អតីតនាយករដ្ឋមន្ត្រីប៉ាគីស្ថានប្រមូលផ្ដុំអ្នកគាំទ្រនៅទីក្រុងឡាហ័រ

អតីត​នាយករដ្ឋ​មន្ត្រី​ប៉ាគីស្ថាន លោក ណាវ៉ាស ហ្សារីហ្វ បាន​ប្រាប់​ក្រុម​អ្នក​គាំ​ទ្រ​រាប់​ពាន់​នាក់​ថា លោក​នឹង​ផ្លាស់​ប្ដូរ​វាសនា​ប្រទេស​ជាតិ បើទោះបី​ជា​រូប​លោក​ត្រូវ​បាន​តុលាការ​កំពូល​បណ្ដេញ​ចេញ​​ពី​អំណាច​ក៏​ដោយ ខណៈ​ដែល​លោក​បញ្ចប់​ពិធី​ដង្ហែ​ក្បួន​បួន​ថ្ងៃ​មួយ ដង្ហែ​ពី​ទីក្រុង​អ៊ីស្លាម៉ាបាដ ទៅ​ទីក្រុង​ឡាហ័រ កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ។ នេះ​ដោយ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។

លោក ហ្សារីហ្វ បាន​ថ្លែង​ទៅ​កាន់​មហាជន​នៅ​តាម​ដង​ផ្លូវ​ដែល​ភ្ជាប់​រដ្ឋ​ធានី​អ៊ីស្លាម៉ាបាដ ទៅ​នឹង​មូលដ្ឋាន​ដ៏​រឹង​មាំ​របស់​គណបក្ស​លោក​ស្ថិត​នៅ​ភាគ​ខាង​កើត បន្ទាប់​ពី​តុលាការ​កំពូល​ប៉ាគីស្ថាន បាន​សម្រេច​បណ្ដេញ​រូប​លោក​ចេញ​ពី​តំណែង​កាល​ពី​ខែ​មុន ក្រោយ​ពី​មាន​ការ​ស៊ើប​អង្កេត​លើ​អំពើ​ពុក​រលួយ។

លោក​ថ្លែង​ថា លោក​មិន​ភ័យ​ខ្លាច​នោះ​ឡើយ ហើយ​លោក​នឹង​មិន​អង្គុយ​នៅ​ក្នុង​ផ្ទះ​នោះ​ឡើយ រហូត​ទាល់​តែ​លោក​ផ្លាស់​ប្ដូរ​វាសនា​ប្រទេស​ជាតិ។

លោក​ថ្លែង​បន្ត​ថា ប្រទេស​នេះ​គឺ​ជា​របស់​ប្រជាជន​ ២០០​លាន​នាក់ មិន​មែន​ជា​របស់​មនុស្ស​ពីរ​បី​នាក់​ដែល​បណ្ដេញ​លោក​ចេញ​ ដោយ​មិន​គោរព​ការ​បោះ​ឆ្នោត​របស់​ប្រជាជន​នោះ​ទេ។

លោក ហ្សារីហ្វ ត្រូវ​បាន​តុលាការ​កំពូល​សម្រេច​ដក​ហូត​អំណាច​កាល​ពី​ថ្ងៃ​ទី​២៨ ខែ​កក្កដា ជុំ​វិញ​រឿង​អាស្រូវ​ពុក​រលួយ ដែល​ការ​សម្រេច​នេះបណ្ដាល​ឲ្យ​ប្រទេស​មាន​នុយក្លេអ៊ែរ​មួយ​នេះ ធ្លាក់​ចូល​ទៅ​ក្នុង​ស្ថានភាព​នយោបាយ​មិន​ច្បាស់​លាស់។

លោក ហ្សារីហ្វ គឺ​ជា​នាយករដ្ឋ​មន្ត្រីទី១៥​ នៅ​ក្នុង​ប្រវត្តិសាស្ត្រ ៧០​ឆ្នាំ​របស់​ប៉ាគីស្ថាន ដែល​ត្រូវ​បាន​បណ្ដេញ​ចេញ​ពី​តំណែង​នៅ​មុន​បញ្ចប់​អាណត្តិ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ