មួយ​ឆ្នាំ​នៃ​រដ្ឋប្រហារ​មិន​បាន​សម្រេច ​តួកគី​នៅ​តែ​ទាម​ទារ​ឲ្យ​បិទ​សាលា​ហ្សាម៉ាន់នៅ​កម្ពុជា

ឯកអគ្គរដ្ឋទូតតួកគី លោក អីលហាន កេនម៉ាល់ ទុក (Ilhan Khemal Tug)

ប្រទេស​តួកគី​នៅ​តែ​ទទួច​ចង់​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​បិទ​សាលា​អន្តរជាតិ​ហ្សាម៉ាន់ ដោយ​ថា​សាលា​​ដែល​មាន​ដើម​ទុន​ពី​វិនិយោគ​ពី​ជនជាតិ​តួកគី​មួយ​នេះ ​មាន​ជាប់​ទាក់ទង​នឹង​រដ្ឋប្រហារ​មិន​បាន​សម្រេច​កាលពី​ឆ្នាំ​មុន។

ឯក​អគ្គរដ្ឋទូត​ទួកគី​ប្រចាំ​កម្ពុ​ជា​បាន​ស្នើ​ទៅកាន់​រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​កម្ពុជា ឲ្យ​បិទ​សាលា​អន្តរ​ជាតិ​​​ហ្សាម៉ាន់(Zaman) ម្តង​ហើយកាលពី​ឆ្នាំ​មុន តែ​រហូត​មកទល់​នឹង​ពេល​នេះ​រដ្ឋាភិបាល​កម្ពុជា​មិន​ទាន់​មានការ​ឆ្លើយ​តបយ៉ាង​ណា​នោះ​ទេ។​

ឆ្លើយ​តបទៅ​នឹង​សំណួរ​អ្នក​សារព័ត៌មានក្នុង​​សន្នីសិទមួយ​នៅព្រឹក​នេះ ឯកអគ្គរដ្ឋទូតតួកគី លោក អីលហាន កេនម៉ាល់ ទុក (Ilhan Khemal Tug) បាន​ឲ្យ​ដឹង​ថា​រដ្ឋាភិបាល​តួកគី​នៅ​តែចង់​ឲ្យ​សាលា​អន្តរជាតិ​ហ្សាម៉ាន់​បិទ​ទ្វារ​ តែ​ថា​បញ្ហា​គឺ​ទាក់​ទង​នឹង​ទំនាក់​ទំនង​ជា​មួយ​កម្ពុជា។ តែ​ទោះ​ជា​យ៉ាង​ណា​លោក​ថា តួកគីនៅ​តែពេញ​ចិត្ត​សហការ​ជាមួយ​កម្ពុជាដើម្បីរក​ដំណោះ​ស្រាយចំពោះបញ្ហា​នេះ។

លោកថា៖ «ពិតណាស់ យើង​មាន​អទិភាព​ក្នុង​ការ​បិទទ្វារ​សាលា​នេះ តែ​អា​ច​មាន​បញ្ហា​នៅ​កម្ពុជា។ ជា​ពិសេស​ចំនួ​ន​សាលាដែល​មាន​នៅ​កម្ពុជាបច្ចុប្បន្ន។ ដូច្នេះពួកយើង​ត្រូវ​ការ​ស្វែង​រក​ការ​ផ្លាស់​ប្តូរមួយ ជា​ឧទា​ហរណ៍​ គណៈគ្រប់​គ្រង​សាលា​នេះ​ជា​មធ្យោបាយ​មួយ​ដែល​រដ្ឋាភិបាលតួកគី អាចគ្រប់​គ្រង​សាលា​នេះបាន។ ពួកយើង​ពេញ​ចិត្ត​ក្នុងការ​ប្រតិបត្តិ​ជា​មួយ​រដ្ឋាភិបាល​កម្ពុជា ហើយ​ខ្ញុំ​សង្ឃឹម​ថាយើង​នឹង​អាច​រក​ដំណោះស្រាយ​ចុង​ក្រោយ​មួយ»។

ប្រធានក្រុមហ៊ុនហ្សាម៉ាន់ លោក អេចដឺ គីលីក (Ejder Kilic) ធ្លាប់បានចេញ​សេចក្តីថ្លែងការណ៍​កាល​ពីថ្ងៃ​ទី១៩ ខែកក្កដា ឆ្នាំ​២០១៦ថាសាលាហ្សាម៉ាន់មិន​មាន​ជាប់ទាក់ទងនឹងការធ្វើរដ្ឋប្រហារនៅតួកគី​នោះ​ទេ​ ហើយស្នើឲ្យរដ្ឋាភិបាលតួកគីបង្ហាញភស្តុតាងច្បាស់លាស់ពី​ការ​ចោទ​ប្រកាន់​នេះ។

ទាក់​ទងនឹង​ករណី​នេះ​ឯកអគ្គរដ្ឋទូតតួកគី លោក អីល​ហាន​ កេនម៉ាល់ ថា​លោក​មិន​ទាន់​អាច​និយាយ​បាន​ទេ ដោយ​ថា​កំពុង​​ស្ថិត​ក្នុង​ដំណើរការ​ស៊ើបអង្កេត​។

រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា លោក ហង់ ជួនណារ៉ុន ធ្លាប់បាន​លើក​ឡើង​ក្នុង​សន្និសីទសារ​ព័ត៌មានមួយ​កាលពី​ឆ្នាំ​២០១៦​ថា ហ្សាម៉ាន់ជាសាលាមួយមានគុណភាពល្អ​ តែថាការ​សម្រេច​​បិទ​សាលា​​​នេះឬយ៉ាងណានោះ វាជាដែនសមត្ថកិច្ចរបស់រដ្ឋាភិបាលកម្ពុជា​។

អ្នកនាំពាក្យ​ក្រសួង​ការ​បរទេស​លោក ជុំ សន្ទរី ថា​លោកសុំ​មិន​ធ្វើ​អត្ថាធិប្បាយពី​ការ​វិវត្ត​នៃ​ដំណើរ​ការ​របស់​កម្ពុជា​លើ​ករណីនេះ ដោយ​ថា​មិន​មាន​ព័ត៌មាន​គ្រប់​គ្រាន់​។

លោកថា៖ «​រឿង​នេះ​វា​កន្លង​មក​ហើយ​យូរ ដូច្នេះ​ខ្ញុំ​អត់​មាន ​Information រឿង​ហ្នឹង​ទេ​ខ្ញុំ​អត់​បាន​តាម​រឿង​ហ្នឹង​ណា ដូច្នេះ​ខ្ញុំ​មិន​អាច​និយាយ​ពីព័ត៌មាន​ដែលមាន​រយៈពេល​ប៉ុន្មាន​ខែ​មុន​គឺ​ខ្ញុំ​មិន​អាច​និយាយ​បាន​ទេ! មិន​ដឹង​ថា​មក​ដល់​ឥឡូវ​ហ្នឹង​មិន​ដឹង​ថា​វា​វិវត្តន៍​ដល់​ណា»។

គួរបញ្ជាក់ថា សមាជិកនៃចលនារបស់លោក ហ្វេទុឡា ហ្គូឡេ (Fethullah Gulen)  បានបង្កើត​បណ្តាញ​នៃសាលា​រៀននិងសាកលវិទ្យាល័យដែលដំណើរការនៅក្នុងប្រទេសជាង១០០លើសកលលោក។ ក្នុងនោះ សាលាហ្សាម៉ាន់នៅកម្ពុជា ត្រូវបានបង្កើតឡើងដោយ អាទីឡា យូសេហ្វ ហ្គូលីឃឺ (Atilla Yusef Guleker) ដែលជាអតីតអ្នក​កាសែតនៅ​ប្រទេសតួកគី​និងត្រូវបាន​គេស្គាល់ថា​ជាសមាជិក​នៃចលនា​លោក ហ្វេទុឡា ហ្គូឡេ (Fethullah Gulen)។

សាលាអន្តរជាតិហ្សាម៉ាន់នៅកម្ពុជាត្រូវបានបង្កើតឡើងដំបូងសម្រាប់ថ្នាក់មត្តេយ្យរហូតដល់ថ្នាក់ទី១២ ក្នុងឆ្នាំ១៩៩៧។ សាលានេះត្រូវបានផ្តល់អាជ្ញាប័ណ្ណនិងត្រួតពិនិត្យជាប្រចាំដោយក្រសួងអប់រំ យុវជន និងកីឡា រហូតមកដល់ពេលនេះហ្សាម៉ាន់មានសាខាចំនួន៤នៅរាជធានីភ្នំពេញ ហើយមាន​សិស្សជាង​២ពាន់​នាក់ ចាប់ពីមត្តេយ្យដល់សាកលវិទ្យាល័យ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ