ដំណើរទស្សនកិច្ចលោក​ ត្រាំ នៅអាស៊ី មិនយកចិត្តទុកដាក់បញ្ហាសិទ្ធិមនុស្ស

ប្រធានាធិបតីអាមេរិកទី៤៥ មានវ័យ៧១ឆ្នាំជាមហាសេដ្ឋីសម្បូរទ្រព្យធនផងនោះ​ បានបំពេញទស្សនកិច្ចរយៈពេល១០ថ្ងៃនៅអាស៊ីគឺចាប់ពីថ្ងៃទី៥ដល់ថ្ងៃទី១៤ខែវិច្ឆិកា។ ក្នុងដំណើរទស្សនកិច្ចនេះ គឺធ្វើនៅក្នុងប្រទេសចំនួន​៥ រួមមាន ជប៉ុន កូរ៉េខាងត្បូង ចិន វៀតណាម​ និង ប្រទេសហ្វីលីពីន។​

ព្រឹត្តិការណ៍សំខាន់ចំនួន២ ដែលលោកត្រាំចូលរួមក្នុងឱកាសទស្សនកិច្ចនេះ​គឺ កិច្ចប្រជុំលើកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក​(APEC) នៅវៀតណាម​និង កិច្ចប្រជុំកំពូលអាស៊ាន​(ASEAN) ធ្វើនៅក្នុងប្រទេសហ្វីលីពីន។​

អាមេរិក​គឺជាប្រទេសមហាអំណាច ដែលកំពុងមានឥទ្ធិពលលើពិភពលោក​តែងតែចេញមុខ  ក្នុងការពង្រឹងប្រជាធិបតេយ្យ និង ការគោរពសិទ្ធិមនុស្ស។​ រាល់ដំណើរទស្សនកិច្ចរបស់មេដឹកនាំ និង មន្ត្រីជាន់ខ្ពស់អាមេរិក​នៅលើឆាកអន្តរជាតិ​ពេលកន្លងមកតែងតែលើកឡើងពីការពង្រឹងការគោរពសិទ្ធិមនុស្ស និង ការពង្រឹងលទ្ធិប្រ ជាធិបតេយ្យ​។​

ចំណែកអង្គការដែលទទួលបានជំនួយពីអាមេរិក រួមទាំងប្រទេសដែលបានខ្ចីលុយ ឬ ទទួលជំនួយពីអាមេរិក​តែងភ្ជាប់នូវកាតព្វកិច្ចគោរពសិទ្ធិមនុស្ស។​

ប៉ុន្តែក្នុងដំណើរទស្សនកិច្ចលើកដំបូងបន្ទាប់ពីចូលកាន់តំណែង និង មានរយៈពេលវែងនៅអាស៊ី ប្រធានាធិបតីទី៤៥របស់អាមេរិកហាក់មិនបានចាប់អារម្មណ៍លើកឡើងពីបញ្ហាសិទ្ធិមនុស្សមកជជែកទេគឺ ផ្តោតសំខាន់តែលើបញ្ហាសេដ្ឋកិច្ច និង ការពង្រីកឥទ្ធិពលនយោបាយរបស់អាមេរិក​។

​ក្នុងដំណើរទស្សនកិច្ចរបស់លោកត្រាំ នៅអាស៊ីផ្តោតគោលបំណងពីរសំខាន់គឺការពង្រឹងដៃគូពាណិជ្ជកម្ម និង ការពង្រឹងសម្ព័ន្ធមិត្តក្នុងការការពារសុវត្ថិភាពដើម្បីប្រឆាំងកម្មវិធីអាវុធនុយក្លេអ៊ែរបស់កូរ៉េខាងជើង។​

ក្នុងដំណើរទស្សនកិច្ចរបស់លោកត្រាំថ្ងៃដំបូងចាប់ផ្តើមចេញពីប្រទេសជប៉ុន។ ខ្លឹមសារដែលលោកបាននិយាយជាមួយជប៉ុនគឺភាពស្មើមុខគ្នាក្នុងការធ្វើពាណិជ្ជកម្ម ដោយថាអាមេរិកចាញ់ប្រៀបជប៉ុន ហើយ​ជំរុញឲ្យជប៉ុនបង្កើនចំនួនរោងចក្រផលិតរថយន្ត​នៅសហរដ្ឋអាមេរិក។ ចំណុចមួយទៀតគឺបញ្ហាកូរ៉េខាងជើង លោកត្រាំបានជំរុញឲ្យជប៉ុនបាញ់ទម្លាក់មីស៊ីលរបស់កូរ៉េខាងជើង បើសិនជាមានការបាញ់រំលងប្រទេសជប៉ុនម្តងទៀតនោះ។​

លោកត្រាំ ក៏បានលើកឡើងទៀតថា ជប៉ុនកំពុងតែទិញអាវុធយ៉ាងច្រើន​ពីអាមេរិក​ហើយថា ពេលទិញបានគ្រប់គ្រាន់ហើយនោះ និងមានលទ្ធភាពគ្រប់គ្រាន់ក្នុងការទប់ទល់​ជាមួយកូរ៉េខាងជើង។ ចំណុចនេះក៏បង្ហាញពីឥរិយាបថរបស់អាមេរិក​កំពុងតែកេងចំនេញពីភាពភ័យខ្លាចរបស់សម្ព័ន្ធមិត្ត​ គឺស្របពេលដែលជប៉ុនកំពុងរងការគំរាមកំហែងពីកូរ៉េខាងជើង អាមេរិក​សប្បាយក្នុងការលក់អាវុធជាប្រភេទជំនួញកើបលុយបានមហាសាលរបស់ប្រទេសមហាអំណាច។​

ពេលទៅដល់កូរ៉េខាងជើង​ត្បូង និងចិន ត្រាំនៅតែបន្តថ្លែងព្រមានមេដឹកនាំវ័យក្មេងរបស់កូរ៉េខាងជើង​ថា កុំឲ្យព្រហឺនពេក​ដែលអាចឈានដល់ការប្រើកម្លាំងទ័ពវាយប្រហារ។​ ជាមួយកូរ៉េខាងត្បូងអាមេរិក​ថ្លែងផ្តល់ភាពកក់ក្តៅក្នុងការប្តេជ្ញាការពារសម្ព័ន្ធមិត្តនេះ ប៉ុន្តែជាមួយចិនគឺអាមេរិកជំរុញឲ្យមានការដាក់សម្ពាធលើកូរ៉េខាងជើង​ដោយថា ចិនគឺជាសម្ព័ន្ធកូរ៉េខាងជើង​ដែលមានឥទ្ធិពល។​

ពេលទៅដល់ទីក្រុងប៉េកាំង មេដឹកនាំកុម្មុនីស្តចិន បានរៀបចំស្វាគមន៍យ៉ាងកក់ក្តៅដល់មេដឹកនាំប្រជាធិបតេយ្យអាមេរិក​។​ ចំពោះមុខគូប្រជែងធំរបស់ខ្លួននេះ លោកត្រាំ ក៏បានលើកឡើងចោទថា ចិន​បង្កបញ្ហារបាំងទីផ្សារពាណិជ្ជកម្ម និង ចោទថា ចិន​លួចកម្មសិទ្ធិបញ្ញាផលិតផលរបស់អាមេរិក​។​​​

ថ្ងៃបញ្ចប់ទស្សនកិច្ចនៅចិន​មេដឹកនាំទាំងពីរបានបង្ហាញនូវភាពយល់ចិត្តគ្នា ភាពស្និទ្ធស្នាលគ្នា និង បានចុះហត្ថលេខាលើការធ្វើពាណិជ្ជកម្មដែលមានទំហំទឹកប្រាក់​២៥០ពាន់លានដុល្លារ។​

នៅក្នុងកិច្ចប្រជុំ​វេទិកាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនៅអាស៊ី ប៉ាស៊ីហ្វិក​ នៅវៀតណាមមានតំណាងប្រទេសជាង២០  និង កិច្ចប្រជុំកំពូលអាស៊ាននៅហ្វីលីពីនមានមេដឹកនាំប្រទេសជាង១០​ លោក​ត្រាំនៅតែផ្តោតបញ្ហាសំខាន់លើកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និង ការពង្រឹងទំនាក់ទំនាក់ទំនងក្នុងការការពារ។​

លោកត្រាំហាក់មិនចាប់យក​បញ្ហាគោរពសិទ្ធិមនុស្ស និង ការពង្រឹងលទ្ធិប្រជាធិបតេយ្យទៅជជែក​ដូចមេដឹកនាំមុនៗនោះទេ។​ តើនៅអាស៊ី ឬ តំបន់ដែលលោកត្រាំបានធ្វើទស្សនកិច្ចកំពុងប្រឈមបញ្ហារំលោភសិទ្ធិមនុស្សអ្វីខ្លះ?

នៅចិនជាប្រទេសកុម្មុយនីស្តមានការបង្ក្រាបខ្លាំងលើអ្នកដែលហ៊ានរិះគន់ឬ ទាមទារសិទ្ធិសេរីភាព ដូចជាក្រុមធ្វើយុទ្ធនាការតាមប្រព័ន្ធអិនធើណែតរិះគន់ការដឹកនាំ ការបង្រ្កាបដោយការសម្លាប់ ធ្វើទារុណកម្ម និង ចាប់ឃុំឃាំងលើជនជាតិ​ទីបេ ដែលទាមទារសេរីភាពខាង វប្បធម៌ ជំនឿសាសនា និង ការបង្ក្រាបលើក្រុមយុវជនគាំទ្រលទ្ធិប្រជាធិបតេយ្យនៅហុងកុងជាដើម​។​ ចំណែកប្រទេសកុម្មុនីស្តវៀតណាម​ក៏កំពុងគៀបសង្កត់លើក្រុមដែលមានទស្សនៈផ្ទុយបក្សកុម្មុនីស្តដូចគ្នានេះដែរ។​

នៅប្រទេសមីយ៉ាន់ម៉ាសហគមន៍អន្តរជាតិ​រួមទាំងអង្គការសហប្រជាជាតិ​កំពុងតែថ្កោលទោសរដ្ឋាភិបាលនៃប្រទេសនេះថា កំពុងធ្វើសកម្មភាពសម្លាប់រង្គាល ដោយការបាញ់សម្លាប់ ដុតបំផ្លាញភូមិឋាន ធ្វើទារុណកម្ម និង ការរំលោភបំពានផ្លូវភេទលើស្ត្រីនិង កុមារជាទ្រង់ទ្រាយធំលើជនជាតិភាគតិចរ៉ុហ៊ីងយ៉ា។​

នៅប្រទេសហ្វីលីពីនក៏កំពុងរងការថ្កោលទោសដែរក្នុងសង្គ្រាមគ្រឿងញៀន ដែលចោទថា លោក ឌូ ទើតេកំពុងសម្លាប់មនុស្សក្រៅប្រព័ន្ធច្បាប់ រហូតដល់ពេលនេះមានមនុស្សប្រមាណ​៤០០០នាក់ហើយដែលស្លាប់ក្នុងសង្គ្រាមនេះ។​

ចាប់ពីថ្ងៃចាប់ផ្តើមរហូតដល់ថ្ងៃបញ្ចប់ទស្សនកិច្ចលោកដូណល ត្រាំ មិនបានចាប់យកបញ្ហាទាំងអស់នេះ លើកឡើងដើម្បីជំរុញឲ្យមានដំណោះស្រាយណាមួយសមស្រមនោះទេ ហើយលោកថែមទាំងសរសើរដល់ការសម្លាប់ក្នុងសង្រ្គាមគ្រឿងញៀននៅហ្វីលីពីន​ថែមទៀតផង៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ