ព្រះសង្ឃជិត១០០អង្គនៅខេត្តក្រចេះពុលចង្ហាន់

ព្រះសង្ឃនៅខេត្តក្រចេះពុលចង្ហាន់

យ៉ាងហោចណាស់ ព្រះសង្ឃជិត១០០អង្គ គង់នៅវត្តសសរ១០០ ក្នុងស្រុកសំបូរ ខេត្តក្រចេះ បានពុលចង្ហាន់ ខណៈព្រះសង្សគ្រប់អង្គ កំពុងឆាន់ចង្ហាន់ពេលព្រឹកនៅថ្ងៃនេះ។

អធិការនគរបាលស្រុកសំបូរ លោក ប៊ុន ឈឿនប្រាប់វីអូឌីថា ព្រះសង្ឃចំនួន៨៥អង្គ ដែលភាគច្រើនជាកូននេនគង់នៅវត្តសសរ១០០ ស្ថិតនៅភូមិសំបូរ ឃុំសំបូរ ស្រុកសំបូរ មានអាការៈវិលមុខ ក្អួតចង្អោរ ឈឺព្រះកេស និងធីធូងដោយសង្ស័យថា ពុលត្រីម្យ៉ាង ដែលចុងភៅទិញមកខ (ចម្អិន) សម្រាប់ធ្វើចង្ហាន់ពេលព្រឹកថ្ងៃទី១៥ ខែវិច្ឆិកាឆ្នាំ២០១៧នេះ។

លោកបន្តថា ព្រះសង្ឃ៣៥អង្គ មានអាការៈធ្ងន់ធ្ងរជាងគេ និងបញ្ជូនទៅសម្រាក់ព្យាបាលនៅមណ្ឌលសុខភាព តែយ៉ាងណាលោកថា រហូតមកម៉ោង២រសៀលនេះ ព្រះសង្ឃទាំងនោះ បានធូរស្បើយវិញអស់ហើយ ខណៈគ្រូពេទ្យ និងមន្រ្តីជំនាញកំពុងស្រាវជ្រាវរកមូលហេតុបន្ត។

លោកបន្ថែមថា «យើងបានសន្និដ្ឋានទាំងអស់គ្នាជាមួយគ្រូពេទ្យ និងសមត្ថកិច្ចយើងហ្នឹងថា ការពុលហ្នឹងបណ្តាលមកពីត្រីខ ព្រោះយាៗ គាត់បានទៅទិញត្រីតូចៗមាន ប្រភេទត្រី គល់ព្រិច ត្រីលលកស ត្រីសំបកស្រឡៅ ហ្នឹងយកមកខប្រគេនលោក ដល់អញ្ចឹងអាត្រីហ្នឹងកន្លងមក វាធ្លាប់មានពុលដែរ ដល់អញ្ចឹងយើងសន្និដ្ឋានទាំងអស់គ្នាថា អាចមកពីត្រី»។

របាយការណ៍ក្រសួងសុខាភិបាល ឲ្យដឹងថា ករណី​ពុលចំណីអាហារក្នុងឆ្នាំ២០១៧ កើតមានលើមនុស្ស៩៤៧នាក់ ក្នុងនោះមានមនុស្ស៤នាក់ បានស្លាប់ដោយសារពុលស្រា ដែលចំនួននេះ បានធ្លាក់ចុះជិត២០ភាគរយ បើធៀបទៅនិងឆ្នាំ២០១៦៕

រាយការណ៍បន្ថែម ដោយពលរដ្ឋអ្នកសារព័ត៌មាន នេត នឿន

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ