អ្នកដំណើរកកកុញនៅចំណតរថយន្តរដ្ឋជិះឥតគិតថ្លៃ

ប្រជាពលរដ្ឋដែលធ្វើដំណើរទៅតាមខេត្តនានារងចាំកកកុញ​នៅចំណតរថយន្តសាធារណៈ ដែលរដ្ឋាភិបាលរៀបចំ​សម្រាប់ជិះដោយ​ឥតបង់ថ្លៃក្នុងអំឡុងបុណ្យចូលឆ្នាំនេះ។​

កាលពីពេលថ្មីៗនេះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី១ខែមេសា បាន​បញ្ជាទៅ​សាលាក្រុង​និងស្ថាប័ន​ពាក់ ព័ន្ធ​រៀប​ចំរថយន្តក្រុង​ចំនួន៦០គ្រឿង ដាក់នៅ៥ទីតាំងផ្សេងៗគ្នា ដើម្បីដឹកអ្នកដំណើរពីភ្នំពេញទៅខេត្តនានា ចាប់​ពីថ្ងៃទី១២ដល់ថ្ងៃទី១៨ មុននិងក្រោយចូ​ល​ឆ្នាំ ដោយឥតគិតថ្លៃ។

ប៉ុន្តែនៅថ្ងៃទី១៣ ខែមេសានេះ អ្នកដំណើរមួយចំនួនដែលទៅរកសេវានេះនៅម្តុំ ​​​​​សួ​​ន​ឫស្សីកែវ (ទីលាន​ប្រជា​ធិ​​​​បតេ​យ្យថ្មី​)​​ អ្នកស្រី គឹម សុខុម បានរៀប​រាប់ថា នៅព្រឹកនេះ ​អ្នកស្រីនិងកូនពីរនាក់ អង្គុយរង់ចាំជិះ​រថយន្តទៅ​ខេត្តពោធិ៍​សាត់​ប្រហែល​ជា៣ម៉ោង ដោយ​មិនទាន់​បានចេញដំណើរ​នៅឡើយ។

អ្នកស្រីអះអាងថា«លែងចង់ជិះវិញ ភាគច្រើនអ្នកខ្លះគេថាឆាប់ទេ តែឥឡូវបែជាមិនមែនឆាប់ផងនៅយូរវិញ​»

អ្នកដំណើរម្នាក់ទៀត​ អ្នកស្រី គឹម អូន ដែលថាធ្វើដំណើរទៅខេត្តបាត់ដំបង បានលើកឡើងដែរ​ថា អ្នកផ្តល់សេវា​ហាក់​យឺតយ៉ាវ។

អ្នកស្រីនិយាយថា«បានសំបុត្រតែមួយ មានតែខ្លួនឯង ប្តីអត់ កូនអត់ ចាំមើលបើសិនជាមានឡានជិះ ក៏ជិះ បើអត់ឡានជិះមានតែទៅផ្ទះវិញ យើងអស់សូវមានលុយ ទៅតែម្នាក់ឯងយើងទៅធ្វើអី ធ្វើបុណ្យក៏អត់សប្បាយចិត្តដែរ»

តាមការសង្កេតផ្ទាល់មើលឃើញថា ចាប់ពីម៉ោង៥ព្រឹករហូតដល់ម៉ោងជាង៩ព្រឹកថ្ងៃដដែល​នេះ អ្នករង់ចាំជិះ​រថយន្ត​ក្រុងរបស់រដ្ឋនៅតាមគោល​ដៅដែល​រដ្ឋាភិបាល​កំណត់​ ជាពិសេសនៅ​​​​​សួ​​ន​ឫស្សីកែវ (ទីលាន​ប្រជា​​ធិ​​​​បតេ​យ្យថ្មី​)​​  មានជាង​១០០នាក់​អង្គុយ​រង់ចាំ។

អ្នកស្រី សុខ រក្សា​ អំពាវនាវទៅរដ្ឋាភិបាលនិងស្ថាប័នពាក់ព័ន្ធជួយអន្តរាគមន៍ផ្តល់រថយន្តបន្ថែម ដោយថា​ដើម្បីឲ្យ   ពួ​ក​គេបាន ធ្វើដំណើរទៅស្រុកំណើតបាន​ទាន់ពេលវេលា។

លោក សុខ សុវណ្ណារិទ្ធិ ដែលអះអាងថា ជា​អ្នក​គ្រប់គ្រងចំណតរថយន្តសាធារណៈនៅ​​​​​សួ​​ន​ឫស្សីកែវ ​​ ទទួលស្គាល់​ភាពខ្វះ​ចន្លោះដែលពលរដ្ឋលើកឡើង​។ ប៉ុន្តែលោកស្នើឲ្យអ្នកដំណើរអត់ធ្មត់ ដោយថាលោកកំពុង​សុំកិច្ចអន្តរា​គមន៍​ពីថ្នាក់លើ ដើម្បីសុំបន្ថែមរថយន្តដឹក​ពលរដ្ឋដែល​រង់ចាំ​ទាំងអស់បានទៅស្រុកកំណើត។

លោកមានប្រសាសន៍ថា«តាមថ្នាក់លើមកគាត់ថា យកឡានពីតំបន់ផ្សេងទៀត ដើម្បីធ្វើម៉េចឲ្យគាត់ជិះទៅឲ្យអស់ ក្នុងថ្ងៃហ្នឹងនៅតាមបណ្តាខេត្ត»

នាយកប្រតិបត្តិសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា លោក សន ជ័យ ផ្តល់ជាអនុសាសន៍ថា ដើម្បីដោះស្រាយ​បញ្ហា​ប្រឈមទាំងនេះបាន លុះត្រាតែសាលាក្រុងត្រូវបន្ថែមរថយន្តនិង​​កំណត់ពេលវេលាធ្វើដំណើរឲ្យជាក់លាក់ ទើបទទួល​បាន​ប្រសិទ្ធិភាព។

លោក​ផ្តល់ជាអនុសាសន៍ថា«កំណត់ម៉ោងទៅ អ្នកធ្វើដំណើរគេរៀបចំខ្លួនគេ សម្រាប់ចូលរួមជិះជើងហ្នឹងតែម្តងហើយជើងហ្នឹងគួរតែចេញព្រមគ្នាពីភ្នំពេញទៅតាមបណ្តាខេត្តដែលជាគោលដៅ ហើយពេលត្រឡប់មកវិញ រថយន្តគេអាចត្រឡប់មកពេលណាក៏បាន គេមានជើងគេកំណត់ទៅដល់ខេត្ត ហើយគេដឹកអ្នកដំណើរមកចូលភ្នំពេញ វិញមកហើយព្រលឹមឡើងគេចេញដំណើររបៀបហ្នឹងធ្វើបែបនេះទើបមានប្រសិទ្ធិភាព»

សាលារាជធានីភ្នំពេញ កាលពីថ្ងៃទី៣ខែមេសា បានកំណត់ចំណតរថយន្តចំនួន៥ទីតាំង​ផ្សេងគ្នាក្នុង​រាជធានីភ្នំពេញ​ សម្រាប់​ដឹកអ្នក​ដំណើរទៅលេង​ស្រុកកំណើត​ ដោយឥតគិតថ្លៃ។ ទីតាំងទាំងនោះរួមមាន ម្តុំ​ផ្លូវ៦០ម៉ែត ចូលតាមផ្លូវមុខវត្តចាក់អង្រែក្រោម ​ឬតាមមហាវិធីថីព្រះមុនីវង្ស។ ទីតាំង​​​ទី​​​២​​​នៅ​​​ផ្លូវជា​តិលេ​ខ៣ហួស​រង្វ​​​ង់​​មូ​​​​ល​​ចោមចៅ ជិតបញ្ជាការដ្ឋានកងពលតូចលេខ៧០ សង្កាត់ចោមចៅ ខណ្ឌពោធិ៍​​សែន​ជ័យ​។

ចំ​ណតទី៣នៅប្រ​សព្វផ្លូ​វជា​តិ​លេ​​ខ៤ និង​ម​ហា​វិថី ឈ្នះឈ្នះ( កប់ស្រូវ)សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។ ទីតាំង​ទី៤ នៅ​​​​​សួ​​ន​ឫស្សីកែវ (ទីលាន​ប្រជា​ធិ​​​​បតេ​យ្យថ្មី​)​​ជា​​ប់​​​​ផ្លូ​វ​ជាតិលេខ៥ និងមួយកន្លែងទៀត នៅតំបន់​អភិវឌ្ឍ​ជ្រោយ​សង្វារ របស់​ក្រុម​​ហ៊ុ​ន​​ OCIC សង្កាត់ជ្រោ​យចង្វារ​ ខណ្ឌ​ជ្រោយចង្វារ។ បើ​តា​ម​សេចក្តីជូនដំណឹង រថយន្ត​នឹង​ចេញ​ដំណើរនៅម៉ោង៥ព្រឹក៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ