ចំណាត់ការផ្នែកទិដ្ឋាការនេះ ហាក់ធ្វើឡើងបន្ទាប់ពីរដ្ឋាភិបាលកម្ពុជា បានចោទប្រកាន់សហរដ្ឋអាមេរិកថា នៅពីក្រោយបក្សប្រឆាំង ដើម្បីផ្ដួលរំលំរដ្ឋាភិបាល។ ហើយ ករណីនេះ ត្រូវបានឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅកម្ពុជា លោក William Heidt ចេញសេចក្ដីថ្លែងការណ៍ច្រានចោល កាលពីថ្ងៃអង្គារម្សិលមិញ។
បើតាមសេចក្តីប្រកាសព័ត៌មាន នាថ្ងៃទី១៣កញ្ញានេះ ទូតអាមេរិកប្រចាំកម្ពុជា អះអាងថា ចាប់ពីថ្ងៃទី១៣ខែកញ្ញាឆ្នាំ២០១៧ ស្ថានទូតនេះ នឹងលែងចេញទិដ្ឋាការប្រភេទ B1 ប្រភេទ B2 និង B1/B2 ដល់មន្ត្រីក្នុងក្រសួងការបរទេសកម្ពុជា ដែលមានឋានៈចាប់ពីថ្នាក់អគ្គនាយកដ្ឋាន រហូតដល់ថ្នាក់ដឹកនាំកំពូលនៃក្រសួងនេះ រួមទាំងសមាជិកក្នុងក្រុមគ្រួសាររបស់ពួកគេទៀតផង។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន ចេញផ្សាយលើគេហទំព័រស្ថានទូតអាមេរិកប្រចាំកម្ពុជានៅថ្ងៃពុធនេះ។
បើតាមសេចក្ដីប្រកាសព័ត៌មានដដែល ការផ្អាកចេញទិដ្ឋាការនេះ ទូតអាមេរិកលើកហេតុផលថា «មានប្រទេសមួយចំនួន បានបដិសេធមិនទទួលយក ឬ ប្រើប្រាស់ហេតុផល ដែលមិនសមស្រប ដើម្បីពន្យារពេលទទួលយកពលរដ្ឋ នៃប្រទេសរបស់ពួកគេវិញនោះ»។
កាលពីខែសីហាឆ្នាំ២០១៧កន្លងទៅនេះ រដ្ឋាភិបាលអាមេរិក បានប្រកាសថា នឹងដាក់ទណ្ឌកម្មផ្នែកទិដ្ឋាការ លើកម្ពុជា និងប្រទេស៣ផ្សេងទៀត រួមមាន អេរីទ្រា ហ្គីណេ និងសេរ៉ាឡេអូន បន្ទាប់ពីប្រទេសទាំងនេះ បានបដិសេធទទួលយកជនជាតិខ្លួនត្រឡប់ទៅវិញ បន្ទាប់ពីពួកគេបានប្រព្រឹត្តល្មើស លើទឹកដីអាមេរិក៕