លោក ហ៊ុន សែន ប្រកាសបង្កើតមូលនិធិ​ថ្មី​សម្រាប់​ជួយ​ដល់​មន្ទីរ​ពេទ្យ​គន្ធបុប្ផា

រូបភាពប្រជាពលរដ្ឋកំពុងរងចាំការពិនិត្យនិងព្យាបាលដល់កូនៗរបស់ពួកគេ

លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ប្រកាសថា លោក​នឹងបង្កើតមូលនិធិគន្ធាបុប្ផាមួយនៅកម្ពុជា ដោយ​លោក​ថា ដើម្បី​ទ្រទ្រង់​ដល់​ដំណើការ​របស់​​មន្ទីរ​ពេទ្យ​សប្បុរស​មួយ​នេះ ហើយ​រូប​លោក​ផ្ទាល់ នឹង​ធ្វើ​ជា​ប្រធាន​កិត្តិយស​នៃ​មូលនិធិ​ថ្មី​នេះ។

លោក ហ៊ុន សែន បាន​ប្រកាស​ឲ្យ​ដឹង​អំពី​ការ​បង្កើត​មូលនិធិ​ថ្មី​បែប​នេះ នៅ​ក្នុង​ពិធី​សំណេះ​សំណាល​ជាមួយ​ក្រុម​កម្មករ​ជាង ៤​ពាន់​នាក់ មក​ពី​តាម​​បណ្ដាញ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​នានា នៅ​រាជ​ធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​នេះ។

លោក ហ៊ុន សែន បាន​ថ្លែង​ថា៖ «រដ្ឋាភិបាលត្រូវតែបន្ដឲ្យមន្ទីរពេទ្យគន្ធបុប្ផារស់ ជាមួយនឹងការផ្ដល់​ចំណែក​កាន់​តែធំទៅមន្ទីរពេទ្យ។ មានមូលនិធិគន្ធបុប្ផានៅស្វីសមួយហើយ តែយើងនឹងបង្កើតនូវមូលនិធិគន្ធបុប្ផាកម្ពុជា​មួយ​ទៀត ហើយខ្ញុំនឹងធ្វើប្រធានកិត្តិយស»

ជាមួយគ្នានោះដែរ លោក ហ៊ុន សែន ក៏បានលើកឡើងដែរថា ការបង្កើតមូលនិធិនេះ គឺដើម្បីកុំឲ្យមន្ទីរពេទ្យនេះ​បិទ​ទ្វារ និង​អាច​បន្ត​ដំណើរការ​ជួយដល់កុមារ និង​ស្រ្តីមានផ្ទៃពោះជាច្រើននាក់ ក្នុងករណីអវត្តមាន​លោក​វេជ្ជ​បណ្ឌិត Beat Richner ដែលជាស្ថានិក និង​ជា​ប្រធានមូលនិធិគន្ធាបុប្ផានៅប្រទេសស្វីស។

លោក ហ៊ុន សែន បាន​ប្រកាស​អំពី​ការ​បង្កើត​មូលនិធិ​ថ្មី​នេះ បន្ទាប់​ពី​រដ្ឋាភិបាល​របស់​លោក បាន​សម្រេច​កាត់​ថវិកា​ចំនួន ២​លាន​នៃ​តម្លៃ​សំបុត្រ​ចូល​ទស្សនា​តំបន់​អង្គរ​ សម្រាប់​ជួយ​ទ្រទ្រង់​ដល់​មន្ទីរ​ពេទ្យ​មួយ​នេះ កាល​ពី​ឆ្នាំ​មុន។

មន្ទីរពេទ្យគន្ធាបុប្ផានេះ ត្រូវបានបង្កើតឡើងលោក Beat Richner កាលពីឆ្នាំ​១៩៩៣ ដែលមានមូល​និធិ​ពីប្រទេស​ស្វីស ​ហើយ​បាន​ផ្ដល់​សេវា​ពិនិត្យ និង​ព្យាបាល​ជំងឺ​​ដោយឥតគិតថ្លៃដល់កុមារ និងស្រ្តីមានផ្ទៃពោះសរុបជិត ១៧លាន​ករណី គិត​ត្រឹម​ចុង​​ឆ្នាំ​២០១៧​​កន្លង​មក​នេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ