ចំណាយ៣ទឹក ពុយ វណ្ណៈ​ យកបានពានជើងឯក និងទឹកប្រាក់៤ពាន់ដុល្លារ

ចំណាត់ថ្នាក់ជើងឯកលេខ១​ កីឡាករ ពុយ វណ្ណៈ

នៅទីបំផុតកីឡាករវ័យក្មេង​ ​​ពុយ វណ្ណៈ ​បាន​គ្រងតំណែងជើងឯក​ក្នុង​ប្រភេទទម្ងន់ ៦៣,៥កីឡូក្រាម គួរអោយសរសើរ កាលពី​ល្ងាច​ថ្ងៃអាទិត្យទី១២ ខែសីហា ឆ្នាំ​​២០១៧ នៅប៉ុស្ដិ៍លេខ​​៥។ នេះជាការប្រកួតចាញ់ធ្លាក់ៗ ដែលមានកីឡាកររហូតដល់ ៣២រូបចូលប្រកួត ដោយ​​ម្ចាស់ពានក៏មានន័យថា ​មិនដែលចាញ់ទាល់តែសោះ សម្រាប់ព្រឹត្តិការណ៍​នេះ តាំងពីដើមដល់ចប់។

លោក សេង កដិកា អ្នករៀបចំការប្រកួតប្រចាំប៉ុស្ដិ៍លេខ៥ បានអះអាងថា នេះជាការប្រកួតដណ្ដើមជើងឯកវ័យក្មេងដែលស្ថាប័នរបស់លោកបានរៀបចំឡើងច្រើនខែមកហើយ ដោយមានកីឡាករមកពីគ្រប់បណ្ដាក្លឹបនៅទូទាំងប្រទេសរហូតដល់៣២រូបប៉ះគ្នាលើរេញ។ រូបមន្តប្រកួត គឺយក​​​កីឡាករប្រភេទទម្ងន់ដូចគ្នា​​ និងមកពីក្លឹប​ផ្សេង​គ្នាសរុប​ ៣២រូបអោយ​​​​ឡើងប្រកួតគ្នា​ចាញ់ធ្លាក់ ដោយ​វគ្គទី​​១​គឺ​ជម្រុះយក១៦វគ្គទី​២ ជម្រុះយកតែ៨នាក់ និង​វគ្គទី៣​ជម្រុះ​​​៨នាក់​យក​​៤នាក់ ដើម្បីអោយឡើង​ប្រកួត​ក្នុងវគ្គពាក់កណ្ដាល​​ផ្ដាច់ព្រ័ត្រ ​​ដើម្បីយកអ្នកចាញ់និងអ្នកចាញ់ប្រកួត​យកលេខ​៣ និងយកឈ្នះ​​និងអ្នកឈ្នះ​ប្រកួត​យកលេខ​​១​។ ការប្រកួតនេះ​កំណត់តែ៣ទឹក​ប៉ុណ្ណោះ គឺខុស​ពី​​​ការប្រកួត​​​​ផ្សេង​ដែលបានធ្វើឡើងរហូតដល់​​៥ទឹក​។

កីឡាករដែលបានឈានឡើងសម្រាប់ព្រឹត្តិការណ៍នេះ លោកថាត្រូវតែឈ្នះជាប់រហូត ដោយផ្អែកតាមរូបមន្តអ្នកធ្លាក់ហាលអាវ និងមិនមែនជាការប្រកួតសន្សំពិន្ទុ។ លោកនិយាយថា នេះជាព្រឹត្តិការណ៍ជើងឯកដែលមានតែប៉ុស្ដិ៍លេខ៥មួយគត់​​ បានធ្វើ ដោយសមាសភាពអ្នកចូលប្រកួតមានការសម្រាំងរហូតដល់៣២រូប ហើយតម្រូវអោយពួកគេប្រកួតគ្នាចាញ់ធ្លាក់ៗ​​​រហូតរកឃើញអោយឃើញនូវអ្នកមិនដែលចាញ់តែម្នាក់ចុងក្រោយអោយគ្រងតំណែងម្ចាស់ពាន។ ការប្រកួតនេះ ប៉ុស្ដិ៍លេខ៥កំណត់អោយវាយគ្នាតែ៣ទឹកប៉ុណ្ណោះ ប៉ុន្តែអត់មានគូណាមិនប្រឹងមិនវាយនោះទេ ដោយសារតែរូបមន្តចាញ់ធ្លាក់ៗគឺ​​​ល្មមគ្រប់គ្រាន់ អោយ​កីឡាករម្នាក់​​ប្រឹងប្រែង។ លោកនិយាយថា៖ «ខ្ញុំធ្វើព្រឹត្តិការណ៍ហ្នឹង៤ដង​​លើកសរុបទាំងលើកហ្នឹង ជាលទ្ធផលគឺយើងបានកីឡាករល្អ​ៗ​ក្មេង​ៗអោយឡើងកាន់ពាន ដែល​​​​​​​​​ក្រោយការប្រកួត​ឈ្នះគឺពួកគេក៏បានក្លាយជាកីឡារល្បីឈ្មោះ​!»

លោកថា អ្នកជាប់ចំណាត់ថ្នាក់៤រូបចុងក្រោយ សុទ្ធតែជាកីឡាករវ័យក្មេង ទើបលោករំពឹងថា ពួកគេនឹងក្លាយជាធនធានកាន់តែប្រសើរសម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេមដែលកកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅឆ្នាំ២០២៣។ លោកមានគម្រោងរំលេចស្នាដៃរបស់ម្ចាស់ពាននិងអ្នកជាប់ជ័យលាភីដែលទើបប្រកាសឡើង នៅលើសង្វៀនអោយបានច្រើន ដោយនឹងតម្រូវអោយពួកគេប្រកួតជាលក្ខណៈអន្តរជាតិនិងដណ្ដើមពានជាដើមក្នុងពេលខាងមុខ ដើម្បីអោយពួកគេល្បីឈ្មោះដូចអ្នកមុនៗ។

លោក សេង កដិកា ​បន្តថា ចំណាត់ថ្នាក់ជើងឯកលេខ១​ បានទៅលើកីឡាករ ពុយ វណ្ណៈ មកពីក្លឹបពុទ្ធសេរីវង្ស​ពោធិសែនជ័យកីឡា បន្ទាប់ពីគេវាយឈ្នះកីឡាករ ​​ពុទ្ធ សំបូរ មកពីក្លឹប​​​ឃ្លាំងមឿងខេត្ត​ពោធិសាត់ កាលពីល្ងាច​​ថ្ងៃទី១២ សីហា។ ការប្រកួតគូនេះ លោកថាស្វិតស្វាញ ដោយសារតែភាគីទាំងពីរសុទ្ធតែមិនធ្លាប់ចាញ់ដូចគ្នាតាំង​ពី​ដើម​ព្រឹត្តិការណ៍ ហើយសុទ្ធតែចង់ដណ្ដើមយកជើងឯករៀងខ្លួន។ ពួកគេក៏មានចំណុចខ្លាំងរាងខ្លួនទាំង​ថ្វីដៃ ម៉ាត់ និងជង្គង់ផងដែរ ទើប​អាច​​កាន់ពាន​​​កាលពីការប្រកួតបញ្ចប់នោះបាន។ ការប្រកួត​បញ្ចប់​នោះ លោកថា​បើអាច​អោយពិន្ទុ​​​ស្មើបានគឺ​ពិតជា​អោយស្មើដោយសារតែកីឡាករទាំងពីរ​​បានបញ្ចេញ​ថ្វីដៃ​​​បានល្អ​គួរអោយសរសើរ។

យ៉ាងណាមិញ ​អ្នកឈ្នះមិនអាចមាន២បានទេ ទើបកីឡាករ ពុយ វណ្ណៈ បានក្លាយជាម្ចាស់ពាន ហើយត្រូវបានកំណត់ថាជាកីឡាករតែម្នាក់ ដែលគ្មានប្រវត្តិចាញ់ក្នុងចំណោម៣២រូប ដែល​បាន​​មានឈ្មោះឡើងប្រកួតនៅ​ក្នុងព្រឹត្តិការណ៍នេះ​។ លោកថាអ្នករៀបចំកម្មវិធីបាន​តម្រូវ​អោយចំណាត់ថ្នាក់លេខ​​​១ និងលេខ​២ មានថវិកា​​​​ខុសគ្នាដល់ពាក់កណ្ដាលទើប​កីឡាករ​ទាំង​ពីរ​ប្រឹងប្រែងយ៉ាងខ្លាំងដោយសារ​តែ​​​​​ក្រៅពីទទួលបានពានជើងឯក ក៏ត្រូវ​​​​ពាក់ព័ន្ធនឹងប្រាក់លាន​​ដែលមានចំនួនខុស​គ្នាដាច់​​ឆ្ងាយ។

ក្នុងនោះចំណាត់ថ្នាក់លេខ​​៣ និងលេខ​​​​២ គឺរឹតតែខុសគ្នាទៅទៀត ដោយសារតែលោកប្រកាសថា​ចំណាត់ថ្នាក់ដែលសំខាន់គឺមានតែលេខ​​​១ និងលេខ​​២ ​។ កីឡាករដែលទទួលបានចំណាត់ថ្នាក់លេខ​​១ គឺ ពុយ វណ្ណៈ ​ទទួលបាន​​ពានជើងឯក​១ ទឹកប្រាក់​​៤ពាន់ដុល្លារ ​កីឡាករ​​លេខ​២ គឺ ពុទ្ធ សំបូរ ​ទទួលបាន​ពានកិត្តិយសមួយ ទឹកប្រាក់​​២ពាន់ដុល្លារ ចំណាត់ថ្នាក់លេខ៣គឺ កីឡាករ​ ​សុខ សុវណ្ណ ​​ដោយទទួលបានពានកិត្តិយស​មួយ ទឹកប្រាក់​​៧៥០ដុល្លារ និងកីឡាករ មាស សុជាតិ ទទួលបាន​​ចំណាត់ថ្នាក់លេខ​៤ ​​​​បាន​ពានកិត្តិយស​តូចជាងគេមួយ និងទឹកប្រាក់​​៥០០ដុល្លារ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ