លោក ហង់ ជួនណារ៉ុន​ ថាកម្ពុជា​​បរាជ័យ​ក្នុងការ​រក្សា​កុមារ​ឲ្យ​សិក្សា​ដល់​ចប់​កម្រិត

រដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡា លោក ហង់ ជួនណារ៉ុន ផ្ដល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មានកាលពីពេលកន្លងទៅ។ (វីអូឌី)

រដ្ឋ​មន្ត្រី​​អប់​រំ​​កម្ពុជា បាន​លើក​ឡើង​ថា រដ្ឋាភិបាល​សម្រេច​ជោគ​ជ័យ​ក្នុង​ការ​ជំរុញ​កុមារ​ឲ្យ​ចុះ​ឈ្មោះ​ចូល​រៀន​ ប៉ុន្តែ លោក​ថា ជួប​ការ​លំបាក​ក្នុង​រក្សា​ពួកគេ​ឲ្យ​សិក្សា​រហូត​ដល់​​ចប់​បាក់ឌុប ខណៈ​ដែល​ក្រុម​សង្គម​ស៊ីវិល បាន​ភ្ជាប់​បញ្ហា​នេះ​ទៅ​នឹង​ភាព​ក្រីក្រ។

ថ្លែង​ក្នុង​សន្នីសីទបិទ​បញ្ចប់​កម្មវិធី​ផ្តល់​ឱកាស​អប់​រំ​ដល់​កុមារ​បាត់​បង់​ឱកាសនៅ​កម្ពុជា​នៅព្រឹក​ថ្ងៃ​ទី​១៣ ធ្នូនេះ រដ្ឋ​មន្ត្រី​ក្រសួង​អប់​រំ យុវជន និង​កីឡា ​លោក ហង់ ជួនណារ៉ុន មាន​ប្រសាសន៍ថា កុមារកម្ពុជា ៩៨​ភាគ​រយ​ បាន​ទៅ​ឈ្មោះ​ចូល​រៀន​ ដែល​លោក​ហៅ​ថា ជាជោគ​ជ័យ​របស់​ប្រទេស​កម្ពុជា ប៉ុន្តែលោក​​បញ្ជាក់​ថា ​​កុមារ​កម្ពុជា ​៨០​​ភាគ​រយ​ប៉ុណ្ណោះ​ ​បាន​បញ្ចប់​ការ​សិក្សា​ថ្នាក់​បឋម។

លោក ហង់ ជួនណារ៉ុន ថ្លែង​​ថា៖ «បើ​យើង​គិត​ពី​អត្រាចុះ​ឈ្មោះ​ចូល​រៀ​ន​ យើង​សម្រេច​បាន ៩៨​ភាគ​រយ ដែល​សល់ ​២ភាគ​រយ​ទៀត​ដែល​មិន​បាន​ចូល​រៀន តែ​នៅ​ក្នុង ​៩៨​ភាគ​រយនេះ​ អត្រា​បញ្ចប់​ការ​សិក្សា​កម្ម​វិធី​សិក្សា​បាន​តែ ៨០ភាគ​រយ​ទេ។ អញ្ចឹង​បាន​ន័យ​ថា ក្នុង​ចំណោម​សិស្ស​បឋម​សិក្សា​ទាំង ​២លាន​នាក់ អ្នក​ដែល​ចប់​ហ្នឹង​បាន​ត្រឹម​តែ ​៨០ភាគ​រយ​នៃ ​២លាន​នាក់​ទេ»។

នាយក​ប្រចាំ​ប្រទេស​នៃ​អង្គការ ​Aide et Action (AEA) លោក វង់ សំភាស់ បាន​ឲ្យ​ដឹង​ថា​ កុមារ​កម្ពុជា​ជាង​ ២៥ម៉ឺន​នាក់​ បាន​បោះ​បង់​ការ​សិក្សា​របស់​ខ្លួន​នៅ​កម្រិត​បឋម​សិក្សា ហើយ​នៅ​ក្នុង​រយៈ​ពេល​ត្រឹម​តែ ៤​ឆ្នាំ​ចុងក្រោយ​នេះ​ប៉ុណ្ណោះ អង្គការ​របស់​លោក បាន​ជួយ​កុមារ​កម្ពុជា​ជាង ៥​ម៉ឺន ៧​ពាន់​នាក់ ឲ្យ​បាន​ត្រឡប់​ទៅ​សាលា​រៀន​វិញ ក្នុង​នោះ​មាន​កុមារី​ជិត​ពាក់​កណ្ដាល។

មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ បាន​បន្ទោស​បញ្ហា​នេះ​ថា បណ្តាល​មក​ពីភាពក្រី​ក្រ និង​បញ្ហា​លំ​បាក​នៅ​ក្នុង​សា​លារៀន​​ ហើយ​ថា ការ​ជំរុញ​​ពី​អង្គការ និង​រដ្ឋាភិបាលក្នុង​ការ​កែ​ប្រែ​ប្រព័ន្ធ​សិក្សា និង​ហេដ្ឋារចនា​សម្ព័ន្ធ​សាលា​រៀន​​ អាច​ជួយ​ដល់​កុមារ​មួយ​ចំនួន ឲ្យ​​វិល​ត្រឡប់​ចូល​សាលា​រៀន​​វិញ​បាន។​

លោក​ថា៖ «ជន​ជាតិ​ភាគ​តិច​ បញ្ហាដែលគាត់​ប្រឈម ​គឺ​ភាសា ព្រោះ​គ្រូយើង​និយាយ​ភាសា​ខ្មែរ សាលា​យើង​និយាយ​ភាសា​ខ្មែរ កម្មវិធី​សិក្សា​របស់​យើង​ និយាយ​ភាសា​ខ្មែរ។ គាត់​ចេះ​ភាសា​កំណើត​របស់​គាត់​ អញ្ចឹង​គាត់​អត់​អាច​ចូល​រៀន​បាន​ទេ។ អញ្ចឹង​ យើង​ត្រូវ​រកគាត់​ឲ្យ​ឃើញ។ …ហើយ​យើង​ត្រូវ​ធ្វើ​អន្តរាគមន៍​ចម្រុះ​តែ​ម្តង ​ដើម្បី​ជួយពួកគាត់​តាម​តម្រូវ​ការ​តាម​ស្ថានភាព​ដែល​យើង​អាច​ធ្វើ​បាន ដូ​ច​កុមារ​ដែល​ពិការ​កាយ​សម្បទា​ជិះ​រទេះ ​ពេល​ខ្លះ​ យើង​ធ្វើ​តែ​ជម្រាល​ទេរ ធ្វើ​ជម្រាល​ធ្វើ​បង្កាន់​ដៃ យើង​បណ្តុះ​បណ្តាលគ្រូៗ ឲ្យ​គាត់​អាច​រៀន​បាន​ហើយ ប៉ុន្តែ កុមារ​ពិការ​សតិ​បញ្ញា​ផ្សេង យើង​ត្រូវ​ការ​វិធី​ពិសេស»។

នាយក​សាលា​បឋមសិក្សា​​ ហ៊ុន សែន សែន​មនោរម្យ ស្ថិត​ក្នុង​ខេត្ត​មណ្ឌលគីរី លោក សាង រ៉ា មាន​ប្រសាសន៍​ថា នៅ​ឆ្នាំ​២០១៧​នេះ សាលា​លោក​បាន​ទទួល​ចុះ​ឈ្មោះ​ដល់​សិស្ស​ដែល​គ្រប់​អាយុចុះ​ឈ្មោះ​ថ្មី ​បានជាង ​១ពាន់នាក់ ប្រហាក់​ប្រហែល​ទៅ​នឹង​ឆ្នាំ​មុន​ដែរ ខណៈ​ចំនួន​សិស្ស​បោះបង់​ការ​សិក្សា​មាន​ចំនួន​តិច​ ដោយ​ថា ​ភាគ​ច្រើន​ជា​សិស្ស​ដែល​ធ្វើ​ចំណាក​ស្រុក។

លោកថា៖ «បោះ​បង់ភាគ​ច្រើន​ គឺ​ជន​ចំណាក​ស្រុក​ទេ ដែល​គាត់​មក​តាម​ឪពុក​ម្តាយ ​មក​ស៊ី​ឈ្នួល​ចាំ​ចំការឲ្យ​គេ ​អញ្ចឹង​ទៅ ដល់​គាត់​ធ្វើ​បាន​ពីរ​បី​ខែ​អញ្ចឹង​ទៅ គាត់​មើល​តែ​ពិបាក​ពេក​ គាត់​ត្រលប់​ទៅ​ស្រុកគាត់​វិញ»។

ប្រធាន​ស្តីទី​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យអ្នក​ស្រី​ អ៊ុក ឆាយ៉ាវី មាន​ប្រសាសន៍​ថា​ តាម​ការ​សង្កេត​របស់​អ្នក​ស្រី ចំពោះ​ការ​បោះបង់​ការ​សិក្សារបស់​សិស្ស​ គឺ​បណ្តាល​មក​ពីភាព​ក្រីក្រ ការ​អស់​អារម្មណ៍នឹង​សិក្សា​បន្ត​ដោយ​សារ​កង្វះការ​ងារ​នៅ​ក្នុង​ប្រទេស ​បញ្ហានយោបាយ និង​ភាព​មាន​កម្រិត​នៃវិស័យអប់រំ​។

អ្នក​ស្រី​ថា៖​ «ពេល​ដែល​គាត់​រៀន​ដល់​ថ្នាក់​ទី​៨ ទី៩ គាត់បោះ​បង់​ថ្នាក់​បណ្តើ​រ​ៗ​ហើយ តែ​ដល់​ពេល​ដែល​គាត់​ចូល​ថ្នាក់​ទី​១១ ឃើញ​ថា​ បោះ​បង់​ច្រើន»​។

របាយការណ៍​អង្គការយូណេស្គូ​តាម​ដានជា​សកល​ប្រចាំ​ឆ្នាំ​២០១៧​ ឲ្យ​ដឹង​ថា អត្រា​បញ្ចប់​ការ​សិក្ស​នៅ​ទូ​ទាំង​ពិភព​លោកមាន​ ៨៣ភាគរយ​សម្រាប់កម្រិត​បឋម​សិក្សា​ ៦៩ភាគ​រយ​សម្រាប់​មធ្យម​សិក្សា​បឋម​ភូមិ និង​៤៥​ភាគ​រយ​សម្រាប់​មធ្យម​សិក្សា​ទុតិ​យភូមិ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ