វិភាគ៖ តើអ្វី​ស្ថិត​នៅ​ពី​ក្រោយ​នៃ​​ការ​សម្រេច​បើក​ផ្លូវ​ឲ្យ​ លោក សម រង្ស៊ី វិល​ចូល​ស្រុក​វិញ?

លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ (ហ្វេសប៊ុកលោក សម រង្សីុ)

ទីបំផុត​ទៅ​ អតីត​មេបក្ស​ប្រឆាំង លោក សម រង្ស៊ី ដែល​កំពុង​រស់​នៅ​និរទេស​ខ្លួន​នៅ​បរទេស​ក្រោយ​ប្រឈម​មុខ​នឹង​បណ្ដឹង​ផ្លូវ​ច្បាប់​នៅ​កម្ពុជា​នោះ អាច​វិល​ត្រឡប់​ចូល​មក​ក្នុង​ប្រទេស​កម្ពុជា​វិញ​ហើយ ដោយ​គ្មាន​ការ​រាំង​ខ្ទប់​ទៀត​នោះ​ទេ បន្ទាប់​ពី​​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន បាន​សម្រេច​បើក​ផ្លូវ​។

ចាប់​តាំង​ពី​ខែ​វិច្ឆិកា​ឆ្នាំ​២០១៥​មក លោក សម រង្ស៊ី បាន​រស់​នៅ​និរទេស​ខ្លួន​នៅ​ឯ​ក្រៅ​ប្រទេស​រហូត បន្ទាប់​ពី​ប្រឈម​មុខ​នឹង​បណ្ដឹង​ជាច្រើន​ករណី​ពី​សំណាក់​ក្រុម​មេដឹកនាំ​កំពូលៗ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ក្នុង​នោះ​មាន​ទាំង​បណ្ដឹង​របស់​លោក ហ៊ុន សែន ជុំ​វិញ​បញ្ហា​ការ​ប្រើ​ប្រាស់​ឯកសារ​ព្រំដែន និង​ការ​ចោទ​ប្រកាន់​លោក ហ៊ុន សែន ថា​បាន​រៀបចំ​ផែនការ​សម្លាប់​លោក កែម ឡី ជា​ដើម។

ខណៈ​ដែល​រស់​នៅ​និរទេស​ខ្លួន​នៅ​ឯ​បរទេស​នោះ លោក សម រង្ស៊ី បាន​ប្រកាស​ជា​បន្ត​បន្ទាប់​ថា លោក​នឹង​វិល​ត្រឡប់​មក​កាន់​ប្រទេស​កម្ពុជា​វិញ ឲ្យបាន​មុន​ការ​បោះ​ឆ្នោត​ឃុំ-សង្កាត់​ ឬ​ការ​បោះ​ឆ្នោត​ជាតិ​ឆ្នាំ​២០១៨ ប៉ុន្តែ នៅ​ឯ​ក្នុង​ប្រទេស​កម្ពុជា​ឯនេះ​វិញ រដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​បក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បាន​ព្យាយាម​រាំង​ខ្ទប់​ការ​ប៉ុន​ប៉ង​វិល​ត្រឡប់​មក​វិញ​របស់​​អតីត​មេ​បក្ស​ប្រឆាំង​រូប​នេះ។

គេ​នៅ​ចាំ​បាន​ថា កាល​ពី​ខែ​តុលា​ឆ្នាំ​២០១៦ រដ្ឋ​លេខាធិការ​ទីស្ដី​ការ​គណៈរដ្ឋ​មន្ត្រី លោក តឹករ៉េត សំរេច បាន​​ជូន​ដំណឹង​ទៅ​ដល់​អាជ្ញាធរ​អន្តោ​ប្រវេសន៍ និង​អាជ្ញាធរ​អាកាសចរណ៍ ឲ្យ​រាំង​ខ្ទប់​ដំណើរ​វិល​ត្រឡប់​ចូល​ស្រុក​វិញ​របស់​លោក សម រង្ស៊ី។ ជាង​នេះ​ទៅ​ទៀត លោក តឹករ៉េត សំរេច ក៏​បាន​ជូន​ដំណឹង​ទៅ​​ក្រុមហ៊ុន​​អាកាសចរណ៍​ឯកជន​ទាំង​អស់​ផង​ដែរ កុំ​ឲ្យ​ដឹក​ជញ្ជូន​​​លោក សម រង្ស៊ី ត្រឡប់​ចូល​ស្រុក​វិញ។

វិធានការ​បែប​នេះ​ដែល​ចេញ​ដោយ​ទីស្ដី​ការ​គណៈ​រដ្ឋមន្ត្រី ត្រូវ​បាន​ធ្វើ​ឡើង​ទៅ​តាម​ចំណារ​របស់​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ចុះ​ថ្ងៃ​ទី​២៦ ខែ​កញ្ញា ឆ្នាំ​២០១៦។

រំលង​ទៅ​មិន​ទាន់​គ្រប់​មួយ​ឆ្នាំ​ផង គិត​ត្រឹម​ថ្ងៃ​ទី​១៤ ខែ​មិថុនា​នេះ លោក​ ហ៊ុន សែន បាន​សម្រេច​ចិត្ត​លុប​ចោល​វិធានការ​នោះ​វិញ ដែលនេះ​អាច​ចាត់​ទុក​ថា ជា​ការ​បើក​ផ្លូវ​សម្រាប់​លោក សម រង្ស៊ី វិល​ត្រឡប់​ចូល​ស្រុក​វិញ និង​អាច​វិល​ត្រឡប់​ចូល​ទៅ​ក្នុង​ឆាក​នយោបាយ​កម្ពុជា​ឡើង​វិញ។

បន្ទាប់​ពី​លោក ហ៊ុន សែន សម្រេច​បើក​ផ្លូវ​ឲ្យ​លោក សម រង្ស៊ី វិល​ចូល​ស្រុក​វិញ វា​បាន​ជំរុញ​​ឲ្យ​មាន​មន្ទិល​សង្ស័យ​ថា តើ​មាន​អ្វី​ស្ថិត​នៅ​ពី​ក្រោយ​ការ​សម្រេច​ចិត្ត​បែប​នេះរបស់​លោក ហ៊ុន​ សែន ឬ​គេ​ចោទ​សួរ​បែប​ម្យ៉ាង​ទៀត​ថា តើ​មាន​ថ្នូរ​នយោបាយ​អ្វី​សម្រាប់​ការ​បើក​ផ្លូវឲ្យ​លោក សម រង្ស៊ី វិល​ចូល​ស្រុក​វិញ?

ឆ្លើយ​តប​ទៅ​នឹង​មន្ទិល​សង្ស័យ​នេះ ក្រុម​អ្នក​ឃ្លាំ​មើល​នយោបាយ​កម្ពុជា បាន​​លើក​ឡើង​ថា ការ​លុប​ចោល​វិធានការ​ទៅ​លើ​អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​នេះ មិន​មាន​ន័យ​ថា លោក សម រង្ស៊ី អាច​វិល​ចូល​ប្រទេស​កម្ពុជា​វិញ ដោយ​រួច​ផុត​ការ​ចោទ​ប្រកាន់ និង​ការ​ចាប់​ខ្លួន ទៅ​តាម​បណ្ដឹង​នានា​ប្រឆាំង​នឹង​រូប​លោក​នោះ​ឡើយ។

ជា​ការ​បង្ហាញ​នូវ​ទស្សន​យល់​ឃើញ​ជុំ​វិញ​ការ​លុប​ចោល​វិធានការ​រាំង​ខ្ទប់​ការ​វិល​ត្រឡប់​ចូល​ស្រុក​វិញ​របស់​អតីត​មេ​បក្ស​ប្រឆាំង​នោះ នាយក​ប្រតិបត្តិ​សម្ព័ន្ធភាព​គណនេយ្យភាព​សង្គម​កម្ពុជា លោក សន ជ័យ មើល​ឃើញ​ថា វា​មិនមែន​ជា​សញ្ញាណ​បង្ហាញ​ថា មាន​ការ​ស្រុះ​ស្រួល​នយោបាយ​នៅ​ក្នុង​ចំណោម​អ្នក​នយោបាយ​កម្ពុជា​នោះ​ឡើយ។

លោក សន ជ័យ បញ្ជាក់​ថា ការ​លុប​ចោល​បម្រាម​នេះ មិន​មែន​មាន​ន័យ​ថា លោក សម រង្ស៊ី រួច​ផុត​ពី​ការ​ចោទ​ប្រកាន់ និង​ការ​ចាប់​ខ្លួន​តាម​បណ្ដឹង​ផ្លូវ​តុលាការ​នៅ​ក្នុង​ប្រទេស​កម្ពុជា​នោះ​ឡើយ ខណៈ​ដែល​មេបក្ស​ប្រឆាំង​រូប​នេះ នៅ​តែ​មិន​ទាន់​ទទួល​បាន​ការ​លើក​លែង​ទោស​ពី​ព្រះ​មហាក្សត្រ​កម្ពុជា។

លោក សន ជ័យ មាន​ប្រសាសន៍​ថា​៖ “អញ្ចឹង​ការ​បើ​ច្រក​ឡើង​វិញ​នេះ ខ្ញុំ​នៅ​តែ​មើល​ឃើញ​ពី​​ចំណុច​ដែល​មិន​ទាន់​គ្រប់​គ្រាន់​ថា វា​នឹង​មាន​ការ​ស្រុះ​ស្រួល​នយោបាយ​អី​ទេ ដោយសារ​អី? ដោយសារ​ការ​ស្រុះ​ស្រួល​នយោបាយ វា​អាច​កើត​ឡើង និង​ឈាន​ទៅ​ដល់​ការ​លើក​លែង​ទោស​លោក សម រង្ស៊ី។ អញ្ចឹង​ការ​លើក​លែង​ទោស គឺ​ជា​ការ​រៀបចំ​តាម​នីតិវិធី ស្នើ​ដោយ​រដ្ឋាភិបាល​កម្ពុជា​ទៅ​ព្រះ​មហាក្សត្រ​ ដើម្បី​លើក​លែង​ទោស​ដល់​លោក សម រង្ស៊ី”។

សម្រាប់​សាស្ត្រាចារ្យ​វិទ្យាសាស្ត្រ​នយោបាយ លោក សូរ ចន្ថា វិញ លោកជឿ​ជាក់​ថា សេចក្ដី​សម្រេច​ថ្មីនេះ​ដែល​លើក​លែង​ការ​រាំង​ខ្ទប់​ការ​វិល​ត្រឡប់​មក​វិញ​របស់​លោក សម រង្ស៊ី នោះ វា​ជា​រឿង​នយោបាយ​ទាំង​ស្រុង ហើយ​វា​ស្ថិត​នៅ​ក្រោម​យុទ្ធសាស្ត្រ​នយោបាយ​របស់​គណបក្ស​កាន់​អំណាច ដែល​តែង​តែ​ព្យាយាម​បំបែក​បំបាក់​គណបក្ស​ប្រឆាំង។

លោក សូរ ចន្ថា មើល​ឃើញ​ថា គណបក្ស​សង្គ្រោះ​ជាតិ​អាច​នឹង​ត្រូវ​បាន​ចោទ​ប្រកាន់ ហើយ​រំលាយ​ចោល ក្រោម​មាត្រា​ថ្មី​នៃ​ច្បាប់​ស្ដី​ពី​គណបក្ស​នយោបាយ ប្រសិ​ន​លោក​ សម រង្ស៊ី វិល​ត្រឡប់​ចូល​ស្រុក ហើយ​វិល​ទៅ​ចូល​រួម​នយោបាយ​ជាមួយ​គណបក្ស​ប្រឆាំង​ឡើង​វិញ​នោះ។ សាស្ត្រាចារ្យ​វិទ្យាសាស្ត្រ​នយោបាយ​រូប​នេះ បាន​អះ​អាង​ដូច្នេះ បន្ទាប់​ពី​លោក​មើល​ឃើញ​ថា លោក សម រង្ស៊ី នៅ​តែ​ប្រឈម​មុខ​នឹង​ការ​ចោទ​ប្រកាន់ និង​ការ​ចាប់​ខ្លួន​​តាម​ផ្លូវ​តុលាការ ទៅ​តាម​បណ្ដឹង​ពី​មេដឹកនាំ​បក្ស​កាន់​អំណាច បើទោះបី​ជា​មាន​ការ​បើក​ផ្លូវ​ឲ្យ​លោក​វិល​ត្រឡប់​ចូល​ស្រុក​វិញ​ក៏​ដោយ។

លោក សូរ ចន្ថា មាន​ប្រសាសន៍​ថា​៖ “ប្រសិន​បើ​លោក សម រង្ស៊ី ចូល​មក​ពេល​នេះ ហើយ​លោក​ហក់​ចូល​នៅ​ក្នុង​បក្ស​ប្រឆាំង អាច​ជា​ចំណុច​សេណារីយ៉ូ​មួយ ដែល​នឹង​មាន​ការ​ភ្ជាប់​លោក សម រង្ស៊ី ទៅ​នឹង​គណបក្ស​ប្រឆាំង ហើយ​បើ​យោង​តាម​ច្បាប់​ស្ដី​ពី​គណបក្ស​នយោបាយ អាច​នឹង​ឈាន​ដល់​រំំលាយ​គណបក្ស​​​អី​ជា​ដើម​ហ្នឹង អានេះ​យោង​តាម​ច្បាប់​ស្ដី​ពី​គណបក្ស​នយោបាយ​ដែល​ទើបធ្វើ​វិសោធនកម្ម​ថ្មី​ហ្នឹង។ អញ្ចឹង​កន្លែង​នេះ ខ្ញុំ​គិត​ថា វា​ជា​យុទ្ធសាស្ត្រ​ថ្មី​មួយ​ដែល​គួរ​តែ​ពិនិត្យ​មើល គួរ​តែ​ពិចារណា​មើល​មុន​នឹង​ត្រឡប់មក​វិញ”។

ចំណែក​មន្ត្រី​ផ្នែក​ច្បាប់ និង​អង្កេត​នៃ​អង្គការ​ខុមហ្វ្រែល លោក យឿង សុធារ៉ា មើល​ឃើញ​ថា ការ​សម្រេច​ថ្មី​នេះ អាច​ជា​វិធីសាស្ត្រ​រុញ​ទូក​បណ្ដោយ​ទឹក ហើយ​ក៏​អាច​ជា​វិញ្ញាសា​មួយ​សាក​ល្បង​អំពី​ភាព​ក្លាហាន​របស់​លោក​ សម រង្ស៊ី ខណៈ​ដែល​មេ​បក្ស​ប្រឆាំង​រូប​នេះ បាន​ប្ដេជ្ញា​ក្ដែងៗ​ថា លោក​នឹង​វិល​ត្រឡប់​ចូល​ប្រទេស​កម្ពុជា​ឲ្យ​បាន​នៅ​មុន​ការ​បោះ​ឆ្នោត​ជាតិ​ឆ្នាំ​២០១៨។

ទោះជាយ៉ាងណា​ក៏​ដោយ ទាំង​លោក សន ជ័យ និង​លោក សូរ ចន្ថា នៅ​មិន​ទាន់​មើល​ឃើញ​ថា មាន​ថ្នូរ​នយោបាយ​រវាង​លោក សម រង្ស៊ី និង​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន នោះ​ឡើយ ខណៈ​ដែល​លោក សម រង្ស៊ី មិន​ទាន់​ទទួល​បាន​ការ​លើក​លែង​ទោស​នៅ​ឡើយ ដែល​ការ​លើក​លែង​ទោស​នោះ ជា​ទូទៅ ត្រូវ​បាន​ស្នើ​ឡើង​ដោយ​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ទៅ​ព្រះ​មហាក្សត្រ​កម្ពុជា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ