សកម្មជន​បរិស្ថានសោក​ស្តាយចំពោះ​​ចំណាត់​ការ​អាជ្ញាធរ ខណៈសមាជិកត្រូវ​​​បញ្ជូន​ទៅ​​តុលាការ

សកម្មជនមាតាធម្មជាតិ២នាក់ដែលត្រូវបានអាជ្ញាធរឃាត់ខ្លួន (FB: Mot Kimry)

សកម្មជន​នៃអង្គការមាតា​ធម្មជាតិបង្ហាញ​ការ​សោក​ស្តាយ ​ចំពោះ​ចំណាត់​ការ​របស់​អាជ្ញាធរនិងតុលាការ​​ខេត្ត​កោះ​កុង ខណៈសមាជិកខ្លួនដែលឃាត់ខ្លួនកាលពីម្សិលមិញ ត្រូវ​បញ្ជូនទៅកាន់​តុលាការថ្ងៃនេះ។

កាលពីថ្ងៃទី១៣ខែកញ្ញា សមត្ថកិច្ចខេត្តកោះកុង បានឃាត់ខ្លួនសកម្មជនមាតា​ធម្មជាតិ​ពីរ​នាក់ ​ឈ្មោះ ឌឹម គុណឌី និងឈ្មោះ ហ៊ុន វណ្ណៈ តបតាម​បណ្តឹងរបស់​ក្រុម​ហ៊ុន​បូម​ខ្សាច់មួយ ដែលចោទ​ពួកគេថា ​បានចូល​ទៅ​ថតសកម្មភាពនានា ​គ្មាន​ការ​អនុញ្ញាត្តិ។

សមាជិកនៃអង្គការមាតា​ធម្មជាតិ កញ្ញា លឹម គឹម​សួរ ប្រាប់វី​អូ​ឌី​​​​ថា នៅ​ម៉ោង​ប្រមាណ​២​រសៀល​​នេះ សមត្ថកិច្ច​ខេត្ត​កោះ​កុង ​បាន​សម្រេច​បញ្ជូន​សកម្ម​ជន​ខ្លួន​ ទៅ​កាន់​តុលាការ ​ដើម្បី​បន្ត​នីតិវិធី។ កញ្ញា​សោក​ស្តាយ ​ចំពោះ​ចំណាត់​ការ​របស់​អាជ្ញា​ធរខេត្ត​នេះ ដោយ​ថាចំណាត់​ការ​របស់​អាជ្ញា​ធរ​ប្រព្រឹត្តិ​ខុស​ពី​សម្តី​របស់​ខ្លួន។

កញ្ញា ​គឹម សួរ៖ «អនុសាសន៍​របស់​រដ្ឋ​មន្ត្រី​ក្រសួងរ៉ែ និង​ថាម​ពល​ ក្រសួង​បរិស្ថាន ​គាត់​តែង​និយាយ​ហើយ​​និយាយ​ទៀត ថាគាត់ស្នើ​សុំដល់​ប្រជា​ពលរ​ដ្ឋ​ ក៏​ដូច​ជា​សង្គម​ស៊ី​វិល​ចូល​រួម​ក្នុង​ការ​ការ​ពារ​ធន​ធាន​​ធម្មជាតិ​ទាំង​អស់​គ្នា ក៏​ដូច​ជា​តាម​ដាន​រាល់​សកម្មភាព​ណា​ដែល​ដឹក​ខ្សាច់​ចេញ​ដោយ​ខុស​ច្បាប់​ ក៏​ដូច​ជាបទ​ល្មើស​ព្រៃ​ឈើ​ ក៏​ដូច​ជា​បទ​ល្មើស​ស្អី​ ដែល​ប៉ះពាល់​ដល់​សង្គម ប៉ះពាល់​ដល់​ថវិកាជាតិ​ ចំណួល​​ជាតិ​​អី​អញ្ចឹង​នោះ​ណា។ ដល់​ពេល​ពួក​យើង​ធ្វើ​ចូល​រួម​ជា​មួយ​ពូកគាត់ ពួកគាត់​បែ​រ​ជា​ចាប់​ខ្លួន​ និង​ចោទ​ប្រកាន់​ពួកយើងផ្សេង​ៗ ក៏​ដូច​ជា​ការ​ចូលទៅ​ក្នុង​ការដ្ឋាន​របស់​ក្រុម​ហ៊ុន ដូច​ជា​ការ​ថត​ដោយ​គ្មាន​ការអនុញត្តិ សូម្បី​តែ​យើង​ទៅ​ថត​នៅ​កណ្តាល​សមុទ្រសោះ​ហ្នឹង ​ក៏​គាត់​ថាកន្លែង​ហ្នឹង​ជា​របស់​​ឯក​ជនដែរ»។

កញ្ញា​បញ្ជាក់​ថា ​នៅ​ពេលនេះ ​សកម្មជន​ទាំង​ពី​រ ត្រូវ​បានព្រះ​រាជអាជ្ញា​អម​សាលា​ដំបូង​ខេត្ត​កោះ​កុង​កំពុងសួរ​ចម្លើយ​បន្ថែម។ បន្ថែម​ពី​ការ​បញ្ជូន​សកម្ម​ជន​បរិស្ថាន​ទៅ​តុលាការ នៅថ្ងៃ​នេះ​ ​ដែលអាជ្ញា​ធរស្រុក​គីរីសាគរ ​ក៏​បាន​ហៅ​អ្នក​បើក​ទូកកាលពី​ម្សិល​មិញ ​​ដែលដឹកសកម្ម​ជន​បរិស្ថានទាំង​ពីរនាក់​​នោះទៅ​សាក​សួរ​ និង​ផ្តិត​មេដៃ​ផង​ដែរ។

អ្នក​សម្របសម្រួល​អង្គការ​លីការ​ដូ ​ប្រចាំខេត្ត​កោះ​កុង លោក អ៊ិន គង់​ជិត​ យល់​ថា សកម្មភាព​របស់​អាជ្ញា​ធរ​​នេះ ​ជា​ការ​បំបាក់​ស្មារតី​ទៅ​ដល់​អ្នកដែល​ស្រលាញ់​បរិស្ថាន និង​ជា​ការ​​រំលោភ​ដល់​សិទ្ធិ​មនុស្ស​ផង​ដែរ។

លោក​ថា៖ «យើង​ឃើញ​ថា ​ការ​ដែ​ល​ចាប់​ពួកគាត់យ​ក​ទៅឲ្យ​សមត្ថកិច្ច​ចាត់​ការ ឬ​ក៏​បញ្ជូន​ទៅ​តុលាការ វា​ជា​ការ​គំរាម​កំហែង​មួយ បំបាក់​ស្មារតីពួកគាត់​ មិន​ឲ្យ​ចូល​រួម​នៅ​ក្នុង​បញ្ហសង្គម​ យើ​ង​ឃើញ​ថា​ នេះ​ជា​ការ​រំលោភ​សិទ្ធិ​មនុស្ស​ ព្រោះ​គាត់​នឹង​មិន​មែន​ទៅប៉ុនប៉ង​ប្រព្រឹត្តិ​បទ​ល្មើស​នៅ​កន្លែង​ក្រុម​ហ៊ុន​ឯណា​ គាត់​គ្រាន់​តែ​ទៅ ដើម្បី​មើល​ទី​តាំង​ថា​នៅ​កន្លែង​ហ្នឹង ​ឬ​ក៏មាន​ការ​ដឹក​ជញ្ជូន​ការ​ផ្ទេរ​ខ្សាច់​ដែរ​ឬ​អត់​អញ្ចឹង​»​។

​គួរ​បញ្ជាក់​ផង​ដែរ​ថា ការ​ចាប់​ខ្លួន​សកម្មជន​មាតា​ធម្មជាតិ​នេះ គឺ​ធ្វើ​ឡើង​បន្ទាប់​ពី​អង្គការ​នេះ ​បាន​ចេញ​វីដេអូ​​ថ្មី​មួយ​ទៀត​របស់​ខ្លួន ​ដែល​បាន​បង្ហាញ​ថា ​រដ្ឋាភិបាល​កម្ពុជាបាន​ធ្វើ​ឲ្យ​បាត់​ចំណូល​រាប់​សិប​លាន​ដុល្លា​រ​បន្ថែម​ទៀត​ ទៅ​លើការ​បូម​ខ្សាច់​លក់​ទៅ​កាន់​ប្រទេស​តៃ​វ៉ាន់ ខណៈដែល​លុយ​បាត់​ពី​ការ​នាំចេញ​ខ្សាច់​ទៅ​កាន់​ប្រទេស​សឹង្ហ​បុរី​ មិន​ទាន់​បាន​ស្ងប់​ស្ងាត់​នៅ​ឡើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ