បទយកការណ៍៖ ស្ត្រីបម្រើសេវាកំសាន្តជំរុញឲ្យមានយន្តការការពារផ្នែកច្បាប់

ក្រោយពីរដ្ឋាភិបាលបង្កើតប្រឆាំងការជួញដូរមនុស្សរួចមក ក្រុមអ្នកប្រកបរបរសេវាកំសាន្តនិយាយថា ពួកគេកំពុងប្រឈមនឹងការរើសអើងនិងការបៀតបៀនផ្លូវភេទ ខណៈអាជីពរបស់ពួកគេមិនទាន់មានច្បាប់ការពារ។

ក្រុមអ្នកធ្វើការងារខាងសេវាកំសាន្ត ចង់ឲ្យរដ្ឋាភិបាលបង្កើតយន្តការ ឬច្បាប់ថ្មី សម្រាប់ការពារអាជីពរបស់ពួកគេ ដោយថា ជាសេវាកម្មមួយដែលមិនអាចខ្វះបាន។

«ដោយសារស្រាចូលខ្លួន គាត់ស្រវឹងដល់ថ្នាក់​​ចាប់នារីនៅក្នុងហ្នឹង លក្ខណៈថាផ្ដេសផ្ដាស់ម៉ងឡើងដោះខោអាវដោះអីចេញហើយ ដល់ពេលនារីហ្នឹងយំ រត់តាហូយំរកអ្នកជួយ តែថៅកែ មេកាក្នុងហ្នឹង លក្ខណៈថាបានត្រឹមតែលួងនារីហ្នឹងកុំឲ្យយំកុំឲ្យអីចឹង ប៉ុន្តែមិនបានចាប់ភ្ញៀវមកនិយាយណែនាំអីទេ»។

នេះជាការរៀបរាប់របស់ស្ត្រីបម្រើសេវាកំសាន្តមួយចំនួនក្នុងរាជធានីភ្នំពេញ ពីបញ្ហាប្រឈមដែលកើតឡើងនៅកន្លែងធ្វើការរបស់ពួកគាត់ ប៉ុន្តែបញ្ហាទាំងអស់នោះមិនត្រូវបានថៅកែយកចិត្តទុកដាក់ជួយដោះស្រាយនោះឡើយ។ កញ្ញា ឆោម ពិសី មានអាយុជាង២០ឆ្នាំ ដែលបច្ចុប្បន្ននេះធ្វើការនៅ KTV មួយកន្លែងនៅរាជធានីភ្នំពេញ។

កញ្ញារៀបរាប់ថា ពួកគាត់ធ្វើការសេវាកំសាន្តភាគច្រើនត្រូវបានភ្ញៀវលូកលាន់ ហើយបញ្ហាដែលកើតឡើងមកលើពួកគាត់នេះ ថៅកែមិនដែលជួយអន្តរាគមន៍នោះឡើយ។ កញ្ញាបន្តថា ភ្ញៀវដែលចូលទៅទីនោះ មិនបានឲ្យតម្លៃពួកគាត់ទេ ដោយថាស្ត្រីដែលធ្វើការបម្រើសេវាទាំងអស់មនុស្សស្រីមិនល្អ ធ្វើការដើម្បីតែលុយប៉ុណ្ណោះ។

កញ្ញាថា «ជួនកាលគេមកនិយាយសួរយើងធម្មតា យើងប្រាប់គាត់ថាប៉ះពត់បានក៏គាត់អត់អីដែរ ជួនកាលអ្នកខ្លះគេអត់សួរយើងទេ គេមកប៉ះយកម៉ង ប៉ះយកដែលធ្វើអ្វីមួយដែលយើងមិនពេញចិត្តហ្នឹង ​តែយើងពិបាកនឹងប្រកែក ពិបាកនឹងនិយាយដោយសារអី ដោយសារ ថៅកែនៅកន្លែងហ្នឹង គឺអត់ជួយកម្មករទេ គឺគេគិតភ្ញៀវជាធំ ទោះបីម៉េចក៏ដោយ ក៏គេនៅតែឲ្យតម្លៃភ្ញៀវដដែល»។

កញ្ញាបន្តថា ពួកគាត់ដែលធ្វើការបម្រើសេវាកំសាន្តភាគច្រើនមិនមានចំណេះដឹងទេ ហេតុនេះទើបមានបញ្ហាកើតឡើងពួកគាត់មិនហានដាក់ពាក្យប្ដឹងឡើយដោយសារភ្ញៀវទាំងនោះភាគច្រើនជាអ្នកមានអំណាច​ដូចនេះ ថៅកែ ឬ មេកា មិនខ្វល់ចំពោះបញ្ហាដែលកើតឡើងមកលើកពួកគាត់នោះទេ។

កញ្ញាថា «នារីភាគច្រើនទៅរកមេកា តែមេកាធ្វើអត់ដឹងអត់លឺសំខាន់គាត់ធ្វើអត់ដឹងអត់លឺម៉ង កាត់បានតែនិយាយថាគេភ្ញៀវចឹងហើយ បើនៅតែស្ងៀមៗទៅ គឺអត់ឲ្យយើងឡូឡា អត់ឲ្យយើងស្ដីឲ្យភ្ញៀវ»។

យ៉ាងណាក៏ដោយស្ត្រីមួយចំនួនដែលធ្វើការបម្រើសេវាកំសាន្ត ពួកគេមិនដឹងថា រាល់ថ្ងៃមានច្បាប់ការពារពួកគេនោះទេ ប៉ុន្តែអ្នកស្រី អ៊ូ​ ទេព​ផល្លីន អនុប្រធាន​សហព័ន្ធ​សហជីពកម្មករចំណី​អាហារលើកឡើងថា ស្ត្រីដែលធ្វើការបម្រើសេវាកំសាន្តពួកគេ ក៏មានច្បាប់ការពារដូចកម្មកររោងចក្រផ្សេងៗដែរ។ អ្នកស្រីបន្តថា ដើម្បីការពារស្រ្តីបម្រើសេវាកំសាន្តឲ្យមានប្រសិទ្ធភាពដូចមានចែងនៅក្នុងច្បាប់នោះ រដ្ឋាភិបាលគួរចាត់មន្ត្រីឲ្យចុះពិនិត្យនៅតាមហាងទាំងអស់ថាតើម្ចាស់ហាងទាំងនោះបានអនុវត្តទៅច្បាប់ឬទេ ប៉ុន្តែប្រសិនបើថៅកែឬម្ចាស់ហាងមិនអនុវត្តតាមទេ រដ្ឋាភិបាលគួរតែចាត់វិធានការទៅលើម្ចាស់ហាងទៅទាំងអស់នោះ ។

អ្នកស្រីបន្តថា ប្រសិនបើរដ្ឋាភិបាលមិនមានចំណាត់ការណាមួយទៅលើថៅកែហាងទាំងអស់នោះទេ​ បញ្ហាដែលកើតឡើងទៅលើស្ត្រីបម្រើសេវាកំសាន្ត  ហើយអ្វីដែលប៉ះពាល់ខ្លាំងជាងគេនោះគឺមុខរដ្ឋាភិបាល។

អ្នកស្រីបន្តថា ពេលមានបញ្ហាកើតឡើងពួកគេ មិនបានដាក់ពាក្យប្ដឹងទៅលើបុរសដែលធ្វើអំពើមិនសមរម្យមកលើពួកគេនោះទេ តែពួកគេទៅរកថៅកែឲ្យជួយដោះស្រាយ ប៉ុន្តែថៅកែមិនបានជួយដោះស្រាយ និងរកយុត្តិធម៌ឲ្យពួកគេឡើយ។ អ្នកស្រីបន្តថា ការដែលពួកគេមិនដាក់ពាក្យប្ដឹង ដោយសារគិតថា បុគ្គលទាំងនោះជាអ្នកមានអំណាច ហើយក៏មិនបានយកចិត្តទុកដាក់ដើម្បីជួយពួកគេនោះទេ។

បើតាមរបាយការណ៍របស់អង្គការ​ Care ចេញផ្សាយកាលពីឆ្នាំ២០១៥ ឲ្យដឹងថា ស្រ្ដីប្រហែល៤ ម៉ឺននាក់ កំពុងធ្វើការ​នៅក្នុងឧស្សាហកម្ម​ផ្សព្វផ្សាយ​ស្រាបៀរនៅ​តាម​ភោជនីយដ្ឋាន ប៊ៀរហ្គាឌិន និង​រាំងហ្គាសាល​ប្រមាណជា​៤០០កន្លែង​នៅ​រាជធានីភ្នំពេញ។  ជារឿយៗពួកគេប្រឈមនឹង​ការ​ចល័តពីកន្លែងមួយទៅកាន់​កន្លែងមួយផ្សេងទៀតជាប្រចាំ។

យ៉ាងណាក៏ដោយស្រី្តទាំងនោះពួកគាត់ធ្វើការផ្នែកបម្រើសេវាកំសាន្តនេះ មិនមានថ្ងៃឈប់សម្រាកមិនមានច្បាប់ការពារការងាររោងចក្រនោះទេ «ភាគច្រើនគឺKTVមិនងាយនឹងមានថ្ងៃសម្រាក មិនងាយមានច្បាប់ការងារពេញលេងសម្រាប់គាត់ឲ្យគាត់មានសិទ្ធិថា ខ្លួនគាត់ក៏ជាកម្មករមួយមានសិទ្ធិដូចថៅកែដូចគ្នា មិនមាន ហើយម្យ៉ាងទៀតដូចជាច្បាប់ការងារដែលរោងចក្រគេចែងមកគឺខាង KTVអត់មាន ចឹងខ្ញុំចង់ឲ្យក្រសួងនិងរដ្ឋាភិបាលនឹងចុះចាត់ចែង ពីបានបញ្ហាច្បាប់ការងារសូមឲ្យមាននៅក្នុងKTV ទាំងអស់»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ