វិភាគ៖ ចំណាត់ការលើអ្នកគំរាម លោក ហ៊ុន សែន ធ្វើលឿន ខណៈអ្នកគំរាមអ្នកវិភាគនិងមេបក្សប្រឆាំងមិនត្រូវបានកាត់ទោស

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន (រូបភាពហ្វេសប៊ុកនាយករដ្ឋមន្ត្រី)

នៅសប្តាហ៍នេះ យ៉ាងហោចណាស់មានមនុស្ស២នាក់បន្ថែម​ទៀត​ត្រូវ​បានសមត្ថកិច្ច​ចាប់ខ្លួន ដោយចោទថាពួកគេគំរាមសម្លាប់​និងប្រមាថមើលងាយ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន។

​​ស្ត្រីម្នាក់ដែលបាននិយាយ​បង្ហោះ​វីដេ​អូនៅថ្ងៃបុណ្យខួបគំរប់១ឆ្នាំ លោក កែម ឡី​ កាលពីថ្ងៃទី១០កក្កដា ថា​ គ្រួសារលោក ហ៊ុន សែន ជាអ្នកនៅ​ពីក្រោយ​ឃាត​កម្មលើអ្នកវិភាគរូបនោះ​ ត្រូវ​បាន​សមត្ថកិច្ច​​ចាប់ខ្លួន​ បញ្ជូន​​​ទៅ​តុលាការ​ឃុំខ្លួន​​បណ្តោះ​អាសន្ន​ កាលពីថ្ងៃទី១៣កក្កដា ពោលតែពីរថ្ងៃប៉ុណ្ណោះ​ក្រោយ​មានសកម្មភាព។

ជាមួយគ្នានោះ បុរសម្នាក់ទៀត​នៅ​ខេត្ត​ព្រះសីហនុ ដែល​បង្ហាញ​រូបកំាភ្លើងលើហ្វេសប៊ុក គំរាមសម្លាប់លោក ហ៊ុន សែន​ ក៏ត្រូវ​បានសមត្ថ​កិច្ច​ចាប់ខ្លួន​ផង​​ដែរ។

សាស្ត្រាចារ្យនយោបាយ លោក ឯម សុវណ្ណារ៉ា យល់ថា អ្នកអនុវត្តច្បាប់​នៅក្នុងប្រទេសកម្ពុជា​បច្ចុប្បន្ននេះ មានទំនោរទៅរកតែអ្នកកាន់អំណាច​ ដោយថាអ្នកក្រីក្រឬអ្នកតូចតាចតែងតែរងភាពអយុត្តិធម៌។ ករណីនេះលោកថា ធ្វើឲ្យពលរដ្ឋអស់ជំនឿលើការដឹកនាំរបស់រដ្ឋាភិបាល។

លោកយល់ថា «កាលណាសង្គមមិនបានបែងសិទ្ធិស្មើភាពគ្នាចំពោះពលរដ្ឋទូទៅនៅក្នុង​សង្គមទេ ធ្វើឲ្យ​ពលរដ្ឋពេញចិត្តបានទំាងអស់គ្នាទេ ហើយពលរដ្ឋភាគច្រើនដែលពុំសូវបានសមភាពដោយត្រឹមត្រូវ​ ផ្លូវច្បា​ប់​ស្មើភាពគ្នាទេ ធ្វើឲ្យពលរដ្ឋទំាងអស់នោះមានការអាក់អន់ស្រពោនចិត្ត បើកាលណាគាត់អាក់អន់​ស្រពោន​ចិត្ត គឺបាត់ជំនឿទៅលើការដឹកនាំ​[រដ្ឋាភិបាល]»។

​ គេនៅចំាបានថា ករណីគំរាមសម្លាប់នេះ ក៏បានកើតមានជាបន្តបន្ទាប់ទៅលើអ្នកវិភាគនយោបាយ លោក អ៊ូ វីរៈ លោកបណ្ឌិត ឡៅ ម៉ុងហៃ លោក ជុន ច័ន្ទបុត្រ នាយកគ្រប់វិទ្យុអាស៊ីសេរីជាភាសាខ្មែរ ព្រះតេជគុណ ប៊ុត ប៊ុនតិញ ប្រធានបណ្តាញព្រះសង្ឃឯករាជ្យ និង​មេដឹកនាំគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ជាដើម។

អ្នកដែលគំរាមសម្លាប់អ្នករិះគន់រដ្ឋាភិបាល ត្រូវបានមជ្ឈដ្ឋានជាច្រើនស្គាល់ថា មនុស្សមួយចំនួននោះគឺ ស្ថិតនៅក្នុង​ជួរដ្ឋាភិបាល និងជាអ្នកគាំទ្រគណបក្សកាន់អំណាច ហើយ​បានបង្ហាញ​រូបកំា​ភ្លើង គ្រាប់ និងសរសេរអក្សរ​គំរាមសម្លាប់​ លោក កឹម សុខា និងអ្នកវិភាគមួយចំនួន ​ប្រហែល​១​ឆ្នាំ​ហើយពោលតាំងក្រោយពេល​មានឃាតកម្មលើលោកបណ្ឌិត កែម ឡី។ ប៉ុន្តែរហូតដល់ពេលនេះ​សមត្ថកិច្ច​មិនបានចាប់ខ្លួន ឬតុលាការក៏មិនចោទប្រកាន់ ជនដែលគំរាមសម្លាប់មនុស្សទាំងនោះដាក់​ពន្ធនា​គារ ដូច​ករណី​​អ្នករិះគន់ និងអ្នកគំរាម​សម្លាប់ ​លោក ហ៊ុន សែន​ នោះទេ។

អ្នកគ្រប់គ្រងបច្ចេកទេសឃ្លាំមើលការរំលោភសិទ្ធិមនុស្ស អង្គការលីកាដូ លោក អំ សំអាត មានប្រសាសន៍​ថា ការចាប់ខ្លួន​អ្នករិះគន់លោក ហ៊ុន សែន នៅលើបណ្តា​ញសង្គម​ជាបន្តបន្ទាប់ គឺជាការបិទ​សិទ្ធិ​សេរី​ភាព​បញ្ចេញ​​មតិ។ លោក សំអាត ក៏បានប្រៀប​ធៀបអ្នក​រិះគន់លោក ហ៊ុន សែន និងអ្នករិះគន់​លោក កឹម សុខា រួមទំាងបុគ្គល​ផ្សេងទៀត មានន័យរឿងដូចគ្នា ប៉ុន្តែអ្នកអនុវត្តច្បាប់ បែជាអនុវត្តបែបស្តង់ដារពីរទៅវិញ។

លោកនិយាយថា «កន្លងមក​ខ្ញុំឃើញការលើកឡើង និងការរិះគន់ ការគំរាមកំហែងប្រហាក់ប្រហែលគ្នាដែរ​បើសិនពាក់ព័ន្ធទៅលើដូចជា ឯកឧត្តម កឹម សុខា ទាក់ទងទៅនឹងការគំរាមកំហែងដោយអាវុធ តាម​ប្រព័ន្ធ​បណ្តាញសង្គមដែរ គំរាមបាញ់ដែរ ហើយមានសកម្មជន ឬក៏អ្នកនយោបាយមួយចំនួនទៀត ដែល​មាន​ការគំរាមកំហែងដូចគ្នា ប៉ុន្តែចំណាត់ការហាក់បីដូចជាមិនទាន់មានតុល្យភាព ជាការកត់សំគាល់​យើង​កាល​ណា បើសិនជាមានការអនុវត្តច្បាប់មានស្តង់ដារពីរ វាធ្វើឲ្យមានការរិះគន់ ហើយ​ក៏វាអត់មាន តម្លា​ភាព​ដែរ យើងសង្គមស៊ីវិល យើងគ្រាន់តែទទួច បើអនុវត្តច្បាប់ យើងត្រូវ​អនុវត្តឲ្យវាមានស្តង់ដារ ដូច​គ្នា»។

កាលពីថ្ងៃទី១៥ កក្កដា ឆ្នាំ២០១៤ មានហិង្សាមួយកើតឡើងនៅក្បែរទីលានប្រជាធិបតេយ្យរវាងក្រុមបាតុនិងសន្តិសុខខ័ណ្ឌដូនពេញ។ ក្រោយហិង្សាបក្សប្រឆំាងដាក់ពាក្យបណ្តឹង ដើម្បីប្តឹងកងសន្តិសុខទំាងនោះដែរ ប៉ុន្តែតុលាការមិនចាត់ការនោះទេ ។ ប៉ុន្តែករណីដូចគ្នានេះ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញបានទទួលពាក្យបណ្តឹង ពីក្រុមសន្តិសុខដែលប្តឹងសកម្មជនបក្សប្រឆំាង។ ភ្លាមៗនោះតុលាការបានបើកសវនាការ ដោយសម្រេចផ្តន្ទាទោសសកម្មជនទាំង១១នាក់របស់គណបក្សសង្គ្រោះជាតិឲ្យជាប់ពន្ធនាគារម្នាក់ៗពី៧ទៅ២០ឆ្នាំក្រោមបទចោទចូលរួមនិងដឹកនាំកុប្បកម្មនៅក្បែរទីលានប្រជាធិបតេយ្យកាលពីថ្ងៃទី១៥ កក្កដា ឆ្នាំ២០១៤។

លើសពីនេះទៀត នៅចុងខែកុម្ភៈឆ្នាំ២០១៧ អ្នកស្រី ទេព វន្នី ក៏ត្រូវបានសាលាដំបូងរាជធានីភ្នំពេញកាត់ទោស ដោយដាក់ពន្ធនាគារចំនួន២ឆ្នាំកន្លះ ដោយចោទថាប្រើអំពើហិង្សាលើសន្តិសុខខណ្ឌដូនពេញពីរនាក់ឲ្យរងរបួស កាលពីថ្ងៃទី១៣ខែមីនាឆ្នាំ២០១៣។ ប៉ុន្តែសំរឿងហិង្សាផ្សេងទៀតដែលស្រ្តីសកម្មជនដីធ្លីប្តឹងទៅលើសន្តិសុខដែលប្រើហិង្សាវិញ ត្រូវបានតុលាការ​ទាត់ចោល។

អ្នកប្រឹក្សាយោបល់ឯករាជ្យ ផ្នែកសិទ្ធិមនុស្ស លោក សួន​ ប៊ុនស័ក្តិ មានប្រសាសន៍ថា បើអ្នកអនុវត្តច្បាប់មាន​ស្តង់ដារពីរនិងធ្វើឲ្យលទ្ធិប្រជាធិបេតេយ្យដើរថយក្រោយ ហើយថាសហគមន៍អន្តរជាតិ ក៏រិះគន់លើប្រព័ន្ធ​គ្រប់​គ្រ​ងរដ្ឋរបស់រដ្ឋាភិបាល​ផង​ដែរ​។ ករណីនេះលោកថា កម្ពុជា​គួរតែអនុវត្តច្បាប់​ឲ្យស្របតាមគោល​កា​រ​នីតិ​រដ្ឋ ជាជាងអនុវត្តទំនោទៅអ្នកមាន​អំណាច​។

លោកនិយាយថា «យើងត្រូវ​ប្រកាន់គោលការណ៍ជាធំមួយ គឺគោរពគោលការណ៍នីតិរដ្ឋ បានសេចក្តីថា បើកាល​ណាមានច្បាប់ចែងជាធរមាន ថារដ្ឋត្រូវ​បំរើរាស្ត្រយ៉ាងម៉េច គឺធ្វើយ៉ាងម៉េចឲ្យបានដូចគ្នាទៅ គឺនៅ​ពេល​អ្នកណាមានបញ្ហា​ រដ្ឋត្រូវផ្តល់សេវាកម្មឲ្យបានដូចគ្នា មើលការខុសត្រូវ​ឲ្យបានដូចគ្នា ជាកា​រគោរ​ព​គោល​ការណ៍នីតិរដ្ឋ ហើយជាការលើកកម្ពស់លើវិស័យសិទ្ធិមនុស្សរួមគ្នា សម្រាប់ប្រជាពលរដ្ឋដែរ»។

គួររំឮកថា យុវជនខ្មែរដែលទៅធ្វើការនៅប្រទេសថៃ លោក វ៉ែន សុភាព ហៅ សាម ភាព ដែលបង្ហោះ សារដាក់បណ្តាសារលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅតាមបណ្តាញសង្គមហ្វេសប៊ុកកាលពីឆ្នាំ២០១៦ ត្រូវ​បានតុលាការចោទប្រកាន់​ពីបទគំរាមកំហែងថានឹងសម្លាប់និងបទញុះញង់ឲ្យមានការរើសអើង ដោយ​ប្រឈម​នឹង​ទោស​ដាក់​ពន្ធនាគារពី៦ខែដល់៣ឆ្នាំ និងអាចត្រូវពិន័យជាប្រាក់ពី១លានដល់៦លានរៀល។

ក្រោយមក​ទៀត​ យុវជនម្នាក់ទៀត​នៅខេត្តកំពង់ធំ ឈ្មោះ ម៉ាន់ សំអ៊ន់ ត្រូវបានឃាត់ខ្លួន ហើយ​តុលា​ការ​ក្រុង​ភ្នំពេញចោទប្រកាន់ ពីបទគំរាមសម្លាប់ លោក ហ៊ុន សែន នៅ​ក្នុងសារ​តាម​ហ្វេស​ប៊ុកផង​ដែរ​។

និយាយជារួម​ ទំាងអ្នកវិភាគ និងមន្ត្រីសង្គមស៊ីវិល​ បានបង្ហាញការព្រួយបារម្ភប្រហាក់ប្រហែលគ្នាថា បើកម្ពុជា​អនុវត្ត​ច្បាប់​បែបស្តង់ដារពីរ ហើយអ្នកក្រីក្រនិងអ្នកគ្មានអំណាច មិនទទួលបានយុត្តិធម៌នោះ នឹង​ធ្វើឲ្យសង្គម​ពោ​ពេញ​ដោយ​និទណ្ឌភាព អសន្តិសុខសង្គម​ និងលទ្ធិប្រជាធិបតេយ្យដើរថយក្រោយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ