បទស៊ើបអង្កេត៖ ព្រៃសហគមន៍មួយកន្លែងក្នុងខេត្តកំពង់ធំ រងការកាប់ទន្រ្ទាន

ព្រៃសហគមន៍ សាលាឆ្តោ រងការកាប់ទន្រ្ទាន

ព្រៃ​សហគមន៍​បាត់បង់​ដោយ​របៀបណា?

សហគមន៍ព្រៃឈើមួយកន្លែង ក្នុងខេត្ដកំពង់ធំ កំពុងរងការកាប់ទន្រ្ទានពីប្រជាពលរដ្ឋ ការលួចធ្វើអាជីវកម្មខុសច្បាប់ ដោយសារតែ ភាពអសកម្មរបស់អ្នកគ្រប់គ្រងសហគមន៍។ ព្រៃសហគមន៍មួយនេះ ត្រូវបានប្រជាពលរដ្ឋប្រមាណជាង៦០គ្រួសារ ស្នើបង្កើតឡើងនៅឆ្នាំ២០០៤ ហើយកាលនោះ មានប្រជាពលរដ្ឋ តែ៣ទៅ៤គ្រួសារប៉ុណ្ណោះ បានចូលទៅរស់នៅមុនគេ និងចាប់យកមុខរបប បង្កើតឡដុតធ្យូង។ នៅអំឡុងឆ្នាំ២០០៧ និងក្រោយឆ្នាំ២០០៩ រហូតដល់បច្ចុប្បន្ន អាជ្ញាធរថា ប្រជាពលរដ្ឋទាំងនោះ បាននាំគ្នាសម្រុកទៅរស់នៅក្បែរព្រៃសហគមន៍ និងចាប់ច្បាម រុករានព្រៃ ដើម្បីយកដីដាំដំណាំ។

ព្រៃសហគមន៍ សាលាឆ្តោ រងការកាប់ទន្រ្ទាន

មន្ដ្រីឃុំសាលាឆ្តោរៀបរាប់ថា ដោយមើលឃើញមុខរបរធ្វើឡដុតធ្យូងនេះ ប្រជាពលរដ្ឋឯទៀត ក៏បាននាំគ្នាចូលព្រៃ ដើម្បីប្រកបរបបនេះ។ ក្រោយមក ពួកគាត់បានលក់ដីស្រែចម្ការពីដូនតា និងនាំគ្នារស់នៅក្បែរតំបន់ព្រៃសហគមន៍ ហើយសង់លំនៅដ្ឋាន នៅទីនោះជាបន្ដបន្ទាប់។​ កត្តានេះ បានជំរុញឲ្យព្រៃសហគមន៍ បាត់បង់មួយភាគធំ។

មន្ដ្រីឃុំសង្កាត់ឲ្យដឹងថាសព្វថ្ងៃនៅតំបន់សហគមន៍ព្រៃឈើ «សាលាឆ្តោ» មានអ្នកចូលទៅនៅនិងរុនរានខុសច្បាប់ចំនួន១៦គ្រួសារ មកពីភូមិគ្រើល និងមានពលរដ្ឋរស់នៅអាស្រ័យផលក្បែរសហគមន៍ចំនួន១៧៥គ្រួសារ។ ពលរដ្ឋនៅតំបន់នេះ ភាគច្រើន ជាជនជាតិដើមភាគតិចគួយ ប្រកបរបរធ្វើស្រែចម្ការ ដើរព្រៃ និងដាំដំណាំផ្សេងៗ ដែលជាមុខរបរតាមបែបប្រពៃណីដូនតារបស់ពួកគាត់។

ពលរដ្ឋម្នាក់ គឺលោក សឹម រឿន អាយុ៤៩ឆ្នាំ រស់នៅភូមិគគីរ ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង ឲ្យដឹងថា ពលរដ្ឋជនជាតិដើមភាគតិចគួយ នៅតំបន់នេះ ច្រើនប្រកបរបរដើរព្រៃ ធ្វើស្រែចម្ការ ដាំដំណាំផ្សេងៗ និងថា អ្នកខ្លះ ដែលគ្មានដី ដាំដំណាំនឹងគេ បាននាំគ្នាចូលកាប់ព្រៃឈើ និងទន្ទ្រានដីសហគមន៍។

លោក សឹម រឿន និយាយថា តាំងពីបង្កើតព្រៃសហគមន៍ ការកាប់ទន្ទ្រានបានកើនឡើងយ៉ាងខ្លាំង ពីសំណាក់ប្រជាពលរដ្ឋ។ ប៉ុន្ដែលោកសង្ស័យថា ក៏មានឈ្មួញរកស៊ីដីខុសច្បាប់ ក្នុងតំបន់ព្រៃសហគមន៍ផងដែរ ដោយថា កត្ដានេះហើយ ជំរុញឲ្យពលរដ្ឋផ្សេងទៀត ចូលរួមកាប់បំផ្លាញ។

លោក និយាយថា គ្រួសារខ្លះ បែរជាមានប្លង់កម្មសិទ្ធិ និងបានលក់ដីបន្ដឲ្យទៅឈ្មួញ មកពីទីក្រុងភ្នំពេញ និងអ្នកភូមិផ្សេង ដែលមិនបានរស់នៅ អាស្រ័យផលលើដីសហគមន៍នោះ។

លោកថា៖ «នៅម្ដុំយើងស្នោ ប្លុងណី និងនៅភូមិនេះខ្លះកាប់ មុនដំបូង វានៅភូមិនេះវដល់យូរៗទៅ ទៅបង្កើតភូមិឯណោះ ភូមិស្នោ និងប្លុងណី ៣ភូមិ អូម៉ាភូមិទៀត ភូមិគគីរ ប្រធានភូមិតែមួយ។ ដល់នេះក៏គេលក់ ក៏ទៅនៅណោះ អ្នកភូមិនេះ គ្មានដីស្រែទេ មុនដំបូងមានតែកាប់ចម្ការទេ និងធ្វើដីស្រែ។​ អ្នកភូមិនេះអត់មានដីស្រែទេ បើគិតចាប់ត្រឹមទៅក្រោមនោះ សាលាវិស័យនោះមាន នៅខាងសាលាវិស័យអី មានដីច្រើន នៅខាងនេះ ឆ្នាំក្រោយកាប់ កាប់ត ដល់តែព្រៃនេះ វាលួសទៅ ២ ៣ឆ្នាំ វាលួសទៅកាប់ព្រៃនេះទៀត»។

លោក សឹម រឿន អះអាងថា លោកបានសួរនាំប្រជាពលរដ្ឋទាំងនោះដោយផ្ទាល់ ដោយពួកគាត់ឆ្លើយតបថា ដោយសារខ្វះខាតជីវភាព ទើបពួកគាត់សម្រេចចិត្តលក់ដីនោះ ឲ្យទៅអ្នកនៅទីក្រុងភ្នំពេញ។ លោកថា ឈ្នួញទាំងនោះបានយកគ្រឿងចក្រ ទៅឈូសឆាយដី ក្នុងព្រៃសហគមន៍ ហើយអះអាងថា ពួកគេ មានប័ណ្ណកាន់កាប់កម្មសិទ្ធិត្រឹមត្រូវ។ ពលរដ្ឋរូបនេះ យល់ថា ក្រោយទទួលស្គាល់ជាព្រៃសហគមន៍ហើយ ពុំគួរណាមានការលក់ដូរ ឬផ្ទេរបន្ដឲ្យទៅភាគីទី៣ នោះទេ ដោយថា មន្ដ្រីណា ដែលហ៊ានចុះហត្ថលេខាលើការលក់ទិញទាំងនោះ គួរតែត្រូវទទួលខុសត្រូវចំពោះមុខច្បាប់។

ពលរដ្ឋម្នាក់ទៀត គឺអ្នកស្រី ញឹម ហឿន អាយុ៦០ឆ្នាំ និយាយថា អ្នកស្រីពិតជាបានទិញដី ក្នុងតំបន់ព្រៃសហគមន៍សាលាឆ្តោ បន្ដពីឈ្មោះ «តា សុខ» តាំងពីឆ្នាំ២០០០ ដោយថា ដើម្បីយកដីដាំស្វាយចន្ទី និងដំណាំដំឡូង។ ប៉ុន្ដែអ្នកស្រីអះអាងថា នៅពេលទិញដីពីឈ្មោះ «សុខ» នោះ គឺភាគីទាំងពីរ ពុំបានធ្វើកិច្ចសន្យាទិញ-លក់ដីជាលាយលក្ខណ៍អក្សរនោះទេ ប៉ុន្ដែអ្នកស្រីថា ជាការត្រូវរ៉ូវគ្នា តាមរយៈពាក្យសម្ដី ឬផ្ទាល់មាត់ប៉ុណ្ណោះ។

អ្នកស្រី ញឹម ហឿន អះអាងថា បានចូលមករស់នៅ តាំងពីមុនតំបន់នេះ ក្លាយជាព្រៃសហគមន៍ទៅទៀត និងថា នៅឆ្នាំ២០១២ ក្រុមនិស្សិត «សម្ដេចតេជោ ហ៊ុន សែន» ថែមទាំងបានចុះមកវាស់វែង និងបែងចែកដីឲ្យពួកគាត់រស់នៅទៀតផង ប៉ុន្ដែមិនបានចេញប្លង់កម្មសិទ្ធិនោះទេ។

អ្នកស្រីថា៖ «ខ្ញុំអត់មានស៊ីញ៉េទេ ដីហ្នឹង តំបូងគាត់យកលុយខ្ញុំសិន ដល់ពេលគាត់អត់មានឲ្យខ្ញុំ គាត់ថា ហឿនឯង ធ្វើដីហ្នឹងទៅ ខ្ញុំអត់ធ្វើខ្លួនឯង ខ្ញុំមានលុយណាឲ្យ ឃើញស្រាប់ហើយ ប្រពន្ធគាត់ខ្វិនទាល់រាល់ង៉ៃហ្នឹងណា ក៏គាត់ថា បងហឿន ឯងធ្វើដីហ្នឹងទៅ ក៏ខ្ញុំដាំដំឡូង ម៉ាសានិស្សិតមក ខ្ញុំធ្វើរបង ដាំដំឡូងរួចអស់ហើយតើ ចាស់ខ្ញុំទៅធ្វើភ្ជួរធ្វើមែនតើ មិនមែនកូនខ្ញុំទេ ខ្ញុំបណ្ដោយ»។

ក្នុងលិខិតចុះថ្ងៃទី២០កក្កដាឆ្នាំ២០១២ រដ្ឋាភិបាលបានផ្ដល់សិទ្ធិឲ្យ​គណៈកម្មាធិការគ្រប់គ្រងដីរដ្ឋ ខេត្តកំពង់ធំ សហការជាមួយក្រុមនិស្សិតស្ម័គ្រចិត្ត ចុះវាស់វែងលើដីសហគមន៍ ដើម្បីសម្រួលដល់ប្រជាពលរដ្ឋ ដែលបានតាំងទីលំនៅ ឬចូលកាន់កាប់ដីជាក់ស្ដែង។ ប៉ុន្ដែមិនបានចេញជាប្លង់កម្មសិទ្ធិឲ្យនោះទេ។ បើតាមលិខិតនេះ ក្រុមនិស្សិត មិនអាចវាស់វែងបានទេ ប្រសិនបើដីនោះមានវិវាទ ឬករណីប្រជាពលរដ្ឋ ចូលទៅរស់នៅក្រោយថ្ងៃទី៧ឧសភាឆ្នាំ២០១២។ នេះបើតាមឯកសារ ដែលអ្នកស្រី ញឹម ហឿន ផ្ដល់ឲ្យ។

នាយសង្កាត់រដ្ឋបាលព្រៃឈើឃុំសាលាវិស័យ លោក ភោគ ច័ន្ទត្រា មិនអាចពន្យល់ ថាតើទំហំដីព្រៃសហគមន៍នៅសល់ប៉ុណ្ណា បន្ទាប់ពីក្រុមនិសិត្សចុះវាស់វែង និងបែងចែកដី ជូនប្រជាពលរដ្ឋនោះទេ។

ប្រជាពលរដ្ឋចំនួន ៧គ្រួសារផ្សេងទៀត ដែលបានផ្ដល់បទសម្ភាសន៍ និយាយថា ពួកគាត់ពិតជាបានកាប់ព្រៃសហគមន៍ ដើម្បីយកឈើធ្វើផ្ទះ និងដំាំដំណាំផ្សេងៗ និងខ្លះទៀតចោទថា មានអ្នកលួចកាប់ឈើ ដើម្បីលក់ឲ្យឈ្នួញទៀតផង។ ពលរដ្ឋទាំងនោះ ដាក់ការសង្ស័យថា មានការឃុបឃិតគ្នា រវាងសមាជិកគណៈកម្មាការព្រៃសហគមន៍ និងអាជ្ញាធរមូលដ្ឋានមុនៗ ដោយពួកគាត់ថា មានជាប់ពាក់នឹងការទិញលក់ដី ក្នុងតំបន់ព្រៃសហគមន៍។ ពួកគាត់អះអាងទៀតថា មានមនុស្ស យកគ្រឿងចក្រទៅឈូសឆាយ​​និងកាប់រានដីព្រៃ ប៉ុន្ដែអ្នកទាំងនោះឆ្លើយតប​ថា ពួកគេមានលិខិតបញ្ជាក់កម្មសិទ្ធិស្របច្បាប់។

ក្រុមប្រជាពលរដ្ឋអះអាងថា៖ ទី១៖ «ដល់ឃើញគេកាប់ គេកាប់អស់ហើយ ក៏កាប់ដែរ ដល់ទៅគេឈូសឆាយប៉ុន្មានកន្លែង ទាំងគេ ទាំងឯងកាប់ដែរ អាឈូសរានបានគេកាប់» ទី២៖«ពួកឈ្មួញកណ្ដាល បើស្ថិតក្នុងសហគមន៍ ត្រូវដកចោលឲ្យអស់ ហើយដល់តែពេលម្ចាស់គេអ្នកឈូស យើងដឹងសកម្មភាពហើយ» ទី៣៖ «ចឹង បានជាខ្ញុំនិយាយពីភូមិនោះថា ក្នុងប្លង់សហគមន៍ ចេញប្លង់ហើយ មិនអាចយកដីទៅធ្វើប្លង់ឲ្យឯកជនបានទេ។ អានេះខទី១ ខទី២ បើមានឈ្មោះណា បើនរណា ហ៊ានស៊ីញ៉េ គឺអ្នកទទួលមុខច្បាប់»។

ពលរដ្ឋមួយគ្រួសារទៀត គឺអ្នកស្រី ហ៊ុត សុភា និងស្វាមី លោក ឡៃ គីមឡុង ឲ្យដឹងថា ពួកគាត់បានទិញដីក្នុងតំបន់សហគមន៍។ បើតាមការឲ្យដឹងរបស់អ្នកទាំងពីរ ដីដែលទិញនោះមានទំហំជាង ៥ហិកតា (៥ហត្ថ) ស្មើនឹងទឹកប្រាក់ចំនួន ៥ ៥០០ដុល្លារ (៥ពាន់៥រយដុល្លារ)។

ក្នុងកិច្ចសន្យាផ្ទេរដី ដែលសរសេរដោយផ្ទាល់ដៃនោះ បំភ្លឺថា ការទិញលក់ដីនេះ មានការទទួលស្គាល់ និងចុះហត្ថលេខា ដោយប្រធានសហគមន៍សាលាឆ្តោ លោក ជន ឃន កាលពីខែមិថុនាឆ្នាំ២០១៧។

អ្នកស្រី ហ៊ុត សុភា និយាយថា៖ «ខ្ញុំទិញដីចម្ការស្វាយចាស់ ដែលម្ចាស់ដើមគេធ្វើតាំងពីឆ្នាំ២០០២ ដែលទិញពីប្ដីគេឈ្មោះ យ៉ង អោម ហើយប្រពន្ធគេឈ្មោះ លៀម ផាត ដែលមានផលចន្ទី នៅលើនោះ។ ទិញតម្លៃ គិតជាលុយដុល្លារ ១ពាន់១រយដុល្លារ ១ហត្ថ ទំហំ ៥ហិកតា»។

យើងបានទៅដល់ផ្ទះ ប្រធានសហគមន៍សាលាឆ្តោ លោក ជន ឃន ប៉ុន្ដែ មិនអាចទាក់ទងសុំការបំភ្លឺបានទេ។  វីអូឌី បានព្យាយាមទាក់ទងតាមទូរស័ព្ទជាច្រើនដង ប៉ុន្ដែលេខនោះ ចុចលែងចូល។ ដោយឡែកមន្ដ្រីឃុំសង្កាត់ឲ្យដឹងថា លោក ជន ឃន បានរត់គេចខ្លួន ទៅប្រទេសថៃបាត់ទៅហើយ។ ពលរដ្ឋម្នាក់ទៀត ក្នុងលក្ខខ័ណ្ឌសុំមិនបញ្ចេញឈ្មោះ បានផ្ដល់សំឡេង ដែលបានថត នៅផ្ទះ អតីតសមាជិកគណៈកម្មាការគ្របគ្រង់ព្រៃសហគមន៍ម្នាក់គឺ លោក ធូក និល កាលពីខែសីហាឆ្នាំ២០១៧។ ខ្លឹមសារនៅក្នុងសំឡេងថតនោះ លាតត្រដាងពីការជជែកគ្នា និងការចែកប្រាក់ ដែលបានមកពីការទិញលក់ដីមួយកន្លែង ក្នុងព្រៃសហគមន៍។

អតីតសមាជិកគណៈកម្មាការព្រៃសហគមន៍ ដែលកាន់តំណែងនេះ ពីឆ្នាំ២០០៤ដល់២០០៧ លោក ធូក និល បដិសេធថា មិនបានដឹងរឿងលក់ដូរដីព្រៃសហគមន៍ឡើយ។ ប៉ុន្ដែលោករំលឹកថា មុនព្រៃសហគមន៍សាលាឆ្តោ ទទួលស្គាល់នៅឆ្នាំ២០០៩ គឺពុំមានប្រជាពលរដ្ឋ ចូលទៅរស់នៅច្រើនទេ ដោយថា មានតែ២ ទៅ៣គ្រួសារប៉ុណ្ណោះ ដែលថា មានឈ្មោះ «ឈីង ឃន» បានចូលទៅនៅមុនគេ។

លោករៀបរាប់ថា ខណៈកាន់តំណែងប្រធានសហគមន៍ លោកបានជួបបញ្ហាទិញ-លក់ដី ក្នុងតំបន់សហគមន៍ផងដែរ ដោយថា អតីតជំទប់ទី១ លោក យ៉ាត ភត មានជាប់ពាក់ព័ន្ធ ក្នុងការចុះហត្ថលេខាទិញលក់នោះ។

លោកថា៖ «ខ្ញុំអត់ដឹងទេ អត់ច្បាស់ខ្ញុំអត់និយាយទេ ព្រោះអត់ដឹង បើដឹងតាមគេដែរ ខ្ញុំអត់និយាយទេ ព្រោះមិនពិត […] ដោយសារអាដីនេះឯង ដែលខ្ញុំនៅធ្វើប្រធាន ខ្ញុំដឹងហើយ ខ្ញុំទៅប្រាប់មេភូមិ ខ្ញុំថា ដីអ្នកឯងទិញមកពីណា មកពីណី នៅតំបន់សហគមន៍ទេ អត់ឲ្យធ្វើទេ គាត់ក៏ខឹងខ្ញុំ គាត់ខឹងនឹងខ្ញុំ ស្ដីឲ្យខ្ញុំ។ សរសេរដាក់ឈ្មោះខ្ញុំទៀត ខ្ញុំអត់បានទៅមើលទេ សរសេរដាក់ឈ្មោះខ្ញុំទៀត ខ្ញុំថា អត់ត្រូវសរសេរដាក់ឈ្មោះខ្ញុំទេ ព្រោះខ្ញុំអត់បានទៅសិក្សាទេ ម៉េចសរសេរដាក់ គាត់ថា អត់អីទេ អាភត (យ៉ាត ភត)»។

ពលរដ្ឋម្នាក់ទៀត គឺលោក សោម យូរី ប្រាប់ថា ឪពុកមា និងឪពុករបស់លោកឈ្មោះ សោម ផុន បានទិញដី ក្នុងតំបន់សហគមន៍សាលាឆ្តោ តាំងពីឆ្នាំ២០០៧ និងថា ឪពុកលោក ​បានបែងចែកដីនោះឲ្យទៅកូនៗ ចំនួន៧នាក់ ដោយម្នាក់ៗ ទទួលបាន៥ហិកតា។ ប៉ុន្ដែនៅពេលទិញដីនោះ លោកថា មិនបានដឹង រឿងបង្កើតព្រៃសហគមន៍ទេ ដោយលោកថា អាជ្ញាធរមិនបានពន្យល់ប្រាប់។

លោកថា៖ «៥ហិកតា ច្រើន គេមានឈ្មោះគេ មួយម្ចាស់ៗ និយាយរួមបងប្អូន៧នាក់ ឈ្មោះ សោម ផៃ សោម សុជាតិ ៥ហិកតាទាំងអស់។ គឺអត់មានអាជ្ញាធរមកទេ គឺអត់ទាន់ទទួលដំណឹងអ្វីទាំងអស់ បើសិនដឹងកាលនោះ ក៏ខ្ញុំអត់ទិញដែរ»។

ក្នុងលិខិតទិញ-លក់ ដែលលោក យូរី ផ្ដល់ឲ្យ បញ្ជាក់ថា គឺមានការចុះហត្ថលេខាទទួលស្គាល់ដោយអនុភូមិគរគី លោក ហេង លី និងមេឃុំសាលាវិស័យ លោក យ៉ាត ភត។ កិច្ចសន្យានេះ ត្រូវបានចុះកាលបរិច្ឆេទនៅថ្ងៃទី២៩ខែវិច្ឆិកា ឆ្នាំ២០០៧ គឺជាង​៣ឆ្នាំ​ក្រោយពេល​ដែល​តំបន់​នេះ​ត្រូវ​បាន​ដាក់​បញ្ចូល​ថា​ជា​ព្រៃ​សហគមន៍។

អតីតប្រធានព្រៃសហគមន៍ ដែលកាន់តំណែងនេះពីឆ្នាំ២០០៤ដល់ឆ្នាំ២០០៧ លោក ធួន លីន រំលឹកថា កាលលោកនៅកាន់តំណែង គឺការកាប់ទន្ទ្រានពុំសូវកើតមានឡើយ។ ប៉ុន្ដែលោកថា ក្រោយលោកសុំលាលែងពីតំណែង សកម្មភាពកាប់បំផ្លាញបានកើនឡើងយ៉ាងខ្លាំង ពីសំណាក់ក្រុមប្រជាពលរដ្ឋ ដែលស្វែងរកដីដាំដំណាំ និងលំនៅឋានថ្មី។

លោក ធួន លីន ឲ្យដឹងថា ក្រោយផ្លាស់ប្ដូរសមាសភាពគណៈកម្មាការព្រៃសហគមន៍ជាបន្ដជាបន្ទាប់ លោកថា គឺស្ថិតក្រោមការមើលថែ របស់ប្រធានព្រៃសហគមន៍សាលាឆ្តោ លោក ជន ឃន ដែលលោកថា ធ្វើឲ្យព្រៃសហគមន៍ ចេះតែហិនហោច។ លោកថា លោក ជន ឃន មិនសូវអើពើ ចាត់វិធានការទប់ស្កាត់ករណីកាប់ទន្ទ្រានដីព្រៃសហគមន៍ទេ។ មូលហេតុចំបងមួយទៀតនោះ លោកថា គឺប្រជាពលរដ្ឋខ្លួនឯង នាំគ្នាកាប់បំផ្លាញព្រៃឈើក្នុងសហគមន៍ រហូតមានទំនាស់ និងឈានដល់ការប្រើហិង្សា ជាមួយអាជ្ញាធរទៀតផង។

លោកថា៖ «ហាមដែរ ឃើញគ្នាឯងកាប់ ក៏កាប់តគ្នាៗ។​ ហាមដែរ ប្រជុំហាមដែរ ហាមរាល់ដង ប៉ុន្ដែបងប្អូន នៅចេះតែគំរាមកាប់ វាខុសនោះឯង ប៉ុន្ដែវាហាមមិនស្ដាប់ អ្នកភូមិនេះឯង។​ មេឃុំថា គេកាប់បានស៊ី ម៉េចអ្នកឯងមិនកាប់នឹងគេ ជន ឃន»។

មន្ដ្រីកម្មវិធីរបស់វិទ្យាស្ថានផ្នែកតស៊ូមតិ និងគោលនយោបាយ លោក ជា សុវណ្ណារិទ្ធិ មានប្រសាសន៍ថា តាមច្បាប់ស្ដីពីព្រៃឈើ គឺប្រជាពលរដ្ឋទាំងនោះ មិនអាចកាប់ទន្ទ្រានដីព្រៃ បន្ទាប់ពីសហគមន៍ ត្រូវបានបង្កើត និងទទួលស្គាល់ ដោយរដ្ឋាភិបាលឡើយ។ លោកថា មានកត្ដាមួយចំនួន ជំរុញឲ្យព្រៃសហគមន៍នេះ ចេះតែហិនហោច ដូចជា ការចូលរួមកាប់បំផ្លាញដោយប្រជាពលរដ្ឋ និងភាពកម្សោយ របស់គណៈកម្មាការគ្រប់គ្រងព្រៃសហគមន៍។

លោកថា៖ «ក្រោយពីគាត់បានទទួលស្គាល់ ទោះបីមិនទាន់ទទួលស្គាល់ដោយក្រសួងនៅថ្នាក់ជាតិ គាត់ទទួលស្គាល់ត្រឹមខេត្តឃុំស្រុកក៏ដោយ គឺគាត់អត់មានសិទ្ធិ វាស់វែងដីលក់ឲ្យក្រុមហ៊ុន បើគាត់ចង់លក់ លុះត្រាមានការព្រមព្រៀង ពីភាគីពាក់ព័ន្ធធំៗ ថ្នាក់ជាតិ ថ្នាក់ខេត្ត ស្រុក ហើយនិងឃុំ។ ប៉ុន្ដែយើងអាចនិយាយចំណុចមួយទៀតបញ្ហានេះ អាចកើតឡើងបាន វាអាចមានការឃុបឃិតគ្នាផ្នែកណាមួយ នៅក្នុងមូលដ្ឋានហ្នឹង ពិសេសគឺសហគមន៍ ដែលមិនទាន់បានចុះបញ្ជីត្រឹមត្រូវ អញ្ចឹងនៅពេលដែលមិនទាន់បានចុះបញ្ជីត្រឹមត្រូវ គឺគាត់អត់ទាន់មានបង្គោលព្រំត្រឹមត្រូវ មិនដឹងដែនសមត្ថកិច្ចរបស់គាត់ត្រឹមណា ដែលជាដីសហគមន៍ ត្រឹមណា ជាដីរបស់ប្រជាពលរដ្ឋ»។

នាយសង្កាត់រដ្ឋបាលព្រៃឈើឃុំសាលាវិស័យ លោក ភោគ ច័ន្ទត្រា រំលឹកថា ការកាប់ទន្ទ្រានដីព្រៃសហគមន៍ បានកើតឡើងតាំងពីយូរហើយ និងថា ទំហំព្រៃសហគមន៍សាលាឆ្តោ តាមការប៉ាន់ស្មានរបស់លោក គឺនៅសល់តែជាង ៣០ភាគរយប៉ុណ្ណោះ។

លោកឲ្យដឹងថា អាជ្ញាធរបានចុះស្រាវជ្រាវ និងស្វែងរកអ្នកជាប់ពាក់ព័ន្ធ ដោយថា នៅឆ្នាំ២០១៦ អាជ្ញាធរបានរកឃើញ ចំនួន៥៥គ្រួសារ កំពុងរស់នៅអាស្រ័យផលក្បែរតំបន់សហគមន៍ និងការរុករានថ្មីចំនួន៧កន្លែង។

បើតាមលោក ភោគ ច័ន្ទត្រា កន្លងមក អាជ្ញាធររកឃើញ មានម្ចាស់ប្លង់កម្មសិទ្ធិស្របច្បាប់ចំនួន៧ ស្មើនឹងទំហំដីជាង ៣០ហិកតា ដោយថា អាជ្ញាធរមិនមានចំណាត់ការនោះទេ ព្រោះប្លង់ទាំងនោះ មានការចុះហត្ថលេខាទទួលស្គាល់ ដោយមន្ទីរសុរិយោដី និងនគរូបនីយកម្មនិងសំណង់ខេត្តកំពង់ធំ។

សហគមន៍ព្រៃឈើសាលាឆ្តោ

មេឃុំសាលាវិស័យ លោក ជីន ហ៊ីន មានប្រសាសន៍ថា ព្រៃសហគមន៍សាលាឆ្ដោនេះ មានសារៈសំខាន់ខ្លាំងណាស់ ដែលថា អាចផ្ដល់ជាជំរកសត្វ ផ្ដល់ជាដីដំណាំ ជួយទប់មិនឲ្យមានជំនន់ទឹកភ្លៀង បំលាស់ប្ដូរអាកាសធាតុ និងទ្រទ្រង់ជីវភាពប្រជាជន។

បើតាមរបាយការណ៍ស្ថិតិប្រជាពលរដ្ឋនៅឆ្នាំ២០១៧ ក្នុងឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង មានពលរដ្ឋសរុបចំនួន ២ ៣៧៧នាក់ ស្មើនឹង ៣២៣គ្រួសារ ភាគច្រើនជាជនជាតិដើមភាគតិចគួយ ដែលប្រកបរបរដើរព្រៃ កាប់ឈើលក់ ធ្វើស្រែ និងដាំដំណាំបង្ការផ្សេងៗ។

សហគមន៍ «សាលាឆ្តោ» មានទីតាំងស្ថិតក្នុងភូមិគគីរ ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង ខេត្ត​កំពង់ធំ។​ វា​ត្រូវបានផ្ដួចផ្ដើមបង្កើតឡើងនៅឆ្នាំ២០០៤ និងត្រូវបានទទួលស្គាល់នៅឆ្នាំ២០០៩។​ ព្រៃសហគមន៍នេះ មានទំហំសរុបចំនួន១០០៦ហិកតា។

ផ្លូវទៅព្រៃសហគមន៍ សាលាឆ្តោ ដែលរងការកាប់ទន្រ្ទាន

បើតាមមន្ដ្រីឃុំសង្កាត់ តាំងពីបង្កើតឡើង រហូតដល់ពេលបច្ចុប្បន្ន គណៈកម្មាការគ្រប់គ្រងព្រៃសហគមន៍​ មានចំនួន៣អាណត្តិ ប៉ុន្ដែ មានប្រធានព្រៃសហគមន៍ចំនួន ២រូប គឺលោក ធួក និល និងលោក ជន ឃន។

ទិន្នន័យអង្គការទិន្នន័យអំពីការអភិវឌ្ឍ (Open Development Cambodia) បង្ហាញថា នៅកម្ពុជា មានសហគមន៍ព្រៃឈើចំនួន ៣៣៧កន្លែង។ សហគមន៍នីមួយៗ មានទំហំលាតសន្ធឹងខុសៗគ្នា ដោយសហគមន៍ខ្លះតិចជាង ១០ហិកតា និងសហគមន៍ខ្លះទៀត មានដល់ទៅជាង ៥០០០ហិកតា។

បើតាមប្រកាស ចុះថ្ងៃទី១៩ខែកញ្ញាឆ្នាំ២០០៨ ក្នុងខេត្ដកំពង់ធំ ពីដំបូងឡើយ មានព្រៃសហគមន៍ចំនួន ៤៨កន្លែង ឬស្មើនឹងផ្ទៃដី ៤០៨៦៥,៩១ ហិកតា ប៉ុន្ដែបានកើនដល់ ៨២សហគមន៍ នៅឆ្នាំ២០១៣។ បើតាមមន្ដ្រីឃុំសង្កាត់ ក្នុងស្រុកប្រាសាទបល្ល័ង មានសហគមន៍ព្រៃឈើចំនួន ១១កន្លែង ក្នុងនោះ តំបន់រងគ្រោះជាងគេ គឺសហគមន៍ «សាលាឆ្តោ» និង «ជាំម្រេច»។

សហគមន៍ព្រៃឈើ ត្រូវបានគ្រប់គ្រងដោយច្បាប់ស្ដីពីព្រៃឈើឆ្នាំ២០០២។ ហើយអនុក្រឹត្យនៅឆ្នាំ២០០៣ បានកំណត់អំពីបទបញ្ញាត្តិនានា សម្រាប់ការបង្កើត គ្រប់គ្រង និងការប្រើប្រាស់ព្រៃសហគមន៍ ក្នុងប្រទេសកម្ពុជា។ បើតាមច្បាប់នេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានតួនាទីពិនិត្យ និងជួយដល់ការគ្រប់គ្រងសហគមន៍ព្រៃឈើទាំងនោះ។

គណៈកម្មាការ​គ្រប់គ្រងសហគមន៍​ថ្មី

មេឃុំសាលាវិស័យ ដែលទើបឡើងថ្មី លោក ជីន ហ៊ីន មានប្រសាសន៍ថា ដោយមើលឃើញ ព្រៃសហគមន៍ ចេះហិនហោចទៅ លោកថា អាជ្ញាធរមូលដ្ឋាន​ និងនាយខណ្ឌរដ្ឋបាលព្រៃឈើ បានសម្រេចបង្កើតគណៈកម្មាការគ្រប់គ្រងព្រៃសហគមន៍ថ្មី ដើម្បីចុះស្រង់ទិន្នន័យ និងដោះស្រាយបញ្ហាជាក់ស្ដែង។

លោកថា ក្រុមការងារជួបបញ្ហាជាច្រើន ដូចជា កង្វះខាតឯកសារពាក់ព័ន្ធនឹងព្រៃសហគមន៍ ចំនួនពលរដ្ឋ ដែលកាន់កាប់ដីខុសច្បាប់ ទំហំព្រៃសហគមន៍ ដែលនៅសល់ និងអត្តសញ្ញាណឈ្មួញរកស៊ី ដោយលោកថា ប្រធានព្រៃសហគមន៍ លោក ជន ឃន តែងគេចវេស មិនព្រមសហការជាមួយ។

មិនខុសពីមន្ដ្រីមូលដ្ឋានផ្សេងទៀត លោក ជីន ហ៊ីន ពន្យល់ថា គឺប្រជាពលរដ្ឋ ជនជាតិដើមភាគតិចគួយ ដែលរស់នៅជាប់នឹងព្រៃសហគមន៍នោះ ជាអ្នកចូលរួមកាប់បំផ្លាញ ដោយថា មានពេលខ្លះ ពួកគាត់ថែមទាំងបានតបតប្រឆាំង និងប្រើកម្លាំងជាមួយសមត្ថកិច្ចទៀតផង។

លោកថា៖ «ប៉ុន្ដែកម្រិតនៃការស្រង់ទិន្នន័យនោះ មិនទាន់បានលទ្ធផលនៅឡើយទេ ដោយសារប្រធានសហគមន៍​ ជន ឃន ចេះតែគេច គាត់មិនផ្ដល់ព័ត៌មានឲ្យយើង វាធ្វើឲ្យក្រុមប្រឹក្សាយើង ដែលចុះទៅនឹង ពិបាកទំនាក់ទំនង ហ្នឹងហើយ ដោយសារបងប្អូនគាត់រាយការណ៍មកយើង គាត់ថា ជន ឃន មានជាប់ពាក់ព័ន្ធ […] ហើយ ឃន គាត់អួតថា គេធ្វើហើយ ដាក់ ឃន ទៅ លើសដើម រហូតដល់សព្វថ្ងៃនេះ យើងរកអ្នកឈរឈ្មោះអត់បានទេ។ អ្នកដែលសហគមន៍នេះ ពីមុនមក គឺយើងប្តឹង តែហ៊ានថា គណៈកម្មាការព្រៃសហគមន៍ហ្នឹងកាប់ យើងចាប់ហើយ រដ្ឋបាលព្រៃឈើ អញ្ចឹងគាត់ហ៊ានកាប់ទេ តែ ឃន ហ្នឹង ថា នឹងធ្វើឲ្យបាន ប៉ុន្ដែពេលធ្វើលើសដើម…»។

លោក ភោគ ច័ន្ទត្រា ទទូចថា ត្រូវមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ពិសេសនោះ គឺគណៈកម្មាការព្រៃសហគមន៍ ត្រូវមានផែនការគ្រប់គ្រងច្បាស់លាស់ តាមរយៈការដាំដើមឈើឡើងវិញឲ្យបានច្រើន និងទប់ស្កាត់បទល្មើស មិនឲ្យកើតមានជាថ្មី។

លោកថា៖ «មិនមែនចូលរួមតែគណៈកម្មាការប៉ុន្មាននាក់ហ្នឹងទេ សមាជិកក៏ត្រូវចូលរួមដែរ ដើម្បីយាមការពារព្រៃសហគមន៍ឲ្យបានគង់វង្ស។ គាត់ត្រូវរៀបចំផែនការ តំបន់ណា ត្រូវដកហូតជាឈើចំរ៉ឹង ជាបង្គោល ជាអុស កន្លែងណា ត្រូវដាំឈើឡើងវិញ កន្លែងគាត់ត្រូវអភិរក្ស អាហ្នឹងគាត់ត្រូវធ្វើរៀបផែនការប្រចាំឆ្នាំ ដើម្បសហការជាមួយរដ្ឋបាលព្រៃឈើ ហើយក៏ដូចជា អង្គការមួយចំនួន ដែលគេមានថវិកា គាំទ្រ ទ្រទ្រង់»។

នាយសង្កាត់រដ្ឋបាលព្រៃឈើរូបនេះបន្ដថា បច្ចុប្បន្ន សង្កាត់រដ្ឋបាលព្រៃឈើ និងអាជ្ញាធរពាក់ព័ន្ធ បានព្យាយាមរៀបចំឲ្យមានការបោះឆ្នោតជ្រើសរើស គណៈកម្មាការគ្រប់គ្រងព្រៃសហគមន៍ថ្មី និងថា កំពុងស្វែងរកភស្ដុតាង ដើម្បីចាប់ខ្លួនអ្នកប្រព្រឹត្តល្មើស មកដាក់ទោសតាមច្បាប់។

ដើម្បីអភិរក្សសហគមន៍សាលាឆ្តោឲ្យគង់វង្សឡើងវិញ លោក ជា សុវណ្ណារិទ្ធិ ជំរុញឲ្យភាគីពាក់ព័ន្ធពង្រឹងសមត្ថភាពគណៈកម្មាការព្រៃសហគមន៍មុនគេ បង្កើនការអប់រំប្រជាពលរដ្ឋ ជាពិសេស គឺត្រូវរកដំណោះស្រាយចំពោះដី ដែលមានវិវាទ តាមរយៈការផ្ដល់សំណងសមរម្យ ដើម្បីឲ្យពួកគាត់ចាកចេញ។

បើតាមលោក ភោគ​ ច័ន្ទត្រា អាជ្ញាធរឃុំសង្កាត់ បានចេញលិខិតព្រមាន និងធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពជាច្រើនមកហើយ បន្ទាប់ពីមានករណីលួចកាប់ឈើ និងធ្វើឡដុតធ្យូង ក្នុងព្រៃសហគមន៍។ ប៉ុន្ដែ លោកថា មិនទាន់មានការប្ដឹងផ្ដល់ ឲ្យតុលាការផ្ដន្ទាទោសនោះទេ។

លោកបន្ថែមថា គណៈកម្មាការព្រៃសហគមន៍ ដែលនឹងបង្កើតថ្មីនោះ ត្រូវពង្រឹងសមត្ថភាពគ្រប់គ្រងដោយខ្លួនឯង បង្កើនការយល់ដឹងរបស់ប្រជាពលរដ្ឋ បូករួមទាំងការចូលរួមរបស់ខណ្ឌរដ្ឋបាលព្រៃឈើ និងការកំណត់ផែនគ្រប់គ្រងប្រចាំឆ្នាំឲ្យបានច្បាស់លាស់ ដើម្បីធានាថា ការប្រើប្រាស់ព្រៃសហគមន៍ មានតុល្យភាព និងនិរន្ដភាព។

វាសនាអ្នក​រស់នៅ​និង​អាស្រ័យផលលើ​ដីព្រៃសហគមន៍

លោក ភោគ​ ច័ន្ទត្រា ឲ្យដឹងថា សម្រាប់អ្នកមានប្លង់កម្មសិទ្ធិ គឺត្រូវបានអនុញ្ញាតឲ្យរស់នៅអាស្រ័យផលបន្ដ វាលែងតែមានការសម្រេចពីថ្នាក់លើប៉ុណ្ណោះ។ ចំណែក អ្នកចូលរុករានថ្មី និងអ្នកជាប់ពាក់ព័ន្ធផ្សេងទៀត លោកថា កំពុងស្វែងរកអត្តសញ្ញាណនៅឡើយ ដើម្បីកសាងសំណុំរឿងទៅតុលាការ។ ទោះយ៉ាងណាលោក​បានបញ្ជាក់​ថាចំពោះប្រជាពលរដ្ឋ ដែលរស់នៅក្បែរតំបន់សហគមន៍ គឺត្រូវបានអនុញ្ញាតឲ្យរស់នៅអាស្រ័យផលដដែល ប៉ុន្ដែ អាជ្ញាធរបានធ្វើការកំណត់ព្រំសម្គាល់ដីព្រៃសហគមន៍ ដើម្បីចៀសវាងកុំឲ្យមានការរុករានតទៅទៀត។

ច្បាប់ផ្តន្ទាទោស​ជនល្មើស

ច្បាប់ព្រៃឈើ នៃព្រះរាជាណាចក្រកម្ពុជា ពន្យល់ថា ការរំលោភយកដីក្នុងតំបន់ការពារ ឬព្រៃសហគមន៍ នឹងមានទោសជាប់ពន្ធនាគារពី១ ទៅ៥ឆ្នាំ និងពិន័យជាប្រាក់ពី១០លានទៅ១០០លានរៀល ដូចជា ការមិនគោរពតាមផែនការគ្រប់គ្រង និងផែនការប្រមូលផលប្រចាំឆ្នាំ ការប្រើប្រាស់គ្រឿងចក្រទៅឈូសឆាយដីព្រៃ និងអនុផលព្រៃឈើដោយគ្មានលិខិតអនុញ្ញាត និងការប្រើប្រាស់ដី លើសពីទំហំអនុញ្ញាត ដើម្បីសង់លំនៅដ្ឋានជាដើម។

ច្បាប់នេះក៏បានផ្ដល់សិទ្ធិឲ្យរដ្ឋបាលព្រៃឈើ ចេញលិខិតព្រមាន ឬឲ្យចេញសំណងជួសជុលការខូចខាត និងអាចកសាងសំណុំរឿងបញ្ជូនទៅតុលាការទៀត បើសិនជាអ្នកប្រព្រឹត្តខុសនោះ មិនព្រមបង់ប្រាក់ពិន័យ ឬករណីមិនរាងចាល។

បើតាមច្បាប់ដដែលនេះ ចំពោះ អាជ្ញាធរមូលដ្ឋាន និងមន្ដ្រីនគរបាល ដែលជាប់ពាក់ព័ន្ធ ឬបានជួយអន្ដរាគមន៍ ដល់ការធ្វើអាជីវកម្មព្រៃឈើ គឺអាចជាប់ពន្ធនាគារពី ១ទៅ៥ឆ្នាំ និងពិន័យជាប្រាក់ពី១០ ទៅ១០០លានរៀល៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ