ទីក្រុងវ៉ុនសាន ជាទីក្រុងមួយជាប់ឆ្នេរសមុទ្រ សម្រាប់ឲ្យគ្រួសារត្រកូលរបស់មេដឹកនាំកូរ៉េខាងជើងទៅកំសាន្តលំហែងកាយនៅរដូវក្តៅ ដោយសារទីនោះសម្បូរអាហារសមុទ្រ និង មានខ្យល់អាកាសល្អ ខណៈតំបន់ផ្សេងៗទៀតក្តៅ។ វ៉ុនសានគឺជា ទីក្រុងមួយជាប់តំបន់ឆ្នេរជប៉ុន នៅភាគខាងកើតនៃឧបទ្វីបកូរ៉េ គឺស្ថិតនៅចម្ងាយជាង២០០គីឡូម៉ែត្រពីទីក្រុងព្យុងយ៉ាង។
ប៉ុន្តែមេដឹកនាំវ័យក្មេងរបស់ប្រទេសនេះ លោកគីម ជុងអ៊ុន កំពុងតែរៀបចំអភិវឌ្ឍន៍តំបន់នោះឲ្យទៅជាកន្លែងទាក់ទាញភ្ញៀវទេសចរផង និង ទៅជាកន្លែងសាកល្បងអាវុធមីស៊ីលយ៉ាងសំខាន់។ ទីក្រុងនេះបច្ចុប្បន្នមានមនុស្សរស់នៅតែជាង ៣សែននាក់ ហើយរដ្ឋគ្រោងនឹងចំណាយលុយខ្ពង់ពាន់លានដុល្លារ ដើម្បីអភិវឌ្ឍន៍ឲ្យមានការទាក់ទាញភ្ញៀវទេសចរទៅកំសាន្ត។
អំឡុងពេលកំពុងរៀបចំតំបន់នេះ ដើម្បីទាក់ទាញភ្ញៀវទេសចរ កូរ៉េខាងជើងក៏បានបាញ់សាកល្បងអាវុធមីស៊ីលនៅទីនោះអស់ជិត៤០ដើម ខណៈដែលកម្មវិធីអាវុធនុយក្លេអ៊ែប្រទេសនេះកំពុងតែធ្វើឲ្យពិភពលោកមានការភ័យខ្លាច។
មានអ្នកតាមដានបញ្ហានេះខ្លះ បានហៅ លោក គីម ជុងអ៊ុនថា កំពុងឆ្កួតហើយដែលរៀបចំទីក្រុងសម្រាប់សាកល្បងអាវុធផង និង រៀបចំដើម្បីទាក់ទាញភ្ញៀវទេសចរផងនោះ ព្រោះអាចនឹងមិនអ្នកហ៊ានទៅលេងនោះទេ ដោយសារការភ័យខ្លាច។
គម្រោងអភិវឌ្ឍន៍តំបន់សម្រាប់ត្រកូលថ្នាក់ដឹកនាំ ឲ្យទៅជាតំបន់ទេសចរទូទៅនេះគឺចាប់ផ្តើមប្រកាសតាំងពីឆ្នាំ២០១៤ ហើយនៅក្នុងសៀវភៅមគ្គុទេសក៍ ឬ សៀវភៅដែលនាំផ្សព្វផ្សាយឲ្យភ្ញៀវទេសចរចាប់អារម្មណ៍ដែលចេញផ្សាយកាលពីឆ្នាំ២០១៥ និង ២០១៦នោះមានសរសេរជាភាសាកូរ៉េ ភាសារុស្ស៊ី និង ភាសាអង់គ្លេស។
កូរ៉េខាងជើងក៏កំពុងផ្សព្វផ្សាយឲ្យមានអ្នកវិនិយោគទុនពីបរទេសចាប់អារម្មណ៍ក្នុងបោះទុនវិនិយោគនៅតំបន់ទេសចរពិសេសដែលមានផ្ទៃដីជាង ៤០០ហិកតា ក្នុងតម្លៃ១,៥ ពាន់លានដុល្លារ។
តាមសៀវភៅមគ្គុទេសក៍ឲ្យដឹងទៀតថា ទីនោះមានតំបន់ទេសចរប្រវត្តិសាស្ត្រចំនួន១៤០កន្លែង ឆ្នេរខ្សាច់ចំនួន១០ តំបន់ទាក់ទាញភ្ញៀវទេសចរ១៨០ កន្លែងទឹកផុសចំនួន៤ កន្លែងងួតទឹកធម្មជាតិច្រើនកន្លែង ហើយពិសេសនោះមានភក់ធម្មជាតិជាង ៣,៣លានតោន ដែលអាចព្យាបាលជំងឺប្រព័ន្ធប្រសាទ និង រលាកបោះវៀន។
នៅដើមឆ្នាំ២០១៧នេះ លោក គីម ជុងអ៊ុនបានបញ្ជូន មន្ត្រីរបស់ខ្លួនចំនួន១៦នាក់ទៅ ប្រទេសអេស្ប៉ាញ ដើម្បីសិក្សាយកចំណុចសំខាន់ៗនៃសំណង់ហើយយកទៅអភិវឌ្ឍន៍ទីក្រុងវ៉ុនសាន។ អ្នកជំនាញរបស់លោកគីម ជុង អ៊ុន មួយក្រុមក៏បានបន្តការស្រាវជ្រាវនៅតាមប្រាសាទបុរាណរបស់ប្រទេស អេហ្ស៊ីប ក្រិច និង ប្រទេសអ៊ីតាលី ផងដែរ ដើម្បីប្រមូលគំនិតទាំងនេះទៅសាងសង់សំណង់។
នៅក្នុងសៀវភៅមគ្គុទេសក៍បញ្ជាក់ ពីការធានាផលប្រយោជន៍របស់ក្រុមហ៊ុន បរទេស ហើយបរទេសអាចដាក់ភាគហ៊ុនរហូតដល់ជាង៦១ភាគរយ។ ចំណែកដីវិញគឺមិនអាចផ្តល់ជាកម្មសិទ្ធិឲ្យទេ តែផ្តល់សិទ្ធិឲ្យក្រុមហ៊ុនគ្រប់គ្រង និង ទទួលផលបានរយៈពេល៥០ឆ្នាំ។
ព្រលានយន្តហោះអន្តរជាតិមួយបានកសាងរួចហើយកាលពីឆ្នាំ២០១៥។ប៉ុន្តែរហូតដល់ពេលនេះ មិនទាន់មានក្រុមហ៊ុនបរទេសណាមួយប្រកាសពីការសហការជាមួយកូរ៉េខាងជើងក្នុងការអភិវឌ្ឍន៍នោះទេ ខណៈសហរដ្ឋអាមេរិកបានចេញបំរាមហាមដល់ប្រជាជនអាមេរិកទាំងអស់មិនឲ្យធ្វើដំណើរទៅកូរ៉េខាងជើងនោះ ជាផ្នែកមួយនៃការដាក់ទណ្ឌកម្ម និង ដើម្បីសុវត្ថិភាពពលរដ្ឋ។ ប្រជាជនអាមេរិកចំនួន១៦នាក់កំពុងជាប់ឃុំនៅពេលដែលធ្វើដំណើរទៅកូរ៉េខាងជើង ហើយត្រូវសមត្ថកិច្ចចាប់ខ្លួនចោទពីបទល្មើសផ្សេងៗ។
នៅពេលលោកគីម ជុងអ៊ុនឡើងកាន់តំណែងជំនាន់ទី៣នៃគ្រួសារត្រកូលគីមគឺលោក ចង់រៀបចំសេដ្ឋកិច្ចប្រទេសនេះឲ្យក្លាយទៅជា ប្រទេសមានទីផ្សារសេរីដើម្បីងាយស្រួលក្នុងការទំនាក់ទំនងជាមួយទីផ្សារពិភពលោក ប៉ុន្តែដោយសារ តែស្ថានភាពនយោបាយកូរ៉េខាងជើងត្រូវអន្តរជាតិដាក់ក្នុងបញ្ជីខ្មៅ ឬ ហៅថាជារដ្ឋឯកកោ។
តាមសារព័ត៌មាន The Guardian បានពិពណ៌នាថា កូរ៉េខាងជើងគឺជាកន្លែងដែលគ្រោះថ្នាក់សម្រាប់ភ្ញៀវទេសចរ បើសិនជាមានការសង្ស័យថា អ្នកនោះជាចារកម្ម ឬ អ្នកធ្វើយុទ្ធនាការផ្សេងដើម្បីបំផុសឲ្យពលរដ្ឋងើបបះបោរប្រឆាំងជាមួយ។ សារព័ត៌មាននេះឲ្យដឹងទៀតថា ក្នុង១ឆ្នាំកូរ៉េខាងជើងទទួលបានភ្ញៀវទេសចរបរទេសប្រមាណ៥០០០នាក់ ប៉ុណ្ណោះ។
បញ្ហាកំពុងប្រឈមមុខខ្លាំងជាមួយអន្តរជាតិ
បញ្ហាប្រឈមខ្លាំងរបស់កូរ៉េខាងជើងជាមួយឆាកអន្តរជាតិគឺកម្មវិធីអាវុធនុយក្លេអ៊ែ។ យ៉ាងហោចណាស់របបកូរ៉េខាងជើងដែលដឹកនាំដោយត្រកូលគីមបានបាញ់សាកល្បងអាវុធនុយក្លេអ៊ែចំនួន៦ដង ក្នុងឆ្នាំ២០០៦ សាកល្បង១លើក នៅឆ្នាំ២០០៩ សាក១លើក ឆ្នាំ២០១៣ ១លើក ២០១៦ សាក២លើក និង ២០១៧ បាញ់១លើកទៀតកាលពីថ្ងៃទី៣ខែកញ្ញា។
ពេលនេះ សហគមន៍អន្តរជាតិរួមទាំងចិនជាសម្ព័ន្ធស្និទ្ធ ក៏ប្រកាសដាក់ទណ្ឌកម្មលើកូរ៉េខាងជើងដែរតាមរយៈកាត់ផ្តាច់ទំនាក់ទំនងសេដ្ឋកិច្ចមួយចំនួន។
ចាប់ពីប្រធានាធិបតីអាមេរិកលោក ដូណល ត្រាំ ឡើងកាន់អំណាចតាំងពីដើមឆ្នាំ២០១៧មក ការវាយប្រហារដោយពាក្យសម្តីកាន់តែខ្លាំងដាក់គ្នា ហើយរួមមានទាំងការចល័តនាវាចម្បាំងរបស់អាមេរិកទៅឧបទ្វីបកូរ៉េ ដោយសារតែបញ្ហានេះ។
អ្នកស្រាវជ្រាវមួយចំនួននៅតែយល់មិនច្បាស់លាស់ពីបំណងពិតប្រាកដនៃការអភិវឌ្ឍន៍ទីក្រុងវ៉ុន សាន ទៅជាកន្លែងសាកល្បងអាវុធផង និង ជាកន្លែងសម្រាប់ភ្ញៀវទេសចរផង។ ប្រែសម្រួលខ្លឹមសារពីទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕