មេធាវីការពារក្តីលោក គឹម សុខ ស្នើ​តុលាការ​ម្ដង​ទៀតឲ្យកូនក្តីនៅក្រៅឃុំ

អាជ្ញាធរនាំខ្លួន លោក កឹម សុខ មកកាន់សាលាដំបូងកាលពីពេលកន្លងទៅ (រូបភាព FN)

មេធាវី​ការពារ​ក្ដី​ឲ្យ​អ្នកវិភាគ​នយោបាយ​ លោក គឹម សុខ ដាក់​លិខិតជាលើកទី២ ទៅសាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បីសុំ​អនុញ្ញាត​ឲ្យ​កូន​ក្ដី​របស់​ខ្លួន​បាន​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្នមុន​តុលាការ​ជំនុំជម្រះ​នៅពេលខាងមុខនេះ។

កន្លងមកតុលាការក្រុងភ្នំពេញធ្លាប់បដិសេធសំណើរបស់លោក ជូង ជូងី ជាមេធាវីម្ដងរួចហើយដែលទាមទារឲ្យកូនក្ដីរបស់លោកបាននៅក្រៅឃុំនោះ។ ចំណែកសាលាឧទ្ធរណ៍និងតុលាការកំពូលក៏ធ្លាប់បដិសេធដូចគ្នានេះដែរដោយសំអាងថា ការសម្រេចរបស់តុលាការជាន់ទាបដែលមិនឲ្យលោក គឹម សុខ នៅក្រៅឃុំនោះធ្វើឡើងត្រឹមត្រូវតាមនីតិវិធីច្បាប់។

ប្រាប់អ្នកសារព័ត៌មានក្រោយដាក់សំណើដល់ដៃតុលាការនៅព្រឹកនេះលោកមេធាវី ជួង ជូងី ឲ្យដឹងថា នេះជាលើកទី២ហើយដែលលោកស្នើសុំតុលាការ អនុញ្ញាតឲ្យកូនក្ដីរបស់លោកបាននៅក្រៅឃុំបណ្ដោះអាសន្ន ដោយលោកថា ជាគោលការណ៍តាមផ្លូវច្បាប់គឺគ្មានភាពចាំបាច់ណាមួយត្រូវឃុំខ្លួនលោក គឹម សុខ ទៀតនោះទេ ក្រោយតុលាការបញ្ចប់ការស៊ើបសួរករណីនេះរួចហើយនោះ។

លោកបន្ថែមថា «ពីព្រោះលោក គឹម សុខ គាត់មិនពេញចិត្តទៅហ្នឹងការឃុំគាត់ទេ គាត់អះអាងថា គាត់អត់បានប្រព្រឹត្តបទល្មើសដូចការចោទប្រកាន់ទេ ហើយផ្លូវច្បាប់ជាគោលការណ៍គាត់មានសេរីភាពជាគោលការណ៍លុះត្រាតែមានលក្ខណៈពិសេស ឬក៏មានភាពចាំបាច់ទើបឃុំខ្លួនគាត់ ប៉ុន្តែក្នុងរឿងនេះលោក គឹម សុខ ក៏ដូចខ្ញុំដែរ គឺមើលឃើញថា វាអត់មានភាពចាំបាច់អីត្រូវឃុំខ្លួនគាត់ទេ ហើយម្យ៉ាងទៀត តុលាការបានស៊ើបអង្កេតចាប់សព្វគ្រប់អស់ហើយរងចាំតែជំនុំជម្រះក្នុងរឿងអង្គសេចក្តីប្រសិនបើរកទៅ លោក គឹម សុខ អត់ប្រព្រឹត្តបទល្មើសត្រូវឲ្យគាត់រួចពីបទចោទ ប៉ុន្តែបើរកឃើញគាត់ប្រព្រឹត្តបទល្មើស ពេលដែលសាលក្រមស្ថាពរនឹងអនុវត្តតាមការសម្រេចរបស់តុលាការទៅ អញ្ចឹងមុនការសម្រេចជា ស្ថាពរយ៉ាងណានោះគឺមានសិទ្ធិសុំឲ្យតុលាការដោះលេងគាត់គ្រប់ពេលវេលា»។

ប្រធានលេខាធិការដ្ឋានរដ្ឋបាល នៃសាលាដំបូងរាជធានីភ្នំពេញ លោក អ៊ី រិន្ទ មានប្រសាសន៍ថា តុលាការកំពុងធ្វើការពិនិត្យទៅលើនីតិវិធីសំណើនេះ ដោយថាមិនអាចឆ្លើយបានភ្លាមៗទេ។

កាលពីថ្ងៃទី១៧ខែកុម្ភៈឆ្នាំ២០១៧ សាលាដំបូងរាជធានីភ្នំពេញ បានបង្គាប់ឲ្យឃុំខ្លួនលោក គឹម សុខបណ្ដោះអាសន្ន នៅពន្ធនាគារព្រៃស ដោយចោទប្រកាន់ពីបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍និងបរិហាកេរ្តិ៍ជាសាធារណៈ ពាក់ព័ន្ធនឹងការវិភាគទាក់ទងករណីការបាញ់សម្លាប់លោក កែម ឡី។

តុលាការ​ក្រុង​ភ្នំពេញ​បាន​ជូនដំណឹងរួចហើយចំពោះ​ការ​បិទ​ការ​ស៊ើបសួរ​ករណី​នេះ ហើយថា​នឹងបើក​សវនាការ​អង្គសេចក្ដី​​នៅ​រសៀល​ថ្ងៃ​ទី២៦ ខែ​កក្កដា ខាងមុខ​នេះ។

កាលពីថ្ងៃទី១៣ខែកុម្ភៈឆ្នាំ២០១៧ មេធាវីរបស់លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន គឺលោក គី តិច បានប្តឹង លោក គឹម សុខ ដោយទារសំណងជំងឺចិត្តចំនួន៥០ម៉ឺនដុល្លារ បន្ទាប់ពីអ្នកវិភាគ​រូបនេះ បានធ្វើអត្ថាធិប្បាយថា គណបក្សប្រជាជនកម្ពុជា ជាអ្នកនៅពីក្រោយករណីឃាតកម្ម លោក កែម ឡី។

ក្រៅពីបណ្ដឹងខាងលើនេះ លោក គឹម សុខ ក៏ត្រូវបានលោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន ប្តឹងមួយករណីទៀត ដោយចោទរដ្ឋាភិបាលថា បានរៀបចំឲ្យមានប្រព័ន្ធមួយ ដើម្បីសម្លាប់មនុស្សនិងវែកមុខរកឃាតកមិនឃើញ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ