របាយការណ៍របស់មូលនីធិរូបិយវត្ថុអន្តរជាតិ ហៅកាត់ថា IMF បានឲ្យដឹងថា ប្រទេសចិនជាម្ចាស់បំណុលធំបំផុតរបស់កម្ពុជាដែលកាន់កាប់ជាង ៧០ភាគរយនៃបំណុលទ្វេរភាគីដែលកម្ពុជាជំពាក់បរទេសទាំងអស់ ខណៈរុស្ស៊ី និងអាមេរិកគ្រប់គ្រងជាង ១៣ភាគរយ។
របាយការណ៍ IMF ដែលចេញផ្សាយកាលពីខែតុលាកន្លងទៅ ដែលវីអូឌីទើបទទួលបាន បានឲ្យដឹងថា គិតត្រឹមឆ្នាំ២០១៦ កម្ពុជាជំពាក់បំណុលបរទេសសរុបមានទំហំប្រមាណ ៦,៤៥ពាន់លានដុល្លារអាមេរិក ប្រហែលនឹង ៣២ភាគរយនៃGDP។ បំណុលសាធារណៈនេះត្រូវបានបែងចែកជាបំណុលពហុភាគី និងទ្វេរភាគី ដែលបំណុលពហុភាគីកម្ពុជាជំពាក់បរទេសមានប្រមាណ ២ពាន់លានដុល្លា ខណៈបំណុលទ្វេរភាគីមានចំនួន ៤ ៣៦៩លានដុល្លារអាមេរិក។
ក្នុងបំណុលទ្វេរភាគីដែលកម្ពុជាជំពាក់បរទេសនោះ គឺប្រទេសចិនឈរលំដាប់ថ្នាក់ទីមួយដែលគ្រប់គ្រងជាង ៧០ភាគរយនៃបំណុលទាំងអស់ ខណៈដែលជាង ១៣ភាគរយ កម្ពុជាជំពាក់បំណុលរុស្ស៊ី និងអាមេរិក ហើយកំពុងស្ថិតក្នុងការចរចារ។
ក្នុងទំហំនេះ បើគិតពីទឹកប្រាក់ដែលកម្ពុជាជំពាក់ចិនត្រឹមឆ្នាំ២០១៦នោះ គឺមានតម្លៃប្រមាណជាង ៣ពាន់លានដុល្លារអាមេរិក។
វីអូឌីមិនអាចទាក់ទងអ្នកនាំពាក្យក្រសួងសេដ្ឋកិច្ចណាម្នាក់ដើម្បីបញ្ជាក់បន្ថែមបាននោះទេ។
ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់កំណាត់ផ្លូវជាតិលេខ៦ កាលពីថ្ងៃទី៦ខែមេសាឆ្នាំ២០១៧កន្លងទៅ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងថា គណបក្សប្រជាជនកម្ពុជានៅតែប្រកាន់នយោបាយផ្តោតលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ស្ពាន ថ្នល់ ទឹក ភ្លើង តាមរយៈចំណូលថវិកាជាតិ និងប្រាក់កម្ចីពីមហាអំណាចចិនដែលលោកថា ថវិការពីប្រទេសចិនគឺកម្ពុជាងាយស្រួលយកទៅប្រើប្រាស់។
លោកថា៖ «មិត្តចិនតែងគោរពទៅតាមការគិតគូរបស់កម្ពុជា ដូចជាយើងចង់បានថា ពង្រីកផ្លូវនេះ[ផ្លូវជាតិ៦A]ឲ្យទៅជា ៤គន្លង ការចាត់ចែងថវិកាពីមិត្តចិនមក គឺយើងងាយស្រួលក្នុងការប្រើប្រាស់នូវថវិកានេះ ដើម្បីសម្រេចនូវសមិទ្ធផលទាំងឡាយដែលយើងចង់បាន»។
អ្នកនាំពាក្យគណៈបក្សសង្គ្រោះជាតិ និងជាអនុប្រធានគណកម្មការសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៃរដ្ឋសភា លោក សុន ឆ័យ ធ្លាប់មានប្រសាសន៍ប្រាប់វីអូឌីកាលពីថ្ងៃទី៣០ តុលាថា បំណុលដែលកម្ពុជាជំពាក់ចិននេះ ជាបំណុលដែលមានទំហំធំ តែលទ្ធផលបានតិច ខណៈដែលការប្រើប្រាស់ថវិកាជាតិរបស់កម្ពុជាហាក់គ្មានប្រសិទ្ធភាពនោះទេ។
លោកថា៖ «យើងដឹងហើយថា អ្វីដែលរដ្ឋាភិបាលបានអះអាង ពីកំណើនសេដ្ឋកិច្ចកន្លងទៅប្រហាក់ប្រហែលនឹង ៧ភាគរយហ្នឹង គឺភាគច្រើនការកើនសេដ្ឋកិច្ចហ្នឹង គឺចេញពីការខ្ចីលុយគេទេ។ ដោយសារយើងយកលុយគេមកសង់ផ្លូវថ្នល់ ជាពិសេសគឺប្រទេសចិន សាងសង់ផ្លូវកន្លងទៅហ្នឹងមិនសូវមានគុណភាពហើយថ្លៃផង តែឥឡូវដូចជាគ្រាន់បើបន្តិច ប៉ុន្តែនៅតែថ្លៃ។ ហើយលទ្ធភាពនៃការសងគឺកាន់តែលំបាក ព្រោះថវិការនោះឡើងកាន់តែច្រើនហើយយើងចាប់សងគេបណ្តើរហើយតាមខ្ញុំដឹង។ គ្រាន់តែការប្រាក់ជាង២០០លានក្នុងមួយឆ្នាំដូច្នេះធ្វើឲ្យសេដ្ឋកិច្ចរបស់យើងកាន់តែលំបាក»។
ទំនាក់ទំនងកម្ពុជា-ចិន ត្រូវបានគេមើលឃើញមានភាពជិតស្និទគ្នាកាន់តែខ្លាំងនៅក្នុងរយៈពេលជាង ១ទសវត្សរន៍ចុងក្រោយនេះ តាមរយៈការផ្ដល់ជំនួយ កម្ចីហិរញវត្ថុ និងកំណើនទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។
អ្នកជំនាញផ្នែកសេដ្ឋកិច្ចលោក ង៉ែត ជូ យល់ថា ទំនាក់ទំនងរវាងកម្ពុជា និងចិននេះ អាចជាឱកាស និងគ្រោះថ្នាក់ដើរនៅទន្ទឹមគ្នា ដោយវាអាស្រ័យលើការប្រើប្រាស់លុយទាំងនោះ។
លោកថា៖ «នោះហើយគឺជាបញ្ហាដែលជាការព្រួយបារម្ភជាក់ស្តែងសម្រាប់ពលរដ្ឋ និងមជ្ឈដ្ឋានទូទៅ ទាក់ទងទៅនឹងការប្រើប្រាស់លុយហ្នឹងឲ្យមានប្រសិទ្ធភាព កម្ចីហ្នឹងមានប្រសិទ្ធិភាពប៉ុណ្ណា ដើម្បីកសាងប្រទេសនោះណា។ ប្រទេសស្រីលង្កា គឺជាមេរៀនស្រាប់ ហើយនៅខាងយើងដូចខ្ញុំបានជម្រាបចឹង គឺនៅតែជាសំណួរដែលនៅតែមិនទាន់មានចម្លើយ បានន័យថា មានភាពមន្ទិលសង្ស័យច្រើនណាស់ទាក់ទងនឹងប្រសិទ្ធភាពរបស់វា»។
របាយការណ៍បំណុលសាធារណៈរបស់កម្ពុជា ដែលចេញដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីខែមីនាកន្លងមក បានបង្ហាញថា ចិនក៏ជាភាគីផ្ដល់កម្ចីធំសម្រាប់ប្រទេសកម្ពុជាផងដែរ ដោយបានផ្ដល់កម្ចីសម្បទានដល់ទៅជាង ៣,៥៩៩លានដុល្លារ ឬស្មើនឹង ៤៣.៣២ភាគរយនៃបំណុលក្រៅប្រទេសសរុបរបស់កម្ពុជាជាង ៨៣០០លានដុល្លារ គិតត្រឹមឆ្នាំ២០១៦កន្លងមក។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីខែកុម្ភៈកន្លងមកនេះ បានឲ្យដឹងថា គិតត្រឹមដើមឆ្នាំ២០១៧នេះ ចិនបានផ្ដល់ជំនួយឥតសំណង និងកម្ចីសម្បទានដល់ទៅ ៤២០០លានដុល្លារ សម្រាប់អភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធ កសិកម្ម សុខាភិបាល អប់រំ និងសន្តិសុខសង្គម៕