អាមេរិកថា ជំនួបរវាងលោក ហ៊ុន សែន និង ត្រាំ មិនមែនភ្លេចរឿងសិទ្ធិមនុស្ស

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (FB: លោក ហ៊ុន សែន)

សហរដ្ឋអាមេរិក ច្រានចោលការចោទថា ទូតរបស់ខ្លួននៅទីក្រុងភ្នំពេញ ខ្វះភាពអព្យាក្រឹត្យ និងថា សហរដ្ឋអាមេរិកនៅតែមានក្ដីបារម្ភជុំវិញបញ្ហាសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។

ការឆ្លើយតបនេះ ធ្វើឡើងបន្ទាប់ពីប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន សែន បានថ្លែងដោយផ្ទាល់ ទៅប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ក្នុងកិច្ចប្រជុំកំពូលអាស៊ានមួយ កាលពីថ្ងៃចន្ទ ដើមសប្តាហ៍នេះ ដោយចោទថា តំណាងស្ថានទូតអាមេរិកប្រចាំនៅទីក្រុងភ្នំពេញ គ្មានភាពអព្យាក្រឹត្យចំពោះបញ្ហាកម្ពុជា។

ក្នុងជំនួបទ្វេភាគីមួយ កាលពីថ្ងៃអង្គារទី១៤វិច្ឆិកា ម្សិលមិញ នៅប្រទេសហ្វីលីពីន គណៈប្រតិភូសហរដ្ឋអាមេរិកចំនួន២រូប គឺលោក ​Matt Pottinger ​ជំនួយការរង​​លោក​ប្រធានាធិបតី ​ដូណាល់ ត្រាំ ​និងឧបការីរង​ រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​​អាមេរិក ​ទទួលបន្ទុក​កិច្ច​ការ​អាស៊ី​អាគ្នេយ៍លោក​ Patrick Murphy បានលើកយកក្ដីកង្វល់ទាំងនេះ ទៅពិភាក្សាជាមួយរដ្ឋមន្ដ្រីការបរទេសកម្ពុជា លោក ប្រាក់ សុខុន។ នេះបើតាមសេចក្ដីថ្លែងការណ៍ ចេញផ្សាយនៅក្រោយជំនួបនោះ។

បើតាមសេចក្ដីថ្លែងការណ៍ ក្នុងជំនួបនោះ គណៈប្រតិភូអាមេរិក បានបង្ហាញក្ដីបារម្ភជាថ្មី អំពីចំណាត់ការរបស់រដ្ឋាភិបាល ទៅលើក្រុមអង្គការសង្គមស៊ីវិល បណ្ដាញសារព័ត៌មាន ការគាបសង្កត់គណបក្សប្រឆាំង និងការឃុំខ្លួនប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា។

សហរដ្ឋអាមេរិកជឿថា រដ្ឋាភិបាលកម្ពុជា នឹងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែង ដែលកម្ពុជាខ្លួនឯង ទទួលបាន ក្នុងរយៈពេល១ទសវត្សមកនេះ ទាំងផ្នែកប្រជាធិបតេយ្យ ការរីកចម្រើន សន្ដិភាព និងការផ្សះផ្សាជាតិ ជាពិសេស គឺជំនួយ ដែលសហរដ្ឋអាមេរិក ផ្ដល់ឲ្យក្នុងកិច្ចការទាំងនេះ។

បើតាមសេចក្ដីថ្លែងការណ៍ដដែល ភាគីសហរដ្ឋអាមេរិក ពន្យល់ថា ទោះបីជាលោកប្រធានាធិបតី ដូណាល់ ត្រាំ បានសំណេះសំណាល និងសំដែងការគួរសម ជាមួយមេដឹកនាំអាស៊ាន ដោយរួមទាំងលោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន ផងនោះ ពួកគេថា នោះគឺដើម្បីឲ្យគូភាគី អាចឆ្ពោះទៅមុខរួមគ្នា លើកក្ដីបារម្ភនានា និងដើម្បីរឹតចំណងមិត្តភាពប្រទេសទាំងពីរ ឲ្យប្រសើរឡើង។

សេចក្ដីថ្លែងការណ៍នោះ ឲ្យដឹងបន្ថែមថា៖ «ឆ្លៀតឱកាសនៃការជួបទំនាក់ទំនងរបស់លោកប្រធានាធិបតី Donald J. Trump ជួបសំណេះសំណាលជាមួយមេដឹកនាំក្នុងតំបន់ ដោយរួមទាំងលោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន នៅក្នុងកិច្ចប្រជុំកំពូល អាស៊ី-ប៉ាស៊ីហ្វិក និងជំនួបអាស៊ាន-អាមេរិក នោះ សហរដ្ឋអាមេរិកបង្ហាញក្ដីសង្ឃឹមថា នោះនឹងអាចផ្ដល់ឲ្យប្រជាជាតិទាំងពីរ នូវឱកាសឆ្ពោះទៅមុខ បង្ហាញក្ដីកង្វល់នានា និងអភិវឌ្ឍមិត្តភាពទ្វេភាគី»។

ក្នុងកិច្ចប្រជុំកំពូលអាស៊ាន ដែលធ្វើឡើងនៅប្រទេសហ្វីលីពីន កាល​ពី​ថ្ងៃទី១៣ខែវិច្ឆិកា លោក ហ៊ុន សែន បានប្រាប់ដោយផ្ទាល់​ទៅលោក ដូណាល់ ត្រាំ ឲ្យណែនាំមន្ដ្រីស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា ដែលលោកថា មិនបានដើរតាមគោលនយោបាយថ្មី របស់លោក ដូណាល់ ត្រាំ ទាក់ទងនឹងការមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសណាមួយ។

លោក ហ៊ុន សែន បាន​ចោទ​តំណាងស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា​ថា​ គ្មានភាពអព្យាក្រឹត្យចំពោះបញ្ហានៅកម្ពុជា និងថា បានយកបញ្ហាសិទ្ធិមនុស្ស មកលូកលាន់កិច្ចការផ្ទៃក្នុងរបស់កម្ពុជា។​

លោក ហ៊ុន សែន ថ្លែងថា៖ «ចៅរបស់ខ្ញុំ ត្រូវបានគេបង្ហាត់បង្ហៀនឲ្យស្អប់ឯកឧត្តម។ នេះបង្ហាញឲ្យឃើញថា ស្ថានទូតអាមេរិកនៅទីក្រុងភ្នំពេញ មិនត្រឹមតែមិនមានភាពអព្យាក្រឹត្យចំពោះបញ្ហាប្រទេសកម្ពុជានោះទេ មិនមានភាពអព្យាក្រឹត្យទាំងបេក្ខភាពប្រធានាធិបតីនៅសហរដ្ឋអាមេរិកខ្លួនឯងតែម្ដង […] នយោបាយរបស់ឯកឧត្តម កំពុងតែធ្វើការកែប្រែ ប៉ុន្ដែ ស្ថានទូតនៅទីក្រុងភ្នំពេញ មិនទាន់បានបានធ្វើការកែប្រែទេ»។

ប៉ុន្ដែ ក្នុងសេចក្ដីថ្លែងការណ៍  គណៈប្រតិភូសហរដ្ឋអាមេរិក បានច្រានចោលការចោទប្រកាន់ទាំងនេះ ថា គ្មានមូលដ្ឋាន និងផ្ទុយពីស្មារតី នៃទំនាក់ទំនងមិត្តភាពប្រទេសទាំងពីរ។

សាស្ត្រាចារ្យវិទ្យាសាស្ត្រ​នយោបាយ លោក សូរ ចន្ថា យល់ថា កម្ពុជា គួរមានទំនាក់ទំនងការបរទេសល្អ ជាមួយសហរដ្ឋអាមេរិក ដោយថា ដើម្បីកុំឲ្យខាតបង់ផលប្រយោជន៍ ដែលកម្ពុជាទទួលបានពីប្រទេសមហាអំណាច ដែលប្រកាន់លទ្ធិប្រជាធិបតេយ្យដ៏ធំមួយនេះ។

 

ជាញឹកញយ រដ្ឋាភិបាលរបស់លោក​ ហ៊ុន សែន បានចោទប្រកាន់សហរដ្ឋអាមេរិកថា នៅពីក្រោយគណបក្សប្រឆាំង ដើម្បីផ្ដួលរំលំរដ្ឋាភិបាលស្របច្បាប់។ ប៉ុន្ដែ ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា បានច្រានចោលការចោទប្រកាន់ទាំងនោះ ថា គ្មានមូលដ្ឋាន និងប្រាស់ចាកពីការពិតទាំងស្រុង៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ