កម្មករជាង១០០នាក់ នៅខេត្តព្រះសីហនុ តវ៉ាសុំឲ្យតំណាងពួកគេចូលធ្វើការងារវិញ

ក្រុមកម្មកររោងចក្រផលិតសំបកកំប៉ុងក្រោន តវ៉ាទាមទារឲ្យតំណាងរបស់ពួកគេចូលធ្វើការងារវិញ (CLC)

ក្រុមកម្មកររោងចក្រផលិតសំបកកំប៉ុងក្រោន បេវេរេជ ខេនស៍ ក្នុងខេត្តព្រះសីហនុ តវ៉ាទាមទារឲ្យតំណាងរបស់ពួកគេចូលធ្វើការងារវិញ ដោយអះអាងថា ក្រុមហ៊ុនបានបញ្ឈប់តំណាងរូបនោះ ដោយសាររើសអើងសហជីព។

កម្មករផ្នែកផលិតសំបកកំប៉ុងម្នាក់ លោក ទុយ ហួត ឲ្យដឹងថា កម្មករប្រមាណ១០០នាក់របស់រោងចក្រផលិតកំប៉ុងក្រោនស្ថិតក្នុងសង្កាត់១ ក្រុងព្រះសីហនុ បានប្រមូលផ្តុំគ្នាមុខរោងចក្រ ដើម្បីទាមទារឲ្យក្រុមហ៊ុនទទួលយកតំណាងរបស់ពួកគេ ឈ្មោះ ស៊ឹង សៅ ចូលធ្វើការងារវិញ ដោយថា ក្រុមហ៊ុនបានបញ្ឈប់ ដោយសារ លោក ស៊ឹង សៅ ប្រមូលកម្មករ ដើម្បីបង្កើតសហជីពក្នុងរោងចក្រនោះ។

លោកបន្ថែមថា៖ «ពួកខ្ញុំទាំងអស់គ្នានេះមក ដើម្បីទាមទារកុំឲ្យគេបញ្ឈប់លោកគ្រូ ស៊ឹង សៅ ហ្នឹងពីការងារ ពួកយើងចង់ឲ្យគាត់ចូលធ្វើការងារវិញ ព្រោះអីក្រុមហ៊ុនព្យួរឈ្មោះគាត់ តែមួយថ្ងៃទេ ប៉ុន្តែពេលតេឲ្យគាត់ទៅបើកលុយហើយបញ្ឈប់ពីការងារ ដោយសារគេដឹងថា យើងបង្កើតសហជីព ដល់ពេលយើងទើបបានត្រឹមតែចុះបញ្ជីការ គេបញ្ឈប់គាត់ គេមិនចង់ឲ្យមានសហជីពក្នុងក្រុមហ៊ុនគេ បើតាមខ្ញុំយល់ ខាងក្រុមហ៊ុនរើសអើសសហជីព»។

ប្រធានរដ្ឋបាលរោងចក្រផលិតសំបកកំប៉ុងក្រោន ដែលកម្មករប្រាប់ថា ឈ្មោះ គន្ធី សុំមិន ធ្វើអធិប្បាយលើរឿងនេះទេ ដោយថា ទុកឲ្យប្រធានក្រុមហ៊ុនជាអ្នកឆ្លើយ ប៉ុន្តែនាងមិនប្រាប់លេខឲ្យទំនាក់ទំនងប្រធាននោះទេ។

មន្រ្តីសម្របសម្រួលរបស់សភាពការងារកម្ពុជា ប្រចាំខេត្តព្រះសីហនុ លោក អាន រ៉ាណា យល់ថា ករណីក្រុមហ៊ុនបញ្ឈប់តំណាងកម្មករពីការងារនេះ គឺជាការរើសអើសសហជីព ដោយថាក្នុងក្រុមហ៊ុនមួយ កម្មករមានសិទ្ធិបង្កើតសហជីព ដើម្បីការពារផលប្រយោជន៍របស់ពួកគេ។

លោក អាន រ៉ាណា ដាក់កំហុសនេះ ទៅលើមន្ទីរការងារខេត្តព្រះសីហនុ ដោយថាមិនដោះស្រាយបញ្ហាជូនកម្មករ និងតែងតែច្រានចោលរាល់សំណើសុំបង្កើតសហជីពរបស់កម្មករ។

លោកបន្ថែមថា៖ «ខ្ញុំគិតថា វាជាកំហុសរបស់មន្ទីរការងារ មុនពេលកម្មករធ្វើការទាមទារហ្នឹង ដោយសារតែពួកគាត់ទទួលរងនៅភាពអយុត្តិធម៌នៅក្នុងរោងចក្រ គាត់បានដាក់ពាក្យបណ្តឹងទៅមន្ទីរការងារ ចំនួន២ដងហើយ លើកទី១នោះ គឺពួកគាត់ផ្តិតមេដៃបាន៨០% លើកទី២ បានជាង៤០% ទៀត ប៉ុន្តែត្រូវមន្ទីរការងារច្រានចោល មិនដោះស្រាយទាំងអស់ ហើយគេរកឃើញថា មន្រ្តីមន្ទីរការងារផ្នែកដោះស្រាយវិវាទហ្នឹង មានទំនាក់ទំនងជាមួយប្រធានរដ្ឋបាលរោងចក្រ អញ្ចឹងគេព្យាយាមបិទសុំណុំរឿងហ្នឹងចោលពីរដង បីដង។ បើមន្ទីរមិនចេញមុខដោះស្រាយ តើឲ្យកម្មករទៅរកណាឲ្យដោះស្រាយ អញ្ចឹងពួកគាត់អស់ជំរើស ទើបពួកគាត់ផ្ទុះការតវ៉ាទាមទារ ដោយសារមន្ទីរការងារហ្នឹង មិនចេញមុខដោះស្រាយ»។

ប្រធានមន្ទីរការងារខេត្តព្រះសីហនុលោក យ៉ូវ ខេមរ៉ា មិនបានដឹងថា កម្មករផ្ទុះការតវ៉ានៅថ្ងៃនេះទេ។ ចំពោះការមិនព្រមចុះបញ្ជីការឲ្យកម្មករបង្កើតសហជីពវិញលោកថា ដោយសារសហជីពនោះ មិនមានសមាជិកគ្រប់គ្រាប់តាមលក្ខខណ្ឌនៃច្បាប់ការងារ។

លោកបន្ថែមថា៖ «តាមច្បាប់ បើកាលណាលក្ខខណ្ឌអត់គ្រប់ គេមានសិទ្ធិបដិសេធ មានសិទ្ធិឲ្យទៅកែតម្រូវ ហើយយើងប្រើពាក្យចេះ អាហ្នឹងឲ្យសហជីពឆ្លើយមកវិញមក រឿងអីអ្នកសារព័ត៌មានមកសួរ ដេញដោល ហើយបើថា ខ្ញុំបដិសេធទៅវាខុសសហជីពប្រតិកម្មមក ចុះហេតុបានជាវីអូឌី ហ្នឹងមកសួរអ៊ីនឹង ច្បាប់សហជីព»។

បើតាមកម្មករឲ្យដឹងថា រោចក្រផលិតកំប៉ុង បេវេរេជ ខេនស៍ មានកម្មករសរុប១៦០នាក់ ហើយថា កន្លងមក រោងចក្រនេះ តែងតែធ្វើទុក្ខបុកម្មេញមកលើកម្មករ និងបានបញ្ឈប់កម្មករ ដោយមិនប្រាប់មូលហេតុថែមទៀត៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ