អ្នកឃ្លាំមើល៖ លោក សម រង្សី អាច​លើកកម្ពស់ប្រជាធិបតេយ្យនៅកម្ពុជាបាន តែត្រូវ​ផ្តាច់​ខ្លួន​ពីបក្ស​

អតីតមេដឹកនាំគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី (FB: លោក សម រង្សុី)

សង្គមស៊ីវិលនិងអ្នកឃ្លាំមើលបញ្ហាសង្គម បានលើកឡើងប្រហាក់ប្រហែល​គ្នា​ថា ការបង្កើតសមាគម ដើម្បី​លើក​​តម្កើង​​លទ្ធិប្រជា​ធិបតេយ្យ​​​​នៅ​កម្ពុជាបាន លុះត្រាតែលោក សម រង្ស៊ី ​​ផ្តាច់ខ្លួន​ពីគណ​បក្ស​នយោ​បាយ​។

អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ដែល​កំពុង​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស​ បាន​បង្ហោះ​សា​រ​​​លើហ្វេសប៊ុក​របស់លោកកាលពីថ្ងែទី១២ខែកញ្ញាឆ្នាំ២០១៧ ថា «លោក​​បង្កើត​សមាគមមួយនៅប្រទេសបារំាង​ឈ្មោះ​ សមាគម​លើក​តម្កើង​​​ប្រជាធិ​បតេយ្យ​នៅ​កម្ពុជា ដោយថា​ ទោះបីជា​លោក​ឋិត​នៅ​ឆ្ងាយ​ពី​នយោបាយ​នៅ​កម្ពុជា តែលោក​នៅ​​តែ​មាន​​បំណង​ចង់​ជួយ និង​ចង់​បម្រើ​កម្ពុជា ក្នុងគោលបំណង​​បង្រួបបង្រួម​ជន​ជាតិ​ខ្មែរ​ទាំង​អស់​ ឲ្យ​​សម្រេច​​​ឯកភាព​ជាតិ​ ​ដោយ​មាន​លទ្ធិ​ប្រជាធិប​​តេយ្យ​ជា​មូលដ្ឋាន»។

ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍ និងសន្តិភាព លោក​ យង់ គិមអេង ពន្យល់​ថា ការ​បង្កើតស​មាគម​​ ជាសិទ្ធិរបស់ប្រជាពលរដ្ឋខ្មែរគ្រប់រូប​។ ប៉ុន្តែ​លោកថា ការបង្កើតសមាគមមួយ ត្រូវ​មាន​ទស្សនៈ​វិស័យ ចង្ខុវិស័យ និងបេសកកម្ម ច្បាស់​លាស់ នឹងឈរលើគោលការណ៍ឯករាជ្យ​ អព្យាក្រិត​ ដោយមិន​ពាក់​ព័ន្ធ​​​​នឹង​​​គណបក្សនយោបាយណាមួយឡើយ។

យ៉ាងណាក៏ដោយលោក គិមអេង យល់ថា​ ដំណាក់កាលដំបូង លោក សម រង្ស៊ី នឹងពិបាកធ្វើ​ឲ្យគេជឿថា លោក​​អាច​ដកខ្លួនចេញពីឆាកនយោបាយ។

លោកយល់ថា៖ «សំខាន់បំផុត គេទាមទារការជឿជាក់​ បើសិនកាលណាគាត់​អាច​ធ្វើកិច្ចការមួយចំនួន បើ​សិន​​ជាគាត់ពិតជាធ្វើសមាគមតាមគំនិត ដែលគាត់​លើកឡើងមែននោះ គាត់អាច​ធ្វើកិច្ចការមួយចំនួន​ដែរ​ជា​មួយ​នឹងអង្គការសិទ្ធិមនុស្សអន្តរជាតិផ្សេងៗ ក្នុងការវិភាគ ផ្តល់យោបល់ពាក់ព័ន្ធនិងការបញ្ហាសិ​ទ្ធិ​មនុស្ស​​​​នៅកម្ពុជា ឬប្រជាធិបតេយ្យ ហើយក្នុងការផ្តល់អនុសាសន៍ច្បាស់លាស់»។

ចំណែក អ្នកប្រឹក្សាឯករាជ្យ ផ្នែកសិទ្ធិមនុស្ស លោក សួន​ ប៊ុនស័ក្តិ មានប្រសាសន៍ប្រហាក់ប្រហែលនិងលោក គិមអេង ដែរ ប៉ុន្តែលោកបញ្ជាក់ថា លោក សម រង្ស៊ី ត្រូវ​ប្រយ័ត្នក្នុង​ការបក​ស្រាយ​បញ្ហា​ផ្សេងៗ​ទំាង​នៅ​ក្នុង​វីដេអូ ឬសរសេរខ្លឹមសារបង្ហោះ​នៅលើហ្វេសប៊ុក ​ទំនោទៅគណបក្សនយោបាយណាមួយ ជៀសវៀង​នាំ​បញ្ហា​ប្រឈម​ដល់គណបក្សនយោបាយនោះ។

លោកមានប្រសាសន៍ថា៖ «ជាការល្អ គាត់គួរតែធ្វើឲ្យបានច្បាស់លាស់​ បង្រៀនសិទ្ធិមនុស្ស បង្រៀនច្បាប់ បង្រៀនអភិបាលកិច្ចល្អ បង្រៀនពីគោលការណ៍ប្រជាធិបតេយ្យ គឺនិយាយតែពីខ្លឹមសារ​ធម៌ប្រជាធិប​តេយ្យ កុំនិយាយធម៌ប្រជាធិបតេយ្យផលប្រយោជន៍នរណាមួយ កុំនិយាយឲ្យសោះ ប៉ុន្តែគាត់អាច​សហការជាមួយគេជាមួយឯង[គណបក្សនយោបាយទំាងអស់​]បាន​ គាត់អាចបំរើ គាត់អាច​បង្រៀន គណបក្សនយាយទូទៅ ពីរឿង​គោលការណ៍សិទ្ធិមនុស្ស ប្រជាធិបតេយ្យបាន កុំឲ្យបង្ហាញមើលទៅឃើញ តែដើម្បីនរណាមួយ ដើម្បី​តែ​ក្រុមណាមួយ»។

លោក សម រង្ស៊ី បញ្ជាក់ថា​ សមាគម​របស់​លោក​ទទួល​មិត្ត​ប្រទេស​កម្ពុជា គ្រប់​សញ្ជាតិឲ្យ​​ចូល​ធ្វើ​ជា​​សមាជិក​ ដោយថាបើ​អ្នកទំាងនោះ​មានបំណងជួយលើក​តម្កើង​លទ្ធិប្រជាធិបតេយ្យ​ជូន​ប្រជារាស្ត្រ​នៅ​កម្ពុជា ដោយ​ថា ដើម្បី​ដោះស្រាយ​វិបត្តិ​សព្វថ្ងៃ ហើយ​នឹង​បញ្ចៀស​ប្រទេស​កម្ពុជាពី​មហន្តរាយ។

ចំពោះអ្នក​វិភាគ​នយោបាយលោក ឯក សុវណ្ណារ៉ា យល់ថា បើលោក សម រង្ស៊ី គៀគរអន្តរជាតិឲ្យបានគំា​ទ្រ ស​មាគម​​លើក​​តម្កើង​​លទ្ធិប្រជា​ធិបតេយ្យ​​​​នៅ​កម្ពុជា លោកថា នេះ អាចជួយជំរុញឲ្យលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា​មាន​កា​រ​រីក​ចំរើន។ ប៉ុន្តែលោក​ដាក់​ការព្រួយបារម្ពថា បើលោក សម រង្ស៊ី ប្រើសមាគមនោះមិនចំគោល​ដៅ​ ដោយ​​ពាក់​​ព័ន្ធ​​គណបក្សសង្គ្រោះជាតិ​ លោកថា អាច​ធ្វើឲ្យអ្នក​នយោបាយ​ខ្លះ​យកលេសរំលាយគណ​បក្ស​នោះ​​។

លោកនិយាយថា៖ «ការបើកសមាគមប្រជាធិបតេយ្យនេះ និងគៀងគធនធាន ថវិការបស់ពលរដ្ឋខ្មែរដែល​រស់​នៅ​ក្រៅស្រុក ដើម្បី​ជួយជំរុញលទ្ធិប្រជាធិបតេយ្យ​ ខ្ញុំគិតថា និងមានសមាគមប្រជាធិបតេយ្យនៅ​បណ្តា​ប្រទេសផ្សេងទៀតដូចជា អាមេរិក អូស្ត្រា ញ៉ូហ្សឺលែន នឹងកើតមានឡើងទៀត នៅក្នុងចរន្ត​នយោ​បាយ ឬគេហៅថា ចរន្តប្រជាធិបតេយ្យ ផ្អែកទៅលើច្បាប់​គណបក្សនយោបាយ គឺ​គណប​ក្សសង្គ្រោះ​ជាតិនៅ​ក្នុង​ស្រុកប្រហែលជាមិនមានសេរីភាពពេញលេញទាក់ទងជាមួយគាត់ទេ វាអាចបង្កគ្រោះហានិភ័យ​ទៅ​ដល់​ការ​​រំ​លាយគណបក្ស ប្រសិនបើមានសកម្មភាពវិជ្ជមានខុសពីផ្លូវច្បាប់​​​»។

អតីតមេដឹកនាំគណបក្សប្រឆំាង លោក សម រង្ស៊ី ប្រកាស​បើក​សមាគម ​ដើម្បី​លើក​តម្កើង​លទ្ធិប្រជាធិបតេយ្យ ដែលមានទីស្នាក់ការនៅ​​​ទីក្រុង​ប៉ារីស តាម​ច្បាប់​ប្រទេស​បារាំង គឺ​ធ្វើឡើង​បន្ទាប់ពី​​បរិយាកាស​នយោបាយ​នៅកម្ពុជា​កំពុង​តែឡើងកម្ពៅ ខណៈ​សហគមន៍​ជាតិ អន្តរជាតិ បាន​ថ្កោលទោស​រដ្ឋាភិបាល​កម្ពុជាជាបន្តបន្ទាប់​ ចំពោះ​ការ​ធ្វើ​ទុក្ខបុកម្នេញ​បក្ស​ប្រឆាំង ការគំរាមកំហែងសង្គមស៊ីវិល និងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ រួមទាំងការចាប់និងឃុំខ្លួនលោក កឹម សុខា ទាំងគ្មានដីកានិងនៅមានអភ័យឯកសិទ្ធិជាដើម។

ករណីទំាងអស់​នេះ ត្រូវ​បាន​សហគមន៍​អន្តរជាតិ​ចាត់​ទុក​ថា លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន កំពុង​តែ​បំផ្លាញ​​​លទ្ធិប្រជាធិបតេយ្យ​។ ប៉ុន្តែ ​រដ្ឋាភិបាលកម្ពុជា បានច្រានចោលការចោទប្រកាន់នេះ ដោយថា ធ្វើស្រប​តាមច្បា​ប់​និងរដ្ឋធម្មនុញ្ញ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ