វិភាគ៖ ការព្រមានដកហូតអាជ្ញាប័ណ្ណប្រព័ន្ធផ្សព្វផ្សាយ បង្កើតក្តីបារម្ភពីការអនុវត្តស្តង់ដារពីរ

ក្រសួងព័ត៌មាន​បាន​ព្រមាន​ដក​ហូត​អាជ្ញាធរ​ប័ណ្ណពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ណា ដែល​ក្រសួង​ថា ល្មើស​នឹង​ច្បាប់​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​នា​ពេល​ខាង​មុខ​នេះ ខណៈ​ដែល​ការ​បោះ​ឆ្នោត​នេះ កាន់​តែ​ខិត​ជិត​ចូល​មក​ដល់​នៅ​ដើម​ខែ​ក្រោយ​នេះ។

ក្នុង​លិខិត​​ចុះ​ថ្ងៃ​ទី១១ ខែ​ឧសភា​ ក្រសួង​ព័ត៌មាន​បាន​អំពាវនាវ​ទៅ​ម្ចាស់​ស្ថានីយ​វិទ្យុ ទូរទស្សន៍ ចាង​ហ្វាង​កា​សែត ម្ចាស់​គេហ​ទំព័រ​ ដែល​មាន​បំណង​ចង់​លក់​ ឬ​ជួល​ម៉ោង​ឱ្យ​គណបក្ស​នយោបាយ​ក្នុង​អំឡុង​ពេល​ឃោសនា​បោះ​ឆ្នោត​ ឲ្យ​​យក​ចិត្ត​​ទុក​ដាក់​អនុវត្ត​ឱ្យ​បាន​ត្រឹម​ត្រូវ​តាម​ក្រម​សីលធម៌​​វិជ្ជាជីវៈ​សារ​​ព័ត៌​មាន និង​​បទ​ប្បញ្ញត្តិ​​ច្បាប់​ស្តី​ពី​ការ​បោះឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​។​

ក្រសួង​​បាន​ណែនាំ​​ទៅ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទាំង​អស់ ត្រូវ​​បញ្ឈប់​គ្រប់​សកម្មភាព​ឃោស​នា​ ២៤​ម៉ោង​មុន​ថ្ងៃ​បោះ​ឆ្នោត​ និង​មិន​ត្រូវ​ផ្សព្វផ្សាយ​ព័ត៌​មាន​ដោយ​ទុច្ច​រិត ដែល​​ក្រសួង​ថា ធ្វើ​ឱ្យ​បាត់​បង់​ទំនុក​ចិត្ត​លើ​ការ​សម្ងាត់​នៃ​ការ​បោះឆ្នោត​ និង​ធ្វើ​ឱ្យ​មាន​ការ​ភាន់​ច្រឡំ​ដែល​នាំ​ឱ្យ​បាត់បង់​ទំនុក​ចិត្ត​លើការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​។​

ក្រសួង​បាន​ព្រមាន​ថា នឹងដក​ហូត​អាជ្ញា​ប័ណ្ណ​និង​បិទ​ការ​ផ្សាយ ប្រសិន​បើ​រក​ឃើញ​ថា ប្រព័ន្ធ​ផ្សព្វផ្សាយ​នោះ បាន​បំពាន​ច្បាប់ និង​គោលការណ៍​ណែនាំ​របស់​ក្រសួង។

ប៉ុន្តែអ្នកឃ្លាំមើលការបោះឆ្នោត លើកឡើងថា ការងារនេះគួតែប្រគល់ឲ្យ គជប ជាអ្នកត្រួតពិនិត្យវិញទើបអាចមានការទុកចិត្តបាន ព្រោះ គជប មានសមាសភាពចម្រុះចូលរួម ខណៈដែលក្រសួងព័ត៌​​​មានគឺជាសេនាធិការរបស់រដ្ឋាភិបាលនៃគណបក្សកាន់អំណាចតែមួយគត់។

ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព (PDP-Center) លោក យ៉ង់ គិមអេង «បើតាមខ្ញុំគិតតួនាទីនេះមិនមែនជាតួនាទីរបស់ក្រសួងព័ត៌មានទេ ព្រោះថាស្ថាប័នរដ្ឋជាសមាជិករបស់បក្សនយោបាយ អញ្ចឹងគឺនៅបណ្តាប្រទេសជាច្រើនសមត្ថកិច្ចអស់ហ្នឹងគឺ គជប ទេដែលជាអ្នកទទួលខុសត្រូវក្នុងការបោះឆ្នោត ពិនិត្យមើលឬដាក់វិន័យស្ថានីយទូរទស្សន៍ដែលមិនគោរពបំរាម គជប នោះ»។

លោក យង់ គិមអេង បន្តថាកាលណាក្រសួងព័ត៌មាន ជាអ្នកត្រួតពិនិត្យលើការងារផ្សាយទាក់ទងនឹងការបោះឆ្នោតនេះលោកយល់ថា អាចការចោទប្រកាន់ពីភាពមិន អព្យាក្រឹតរបស់​ក្រសួងព័ត៌មាន។ លោកបន្ថែមថា «អញ្ចឹងកិច្ចការទាំងនេះគេឲ្យ គជប ទេ ជាអ្នកទទួលខុសត្រូវនោះ។ ប៉ុន្តែដោយសារ គជប នៅប្រទេសយើងហ្នឹងគាត់រារែកក្នុងការបំពេញកិច្ចការទាំងអស់នោះ វាជាបញ្ហាដែរហើយម្យ៉ាងទៀតស្ថាប័នរដ្ឋខ្លះក៏ចេញវិធានការ ចេញចំណាត់ការរបស់ខ្លួននោះ ពេលខ្លះយើងឃើញថាមានការប្រទាំងប្រទើសជាមួយតួនាទីរបស់ គជប ដែរ»។

កាលពីការបោះឆ្នោតឆ្នាំ២០១៣ វិទ្យុឯករាជ្យមួយចំនួន រួមទាំង VOD ផង ត្រូវបានស្នើឲ្យ​ផ្អាក​ការ​ផ្សាយពីដំណើរការ «មិនប្រក្រតី» មួយចំនួននៅតាមការិយាល័យបោះឆ្នោត ខណៈ​ដែលអ្នកយកព័ត៌មាន បានរាយការណ៍ពីបញ្ហាដែលអ្នកបោះឆ្នោត​រកឈ្មោះ​មិនឃើញ និង​ខ្លះទៀតមានឈ្មោះស្ទួន។

ប៉ុន្តែទន្ទឹមនឹងនោះ វិទ្យុ ABC របស់អាចារ្យអេ បានផ្សាយថា «កងទ័ពនឹងធ្វើការបះបោរ ​បើ​គណបក្សប្រឆាំងឈ្នះឆ្នោត»។ ពេលនោះ គជប បានស្នើឲ្យក្រសួងព័ត៌មានចាត់​វិធានការទៅ​លើ​​ម្ចាស់វិទ្យុមួយនេះ ហើយគណបក្សសង្រ្គោះជាតិក៏បានប្តឹងម្ចាស់​វិទ្យុនេះ​ទៅតុលា​ការផង​ដែរ​​ចំពោះ​ការផ្សាយដែលខុសពីគោលការណ៍ច្បាប់នេះ ​ប៉ុន្តែមកដល់ពេលនេះ​តុលាការ​មិន​មាន​​​ចំណាត់ការណាមួយឡើយ។

មន្ត្រីកម្មវិធីជាន់ខ្ពស់ផ្នែកអង្កេត នៃអង្គការខុមហ្វ្រែល លោក កង សាវាង្ស លើកឡើងពីកង្វល់នៃការអនុវត្តវិន័យមិនស្មើភាពចំពោះការផ្សាយរបស់វិទ្យុឯករាជ្យ និងការផ្សាយរបស់វិទ្យុគាំទ្ររដ្ឋាភិបាល។ លោកថា « ឧទាហរណ៍ ការដែលផ្សព្វផ្សាយ ជាលក្ខណៈគំរាមកំហែងថាចំណុចនេះៗ វាមានបញ្ហា អាហ្នឹងវាជាចំណុចហាមឃាត់អញ្ចឹងនៅពេលមានការហាមឃាត់ មានន័យថាគជបហ្នឹងគឺត្រូវធ្វើការហាមឃាត់ ការព្រមានហើយក្រសួងព័ត៌មានក៏អញ្ចឹងដែរ។ មិនអាចមានដូចលោកលើកឡើងពីខាងដើមថាការគំរាមចាញ់អញ្ចេស ចាញ់អញ្ចុះហើយស្រាប់តែមួយទៀតអត់មានការដាក់ពិន័យហាមឃាត់អី ស្រាប់តែម្នាក់ទៀតនិយាយប៉ះពាល់បន្តិច បែរជាចេញជាសេចក្តីថ្លែងការណ៍ឬការព្រមាន អានេះហើយដែលយើងថាជាចំណុចមួយដែល យើងចង់និយាយថា ការអនុវត្តន៍ច្បាប់ហ្នឹងឲ្យវាស្មើរភាពគ្នាឲ្យមានការមួយដែលមិនត្រឹមត្រូវ មិនស្មើរភាពគ្នា»។

បើតាមមន្ដ្រីក្រសួងព័ត៌មាន នៅឆ្នាំ២០១៧ ប៉ុស្ដិ៍ទូរទស្សន៍មានជិត២០ប៉ុស្ដិ៍ វិទ្យុមានជាង១០០ស្ថានីយ៍ និងកាសែតមានលើសពី៦០០ស្ថាប័ន។

ដោយឡែក បើតាមរបាយការណ៍របស់អង្គការឃ្លាំមើលការបោះឆ្នោត​ ខុម​ហ្វ្រែល បានកត់​សំគាល់ថា ក្នុង​ចំណោមស្ថានីយ៍វិទ្យុទាំងនោះ គឺមានតែ៥ស្ថានីយ៍ប៉ុណ្ណោះដែលមានជំហ​រឯករាជ្យ។

ទោះជាយ៉ាងណា បច្ចុប្បន្ននេះ ពលរដ្ឋអាចទទួលបានព័ត៌មានទូលំទូលាយជាងមុន ដោយ​សារតែ​មានប្រព័ន្ធទំនាក់ទំនងសង្គមសំបូរបែប ខណៈដែលការប៉ាន់ស្មានរបស់អ្នក​ជំនាញថាចំនួនអ្នកប្រើហ្វេសប៊ុកកើនដល់ប្រហែល៤លាននាក់នៅឆ្នាំនេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ