ក្រសួង​ព័ត៌មាន​ព្រមាន​ដក​ហូត​អាជ្ញា​​ប័ណ្ណ​​ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ណា​បំពាន​​ច្បាប់​បោះ​ឆ្នោត

ក្រសួងព័ត៌មាន​បាន​ព្រមាន​ដក​ហូត​អាជ្ញាធរ​ប័ណ្ណ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ណា ដែល​ក្រសួង​ថា ល្មើស​នឹង​ច្បាប់​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​នា​ពេល​ខាង​មុខ​នេះ ខណៈ​ដែល​ការ​បោះ​ឆ្នោត​នេះ កាន់​តែ​ខិត​ជិត​ចូល​មក​ដល់​នៅ​ដើម​ខែ​ក្រោយ​នេះ។

ក្នុង​លិខិត​​ចុះ​ថ្ងៃ​ទី ១១ខែ​ឧសភា​ ក្រសួង​ព័ត៌មាន​បាន​អំពាវនាវ​ទៅ​ម្ចាស់​ស្ថានីយ​វិទ្យុ ទូរទស្សន៍ ចាង​ហ្វាង​កា​សែត ម្ចាស់​គេហ​ទំព័រ​ ដែល​មាន​បំណង​ចង់​លក់​ ឬ​ជួល​ម៉ោង​ឱ្យ​គណបក្ស​នយោបាយ​ក្នុង​អំឡុង​ពេល​ឃោសនា​បោះ​ឆ្នោត​ ឲ្យ​​យក​ចិត្ត​​ទុក​ដាក់​អនុវត្ត​ឱ្យ​បាន​ត្រឹម​ត្រូវ​តាម​ក្រប​សីលធម៍​​វិជ្ជាជីវៈ​សារ​​ព័ត៌​មាន និង​​បទ​ប្បញ្ញត្តិ​​ច្បាប់​ស្តី​ពី​ការ​បោះឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​។​

ក្រសួង​​បាន​ណែនាំ​​ទៅ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទាំង​អស់ ត្រូវ​​បញ្ឈប់​គ្រប់​សកម្មភាព​ឃោស​នា​ ២៤​ម៉ោង​មុន​ថ្ងៃ​បោះ​ឆ្នោត​ និង​មិន​ត្រូវ​ផ្សព្វផ្សាយ​ព័ត៌​មាន​ដោយ​ទុច្ច​រិត ដែល​​ក្រសួង​ថា ធ្វើ​ឱ្យ​បាត់​បង់​ទំនុក​ចិត្ត​លើ​ការ​សម្ងាត់​នៃ​ការ​បោះឆ្នោត​ និង​ធ្វើ​ឱ្យ​មាន​ការ​ភាន់​ច្រឡំ​ដែល​នាំ​ឱ្យ​បាត់បង់​ទំនុក​ចិត្ត​លើការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​។​

ក្រសួង​បាន​ព្រមាន​ថា នឹងដក​ហូត​អាជ្ញា​ប័ណ្ណ​ និង​បិទ​ការ​ផ្សាយ ប្រសិន​បើ​រក​ឃើញ​ថា ប្រព័ន្ធ​ផ្សព្វផ្សាយ​ណា បាន​បំពាន​ច្បាប់ និង​គោលការណ៍​ណែនាំ​របស់​ក្រសួង៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ