​ Fidh នេះ​មិន​មែន​ជា​ការស្នើ​ដែល​មាន​ការ​វាយ​តម្លៃ​បាន​​ត្រឹមត្រូវ​សម្រាប់​កម្ពុជា​នោះ​ទេ តែ​លោក​ថា​វា​ជា​សិទ្ធិ​របស់​អង្គការ​ទាំង​នោះ​។ ទោះ​ជា​យ៉ាង​ណា​លោ​ក​ថា​កម្ពុជា​មិន​មាន​ការ​ព្រួយ​បារម្ភ​ចំពោះ​ការ​ស្នើ​បែប​នេះ​នោះ​ទេ ដោយ​សារ​សិទ្ធិ​សម្រេច​ជា​សិទ្ធិ​របស់​សហភាព​អឺរ៉ុប​ទាំង​២៨​ប្រទេស។

លោក​ថា​៖ «ឥឡូវ​យើង​ឃើញ​ហើយ​គោល​ជំ​ហរ​ល្អ​របស់​ប្រទេស​ហុងគ្រី ប៉ុលការី ក៏​ដូច​ជា​ឆេកូស្លូវ៉ាគី និងប៉ូឡូញ គេមិន​គាំត្រ​សម្ពោធ​ណា​មួយ​ពី​សហគមន៍​អឺរ៉ុប​មក​រាជ​រដ្ឋាភិបាល​កម្ពុជា​ទេ អញ្ចឹង​បាន​សេចក្តី​ថាក្នុង​ចំណោម​២៨ប្រទេសមាន​តែ​២៤ ប្រទេស​ទេដែល​គេ​គាំទ្រ នៅ​៤ប្រទេស​ទៀតដែល​ប្រឆាំង​ដូច្នេះមិន​អាច​អនុវត្តន៍​នូ​វការ​ដាក់គំនា​ប​ណាមួយរបស់​សហគមន៍​អឺរ៉ុប​មក​លើព្រះ​រាជាណាចក្រកម្ពុជា​បាន​ជា​ដាច់​ខាត។ ព្រោះ​គេ​អនុវត្តន៍តាម​គោល​ការណ៍​កុង​សង់​ស៊ីស»។

អ្នក​ស្រាវជ្រាវ​ពី​ការ​អភិវឌ្ឍ​សង្គម​លោក​បណ្ឌិត​មាស នី យល់​ថា ការ​ស្នើ​របស់​ Fidh នេះ​ក៏​អាចមាន​ឥទ្ធិ​ពល​ដល់​ការ​សម្រេច​ចិត្តរបស់​សហភាព​អឺរ៉ុប​ផ​ងដែរ ដោយ​ថា​វា​នឹង​អាច​បន្ថែម​នូវ​ទំងន់​នៃ​ការ​សម្រេច​ចិត្ត​ដល់​ប្រទេស​​ទាំងអស់​នោះ​បើ​ទោះ​បី​មាន​ប្រទេស​ខ្លះ​នៅ​គាំ​ទ្រ​កម្ពុជា​ក៏​ដោយ។ ទោះ​ជា​យ៉ាងណា​ចំពោះ​ការ​ដាក់​សម្ពោធ​បន្ថែម​ទៀត​សម្រាប់​កម្ពុជា​លោក ​មាស នី យល់​ថា​​នឹង​អាច​កើត​មាន​បន្ថែម​ទៀត តែ​ថា​ពេល​យូរ​ ឬ​ក៏​ឆាប់​ប៉ុណ្ណោះ។

លោក​ថា៖ «នៅក្នុង​ប្រទេស​ជឿន​លឿន​បែប​នោះ​ក្នុង​ការ​ធ្វើ​កិច្ច​ការ​អ្វី​គេ​ត្រូវ​តែ​ធ្វើ ស្អី​ក៏​ដោយ​ដែល​គេ​ធ្វើ​គេ​ត្រូវ​ការ​ពេល​វេលា ព្រោះ​អី​ប្រទេស​គេ​ៗ​មិន​មែន​ជា​ប្រទេស​ដឹក​នាំ​បែប​​ផ្តាច់​ការ​ស្រែក​ម៉ោងហ្នឹង​ឲ្យ​ធ្វើ​ថ្ងៃ​ហ្នឹង​ម៉ោង​ហ្នឹង​វាអត់​ដូច​ស្រុក​យើង​ទេ។ ស្រុក​គេពេល​ណា​គេ​សម្រេច​អី​ហើយ​គេ​ទុក​ឲ្យ​ប្រព័ន្ធ​ដែល​គេ​មាន​ស្រាប់​នៅ​កន្លែង​ហ្នឹង ធ្វើ​ការ​រៀប​ចំ​ខ្លួន​សម្របសម្រួល បើថា​មាន​កុង​ត្រាអីមាន​ជាប់​ទាក់​ទង​អីគេ​ឲ្យ​ដោះ​ខ្លួន​ឲ្យ​សិន។​ មិន​មែន​បាន​ន័យ​ថា​ឲ្យ​តែ​រដ្ឋ​គេ​សម្រេច​ភ្លាម អ្នក​ដែល​ពាក់​ព័ន្ធ​ទាំង​អស់​ត្រូវ​តែ​អនុវត្តន៍​ក្នុង​ម៉ោង​ហ្នឹង​ពេល​ហ្នឹង​វា​មិន​ដូច​ស្រុក​យើង​ទេ។ គេ​ត្រូវ​ការ​ពេល​វេលា»។

ប្រទេសកម្ពុជា​ត្រូវបាន​សហគមន៍អន្តរជាតិ​​បាន​ចាត់​ទុក​ជា​ប្រទេស​ដែល​គ្រប់​គ្រង​តែ​មួយ​បក្សបន្ទាប់​ពី​មាន​ការ​ចាប់​ខ្លួន​ប្រធាន​បក្សប្រឆាំងលោក កឹម សុខា និង​រំ​លាយ​គណបក្សនេះ​កាលពី​ពាក់​កណ្តាលខែវិច្ឆិកា​ឆ្នាំ​២០១៧ ដែល​ជា​ដំណើរ​ការ​មួយ​ដែល​ត្រូវ​បាន​​ចាត់​ទុក​ថា​ជា​ការ​បំ​ផ្លាញ​ដល់​មូល​ដ្ឋានគ្រឹះ​​នៃ​លិទ្ធិ​ប្រជា​ធិបតេយ្យ​ និង​បាន​ធ្វើ​ឲ្យ​សហ​រដ្ឋ​អាមេរិក និង​សហភាព​អឺរ៉ុប​បង្កើន​សម្ពោធជា​បន្ត​បន្ទាប់​មក​កម្ពុជាដើម្បី​ឲ្យ​ស្តារ​បញ្ហា​នេះ​ឡើង​វិញ តែ​កម្ពុជា​នៅ​តែ​មិន​ចាប់​អារម្មណ៍​ចំពោះ​សម្ពោធ​ទាំង​នោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ