សមត្ថកិច្ចនាំខ្លួនអតីតបុគ្គលិកអាស៊ីសេរីទៅរកភស្តុតាងបន្ថែម​

អតីតអ្នកព័ត៌មានវិទ្យុអាស៊ីសេរី លោក អូន ឈិន

សមត្ថកិច្ចរាជធានីភ្នំពេញបាននាំខ្លួនអតីតបុគ្គលិកវិទ្យុអាស៊ីសេរីចំនួនពីរនាក់ទៅកាន់ទីតាំងកន្លែងដែលពួកគេរៀបចំបន្ទប់សម្រាប់កាត់តសំឡេងនិងរូបភាព ដោយដាក់ការសង្ស័យថា មានការលួចផលិតព័ត៌មានពីកម្ពុជាផ្ញើទៅរដ្ឋធានីវ៉ាស៊ីនតោននៃសហរដ្ឋអាមេរិក។​

ទិដ្ឋភាពខាងក្រៅផ្ទះសំណាក់ ម៉ារ៉ាឌី

កាលពីយប់ថ្ងៃអង្គារម្សិលមិញ សមត្ថកិច្ចខណ្ឌមានជ័យរាជធានីភ្នំពេញ បានចាប់ខ្លួនអតីតបុគ្គលិកអាស៊ីសេរី២នាក់ នៅផ្ទះសំណាក់មួយឈ្មោះម៉ារ៉ាឌី ដោយចោទថា រៀបចំបើកអាជីវកម្មថតរូបមិនបានសុំច្បាប់អនុញ្ញាត និង លួចផលិតព័ត៌មានផ្ញើទៅក្រៅប្រទេស។​

នៅព្រឹកថ្ងៃពុធនេះ សមត្ថកិច្ចបាននាំខ្លួនអតីតបុគ្គលិកទាំងពីររូបនេះរួមមានលោក អួន ឈិន និង លោក យាង សុជាមេត្តា ទៅពិនិត្យទីតាំងនោះជាថ្មីទៀត ដើម្បីរកភស្តុតាងបន្ថែម​គឺចាប់ផ្តើមពីព្រឹករហូតដល់ម៉ោង​១រសៀលទើបចប់។​

ពេលបញ្ចប់សមត្ថកិច្ចនាំខ្លួនអ្នកទាំងពីរចេញពីទីតាំងស្រាវជ្រាវនោះយ៉ាងឆាប់រហ័សមិនផ្តល់ពេលឲ្យនិយាយ ជាមួយអ្នកសារព័ត៌មានទេ ហើយសមត្ថកិច្ចក៏មិនបានបញ្ជាក់ថា បានស្វែងរកឃើញភស្តុតាងអ្វីខ្លះដែរ។​

អ្នកសារព័ត៌មានវិទ្យុអាស៊ីសេរីទាំងពីរនាក់ ត្រូវសមត្ថកិច្ចបញ្ជូនទៅឃុំខ្លួន​នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញវិញ។​

វិទ្យុអាស៊ីសេរី​បានបិទការិយាល័យរបស់ខ្លួននៅកម្ពុជាកាលពីខែកញ្ញាកន្លងទៅនេះ បន្ទាប់ពីមានបញ្ហាប្រឈមមួយចំនួន​ជាមួយរដ្ឋាភិបាល។​ ក្រោយការបិទការិល័យនេះ ក្រសួងព័ត៌មាន​កម្ពុជាបានប្រកាសចាត់វិធានការបើសិនជាបុគ្គលិកអាស៊ីសេរីនៅតែបន្តចុះយកព័ត៌មានទៀតនោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ