ជនជាតិវៀតណាមចំនួន៧នាក់ ត្រូវបានកម្លាំងនគរបាលឃាត់ខ្លួន កាលពីថ្ងៃអង្គារម្សិលមិញ ដោយចោទថា លួចឆ្លងដែនរស់នៅដោយខុសច្បាប់ នៅខណ្ឌចំការមន ហើយបានបញ្ជូនទៅកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ដើម្បីបន្តអនុវត្តតាមនីតិវិធី។
យោងតាមការចុះផ្សាយរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ កាលពីថ្ងៃទី១២ ខែកញ្ញា បានឲ្យដឹងថា ព្រះរាជអាជ្ញារងនៃអយ្យាការអមសាលាដំបូងរាជធានីភ្នំពេញ បានចុះត្រួតពិត្យជនបរទេស ដែលលួចឆ្លងដែនមកស្នាក់នៅដោយគ្មានលិខិតឆ្លងដែន និងគ្មានឯកសារបញ្ជាក់ត្រឹមត្រូវ។ បន្ទាប់ពីធ្វើការត្រួតពិនិត្យ កម្លាំងនគរបាលបានឃាត់ខ្លួនជនជាតិវៀតណាមចំនួន៧នាក់ ដែលកំពុងស្នាក់នៅផ្ទះកាត់ដេរមួយកន្លែង ក្នុងសង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌចំការមន គ្មានលិខិតឆ្លងដែន និងឯកសារបញ្ជាក់ត្រឹមត្រូវ។
គួររំលឹកផងដែរ កាលពីថ្ងៃទី២២ខែសីហា សមត្ថកិច្ចក៏បានឃាត់ខ្ឡួនជនជាតិវៀតណាមដែលលួចចូលមកបម្រើការដោយខុសច្បាប់ចំនួន២២នាក់ និងបានបញ្ជូនខ្លួនជនជាតិវៀតណាមខុសច្បាប់ទាំងនោះ ទៅអគ្គនាយកដ្ឋាននគរបាលជាតិ ដើម្បីត្រួតពិនិត្យបន្ថែមតាមនីតិវិធីច្បាប់៕
ម៉ាប់ ស៊ុយ [email protected]