គណបក្សសង្គ្រោះជាតិនឹងបើកកិច្ចប្រជុំជ្រើសរើសអនុប្រធានម្ដងទៀត បន្ទាប់ពីក្រសួងមហាផ្ទៃប្រកាសទទួលស្គាល់លក្ខន្ដិកៈថ្មីរបស់គណបក្ស។
មន្ត្រីជាន់ខ្ពស់ និងជាតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក ប៉ុល ហំម ឲ្យ VOD ដឹងនៅថ្ងៃចន្ទនេះថា គណបក្សនេះនឹងបើកកិច្ចប្រជុំគណៈកម្មាធិការនាយកម្ដងទៀតនាថ្ងៃទី១៧ ខែឧសភានេះ ដើម្បីជ្រើសរើសអនុប្រធានបក្ស តបតាមការស្នើឡើងរបស់ក្រសួងមហាផ្ទៃ។
លោកមានប្រសាសន៍ថា ការបើកកិច្ចប្រជុំនាយកនេះគឺដើម្បីឲ្យមានភាពត្រឹមត្រូវតាមនីតិវិធី ដែលមានចែងក្នុងលក្ខន្ដិកៈគណបក្ស។
លោកថា៖ «និយាយមែនទែនផ្ទៃក្នុងយើង វាគ្មានស្អីទៀតទេ ព្រោះអនុម័តវាប៉ុន្មានដងរួចមកហើយ។ ខ្ញុំមិនដឹងទេ ក្រសួងមហាផ្ទៃ ប៉ុន្ដែខ្ញុំមើលទៅ វាគ្មានអីដែលមិនច្បាស់ទៀតទេ ពីព្រោះវាច្បាស់ណាស់ទៅហើយ ពីព្រោះយើងចែងចំអញ្ចឹងម៉ងថា នៅពេលអត់មានអនុប្រធាន គណៈកម្មាធិការនាយកត្រូវជ្រើសរើសអនុប្រធាន»។
កាលពីថ្ងៃទី៣ឧសភាកន្លងទៅ ក្រសួងមហាផ្ទៃបានទទួលស្គាល់លក្ខន្ដិកៈប្រការ៤៧ថ្មី របស់គណបក្សសង្គ្រោះជាតិ ដែលគណបក្សនេះបានធ្វើសមាជ កាលពីចុងខែមេសាឆ្នាំ២០១៧ ដោយកែប្រែឲ្យទៅជាប្រការ៤៧ថ្មី(មួយ)។ ប៉ុន្ដែក្រសួងនៅតែមិនបានទទួលស្គាល់អនុប្រធាន៣រូបរបស់គណបក្សសង្គ្រោះជាតិ។
កាលពីថ្ងៃទី២៥ មេសា ឆ្នាំ២០១៧ គណបក្សសង្គ្រោះជាតិបានធ្វើសមាជវិសាមញ្ញម្ដងទៀត ប៉ុន្ដែមិនបានផ្លាស់ប្ដូរសមាសភាពអនុប្រធានបក្ស៣រូប រួមមានលោក ប៉ុល ហំម លោកស្រី មួរ សុខហួរ និងលោក អេង ឆៃអ៊ាង នោះទេ។ កាលនោះ ក្រសួងមហាផ្ទៃលើកឡើងថា ការជ្រើសរើសអនុប្រធាន៣រូប កាលពីថ្ងៃទី២មេសាឆ្នាំ២០១៧ គឺខុសនឹងលក្ខន្ដិកៈថ្មីរបស់គណបក្សសង្គ្រោះជាតិត្រង់ប្រការ៤៧ថ្មី ដោយក្រសួងថា ការជ្រើសរើសនេះបានហួសរយៈពេល៣០ថ្ងៃ គិតចាប់ពីថ្ងៃលោក សម រង្ស៊ី លាលែងពីតំណែង។
យ៉ាងណាក៏ដោយ បើតាមលក្ខន្តិកៈគណបក្សសង្គ្រោះជាតិត្រង់ប្រការ៤៧ថ្មី(មួយ) ថេរវេលានៃការជ្រើសរើសអនុប្រធានថ្មីនឹងមិនមានរយៈពេល៣០ថ្ងៃ ដូចប្រការ៤៧ថ្មីឡើយ គឺមានន័យថា លែងមានការកំណត់ថេរវេលាដូចមុនហើយ៕