អ្នក​ឃ្លាំ​មើល​ព្រំដែន​អំពាវ​នាវ​ឲ្យ​បញ្ឈប់​បោះ​បង្គោល​ព្រំដែន ខណៈ​ស្ថានភាព​នយោបាយ​តាន​តឹង

(រូបភាពឯកសារ) បង្គោលព្រំដែនកម្ពុជា-វៀតណាម

ក្រុម​ប្រឹក្សា​ឃ្លាំ​មើល​កម្ពុជា​ដែល​មាន​មូលដ្ឋាន​នៅ​ឯ​ក្រៅ​ប្រទេស បាន​ចោទ​រដ្ឋាភិបាល​កម្ពុជា​ថា បាន​រំលោភ​លើ​ឆន្ទៈ​ពលរដ្ឋ​ជុំ​វិញ​ការ​បន្ត​បោះ​បង្គោល​ព្រំដែន​ជាមួយ​ប្រទេស​វៀតណាម ខណៈ​ដែល​ប្រទេស​នេះ​កំពុង​ប្រឈម​មុខ​នឹង​ភាព​តាន​តឹង​ខាង​នយោបាយ។

លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន បាន​រៀបរាប់​នៅ​លើ​​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​លោក​ថា លោក​បាន​ជួប​ពិភាក្សា​ជាមួយ​​នាយករដ្ឋ​មន្ត្រី​វៀតណាម លោក ង្វៀន ស៊ុនហ៊្វុក នៅ​ឯ​ក្រៅ​កិច្ច​ប្រជុំ​កំពូល​កិច្ច​សហ​ប្រតិបត្តិការ​សេដ្ឋកិច្ច​អាស៊ី-ប៉ាស៊ីហ្វិក នៅ​ទីក្រុង​ហាណូយ កាល​ពី​ថ្ងៃ​ទី១១ ខែ​វិច្ឆិកា​កន្លង​មក​នេះ។

លោក ហ៊ុន សែន រៀបរាប់​ថា រូប​លោក និង​មេដឹកនាំ​វៀតណាម បាន​ប្ដេជ្ញា​ជំរុញ​ការ​បោះ​បង្គោល​ព្រំដែន​គោក​រវាង​ប្រទេស​ទាំង​ពីរ​បាន​រួច​រាល់​នៅ​រដូវ​ប្រាំង​ឆ្នាំ​២០១៨​ខាង​មុខ ដោយ​ថា ដើម្បី​ធ្វើ​ឲ្យ​តំបន់​ព្រំដែន​នៃ​ប្រទេស​​ទាំង​ពីរ​ក្លាយ​ជា​តំបន់​មាន​សន្តិភាព និង​តំបន់​ផ្លាស់​ប្ដូរ​ពាណិជ្ជកម្ម។

ទោះជាយ៉ាងណា ប្រធានក្រុម​ប្រឹក្សា​ឃ្លាំមើល​កម្ពុជា លោក ម៉ែន ណាត ដែល​មាន​មូលដ្ឋាន​​នៅ​ប្រទេស​ន័រវេ កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ បាន​ថ្កោល​ទោស​ចំពោះ​សេចក្ដី​សម្រេច​បែប​នេះ​របស់​លោក​ ហ៊ុន សែន ដោយ​ចាត់​ទុក​ជា​ការ​រំលោភ​លើ​ឆន្ទៈ​ពលរដ្ឋ និង​ផ្ទុយ​ពី​កិច្ច​ព្រម​ព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ឆ្នាំ​១៩៩១ ខណៈ​ដែល​កម្ពុជា​កំពុង​ស្ថិត​ក្នុង​ស្ថានភាព​មួយ ដែល​លោក ម៉ែន ណាត ហៅ​ថា «វិបត្តិ​នយោបាយ»។

ក្រុម​ប្រឹក្សា​ឃ្លាំ​មើល​បញ្ហា​ព្រំដែន​កម្ពុជា​មួយ​នេះ បាន​អំពាវ​នាវ​ទៅ​រដ្ឋាភិបាល​កម្ពុជា ឲ្យ​បញ្ឈប់​ការ​បង្គោល​ព្រំដែន​ជាមួយ​វៀតណាម រហូត​ទាល់​តែ​ប្រទេស​កម្ពុជា​មាន​ឯភាព​ជាតិ និង​មាន​ស្ថានភាព​នយោបាយ​ប្រក្រតី​ឡើង​វិញ។

ប្រធានគណៈកម្មាធិការព្រំដែនកម្ពុជា លោក វ៉ា គឹមហុង ចាត់ទុកការលើកឡើងរបស់ក្រុម​ប្រឹក្សា​ឃ្លាំ​មើល​បញ្ហា​ព្រំដែន​កម្ពុជា​ថាផ្ទុយពីការពិត ដោយលោកថា បច្ចុប្បន្ននេះ ប្រទេសកម្ពុជាមានឯកភាពជាតិរួចហើយ។

លោកថា«អង្កាលបានមានឯកភាពជាតិ អ្នកណាមិនទាន់មានឯកភាពជាមួយអ្នកណា នៅត្រង់ ពេលណា ថាអត់មានឯកភាពជាតិ បើបោះឆ្នោតគាំទ្រអីអត់អាលីងហើយ។ វាថាតែមាត់ វាចេះតែថាទៅ…នាំខាតពេលវេលាចឹងបានហើយ ខ្ញុំមិនខាតពេលនឹងរឿងចឹងៗទេ»។

អនុ​ប្រធាន​គណៈកម្មាធិការ​ព្រំដែន​កម្ពុជា អ្នកស្រី កុយ ពិសី ត្រូវ​បាន​សារព័ត៌មាន Fresh News ដក​ស្រង់​សម្ដី​ចុះ​ផ្សាយ​កាលពីថ្ងៃទី៩ ខែវិច្ឆិកា​ថា ការ​បោះ​បង្គោល​ព្រំដែន​កម្ពុជា-វៀតណាម នៅ​ខេត្ត​ក្រចេះ និង​ព្រៃវែង បាន​បញ្ចប់​រួច​រាល់ ១០០​ភាគរយ​ហើយ ហើយ​ភាគី​ទាំង​ពីរ​បាន​ប្ដេជ្ញា​បោះ​បង្គោល​ព្រំដែន​រវាង​ប្រទេស​ទាំង​ពីរ ឲ្យ​បាន​ចប់​រួច​រាល់​នៅ​ដំណាច់​ឆ្នាំ​២០១៧​នេះ។

អ្នកស្រាវជ្រាវពីការអភិវឌ្ឍន៍សង្គម លោកបណ្ឌិត មាស នី ប្រាប់វីអូឌីកាលពីថ្ងៃទី១០ ខែវិច្ឆិកាថា ការបោះបង្គោលព្រំដែន វាជាកាតព្វកិច្ចរបស់រដ្ឋាភិបាលក្នុងការធ្វើ ប៉ុន្តែ មិន​គួរ​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​ស្ថានភាព​មួយ​ដែល​លោក​ហៅ​ថា «មិន​ទាន់​មាន​ឯកភាព​ជាតិ» ​នោះ​ទេ។ លោក​បាន​ស្នើទៅរដ្ឋាភិបាលឲ្យពន្យាពេលក្នុងការបោះបង្គោលព្រំដែន ដោយរង់ចាំឲ្យប្រទេសមានឯកភាពជាតិជាមុនសិន។

លោកថា៖ «និយាយត្រង់ទៅ វាមិនទាន់មានឯកភាពជាតិគ្រប់គ្រាន់។ អញ្ចឹង​នៅក្នុងស្ថានភាពបែបនេះ យើងដឹងហើយនៅក្នុងប្រទេសខ្មែរ បញ្ហាព្រំដែន គឺវាជាការប្រទាញប្រទុងគ្នារវាងគណបក្សនយោបាយខ្មែរនៅឡើយ។ អញ្ចឹង​ការបោះបង្កោលព្រំដែន វាជាតួនាទីរដ្ឋាភិបាល ប៉ុន្តែ ជាការព្រួយបារម្ភ ក្រែងការបោះបង្គោលព្រំដែននេះវាមិនបានផ្ដល់និរន្ត៍ភាពសម្រាប់រយៈពេលយូរអង្វែង ថ្ងៃក្រោយទៅមានបញ្ហាអីទៅ មានខ្មែរណាមួយមកអះអាងព្រំដែននេះបោះដោយរដ្ឋាភិបាលនេះ វាមិនបានត្រឹមត្រូវ ចឹងទៅក៏ចេះតែមានរឿងតទៅទៀតមិនចេះចប់មិនចេះហើយ»។

ការ​ប្ដេជ្ញា​ចិត្ត​ចំពោះ​ការ​បោះ​បង្គោល​ព្រំដែន​កម្ពុជា-វៀតណាម​បែប​នេះ​របស់​រដ្ឋាភិបាល​កម្ពុជា​ ត្រូវ​បាន​ធ្វើ​ឡើង​ចំ​ពេល​ដែល​ស្ថានភាព​នយោបាយ​មាន​ភាព​តាន​តឹង ក្រោយ​ពី​ការ​ចាប់​ខ្លួន​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ក្រោម​ការ​ចោទ​ប្រកាន់​ពី​រដ្ឋាភិបាល​ថា «ក្បត់​ជាតិ» ហើយ​គណបក្ស​ប្រឆាំង​ដ៏​ធំ​មួយ​នេះ​ប្រឈម​មុខ​នឹង​ការ​រំលាយ​ចោល៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ