ក្រសួងធនធានទឹក និងឧតុនិយម អំពាវនាវទៅពលរដ្ឋឲ្យបង្កើនការប្រុងប្រយ័ត្នចំពោះអាកាសធាតុ ដោយថា ចាប់ពីថ្ងៃនេះរហូតដល់ចុងសប្តាហ៍ក្រោយ កម្ពុជានឹងមានភ្លៀងធ្លាក់រាយប៉ាយស្ទើរទូទាំងប្រទេស។
ក្នុងសេចក្តីជូនដំណឹងចុះថ្ងៃទី ១២ ខែសីហា ក្រសួងបានឲ្យដឹងថា ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី ១៨ ខែសីហា ភ្លៀងនឹងធ្លាក់រាយប៉ាយស្ទើរពេញមួយសប្តាហ៍ ពិសេសនៅតំបន់ទំនាបកណ្តាលភាគពាយ័ព្យ និងតំបន់មាត់សមុទ្រ។
ក្រសួងបញ្ជាក់ថា ភ្លៀងធ្លាក់រាយប៉ាយបែបនេះ បណ្ដាលមកពីកម្ពុជាទទួលរងឥទ្ធិពលជ្រលងសម្ពាធទាប ដែលកើតឡើងនៅអាងទន្លេមេគង្គលើ។
ក្រសួងបន្ថែមទៀតថា ចាប់ពីពាក់កណ្តាលខែសីហានេះទៅ កម្ពុជានឹងមានភ្លៀងធ្លាក់ធម្មតាឡើងវិញ បន្ទាប់ពីកូនរដូវប្រាំងបានកន្លងផុតទៅ។
ក្រសួងធនធានទឹក និងឧតុនិយម បានប្រកាសប្រាប់ប្រជាពលរដ្ឋដែលរស់ជិតមាត់ទន្លេ អ្នកនេសាទ និងអ្នកធ្វើដំណើរតាមសមុទ្រ ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់៕
ម៉ាប់ ស៊ុយ